អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅលើ​ពិភពលោក​យើង​នេះ ជាង​៤០%​នៃ​ជំងឺ​មហារីក បង្ក​ឡើង​ដោយកត្តា​ហានិភ័យ​ដែល​គេ​បា​ន​ស្គាល់​តាំងពី​យូរ គឺ ​បារី និង​អាល់កុល។ នេះ​បើ​តាម​ការ​សិក្សា​ដ៏​ធំ​ទូលាយ​បំផុត​មួយ ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​សុខភាព The Lancet កាលពី​ពាក់​កណ្តាល​ខែ​សីហា​ឆ្នាំ​២០២២។ តាម​រយៈ​ការ​សិក្សា​នេះ​ អ្នក​ស្រាវជ្រាវ ចង់​ជំរុញ​ឱ្យ​ពិភពលោក​បង្កើន​ការ​ការ​ពារ​ឱ្យ​បាន​ប្រសើរ​ឡើង។ តើ​ត្រូវការ​ពារ​ពី​ជំងឺ​មហារីក​យ៉ាង​ដូចម្តេ​ច​ទៅ ? 

ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក
ស្រានិងបារី ជាមូលហេតុនាំមុខគេនៃជំងឺមហារីក http://news.doctissimo.fr/DR
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍ដោយ​លោក​វេជ្ជបណ្ឌិត Dr Tambo Bathily គ្រូពេទ្យ​ជំនាញ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​គ្លីនិក​ នៃ​ជំងឺ​មហារីក នៅសាលា​វិទ្យាសាស្ត្រ​មហារីក នៃ​វិទ្យាស្ថាន Gustave Roussy (IGR)។​

តើ​មហារីក ជា​ជំងឺ​អ្វី ?

ដូច​ឈ្មោះ​ដែល​គេ​ហៅ មហារីក​ជា​ដុំសាច់​​កាច​មួយ​ដែលមានកោសិកា​​រីកដុះ​​ដាលយ៉ាង​​អនាធិបតេយ្យ​ ដំបូង​នៅ​តែ​មួយម្តុំ​​ទេ ប៉ុន្តែ​បន្ទាប់​មក​ក៏​រីក​រាលទៅ​លើ​ស្រទាប់​កោសិកា​ក្បែរៗ និង​ចុងក្រោយ រាលដល់​កោសិកា និង​សរីរាង្គ​ផ្សេ​ងទៀត​ដែល​នៅ​ឆ្ងាយ ដែល​គេ​ហៅ ជា​ដំណាក់​កាល​មហារីក​ Metastase ​​តាមភាសា​បច្ចេកទេស។ មហារីក​អាច​កើត​លើ​គ្រប់​សរីរាង្គ​របស់​មនុស្ស ប៉ុន្តែ​មហារីក​ដែល​គេ​ជួប​ញឹកញយ​ជាងគេ​បំផុត គឺ​ មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត មហារីក​សួត ពោះវៀនធំ។ មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​មហារីក​មាន​ច្រើនដែល​​បូកផ្សំគ្នា រាប់​តាំង​​កត្តា​ហ្សែន (ពូជ) កត្តា​អ័រមូន កត្តា​ក្រៅខ្លួន​ដូច​ជា​ បរិស្ថាន​ វិជ្ជាជីវៈ និង​ឥរិយាបថ​ ដូច​ជា​ទម្លាប់​ទទួល​ទាន​អាហារ មាន​គ្រឿង​ស្រវឹង​សុរា​ ជក់បារី ឬ​ស្រណុក​ជ្រុល​ពេក​។

ជិតពាក់កណ្តាល​នៃ​ជំងឺ​មហារីក​នៅលើ​ពិភពលោក បង្ក​ឡើង​ដោយ​កត្តាហានិភ័យ ពីរ។ ជាប់​លំដាប់​លេខ​មួយ គឺ​​ការ​ជក់​បារី និង​លេខ​ពីរ គឺ​ការ​ទទួល​ទាន​សុរា។ នេះ​បើ​តាម​សេចក្តី​សន្និដ្ឋាន​ ដែល​ជាលទ្ធផល​នៃ​ការ​សិក្សា​ដ៏​ធំ​ទូលាយ​បំផុត​មួយ មាន​ចុះ​ផ្សាយនៅក្នុង​ទស្សនាវដ្តី​សុខភា​The Lancet កាលពី​ថ្ងៃទី ១៩ សីហា ២០២២។ លទ្ធផល​នៃការ​សិក្សា​នេះ​ជា​​ការ​​បញ្ជាក់ ឱ្យ​កាន់​តែ​ប្រាកដ នូវ​អ្វី​​ដែល​ក្រុមគ្រូពេទ្យ​ធ្លាប់​បាន​ដឹង និង​អះអាង​កន្លង​មក។

​ការ​សិក្សា​អង្កេត​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​វាយតម្លៃ​អំពី​អត្រាមរណៈ​និងពិការភាព​ បង្ក​ឡើង​ដោយ​ជំងឺ បាន​បង្ហាញ​ថានៅលើ​ពិភពលោក ​ករណី​ស្លាប់​ដោយ​ជំងឺ​មហារីក ៤៤,៤%​ បណ្តាល​មក​ពី​កត្តា​ហានិភ័យ​ ដែល​គេ​អាច​បញ្ចៀស​បាន។

កម្មវិធី​ស្រាវជ្រាវ​ដ៏​ធំ​សម្បើម គ្មានប្រៀប​ ឧបត្ថម្ភ​ដោយ​មូលនិធិ Bill & Melinda Gates នេះ​ ​ បាន​ការ​ចូល​រួម​ពី​អ្នក​សា្រវជ្រាវ​រាប់​ពាន់​នាក់ ក្នុង​ប្រទេស​ច្រើន​។ កម្មវត្ថុ​ដំបូង គឺ​យល់​អំពី​ទំហំ​នៃ​បន្ទុក​របស់កត្តា​ហានិភ័យនាំ​ឱ្យ​កើត​​ជំងឺ​មហារីក​ ដែល​គេមាន​សក្តានុពល​​អាច​ប្តូរ​ផ្លាស់​បាន​ ដើម្បី​រៀប​ចំយុទ្ធសាស្ត្រ​ការពារ​ និង​ទប់ស្កាត់​ ជំងឺ​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំងបំភ្លឺ​ឱ្យ​ឃើញ​អំពី​ការ​ប្រឹងប្រែង​រៀប​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្នាក់​ពិភពលោក​។ នេះបើ​តាម​ការ​ពន្យល់​របស់ក្រុម​អ្នក​​ស្រាវជ្រាវ​​ក្នុង​ទស្សនាវដ្តី The Lancet។

វិធីការពារ​ជំងឺ​មហារីក

ការពារ​ពិត​ណាស់​ថា​ប្រសើរ​ជា​ការព្យាបាល បើ​ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ការពារ​ជំងឺមហារីក​យ៉ាង​ដូចម្តេច ? សូម​ស្តាប់​ប្រសាសន៍​​របស់​លោក​វេជ្ជបណ្ឌិត Tambo Bathily គ្រូពេទ្យ​ជំនាញ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​គ្លីនិក​ នៃ​ជំងឺ​មហារីក នៅសាលា​វិទ្យាសាស្ត្រ​មហារីក នៃ​វិទ្យាស្ថាន'Institut Gustave Roussy (IGR)។​

“វិធី​ការពារ ដ៏​ប្រសើរ​ជាង​គេ​បំផុត ដើម្បីបញ្ចៀស​​ជំងឺ​មហារីក​​ ទីមួយ​គឺ​ត្រូវ​ បង្កើន​គុណភាព​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃឱ្យ​ល្អ​ ដោយ​ត្រូវ​មាន​បរិស្ថាន​ជុំ​វិញ​ខ្លួន​ល្អ របបអាហារ​ល្អ​ត្រឹម​ត្រូវ ធ្វើ​​លំហាត់​ប្រាណ​បញ្ចេញ​ចលនា​​កាយ​សម្បទា​យ៉ាង​តិច​កន្លះម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម នៅ​ពេល​ឃើញ​មាន​រោគ​សញ្ញា​គួរ​ឱ្យស​ង្ស័យ។ បញ្ឈប់​ការ​ជក់​បារី កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង (សុរា ប៊ីយែរ អាល់កុល ...)។ ទាំង​អស់​នេះ សុទ្ធ​សឹង​ជា​វិធានការ​ដែល​អាច​កាត់​បន្ថយ​គ្រោះ​​ នាំ​ឱ្យ​កើត​ជំងឺ​មហារីកហើយ។”

​ជក់​បារី ​ផឹក​ស្រា មិន​បញ្ចេញ​ចលនា​កម្លាំងកាយ​សម្បទា ស្រលាញ់ចូល​ចិត្ត​ភាព​ស្រណុក​ស្រួល បរិភោគ​មិន​ត្រឹម​ត្រូវ ...​ ជា​​​កត្តា​ហានិភ័យ​នាំ​ឱ្យ​មាន​គ្រោះ​កើត​ជំងឺ​មហារីក ជា​ឥរិយាបថ ជា​ទម្លាប់​​ដែល​អាច​ប្តូរ​ផ្លាស់ និង​ចៀសវាង​បាន​ ប៉ុន្តែ​ជំងឺ​មហារីក​មិន​អាច​ការពារ​បាន​ទាំង​ស្រុង​ទេ ព្រោះ​មូលហេតុ​ដ៏​ចំបង​មួយ​ទៀត គឺ​ជាង​ពាក់​កណ្តាល​នៃ​ជំងឺ​មហារីក​នៅលើ​ពិភពលោក​ បង្ក​ឡើង​ដោយ​កត្តា​ដែល​មិន​អាច​បញ្ចៀស​បាន នោះ​គឺ​​កត្តាពូជ (ហ្សែន) និង​កត្តា​អាយុ (ភាព​ចាស់ជរា)។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល​នេះ បាន​គូសបញ្ជាក់​នៅក្នុង​របាយការណ៍សិក្សា​របស់​ខ្លួនថា ប្រកាន់​ខ្ជាប់​វិធានការពារ​គ្មាន​ប្រសិទ្ធភាពគ្រប់​គ្រាន់​ទល់​នឹង​ជំងឺ​មហារីក​ទេ។ ក្រុម​អ្នកនិពន្ធ​សូមណែនាំ​ឱ្យ​ពិភពលោក​ប្រកាន់​គោលការណ៍​ពីរ​ដ៏​ចំបង​ទៀត គឺ ការ​វិភាគ​រក​សញ្ញារោគ​ឱ្យ​បាន​ឆាប់​រហ័ស ​កុំ​ឱ្យ​​ក្លាយ​ជា​ជំងឺ​មហារីកទាន់​​ និង​ការព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជំងឺ​មហារីក​ ស្ទើរ​គ្រប់​ប្រភេទ​សុទ្ធ​តែ​អាច​ព្យាបាល​បានជា ប្រសិន​បើ​គេ​អាច​វែក​រក​ឃើញ​ជំងឺ​នេះ នៅ​ដំណាក់កាល​ដំបូងភ្លាម ឬ​នៅពេល​ជំងឺ​មិន​ទាន់​ឈាន​ដល់​ដំណាក់កាលរីករាលដាល​ធ្ងន់ធ្ងរ​។

តើ​គេ​អាច​តាមដាន​សរីរាង្គ​កាយ​ណាមួយ​នៃ​ខ្លួន​ប្រាណ​យើង ពី​គ្រោះ​កើត​ជំងឺ​មហារីក ដែរ​ឬទេ ?

“មាន​​សេចក្តី​ណែនាំ សម្រាប់​​ជំងឺ​មហារីក​ខ្លះ​ មាន​ជាអាទិ៍​ជំងឺ​មហារីក​សុដន់។ គឺ​ត្រូវ​ឧស្សាហ៍​ស្ទាប​ច្របាច់​ដោះ​ខ្លួន​ឯង​ នៅ​ពេល​មុជ​ទឹក ដោយ​ត្រូវ​ចុច​លើ​សុដន់​នៅ​ម្តុំ​ជិត​និង​ជុំ​វិញក្បាល​ដោះ។ ជា​ការ​ស្ទាប​ ដើម្បី​ស្វែង​រក​ក្រែង​មាន​ដុំ​រឹងនៅក្នុង​សុដន់​ ជា​យថាហេតុណាមួយ​។ នេះ​ជា​វិធី​ដ៏​ប្រសើរ​ជាង​គេ​បំផុត​ក្នុង​ការ​ពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់។ បន្ទាប់​មក​ទៀត គឺ​វិធីការពារ​ដោយ​ទៅ​ថត​ឆ្លុះ​សុដន់​ Mammographie នៅ​ពេល​ស្ត្រី​មាន​អាយុ​ចាប់​ពី​៥០ឆ្នាំ ឡើង​ទៅ និង​ជា​រៀងរាល់​បី​ឆ្នាំម្តង។ ការ​ថត​កៀប​សុដន់​នេះ អាច​ឆ្លុះ​ឱ្យ​ឃើញ​អំពី​អាការៈ​សញ្ញា​គ្លីនិក​មុន​ដំបូង​​មុន​នៃ​ជំងឺ​មហារីក។ ជា​វិធីការពារដោយ​ធ្វើ​​វិភាគ​​ស្វែង​រកក្រែង​មាន​អាការៈ​​សញ្ញា​មហារីក។”

គ្រាន់​តែ​ឮ​គួរ​ឱ្យ​ខ្លាច ជំងឺ​មហារីក​ជា​មូលហេតុទីពីរ​នៃមរណភាព​នៅលើ​ពិភពលោក ប៉ុន្តែវេជ្ជសាស្ត្រ​បាន​ស្គាល់​និង​អាច​ព្យាបាល​ជំងឺ​មហារីក​នេះ​បាន​កាន់តែ​ប្រសើរ​ឡើង បើ​ទោះ​បី​ជា​នៅ​មាន​គម្លាត និ​ងវិសមភាព​ផ្នែក​សុខាភិបាល ខុស​​គ្នា​ខ្លាំង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ឬ​តំបន់​មួយ​ទៅ​តំបន់​មួយដែល​យើង​រស់នៅ​​ក៏​ដោយ។ នៅ​តំបន់​ជា​ច្រើន​នៃ​ភពផែនដី គ្មាន​ថ្នាំព្យាបាល​ថ្មីៗ មាន​ប្រសិទ្ធភាពខ្ពស់ទេ។ ប៉ុន្តែ​ជា​ទូទៅ ការថែទាំតាមដាន​អ្នក​ជំងឺ បាន​ស្គាល់​ភាព​ជឿនលឿន​ច្រើន ហើយ​​ការ​ព្យាបាលក៏​កាន់​តែ​មាន​ប្រសិទ្ធភាព​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ