អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

វិនិច្ឆ័យរោគ​ពី​ដំបូង​មិន​ល្អ មហារីក​សុដន់ ងាយលាប់​ឡើង​វិញ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។ មហារីក​សុដន់ ជា​ជំងឺ​ដែល​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក ប៉ុន្តែ​ប្រសិន​បើ​គេ​អាច​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​​នៅ​ដំណាក់កាល​ដំបូង នោះអ្នក​ជំងឺ​មាន​សំណាងជា​ពី​ជំងឺ​ ​កាន់​តែ​ខ្ពស់។ ផ្ទុយ​ទៅ​វិញ គេ​សង្កេត​ឃើញ​ថា មាន​ស្ត្រី​ពីរ​នាក់​ក្នុង​ចំណោម​១០​នាក់​ធ្លាក់​ខ្លួន​ឈឺ​លាប់​ឡើងវិញ ក្រោយ​ការ​ព្យាបាល​ចប់។ តើ​មក​ពី​ហេតុ​អ្វី ?

Le traitement permet d'améliorer considérablement le taux de survie des femmes de moins de 60 ans souffrant du type le plus courant de cancer du sein.
Le traitement permet d'améliorer considérablement le taux de survie des femmes de moins de 60 ans souffrant du type le plus courant de cancer du sein. Media for Medical/UIG via Getty Images
ផ្សាយពាណិជ្ជកម្ម

បញ្ជ្រាប​និង​ផ្តល់​ព័ត៌មាន​ស្តី​ពី​ជំងឺ​មហារីក​សុដន់ គឺ​ជា​កម្មវត្ថុ​នៃ​យុទ្ធនាការ​ “កូលាបតុលា” ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ​ ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣១​តុលា នៅ​ប្រទេស​បារាំង។ ពេញ​មួយ​តុលា​នេះ និង​ជា​ពេលណាៗទាំងអស់ សូម​ស្ត្រីគ្រប់រូប​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​រកមើល​ក្រែងកើត​​ជំងឺ​មហារីក​សុដន់ ដែល​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ស្ត្រី​នៅ​បារាំង និងនៅលើ​ពិភពលោក។

ក្នុង​យុទ្ធនាការ​ឆ្នាំ​២០២២ វិទ្យាស្ថាន​Curie មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​មហារីក​អឺរ៉ុប​ដ៏​ធំ​ជាង​គេ​ បាន​ឆ្លៀត​ឱកាស​បូក​សរុប​ស្ថានភាព​ជំងឺ​មហារីក​សុដន់​ដែល​រើ​ឡើង​វិញ។ បើ​តាម​ការ​ស្មាន ក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​សុដន់​១០​​នាក់ មាន​ពីរ​នាក់ធ្លាក់​ខ្លួន​ឈឺ​ឡើង​វិញ​ក្រោយ​ចប់​ការ​ព្យាបាល។ ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​មិន​ដឹង​អំពី​មូលហេតុ​ច្បាស់​អំពី​កត្តា​ហានិភ័យ​នាំ​ឱ្យ​ជំងឺ​លាប់​ឡើង​វិញ​ទេ ប៉ុន្តែមាន​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​មុខ​ជា​លំដាប់។ បើ​គេ​បាន​ដឹង​កាន់​តែ​ច្រើន នោះ​គេ​អាច​ការពារ​បាន​កាន់​តែ​ប្រសើរ។

តើ​គេ​អាច​ការពារ​មិនឱ្យ​ជំងឺ​លាប់​ឡើង​វិញ​បាន​ដោយ​វិធីណា ?

លោកវេជ្ជបណ្ឌិតPaul Cottu ​ នៅ​ដេប៉ាតឺម៉ង់​ជំងឺ​មហារីក​នៅ​វិទ្យាស្ថាន​ ៖

“ការពារ​កុំ​ឱ្យ​លាប់​កើត​ជំងឺ​មហារីក​សុដន់​ឡើង​វិញ គ្មានអ្វី​ប្រសើរ​ជាងផ្តល់​ការ​ព្យាបាល​​​ដែល​មាន​ប្រសិទ្ធភាព​ទេ​។ មាន​ន័យថា​ គឺ​​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បានត្រឹម​ត្រូវ​បំផុត​ ពី​ដំបូង​ ហើយ​សម្រប​ការ​ព្យាបាល មិន​ថា​ជា​ការ​ព្យាបាល​ ដោយ​វះកាត់ ដោយ​វិទ្យុសកម្ម ​ដោយ​​ប្រើ​ថ្នាំគីមី ឬ​ដោយ​វិធី​ផ្សេងទេ​ ទៅ​តាមការ​វិនិច្ឆ័យ​រោគ​ដំបូងនោះ។ នេះ​ហើយ​ជា​ការ​ការពារដ៏​ល្អ ​​មិន​ឱ្យ​ជំងឺ​លាប់​ឡើង​វិញ​។

ការ​លាប់​ឡើង​វិញ​មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា​ការព្យាបាល​គ្មាន​ប្រសិទ្ធភាព​ទេ។ ថ្នាំព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​មាន​ប្រសិទ្ធភាព រារាំង​អ្នក​ជំងឺ​មិន​ឱ្យ​ជំងឺ​មហារីក​រើ​ឡើង​វិញ​បាន​ ជា​ច្រើន​ឆ្នាំ។ ថ្នាំ​ខ្លះ​បាន​ជួយ​សម្រួល​ស្ថានភាព​អ្នក​ជំងឺឱ្យ​ជា​សះ​ស្បើយ​បាន​រយៈ​ពេលដល់​ទៅ​​​១៥​ឆ្នាំ។ នៅពេល​ជំងឺ​រើ​​​ឡើង​វិញ​ទើប​គ្រូពេទ្យ​ ចាប់​គិត​គូរ​រក​មធ្យោបាយ​ព្យាបាល​ជា​ថ្មី​ទៀត។”

ការ​ព្យាបាល​ដំបូង​​ ជា​អ្នក​កំណត់​ហានិភ័យ​​នៃ​ការ​រើ​ឡើង​វិញ​នៃ​ជំងឺ​ នេះ បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត Dr Anne Vincent-Salomon ឯកទេស​ជំងឺមហារីក​ស្ត្រី​នៅវិទ្យាសា្ថន​Curie ដដែល។

អ្នក​ស្រី​ Vincent-Salomon ៖ “ពិត​ជា​មិនអាច​ទទួល​យក​បាន​ទេ ដែល​អ្នក​ជំងឺ​ត្រូវលាប់​​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វិញ​នោះ។ ដូច្នេះ​គេ​ត្រូវ​សិក្សា​រកឱ្យ​ឃើញ​មធ្យោបាយ​ថ្មី និង​កំណត់​ប្រូណូស្ទិក​ជំងឺ​មហារីក​សុដន់​ឱ្យ​បាន​ប្រសើរ​ឡើង​ដើម្បី​អាច​កំណត់​​ឱ្យ​កាន់​តែ​ប្រសើរ​ទៀតប្រភេទ​​ដុំ​សាច់​មហារីក​របស់​ស្ត្រី​ របស់​អ្នក​ជំងឺ ដោយ​ត្រូវ​គិត​ផង​ដែរ​អំពី​ស្ថានភាព​ជំងឺ អាយុ ដើម្បី​អាច​​ម្រែ​តម្រង់​ការព្យាបាល​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត និង​កាត់​បន្ថយ​បាន​ហានិភ័យជំងឺ​រើ​ឡើង​វិញ។”

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅពេល​ធ្វើ​តេស្ត​វិភាគ​រក​ជំងឺ​មហារីក​ ឃើញ​​លទ្ធផល​វិជ្ជមាន​​ អ្នក​ជំងឺ​ត្រូវ​ឆ្លងកាត់​ការ​វិនិច្ឆ័យរោគ​ជា​ច្រើន​ដំណាក់កាលទៀត មុន​នឹង​គ្រូពេទ្យ​ជំនាញ​សម្រេច​ផ្តល់​ថ្នាំនិង​វិធី​ព្យាបាល​ជំងឺ​មហារីកសុដន់​នោះ។

​អ្នកស្រី​វេជ្ជបណ្ឌិតDominique Sighoko​ ៖

“ជំងឺ​មហារីក​សុដន់ ​មិនមែន​ដូច​គ្នា​តែ​មួយ​ទេ ជា​ជំងឺ​ពហុទម្រង់ ដែល​មាន​​មូលេគុលជំងឺ ច្រើន​ប្រភេទ​ ចែកជា​កូនក្រុមតូចផ្សេងៗ​គ្នា។ ដូច្នេះ​ដើម្បី​អាច​ផ្តល់​ការ​ព្យាបាល​ដែល​មាន​ប្រសិទ្ធភាពខ្ពស់ គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​ប្រភេទ​នៃ​ជំងឺ​មហារីក​សុដន់​នោះ ដោយ​ត្រូវ​​​ធ្វើ​តេស្ត​ immunohistochimie (IHC) របស់​​ដុំ​សាច់​មហារីក ដែល​គេ​ច្រិប​មក​វិភាគ។ នៅពេល​ធ្វើ​តេស្ត​ IHC​នេះ​រួច គេ​អាច​ដឹង​បាន​ថា​តើ​មហារីក​នោះ​ស្ថិត​នៅក្នុងកូន​​ក្រុមណា​។ ហើយអាច​​ផ្តល់​ការព្យាបាល​ឱ្យ​ចំ​ប្រភេទ។”

មហារីក​សុដន់​ ជា​ជំងឺ​ដែល​កើត​ញឹកញាប់​ជាង​គេ​នៅ​ប្រទេស​បារាំង ដោយ​មាន​អ្នក​ជំងឺ​ថ្មី​​ប្រមាណ​៥៨០០០​នាក់ បន្ថែម​ក្នុង​មួយ​ឆ្នាំៗ។ និយាយ​បែប​ផ្សេង ក្នុង​ចំណោម​ស្ត្រី​៨​នាក់ មាន​ជិត​ម្នាក់ កើត​ជំងឺ​មហារីកសុដន់ នៅក្នុង​វ័យ​ណាមួយ​នៃ​ជីវិត។ ជា​មហារីក​ដែល​កើត​ច្រើន​ជាង​គេហើយ បង្ក​ឱ្យ​ស្លាប់​ច្រើន​ជាង​គេ​ទៀត។ ក្នុង​មួយ​ឆ្នាំៗ មហារីក​សុដន់​សម្លាប់ស្ត្រី​ប្រមាណ​ជាង​ ១២០០០​នាក់​។ ប៉ុន្តែ​ប្រសិនបើ​គេ​អាច​រក​ឃើញ​ជំងឺ​មហារីក តាំង​ដើម​ដំបូង​ភ្លាម​ សំណាង​បាន​ជា​រួច​ជីវិត​មាន​កាន់​ធំ ឯ​ការព្យាបាល​ក៏​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង។ ក្តី​សង្ឃឹម​រស់​រាន​មាន​ជីវិត​បាន​៥​ឆ្នាំ​បន្ថែម មាន​កំរិត​ដល់​ទៅ​៩០%​ប្រសិនបើ​រក​ឃើញ​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ដំបូង ទល់​នឹង​២៦%​ប៉ុណ្ណោះ​បើ​ចូល​ដំណាក់​ធ្ងន់។

នេះ​ហើយ​ជា​ភាព​សំខាន់​នៃ​ការ​ធ្វើ​​តេស្ត​វិភាគ​មើល​សុដន់​​ក្រែង​មាន​ជំងឺ​មហារីកនោះ។ នៅ​ប្រទេស​បារាំង​ដដែល តាំងពី​ឆ្នាំ​២០០៤​មក ស្ត្រី​អាយុ​ចន្លោះ​ពី​៥០​ឆ្នាំ​ទៅ​៧៤ បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ទៅ​ធ្វើ​តេស្តថត​កៀប​សុដន់​ ជា​រៀង​រាល់​ពី​រឆ្នាំ​ម្តង។ ​ប៉ុន្តែកាលពី​ថ្ងៃ​អង្គារ​ទី ២៤​កញ្ញា គណៈកម្មការ​អឺរ៉ុប បាន​ចេញ​អនុសាសន៍​អំពាវនាវ​​ឱ្យ​ប្រទេស​ជា​សមាជិក ប្តូរ​យុទ្ធសាស្ត្រ បញ្ចុះ​អាយុ​ស្ត្រី​មាន​សិទ្ធិ​ទៅ​ធ្វើ​តេស្ត​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី៤៥​ឆ្នាំ​ទៅ ព្រោះ១៥%​នៃ​ជំងឺ​មហារីក​សុដន់​ លេច​ឡើង​នៅ​អាយុ ចន្លោះ​ពី​៤០ទៅ​៥០ឆ្នាំ។ ចុះ​ចំពោះ​ស្ត្រី​ក្រោម​អាយុ​៤០​ឆ្នាំ ត្រូវ​តាមដាន​សុខភាព​សុដន់​បែបណា ? អ្នក​ជំនាញ​បារាំង​ណែនាំ​​ឱ្យ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ជំនាញ ដើម្បី​វាយ​តម្លៃ​អំពី​កត្តា​ហានិភ័យ​របស់​បុគ្គល​ម្នាក់ៗ បើ​គ្មាន​កត្តាហានិភ័យ​ទេ ស្ត្រី​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ទៅ​ធ្វើ​ ម៉ាមូក្រាហ្វី ថតដោះ​ នៅអាយុ​ក្រោម​៤០ឆ្នាំ​ឡើយ។

​ហេតុ​អ្វី​បានគ្រួសារ​​ខ្លះមាន​ហានិភ័យ​​កើត​ជំងឺ​មហារីក​សុដន់​ជាង​គ្រួសារ​ខ្លះទៀត ?

អ្នកស្រី​វេជ្ជបណ្ឌិតDominique Sighoko​ ៖ “ពី​ព្រោះនេះ​គឺ​បណ្តាល​មក​ពី​ ​មនុស្ស​ខ្លះ​មាន​ហ្សែន​ងាយ​កើត​ជំងឺ​មហារីកពី​កំណើត។ អាច​ថា​ជាហ្សែន​​តពូជ​ ត​ពី​ឪពុកម្តាយ​មកកូនចៅ​ ជំនាន់​ក្រោយ។ គ្រួសារ​ខ្លះ​មាន ផ្ទុក​ហ្សែន​ ប្រភេទ​ BaCa​ ១ និង២ តែ​ម្តង។ អ៊ីចឹង​ហើយ​បាន​ជា​ពួកគាត់​មាន​គ្រោះ​ហានិភ័យ​ខ្ពស់ នឹង​កើត​ជំងឺ​មហារីកសុដន់។ ហានិភ័យ​កើត​ជំងឺ​មហារីក​ មិនមែន​មាន​តែ​ចំពោះ​ស្ត្រីភេទ​ទេ។ បុរស​ក៏​មាន​ហានិភ័យ​នេះដូចគ្នា។ ដូច្នេះ​បើ​ស្ត្រី​មា្នក់ កើត​ក្នុង​គ្រួសារ​មាន​ម្តាយ​កើត​ជំងឺ​មហារីក​សុដន់ ឬ​ឪពុក​មាន​ជំងឺ​មហារីក​ប្រូស្តាត គ្រួសារ​នោះ​ត្រូវ​ប្រុងប្រយ័ត្ន​ តាមដាន​សុខភាព​ឱ្យ​មែនទែន ព្រោះ​គ្រួសារនោះ ស្ត្រី​នៃ​គ្រួសារនោះប្រឈម​នឹង​គ្រោះអភិវឌ្ឍ​ជំងឺ​មហារីកសុដន់​​ខ្ពស់​ខ្លាំងមែនទែន។”

ចេះ​ប្រុង​ប្រយ័ត្ន​ដោយ​ខ្លួន​ឯង​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ​សម្រាប់​គ្រប់​ស្ត្រី ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់។ ដូច​ជា​ត្រូវ​ចេះ​សម្គាល់​ថា តើ​មាន​ដុំ​រឹង​នៅក្នុង​សុដន់ រូប​រាង​សុដន់​ប្តូរ​ប្លែក​ ហើយ​មិន​ត្រលប់​មក​ធម្មតា​វិញ ក្រោយ​មក​ខែរួច ... បើ​មាន​​សញ្ញា​ទាំង​នេះ ត្រូវ​រួសរាន់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ