អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទឹកនោម​ផ្អែម​ជាជំងឺ​ប្រទេស​អ្នកមាន តែ​ជា​ជំងឺ​​​រាតត្បាត​ក្នុង​ប្រទេស​ក្រីក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ១៤ វិច្ឆិកា ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹងជំងឺ​ទឹកនោម​ផ្អែម។ មិន​មែន​ជា​ជំងឺ​ឆ្លង​ទេ តែ​ទឹក​នោម​ផ្អែម​បាន​ផ្តើម​រាតត្បាត​ និងសម្លាប់​ជីវិត​មនុស្ស​​ច្រើន​ជាង​ជំងឺ​ស៊ីដា គ្រុនចាញ់ និង​របេង​បូក​បញ្ចូល​​គ្នា​ទៀត។ ពោលគឺ​មាន​ស្លាប់​ប្រមាណ​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ឬ​ត្រូវ​ជាស្លាប់​​ម្នាក់​នៅរៀង​រាល់៧វិនាទី។ ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ដែល​នរណា​ក៏​ស្គាល់។ បច្ចុប្បន្ននេះ​ ​នៅលើ​ពិភពលោក មនុស្ស​ម្នាក់​ក្នុង​ចំណោម​១០នាក់ ត្រូវ​ជា​ជិត ៥៣៧លាន​នាក់ មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​កំរិត។ ហើយផ្ទុយ​ពី ការ​គិត ទឹក​នោម​ផ្អែម​មិនមែន​ជា​ជំងឺ​របស់​ប្រទេសអ្នកមាន​ទេ។ ៧០%​នៃ​អ្នក​ជំងឺ​រស់​នៅក្នុង​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម។

ពិភពលោកមាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ជាង​៥០០លាន​នាក់
ពិភពលោកមាន​អ្នក​កើត​ជំងឺ​ទឹក​នោម​ជាង​៥០០លាន​នាក់ Getty Images/iStockphoto - PeopleImages
ផ្សាយពាណិជ្ជកម្ម

​អ្នក​ជំងឺ​​មិន​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​ផ្ទាល់​ទេ។ អ្នកជំងឺទឹកនោម​ផ្អែម ​អាច​​ស្លាប់​ដោយ​ផលវិបាក​នៃ​ជំងឺ​ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​សុខភាព​ទូទៅ​របស់​មនុស្ស​ធ្លាក់​ចុះ​ជា​លំដាប់ ៖ ដោយ​ធ្វើ​​ឱ្យ​ខូច​​តម្រង​នោមខូច​​ប្រព័ន្ធ​សរសៃ​ឈាម​។ អ្នក​ជំងឺ​អាច​ស្លាប់​ នៅពេល​តម្រង​នោម ធ្វើ​ទុក្ខ​ ​គាំង​លែង​ដើរ។ អ្នក​ជំងឺត្រូវ​​ស្លាប់​ព្រោះ​តែ​ស្ទះ​ ឬ​ដាច់​សរសៃ​ឈាម​បេះដូង​។ ជា​ការ​ស្លាប់​ដែល​បង្ក​ឡើង​ដោយ​ផល​ប៉ះពាល់​នៃ​ជំងឺ​ មិនមែន​ដោយ​ជំងឺ​ផ្ទាល់​ទេ។ អ៊ីចឹង​ហើយ​បាន​ជាអ្នក​ខ្លះ​គេ​ចាត់​ទុក​ជំងឺ​ទឹកនោម​ជា​ជំងឺ​ស្ងាត់ៗ។

តំបន់​ដែល​មាន និង​ដែល​គេ​ធ្លាប់​សម្គាល់​ឃើញ​ថា​មាន​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ច្រើនគេ គឺ​តំបន់​អាមេរិក​ឡាទីន តែ​អ្វី​ដែលគួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​នោះ គឺ​ទ្វីប​អាហ្វ្រិក និង​អាស៊ី​ក៏​មាន​អ្នក​ជំងឺ​ទឹក​នោមផ្អែម​ច្រើន​ខ្លាំង​ណាស់ដែរ។ នៅអាស៊ី ក្នុង​ប្រទេស​ចិន​តែ​មួយ​មាន​អ្នក​ជំងឺ​ដល់​ជាង​១០០លាន​នាក់​ស្រេច​ទៅ​ហើយ។ នៅ អាហ្វ្រិក​ ​ចំនួន​អ្នក​ជំងឺ​មាន​ជាង ២២លាន​នាក់​ហើយ​ និង​ឡើងមួយ​ជា​ពីរ ​ដល់​៤២លាន​នាក់​នៅឆ្នាំ​១៥ឆ្នាំ​ខាង​មុខ។

ហេតុអ្វី ​មាន​កំណើន​អ្នក​ជំងឺទឹកនោម​ផ្អែម​ច្រើន​នៅតាម​ប្រទេស​ក្រីក្រ ?

កត្តាដ៏​ចម្បង​មួយ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ គឺ​ភាពស្រណុក​ជ្រុល និង​កង្វះ​សកម្មភាព-​ កង្វះ​ការ​បញ្ចេញ​ឬ​ធ្វើ​ចលនា​រាងកាយ​ដែល​បណ្តាល​មក​ពី​របៀប​របប​រស់​នៅ​ថ្មី បែប​អ្នក​ក្រុង ព្រមទាំង​របៀប​របប​ហូបចុក ដោយ​ទទួល​ទាន​ចំណីអាហារ​ មាន​ជាតិ​ខ្លាញ់ជ្រុល ប្រៃ​ខ្លាំង និង​មាន​ថាមពលច្រើន​ហួសហេតុ។ ហើយ​នៅក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ មាន​​កត្តា​អាយុ​វែង​មួយ​បន្ថែម​ទៀត។ អាយុ​សង្ឃឹម​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ចាប់​កើន​ឡើង ដូច្នេះ​ចំនួន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តែ​លេច​ឡើងច្រើន និង​កើន​ឡើង​ដែរ ព្រោះ​ទឹក​នោម​ផ្អែម​ជា​ប្រភេទមួយ​នៃ​​ជំងឺរបស់​មនុស្ស​ចាស់។

ប៉ុន្តែ​ក្នុង​ករណីទ្វីបអាហ្វ្រិក ក៏​ដូច​ជា​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត ដែល​ល្បី​ថា​ជា​ប្រទេស​ក្រីក្រ ទទួល​ទាន​មិន​គ្រប់គ្រាន់ និង​ថែម​ទាំង​មាន​វិបត្តិ​ខ្វះ​អាហារូបត្ថម្ភ​ផង​នោះ មាន​បញ្ហា​ប្រឈម​ពីរ​ផ្ទុយ​គ្នាតែ​កើត​ទន្ទឹមពេល​តែ​មួយ​ គឺ​ បញ្ហា​ខ្វះអាហារ និង​បញ្ហា​ហូបជ្រុល។ ការ​ហូប​អាហារច្រើន​ជ្រុល​ បណ្តាល​មក​ពី​ប្រទេស​/សង្គម​នោះ​កំពុង​ធ្វើ​អន្តរកាល​អាហារ។

អន្តរកាល​អាហារ

​ពី​មុន​ប្រទេស​មានទម្លាប់​ប្រពៃណី​ទទួល​ទាន​អាហារ​ ជា​គ្រាប់​ធញ្ញជាតិ (បាយ) ជា​អាហារ​ដែល​ផ្តល់​ថាមពល​ច្រើន សម្រាប់​ទៅ​ចិញ្ចឹម​រាងកាយ​ដែល​ប្រើ​កម្លាំង​​ ធ្វើ​ស្រែ​ធ្វើ​ចំការ ... តែ​តាំងពី​១០-១៥​ឆ្នាំ​ចុងក្រោយ​នេះ​មក ពួកគាត់​ចាប់​ផ្តើម​ប្តូរ​ទម្លាប់​មក​ទទួល​ទាន​អាហារ​បែប​ឧស្សាហកម្ម​ និង​ទទួល​ទាន​សាច់​សត្វ កាន់​តែច្រើន​ឡើងៗ (ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់)។ ជា​ការ​ប្តូរ​ផ្លាស់​គំរូ​អាហារ​បែប​បូរាណ​ ដែល​មានថាមពល​ច្រើន​​ជា​​មូលដ្ឋានស្រាប់​ទៅ​ហើយ​​ ដោយ​ត្រូវ​បន្ថែម​​សារធាតុ​ក្លុយស៊ីត​ ជាតិ​ខ្លាញ់​ ​ជាតិ​សាច់​សត្វ បូក​នឹង​ការ​និយម​ភេសជ្ជៈ​ផ្អែម​​ដែល​ផ្តល់​​ថាមពល​លឿន​ខ្លាំងទៀត​ របប​អាហារ​ថ្មី​​នាំ​ផល​អាក្រក់ណាស់​​ដល់​​សុខភាព។ ដំបូង​គេ​គិត​ថា​កំណើន​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ បណ្តាល​មក​ពី​​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ទទួល​ទាន​ចំណី​អាហារ​បែប​បុរាណ​ ខ្លះ​ថាមក​ពីការ​ប្រកាន់​​របប​អាហារ​បែប​​អឺរ៉ុប តែ​តាម​ការ​ពិត​​ដោយ​ហេតុ​កត្តា​ទាំងពីរ​បូក​បញ្ចូល​គ្នា។ គឺ​អន្តរកាល​អាហារ​នេះ​ហើយ​​ដែល​មិន​ល្អ​ និង​ធ្វើ​ផ្ទុះ​ករណី​ធាត់​ ​និង​ ​ធាត់​ជ្រុលចុកខ្លាញ់​។

ពូជ ?

​ពូជ​ ក៏ជា​កត្តាមួយ​ដែល​នាំ​ឱ្យ​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ។ មកទល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​សិក្សា​ណាមួយ​ដែល​អាច​ពន្យល់​បំភ្លឺ​បាន​១០០%ទេ ប៉ុន្តែ​គេ​ចាប់យល់​ខ្លះៗ អំពី​ករណី​​ពលរដ្ឋដើម​​កំណើត​​អាស៊ី និង​អាហ្វ្រិក​ មាន​​កំណើន​​ជំងឺ​ទឹកនោម​ផ្អែម​ខ្លាំង។ ជំងឺ​ទឹកនោម​ផ្អែម​កើន​ខ្លាំង​នៅ​ទ្វីប​អាហ្វ្រិក​និ​ងអាស៊ី​ហើយ ពលរដ្ឋ​អាស៊ី អាហ្វ្រិក រស់​នៅ​លើ​ទ្វីប​អាមេរិក​ក៏​ងាយ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជាងពលរដ្ឋ​ស្បែក​សដែល​មាន​របៀប​របប​រស់​នៅ​និ​ងហូបចុក​ដូច​គ្នា​ទៀត។ ​បើ​តាម​ក្រុមគ្រូពេទ្យ​មួយ​ចំនួន នេះគឺ​បណ្តាល​មកពី​សរីរាង្គកាយ​របស់​​ពលរដ្ឋ​អាស៊ី​និងអាហ្វ្រិក​មាន​ ការ​បែងចែង​សារធាតុ​ខ្លាញ់ផ្សេង ដែល​ងាយ​ពុល ទើប​បាន​ជា​អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហាក់​ឡើង​ខ្ពស់។

ចំណុច​មួយ​ទៀត​ដែល​អ្នក​វិទ្យាសាស្ត្រដូច​ទម្លាប់​ពុំ​ទាន់​យល់​ស្រប​គ្នា​ទាំង​ស្រុង​​នោះ គឺ​គេ​គិត​​ថា​ប្រជាពលរដ្ឋ​អាស៊ី និង​ពិសេស​អាហ្វ្រិក​ ​ធ្លាប់​រង​ភាព​អត់​ឃ្លាន តាំង​ពី​ជា​ច្រើន​តំណ ទើប​សរីរាង្គកាយ និង​ប្រព័ន្ធ​មេតាបូលិករបស់​ពួក​គេ​ធ្លាប់​និង​ ធន់​ខ្លាំង ហើយ​អាច​ដំណើរ​ការ​បាន​យ៉ាង​ល្អ​ ជាមួយ​នឹង​ចំណីអាហារ​តែ​បន្តិច​។ ស្រាប់​តែឥលូវ​មាន​​​ញ៉ាំ​ច្រើន​ ប្រព័ន្ធ​ ​មេតាបូលិកបំប្លែងមិនទាន់ ក៏​នាំ​ឱ្យ​មាន​លេច​ជា​ជំងឺ​ទឹកនោម​ផ្អែម​ឡើង។ តែ​នេះ​ជា​សម្មិតកម្ម​ដែល​អន្តរជាតិ​កំពុង​បន្ត​ជជែក​គ្នា​នៅឡើយ ពុំ​ទាន់​មានការ​ព្រមព្រៀង​ជាក់​លាក់ទេ៕

​អន្តរាគមន៍​របស់​លោក​វេជ្ជបណ្ឌិត ទូច​ ឃុន គ្រូពេទ្យ​ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម​ នៅ​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​ ក្រុង​ភ្នំពេញ និង​លោក​វេជ្ជបណ្ឌិត ស្តេហ្វាន បឺសង់សុង Stéphane Besançon ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង “សុខភាព​ទឹក​នោមផ្អែម”។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ