អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កូវីដ​១៩ ៖ ឆ្លងជំងឺ ឬ​ ថ្នាំ​បង្ការ អាច​បង្ក​ផលប៉ះពាល់​​ដល់​សុខភាព​បន្តពូជ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​មិនព្រម​ចាក់​ថ្នាំបង្ការប្រឆាំង​នឹងកូវីដ​១៩ មិនមែន​ព្រោះ​មាន​គំនិត​ប្រឆាំងនឹង​ការ​រកឃើញ​វ៉ាក់សាំង ឬ​ប្រឆាំងនឹងការ​ចាក់​វ៉ាក់សាំង​ទេ។ ប៉ុន្តែ​ជួន​កាល​គូស្រករ​ខ្លះ​ខ្លាច​ការ​ថ្នាំ​បង្ការ​បង្ក​ផល​រំខាន​ដល់​សុខភាព​បន្ត​ពូជ របស់​ពួកគេ។តើ​ថ្នាំ​បង្ការ​កូវីដ​មាន​​ទំនាក់ទំនង​នឹង​​​ការ​មានកូនយ៉ាងណា​? ការ​ឆ្លង​ជំងឺ​កូវីដ ឬ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ពិត​ជា​អាច​ធ្វើ​ឱ្យស្វាមីភរិយា ពិបាក​មាន​កូន​មែន​ឬ ?

កូវីដ​១៩ ៖ ឆ្លងជំងឺ ឬ​ ថ្នាំ​បង្ការ អាច​បង្ក​ផលប៉ះពាល់​​ដល់​សុខភាព​បន្តពូជ ?
កូវីដ​១៩ ៖ ឆ្លងជំងឺ ឬ​ ថ្នាំ​បង្ការ អាច​បង្ក​ផលប៉ះពាល់​​ដល់​សុខភាព​បន្តពូជ ? AFP - ANWAR AMRO
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង​ប្រឆាំងកូវីដ នឹង​ធ្វើ​ឱ្យ​គូស្រករ អារ គ្មានកូន ! នេះ​ជាពាក្យ​ចចាមអារាម ជា​ការ​ភ័យព្រួយ និង​ជាមូលហេតុ​ចំបងមួយ​ នៃ​ការ​មិនទៅ​ ចាក់​ថ្នាំ​បង្ការ​ប្រឆាំងនឹង​កូវីដ​១៩ ដែល​មាន​ផ្សព្វផ្សាយ​យ៉ាងទូលំ​ទូលាយ តាម​ប្រព័ន្ធ​សង្គម តាំង​ពី​ឆ្នាំ​២០២១​មក។

ដើម្បី​បកស្រាយ​បំភ្លឺ​ពាក្យ​ចចាមអារាម និងការ​ព្រួយ​បារម្ភ​នេះ​ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សាពីរ។ ការ​សិក្សាទីមួយ ជា​របស់​អ្នកស្រាវជ្រាវ​នៃសាកលវិទ្យាល័យ​បូស្តុន ដែល​​បាន​ចេញផ្សាយ​ល​ទ្ធផលសិក្សា​នៅ​ថ្ងៃទី ២០មករា ២០២២ នៅក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ American Journal of Epidemiology។ ការ​​តាមដានសិក្សាជីវិត​ប្តីប្រពន្ធ​ចំនួន​២១២៦​គូ ដែល​ចង់​បាន​កូន​ រយៈពេល​មួយ​ឆ្នាំ​ បាន​បង្ហាញ​លទ្ធផល​គួរ​ជា​ទី​គាប់ចិត្តថា ថ្នាំបង្ការកូវីដ​១៩ មិន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​ការ​បង្ក​កំណើត​កូនទេ។

អ្វី​ជា​ការ​កត់​សម្គាល់​ដំបូង​គេ​បង្អស់ គឺគូស្វាមីភរិយាជាអ្នក​បាន​​​ចាក់​ថ្នាំបង្ការ និង​គូស្វាមី​មិនចាក់​ថ្នាំ​បង្ការ មានអត្រា​បង្ក​កំណើតប្រហាក់ប្រហែល​គ្នា។ ​​​អ្នកស្រាវជ្រាវ​រក​មើល​មិនឃើញ​ភាពខុស​គ្នា​ទេ ទោះ​បី​ជា​គូស្វាមីភរិយា​ បាន​ចាក់ថ្នាំ​បង្ការ​ប៉ុន្មាន​ដូស​ក៏​ដោយ ចាក់ប្រភេទ​​ថ្នាំ​បង្ការ​អ្វី​ក៏​ដោយ  (Pfizer Moderna ឬ Johnson&Johnson) ក៏​ដោយ និង​ក្នុង​ពេល​វេលា​ណា​ក៏​ដោយចុះ។

ស្ត្រី​បាន​ចាក់ថ្នាំបង្ការ​ប្រឆាំង​នឹង​កូវីដ និង​ស្ត្រី​មិន​បាន​ចាក់​ថ្នាំ​បង្ការ មាន​ឱកាស​​បង្ក​​កំណើត​  និង​អាច​ធ្លាក់​ខ្លួន​មាន​គភ៌​បាន​ដោយ​ចៃដន្យ​ដូច​គ្នា ប្រសិន​បើ​មិនបាន​ការពារ គ្រាន់​តែ​ថា​ ការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​អាច​ធ្វើ​ឱ្យ​ស្ត្រី​មាន​វិបត្តិ​វដ្ត​រដូវ​បន្តិច​។ ក្រោយ​ពី​បាន​ទទួលថ្នាំបង្ការ ស្ត្រី​អាច​មាន​រដូវ​មិន​​ទៀង​ មួយ​រយៈ និង​ជា​អាការៈ​បណ្តោះអាសន្ន​មួយ​សំណើរ​ តែ​មិន​ប៉ះពាល់​ដល់​សមត្ថភាព​​បង្ក​កំណើត​ទេ។

“លទ្ធផល​នេះ​ជា​ការ​បំពេញ​​ទិន្នន័យដែល​​ប្រមូល​ពីការ​សិក្សាលើ​សត្វ  ពី​ការ​សិក្សា​លើ​អ្នក​ដែលមាន​ប្រវត្តិ​អារ និង​ការ​សាកល្បង​គ្លីនិក​នៃវ៉ាក់សាំង​ប្រឆាំងកូវីដ ឱ្យ​កាន់​តែពេញលេញ​ថា​វ៉ាក់សាំងកូវីដ គ្មានពាក់​ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ​ធ្លាក់​ចុះ​ទេ” នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រដដែល។

ឆ្លងកូវីដ ​បុរស​ចុះ​ថយ​សមត្ថភាព​បង្ក​កំណើត

ជា​ទូទៅ​ អ្នក​ស្រាវជ្រាវ​ក៏​ពុំ​រក​ឃើញមាន​ទំនាក់ទំនង​ រវាង​ការ​ឆ្លងជំងឺ​កូវីដ​១៩ និង​ការ​បង្ក​កំណើតទេ។ គូស្វាមី​ភរិយា​​បាន​កើត​កូវីដ​ មាន​ឱកាស​និង​សំណាង​ដូច​គូស្វាមី​ភរិយា​គ្មាន​ជំងឺ​និង​គ្មាន​អង់ទីក័រ​កូវីដ​ដែរ។ ប៉ុន្តែ​ចំពោះ​គូស្វាមីភរិយា ដែល​មាន​បុរស​ជា​ប្តី​បាន​ឆ្លង​និង​កើត​ជំងឺ​កូវីដ​ សំណាង​បង្ក​កំណើត​​បាន​ធ្លាក់​ចុះ​អស់​១៨% ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ដែល​​ភាគី​បុរស​វិជ្ជមានកូវីដ១៩។ លើស​ពី​៦០​ថ្ងៃទៅ អត្រា​បង្កកំណើត​បាន​វិល​មក​ដូច​ដើម និង​ដូច​បុរស​ដែល​ពុំ​បាន​ឆ្លង​កូវីដ​វិញ​ហើយ។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ឆ្លង​កូវីដ​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត​របស់​បុរសភេទ​មែន តែ​ជា​ផលវិបាក​ក្នុង​រយៈ​ពេល​ខ្លី​មួយ​តែប៉ុណ្ណោះ។ បើ​តាម​អ្នក​ស្រាវជ្រាវ​ ផលវិបាក​រយៈ​ពេល​ខ្លី​នេះ អាច​បណ្តាលមក​ពី​ ពេល​ឆ្លង​មេរោគ​ និង​ពេល​មាន​ការ​បង្ក​រោគកូវីដ ដែល​ស្តែង​ឡើង​ដោយ​​អាការៈក្តៅ​ខ្លួន​ ​​មេជីវិត​ឈ្មោល ស្ពែម៉ាតូហ្សូអ៊ីត ចុះ​ខ្សោយ​ទាំង​បរិមាណ​និង​គុណភាព។ ក្តៅ​ខ្លួនខ្លាំង​ពេក អាច​នឹងធ្វើ​ឱ្យ​មាន​ការ​រលាក​ពង​ស្វាស និង​លិង្គ​បុរស​លែង​សូវ​រឹង​ល្អ​ ក៏​អាច​ជា​មូលហេតុបន្ទាប់បន្សំមួយ​ទៀត នាំ​ឱ្យ​អត្រា​បង្ក​កំណើត​ធ្លាក់​ចុះ។

ចំពោះ​ភាគី​ស្ត្រី​វិញ ផលវិបាកបង្ក​ឡើង​ដោយ​ការ​ឆ្លង​កូវីដ​ លើ​ការ​បង្ក​កំណើត​មាន​តិចតួចណាស់ គឺ​បាន​ត្រឹម​ធ្វើ​ឱ្យ​ស្ត្រី​​អ្នក​ចង់​បាន​កូននោះ​មាន​វដ្តរដូវ​ប្រែប្រួល​បន្តិច​បន្តួច លែង​សូវ​ទៀង អាច​យឺត​ជាង​ធម្មតាមួយ​ថ្ងៃ​ជា​មធ្យម ឬមាន​ការ​ធ្លាក់​រដូវ​ច្រើន​ខុស​ប្លែក​ពី​ធម្មតា តែមិនប៉ះពាល់​ដល់​សមត្ថភាព​បង្ក​កំណើត​ទេ។ ការ​ប្រែប្រួលវដ្ត​រដូវ​បែបនេះ ទំនង​ជា​មិនពាក់ព័ន្ធនឹង​ថ្នាំបង្ការ​ទេ តែ​ដោយ​សារ​កម្លាំង​ស្ត្រេស​ច្រើន​ជាង។ រាល់ការ​ប្រែប្រួល​វដ្ត​រដូវ​ ក្រោម​និង​លើស​ ៨​ថ្ងៃ ត្រូវ​បានក្រុម​អ្នកវេជ្ជសាស្ត្រ​ចាត់​ទុក​ជា​ករណី​ធម្មតា។

ការសិក្សា​ទីពីរ ផ្តោត​ទៅ​លើ​គូស្វាមី​ភរិយា ដែលចង់​បាន​កូន តែ​​ត្រូវ​ការ​ជំនួយ​វេជ្ជសាស្ត្រ​ក្នុង​ការ​បង្កកំណើត​កូន។ ចេញផ្សាយ​នៅថ្ងៃទី២៥​មករា ក្នុង​ទស្សនាវដ្តី​សុខភាព  Obstetrics & Gynecology ​ការ​​សិក្សារ​បស់​អ្នកស្រាវជ្រាវ​នៃសាលាវេជ្ជសាស្ត្រ​ Icahn នៅ​មន្ទីរពេទ្យ​ស៊ីណៃក្រុង​ញូវយ៉ក បានប្រៀប​ធៀបអត្រា​មានកូន​ ពរពោះ និង​រលូត​កូនរបស់ប្តីប្រពន្ធ​​ចំនួន​​៤០០​គូ បាន​ចាក់​ថ្នាំបង្ការ​កូវីដ នឹង​ក្រុម​អ្នក​មិន​ចាក់​ថ្នាំ​ចំនួន ១៧០០​គូ។ គូស្វាមីភរិយា​ចំនួនពាក់​កណ្តាលប្រើ​ជំនួយ​មេជីវិត​បង្កក បូកនឹង​ការ​ប្រើ​ថ្នាំព្យាបាល​បំប៉ន​មេជីវិត​​​​ឱ្យលូត​លាស់ល្អ។ ជា​លទ្ធផល អត្រា​បង្ក​កំណើត​របស់​ក្រុម​ទាំង​ពីរ​​មាន​កំរិត​ប្រហាក់ប្រហែលគ្នា។ ការសិក្សា​រក​ពុំ​ឃើញ​ភាព​ខុស​គ្នា​អ្វី​គួរ​សម្គាល់​ឡើយ ទាំង​ខាង​គុណភាពមេជីវិត ទាំង​​​នៅ​ពេល​បំប៉ន​​មេជីវីត​ ឬ​នៅពេល​អំប្រីយ៉ុង​កូន​ចាប់​លូតលាស់ និង​ពេល​ពរ​ពោះ។ លទ្ធផល នេះ​ជា​ការផ្តល់​ទំនុក​​ចិត្តនេះបន្ថែមលើ​ការ​សិក្សា​មុនៗ​ដែល​បង្ហាញ​ការ​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ មិនបង្កើន​ហានិភ័យ​នៃការរលូត​កូន​ទេ។

ផ្ទុយ​ទៅវិញ​ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ បាន​ឆ្លង​កូវីដ នោះទើប​មាន​ហានិភ័យ​កើត​កូន​មុន​ខែ កូន​កើតមក​ស្លាប់​ភ្លាម ឬ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​​ស្លាប់​ទៅ​វិញ។

ចំណេញទាំងម្តាយ​ទាំងកូន

ស្ត្រីមាន​ផ្ទៃពោះ​ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ជំពូក​អ្នក​មានហានិភ័យ​ខ្ពស់។ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ចាក់​វ៉ាក់សាំង​ប្រឆាំងកូវីដ ងាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ខ្លួនឯង​ហើយ អាច​ប្រឈមនឹង​គ្រោះ​កើត​កូនមុន​ខែ​ទៀត។ អ្នក​ស្រាវជ្រាវ​សូម​ណែនាំ​ហើយ​ណែនាំទៀត ឱ្យ​ស្ត្រី​មាន​គភ៌ ចាក់​ថ្នាំ​បង្ការ។ បើ​តាម​ទិន្នន័យ​សិក្សា​របស់​ក្រុមគ្រូពេទ្យ​បារាំង ថ្នាំ​បង្ការ​គ្មាន​គ្រោះ​ថ្នាក់សម្រាប់​​ស្ត្រីអ្នកពរពោះ និង​ចំពោះ​ទារកក្នុង​ផ្ទៃ​ទេ ហើយក៏​​​គ្មាន​បន្សល់​ទុក​នូវ​ផលរំខាន​បន្ទាប់​បន្សំ​ទៀត។​ គឺ​មាន​តែការ​ផ្តល់​​ផលល្អ​វិជ្ជមាន​សម្រាប់​ម្តាយ​និង​កូន​តែប៉ុណ្ណោះ។

ថ្នាំបង្ការ​ប្រភេទ​ ARN មិន​អាចឆ្លង​រនាំ​ង​ទឹក​ភ្លោះ​ទេ។ ទារក​ក្នុង​ផ្ទៃមិន​ទទួល​វ៉ាក់សាំង​ដោយ​ផ្ទាល់​ឡើយ។​ តែ​ប្រព័ន្ធអង់ទីក័រ​របស់​ម្តាយ​អាច​ឆ្លង​រនាំង​ទឹក​ភ្លោះ​។ ដូច្នេះ ទារក​ក្នុង​ផ្ទៃ​បាន​ទទួលការ​ការ​ពារ​ និង​ផល​ល្អ​ ដោយ​មាន​ប្រព័ន្ធការពារ​ខ្លួន​ពី​ជំងឺ​កូវីដបាន ពី​​ម្តាយដែល​​បាន​ចាក់​ថ្នាំ​បង្ការ។ បន្ថែម​ពីលើ​ការពារម្តាយនិង​ទារក ​ក្នុង​ពេលពរ​ពោះ អង់ទីក័រ​ម្តាយ​បាន​មក​ពីការ​ចាក់​វ៉ាក់សាំង នឹង​បន្ត​ការពារ​​​ទារក​នៅ​ពេល​កើត​មក​បាន​ជា​ច្រើន​សប្តាហ៍​ទៀត។ ហើយ​ការការពារ​បាន​កាន់​តែ​វែង​ប្រសិន​បើ​ម្តាយ​បំបៅ​ដោះកូន។​ នេះ​គឺ​ជា​ការពន្យល់​លម្អិត​របស់​លោក​វេជ្ជបណ្ឌិត Paul Guerby គ្រូពេទ្យ​ឯកទេស​សម្ភព​និង​រោគស្ត្រី នៅ មន្ទីរពេទ្យ​ក្រុង​ទូលូ ប្រទេស​បារាំង។ មន្ទីរ​ពេទ្យ​ដែល​បាន​ទទួល​ស្ត្រី​មាន​ផ្ទៃ​ពោះ​កើត​កូវីដ​ដល់​ទៅ​៣០​នាក់​ កាលពី​ខែធ្នូ​ចុង​ឆ្នាំ​២០២១ និង​ដែល​សុទ្ធ​តែមិន​បាន​ចាក់​វ៉ាក់សាំង ដោយ​យល់​ខុស​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ទារកក្នុង​ផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ