អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺ​មហារីកមាត់ស្បូន​បាន​ថយចុះច្រើន ដោយ​ថ្នាំបង្ការ​មាន​ប្រសិទ្ធភាពខ្ពស់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ករណី​កើត​ជំងឺ​មហារីក​កស្បូន បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ចំណោម​ស្ត្រី​អង់គ្លេស​ដែល​បាន​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុសPapillomavirus។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​កាលពី​ដើម​ខែ​វិច្ឆិកា២០២១ ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ Lancet។ ថ្នាំ​បង្ការ​ជំងឺ​មហារីក​កស្បូន មាន​ប្រសិទ្ធភាព​ខ្ពស់​យ៉ាង​ដូច្នេះ តើ​ត្រូវ​រក​ចាក់​ថ្នាំ ​នៅពេលណា ? តើ​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ជំងឺ​អ្វី ?

Papillomavirus ជា​ភ្នាក់ងារ​ដ៏​ចំបង​មួយ​នៃ​ការ​បង្ក​ឱ្យ​មាន​ជំងឺមហារីក​មាត់​ស្បួន​
Papillomavirus ជា​ភ្នាក់ងារ​ដ៏​ចំបង​មួយ​នៃ​ការ​បង្ក​ឱ្យ​មាន​ជំងឺមហារីក​មាត់​ស្បួន​ scientificanimations.com CC BY-SA 4.0
ផ្សាយពាណិជ្ជកម្ម

៩៩%​នៃ​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​ Papillomavirus ឬ​ហៅ​ខ្លី​ថា HPV ។ វីរុស​នេះ ឆ្លង​ខ្លាំងណាស់ និង​ឆ្លង​តាម​​ផ្លូវ​ភេទ។ ប៉ុន្តែ​ខុស​ពី​មេរោគ​ឆ្លង​តាម​ផ្លូវ​ភេទ​ផ្សេងទៀត HPVវីរុស​អាច​ឆ្លង​ដោយ​គ្រាន់​តែ​មាន​ការស្ទាប​​ប៉ះពាល់​ប្រដាប់​ភេទខាង​ក្រៅ​ដំបូងភ្លាម និង​មិន​ទាំងចាំបាច់​ដល់​ថ្នាក់​មាន​រួម​រក្សផង។ ស្រោម​អនាម័យ​ក៏​មិន​អាច​ការពារ​បាន​ដែរ ព្រោះ​វីរុស​តូច​ខ្លាំង​ក្រៃ អាច​ជ្រៀត​ចូល​ក្នុង​ខ្លួន​មនុស្ស​យើង​បាន​តាម​រន្ធ​ញើស។ គេ​ប៉ាន់​ស្មាន​ថា ស្ត្រីបុរស​ប្រមាណ​៨០% ធ្លាប់​បាន​ឆ្លង​មេរោគ​ប៉ាពីឡូម៉ាវីរុសនេះ​យ៉ាង​ហោចណាស់​ ក៏​ម្តង​ដែរ​ក្នុង​មួយ​ជីវិត។ ចំពោះ​ស្រ្តី ករណី​ឆ្លង HPVវីរុស នៅកស្បូន​​មួយ​​ភាគ​ធំ​​នឹង​ត្រូវ​ជា​ទៅ​វិញ​ដោយ​ឯងៗ។ មាន​តែ​១០%​ប៉ុណ្ណោះ ​ដែល​វីរុស​នៅ​បន្ត​ត្រាំតោង​ជាប់​លើ​មាត់​ស្បូន ហើយ​បង្ក​ឱ្យ​មាន​ដំបៅឈាន​ទៅ​រក​ជំងឺ​មហារីក ឬ​ក្លាយ​ជា​ជំងឺ​​មហារីក​។

ប៉ាពីឡូម៉ាវីរុស​វីរុស​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​មាត់ស្បូន​ដ៏​ចម្បង​មែន​ហើយ​ តែ​ក៏​នៅមាន​កត្តាគួប​ផ្សំ​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ជាពិសេស​គឺ​បារី ព្រោះ​បារី​អាច​រារាំង​មិន​ឱ្យ​ជា​ពី​ការ​បង្ក​រោគ។ ការ​ប្រើ​ថ្នាំពន្យារ​កំណើតជា​ថ្នាំ​គ្រាប់​លេប​យូរ​ពេក ឬបង្កើត​កូន​ដោយ​ឆ្លង​ទន្លេ​ច្រើន​ដង​ ពី​៦ទៅ​៨​ដង អាច​មាន​ចំណែក​ធ្វើ​ឱ្យ​ស្ត្រី​ងាយ​រងគ្រោះ កើត​ជំងឺ​មហារីកមាត់​ស្បូន​ដែរ តែ​ក្នុង​ករណី​តិច​តួច​ទេ។ ឯការ​មាន​ដៃ​គូ​ច្រើន មិនមែន​ជា​​កត្តាហានិភ័យខ្លាំង​ឡើយ។

ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​HPV

មានតែ​ការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​នឹង​វីរុស​HPVតែ​ប៉ុណ្ណោះ ដែល​ធានាថា​នឹង​អាច​ការពារ​មិន​ឱ្យ​រោគ​សញ្ញា​មហារីក លេច​ឡើង​បាន។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក​មាត់​ស្បូន​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ​២០០០មក​ម្ល៉េះ។ មាន​ប្រទេស​ជា​ច្រើន​បាន​បើក​យុទ្ធនាការ​ឃោសនា​ឱ្យ​យុវតី​និង​យុវជន ទៅ​ទទួល​ថ្នាំ​បង្ការនេះ ឱ្យ​បាន​មុន​ការ​ចាប់​ផ្តើម​ជីវិត​ផ្លូវ​ភេទ។ ហើយពេល​នេះ ពិភពលោក​មាន​ភស្តុតាង​ជាក់ស្តែង​ថ្មី​មួយ​ទៀត បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ថ្នាំ។ ​បើ​តាម​លទ្ធផល​នៃការ​សិក្សារ​ស្រាវជ្រាវ​អង់គ្លេស ចេញ​ផ្សាយ​កាលពី​ដើម​ខែ​វិច្ឆិកា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ មហារីក​មាត់​ស្បូន Cervarix មាន​ប្រសិទ្ធភាព​ខ្ពស់ កំរិត​ហានិភ័យ​កើត​ជំងឺ មហារីកស្បូន បាន​ច្រើន ដោយ​អត្រា​ស្រ្តី​កើត​ជំងឺ​មហារីកស្បូន បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ គិត​ចាប់​តាំង​ពី​អង់គ្លេស​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ប្រឆាំង​មហារីក​នៅ​ចុង​ឆ្នាំ ២០០០មក។ ជា​ការ​ធ្លាក់​ចុះ​ស្ទើរ​លែង​មាន​ជំងឺ​មហារីកមាត់ស្បូន​សោះ នា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ទទួល​វ៉ាក់សាំង កាល​ពី​នៅ​ជា​យុវតី អាយុ​ ១២-១៣ឆ្នាំ។ ប៉ុន្តែ​ក្រុមអ្នក​ស្រាវជ្រាវ​ ត្រូវ​សិក្សា​បន្ត​ទៀត​ ដើម្បី​បាន​ដឹង​នៅ​ថា​នៅ​ឆ្នាំ ខាង​មុខ ករណី​កើត​មហារីក​មាន​កំណើន​កំរិត​ណា។

ក្រៅពីការពារ​ខ្លួន​ដោយ​ការ​ចាក់​ថ្នាំបង្ការ សូមឧស្សាហ៍​ទៅ​ត្រួត​ពិនិត្យ​សុខភាព​មាត់​ស្បូន ជាមួយ​គ្រូពេទ្យ​ជំនាញ​ ព្រោះ​ដូច​ជា​ជំងឺ​មហារីក​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ គេអាច​ព្យាបាល​និង​សង្គ្រោះ​អ្នក​ជំងឺ​បាន​ច្រើន​ ប្រសិន​បើ​ស្ថានភាព​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាលដំបូងៗ។ សូម​​ចង​ចាំ​ថា​ជំងឺមហារីក​មាត់ស្បូន​ វិវឌ្ឍ​ទៅ​ដោយ​ស្ងាត់​បំផុត និង​ពុំ​មាន​ផ្តល់​រោគ​សញ្ញា​​អ្វីទាំង​អស់​ បើ​ពុំ​ទាន់​មាន​លេច​ជា​ដំបៅ​មហារីក​ទេនោះ។

តើ​ត្រូវ​​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន​ នៅពេល​ណា ?

ការ​ចាក់​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​ខ្លាំង​ប្រសិន​បើ​ស្ត្រីបាន​ចាក់​តាំង​ពី នៅក្មេង​ អាយុ​ចន្លោះ​ពី ១១ទៅ​១៣-១៤​ឆ្នាំ ឬ​អាច​ដល់អាយុ​១៩​ឆ្នាំ​ ពោល​គឺនៅក្នុង​វ័យ​ទើប​ពេញក្រមុំ ​​មិន​ទាន់​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​។ ក្មេង​ប្រុស​ក៏​អាច​ចូល​រួម​ទប់​ស្កាត់​ការ​ចម្លង​មេរោគ​​ប៉ាពីឡូម៉ាវីរុស ដែល​ជា​ភ្នាក់ងារ​បង្ក​​មហារីកមាត់​ស្បូន​ដ៏​ចំបង​នេះ​ដែរ។ នៅ​ប្រទេស​ជឿន​លឿន​ខ្លះ ដូច​យ៉ាង​ប្រទេស​បារាំង អាជ្ញាធរ​ក៏​បាន​​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​នេះ​លើ​ក្មេង​ប្រុស​ និង​យុវជន (ស្រលាញ់ភេទ​ដូចគ្នា) ​អាយុ​ក្រោម​២៦​ឆ្នាំ។ ​ប៉ុន្តែ​ជា​ទូទៅ​ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​បារាំង ក៏​ការ​ចាក់​ថ្នាំបង្ការ​ជំងឺមហារីកមាត់​ស្បូន នៅ​មាន​កំរិត​ទាប​នៅ​ឡើយដែរ។

បច្ចុប្បន្ន​នេះ ថ្នាំបង្ការ​ជំងឺ​មហារីកមាត់​ស្បូន មាន​ធ្វើ​ចរាចរណ៍​ក្រោម​រូប​ភាព​បី ៖ Cervarix, Gardasil et Gardasil 9 ដែល​មាន​ប្រសិទ្ធភាព​ការពារ​ប្រឆាំង​នឹង​ពូជ​​មេរោគប៉ាពីឡូម៉ាវីរុស ដែល​ជា​ភ្នាក់ងារ​ចំបង​បង្ក​ជំងឺ​មហារីកមាត់​ស្បូនប្រមាណ ​៧០%។

ថ្នាំបង្ការ​HPV និង​ជំងឺ​មហារីកផ្សេងៗ

សូម​ជម្រាប​ផង​ដែរ​ថា ថ្នាំបង្ការ​ប្រឆាំង​នឹង​HPV នេះ​មិន​ត្រឹម​តែ​អាច​ការ​ពារ​ស្ត្រី ទល់​នឹងជំងឺ មហារីកមាត់​ស្បូន​ទេ តែ​ថែមអាច​ការ​ពារ​យើង​ពី​ជំងឺ​មហារីកផ្សេង​ទៀត​ដែលមាន​ពាក់ព័ន្ធ​នឹង​​វីរុស HPV ក្នុង​នោះ​ខ្លះ​ក៏​កើត​មាន​លើ​រូប​​បុរស ដូច​ជា​ជំងឺមហារីក​ នៅ​ត្រចៀកចម្រុះ បំពង់ក នៅ​លើអង្គជាតិ​បុរស នៅ​ទ្វារ​លាមក នៅ​លើ​យោនី ទ្វារមាស ឬការពារយើង​ពី​ជំងឺ​ឆ្លង​តាម​ផ្លូវភេទ​ជាច្រើន​ផ្សេង​ទៀត​ដែល​អាច​នាំ​ទៅ​ជំងឺមហារីកបាន ព្រមទាំង​ការពារ​មិន​ឱ្យមាន​ដំបៅ​បង្ករោគ​ស្រាលៗ​បង្ក​ឡើង​ដោយ​ប៉ាពីឡូម៉ាវីរុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ