អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ហេតុ​ដូចម្តេច​បាន​ជា​ការ​លេងចាក់បាល់​អាច​ក្លាយ​ជា​ជំងឺ​ញៀន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រកួត​បាល់​ទាត់​ពិភពលោក បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា និង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​១៨​ធ្នូ។ ព្រឹត្តិការណ៍​កីឡា​នេះ បាន​ទាក់ទាញ​អ្នក​ទស្សនា ជា​ពិសេស​យុវវ័យ​ក្រោម​អាយុ​៣៥​ឆ្នាំ ឱ្យ​ចង់​សាកល្បង​លេង​ចាក់​បាល់​យ៉ាង​ខ្លាំង​។ ការ​​ចាក់​បាល់​ អាច​ធ្វើ​ញៀន។ ការញៀន​ល្បែង (ភ្នាល់​ ល្បែង​ស៊ីសង)​ ត្រូវ​បាន​អង្គការ​សុខភាពពិភពលោក​​ទទួល​ស្គាល់​ ​ជា​ជំងឺ​មួយ។ ​បើ​ជា​ជំងឺ គេ​​ត្រូវតែ​ស្វែង​រក​ការព្យាបាល។ តើ​ការ​ញៀន​ល្បែង​ចាក់​បាល់​មាន​គ្រោះថ្នាក់យ៉ាងណា ?

Au premier trimestre 2016, les paris sportifs en ligne ont atteint le niveau record de 516 millions d'euros, soit 47% de hausse par rapport au premier trimestre 2015, également un record, selon l'Autorité de régulation des jeux en ligne.
Au premier trimestre 2016, les paris sportifs en ligne ont atteint le niveau record de 516 millions d'euros, soit 47% de hausse par rapport au premier trimestre 2015, également un record, selon l'Autorité de régulation des jeux en ligne. AFP/Archives
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍កីឡា ដូច​យ៉ាង​​ការ​ប្រកួត​​បាល់ទាត់​ពិភពលោក​ ជា​ឱកាសដែល​អ្នក​មាន​ចំណូល​ចិត្ត​ផ្នែក​កីឡា ​មួយ​ចំនួន​ចាប់​អារម្មណ៍​លេង​ភ្នាល់​។ ការចាក់​បាល់​លេង​ម្តង​ម្កាល​ជា​រឿង​ធម្មតា​ទេ តែ​វា​អាច​ជា​គ្រោះ​ថ្នាក់​ដែល​អាច​នាំ​ឱ្យ​អ្នក​លេង​ធ្លាក់​ក្នុង​ភាព​ញៀន​ល្បែង​ដោយ​ពិតៗ ជាមួយ​នឹង​ផលវិបាក​តាមក្រោយ​ជា​ច្រើន។ ​

អ្នក​ស្រី​វេជ្ជបណ្ឌិត សារ៉ា កូកាស Sarah Coscas គ្រូពេទ្យ​វិកលវិទ្យា​ជំនាញ​ផ្នែក​ជំងឺញៀន​ នៅមន្ទីរ​ពេទ្យ​Paul Brousse បាន​ពន្យល់​អំពីដំណើរ​ធ្លាក់​​​ក្នុង​គ្រោះ​ញៀន​ល្បែង​ភ្នាល់​/ស៊ីសង​ ជា​ជំងឺ​ ​ថា វា​ចាប់​ផ្តើមដំបូង​ ដោយ​សារតែ​​ការ​ចាក់​ត្រូវ​ ឈ្នះ​ធំ។ ចាក់​ត្រូវ​មាន​អារម្មណ៍​ថា ឈ្នះ​បាន​លុយ​ច្រើន​ ដោយ​ងាយ​ស្រួល ព្រោះ​គេ​ស្គាល់ និង​គ្រប់គ្រង​ភាព​ចៃដន្យ​នៃល្បែង​បាន​។ តែ​តាមការ​ពិត ការ​ភ្នាល់​តែង​តែ​មាន​ឈ្នះ​និង​ចាញ់​ ដូច​ពាក្យ​បូរាណ​ខ្មែរ​តែង​ពោល ថា ល្បែង​តែ​នឹង​រេ ជួន​ឯង​ឈ្នះ​គេ​ជួន​គេ​ឈ្នះ​ឯង។ យ៉ាង​ណា​មិញ​ ការ​ចាក់​បាល់​ទាត់​គឺ​ជា​​ល្បែងភ្នាល់ ដែលគេ​មិន​អាច​ទាយ​បាន​យ៉ាង​ប្រាកដ​ថាខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់​ទេ បើ​ទោះ​អ្នក​ស្គាល់​ក្រុម​បាល់​ទាត់នោះ​យ៉ាង​ណា​ក៏​ដោយ។​ ការ​​ចៃដន្យ​នាំ​ឱ្យ​ចាញ់​នៅ​មាន​។​ តែ​ចំណង់​ចង់​ចាក់​ ចង់​លេង​ហើយ​លេង​ទៀត ឈ្នះ​រួច​ចាញ់ ចាញ់​រួច​តាម​ដើម្បី​ឈ្នះវិញ​ ឈ្នះ​ចាញ់ៗវិល​ទៅ​វិល​មក​យូរៗ​ទៅ​នឹង​ធ្វើ​ឱ្យ​យើង​លែង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ បែរ​ជា​យល់​ថា លេង​ជា​រឿង​ធម្មតា និង​ត្រូវ​លេង​ជាប់​រហូត ដើម្បី​បាន​ឈ្នះ ដែល​នាំ​ឱ្យមាន​​ភាព​រីក​រាយ និង​ដែល​នាំ​មក​នូវ​រង្វាន់។

លោក Emmauel Lahaie មន្ត្រី​ស្ថាប័ន​សុខភាព​សាធារណៈ​បារាំង បាន​ទទួល​ស្គាល់​ថា​ល្បែង​ភ្នាល់​​​តែ​ង​មាន​ការ​ឈ្នះ មាន​ចាញ់ តែល្បែង​ចាក់​បាល់​មិនដូច​​ជា​ល្បែង​ភ្នាល់​ផ្សេង​ទៀត​ទេ។ ល្បែង​ភ្នាល់​បាល់​មាន​គ្រោះ​ថ្នាក់​ជាពិសេសដែល​គេហៅ​ថា “ការ​បំភាន់​នៃ​ជំនាញ”។ អ្នក​ចាក់​បាល់​មាន​និន្នាការ​ទុកចិត្ត​ជ្រុល​ ជឿ​ថា​ខ្លួន​ស្គាល់​ក្រុមកីឡាករ​ច្បាស់ ភ្លេច​គិត​បាល់ទាត់​ក៏​ជា​ល្បែង​ ដែល​គ្មាន​នរណា​អាច​ទាយ​និង​ផ្តល់​លទ្ធផល​នៃ​ការ​ប្រកួត​បាន​ត្រូវ​១០០%​ទេ។ ​លោក អេម៉ាណុយអែល ឡាអេ ៖

“ប្រាកដហើយ​ដែល​ថា​យើង​អាច​ចាក់​ត្រូវ​ ហើយ​ឈ្នះ នៅក្នុង​ល្បែង​ភ្នាល់​។ ប៉ុន្តែដល់​ពេល​ណា​មួយ​ ​យើង​ក៏​អាច​​ចាក់​ខុស​ ហើយ​ចាញ់ដែរ។ តែ​​ការ​រីករាយ​ដោយ​បាន​ឈ្នះ​ និង​ជំនឿ​ជាក់ថា​ឈ្នះ​ពី​​ដំបូង នឹង​រុញ​ឱ្យ​យើង​ចង់​លេង​ទៀត​។ បើ​​ចង់ហើយ​យើង​ទៅ​​លេង​​ទៀតមែន នោះ​ហើយ​ជា​ការ​ចាប់​ផ្តើម​ នៃ បញ្ហា ! បញ្ហា​ជក់​​ល្បែង​ភ្នាល់បាល់ ត្រូវ​បានគេ​ចាត់​ទុក​ជា​ជំងឺ​ញៀន ដោយគ្មាន​ប្រើ​ថ្នាំ​ គ្មាន​ប្រើ​សារធាតុគ្រឿង​​ញៀន។ តែ​ការជក់​លេង​ភ្នាល់​បាល់ ស្ថិត​ក្នុង​ចង្កោម​ល្បែង​ដែល​ញៀន​ខ្លាំងជាង​គេ​បំផុត​។ ញៀន​ខ្លាំង​ជាងលេង​​ល្បែងភ្នាល់​​ចាក់ឆ្នោត​ធម្មតា ៥ទៅ​៦​ដង​ឯណោះ។ ហើយ​គេ​បាន​ដឹង​ទៀតថា ក្នុង​ចំណោម​អ្នក​មក​លេង​ចាក់​បាល់​១០០នាក់ មាន​ប្រមាណ​​១៥​នាក់ ជា​អ្នកមាន​បញ្ហា​លេង​ច្រើន​ជ្រុល​។ បើ​ប្រៀប​ទៅ​នឹង​ល្បែង​ភ្នាល់​ដទៃ​ទៀត អ្នក​លេង​ភ្នាល់​បាល់​ ច្រើន​តែជាមនុស្ស​​ក្មេង​​ អាយុ​ក្រោម​៣៥​ឆ្នាំ (៧០%​អាយុ​ក្រោម​២៦​ឆ្នាំ) និង​ជា​ក្មេង​ដែល​ងាយរងគ្រោះ មាន​ជីវភាព​គ្រួសារ​យ៉ាប់យឺន ​ទន់​ខ្សោយ និង​ច្រើន​តែ​ជា​អ្នក​អត់​ការងារ​ធ្វើ។ នៅពេល​បាន​ឮ​ពាណិជ្ជកម្ម និង​ឃើញ​អំពី​លទ្ធភាព​អាចរក​​លុយ​បាន​ដោយ​ស្រួល ដោយ​ងាយៗ ដោយការ​ចាក់​បាល់ ក៏ចង់លេង​ ហើយលេង​កាន់​តែច្រើនឡើងៗ។”

នៅពេល​បាន​ឈ្នះម្ត​ង​ហើយ អ្នក​លេង​ច្បាស់​ជា​ញ៉ាម ចង់​និង​សង្ឃឹម​ថា​អាច​ឈ្នះ​រង្វាន់​ធំ​ជា​ថ្មី​ទៀត ក៏​ទៅ​ចាក់​ និង​ទៅ​លេង​ភ្នាល់​ទៀត រួច​ក៏​វិល​ទៅ​មក​ឥត​ឈប់​ លែង​អាច​ឃាត់​ខ្លួន​ឯងបាន ដែល​នេះ​ហើយ​ជា​ការ​ចាប់​ផ្តើម​ ធ្លាក់​ក្នុង​អន្លង់​នេះពាក្យ​ថា “ញៀន”។

គេ​ចាត់​ទុក​មនុស្ស​ម្នាក់​ថា​ញៀន​នឹង​ល្បែង នៅពេល​បុគ្គលម្នាក់នោះ​ងប់​លេង​ជ្រុល ជា​ប្រចាំ និង​ជាប់​រហូត​រយៈ​ពេល​យ៉ាង​ហោច​មួយ​ឆ្នាំ​ ព្រមទាំង​មាន​អាការៈយ៉ាង​ហោច​ណាស់​បួន ក្នុង​ចំណោម​​លក្ខណៈ​ក្រោម​នេះ ៖

  • ត្រូវចាក់​ភ្នាល់​ ដាក់​លុយ​កាន់​តែ​ច្រើនឡើង ជា​លំដាប់ ទើប​ពេញ​​បំណង​​​
  • ខឹង​ មួរមៅ នៅពេល​មិន​បាន​លេង​ ឬ​ពេល​ផ្អាកលេង
  • ល្បែង​បាន​ប្តូរ​ផ្លាស់​អាក្បកិរិយា​និង​ការ​រស់​នៅប្រចាំ​ថ្ងៃ​ (ដំណេក ការងារ អារម្មណ៍)
  • បាន​សាកល្បង​ដែរ​តែ​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន មិនអាច​កាត់​បន្ថយ​ ឬ​ឈប់​លេង​បាន
  • ខ្វល់​វិលវល់​តែនឹង​​ល្បែង ដោយ​មិន​អាច​បំភ្លេច​ការ​ចាញ់​ឬ​ការ​ឈ្នះ​ល្បែង​ពី​អតីតកាល​ ទើប​ត្រូវ​ប្រឹង​រក​វិធី​ថ្មី​ដែល​អាច​នាំ​ឱ្យ​ឈ្នះ​លុយ ឬ​ជំនះ​អ្នក​នៅក្បែរ​បាន​លេង​ទៀត
  • យក​ល្បែង​មក​ធ្វើ​ជា​ថ្នាំ​សណ្តុំ​ចិត្ត លើក​ទឹក​ចិត្ត​ សម្រាប់​បំបាត់​ការ​បាក់​ទឹក​ចិត្ត បំបាត់​ទុក្ខកង្វល់ សម្រាប់​លាង​ទោស​កំហុស​ខ្លួន
  • ក្រោយ​ចាញ់​អស់​លុយ​ ត្រលប់​ទៅ​វិញ​ដើម្បី​តាម​យក​លុយ​មក​វិញ
  • ភូតកុហកអ្នក​នៅជុំ​វិញ​ខ្លួន​ដើម្បី​លាក់​សកម្មភាព​លេង​ល្បែង
  • ហ៊ាន​ភ្នាល់​​ហួស​ពី​សមត្ថភាព​ដែល​មាន​ និង​ហ៊ាន​ទៅ​ខ្ចី​លុយគេមក​លេងល្បែង

ដើម្បី​អាច​ដឹង​បាន​ថា​តើ​អ្នក​កំពុង​ឈាន​ទៅ​ធ្លាក់​ខ្លួន​ញៀន​ល្បែង​ស៊ីសង​ ឬ​ល្បែង​ភ្នាល់ គ្រូពេទ្យ​វិកលវិទ្យា​ឯកទេស​ជំងឺ​ញៀន សូម​ណែនាំ​ឱ្យ​ធ្វើ​តេស្ត​ តាម​រយៈ​ការ​ឆ្លើយ​នឹង​សំណួរ​ បាទ/ចាស ឬ​ទេ។ សំណួរ​ទាំងពីរ​ផ្តោត​លើលក្ខខណ្ឌ​ពីរ គឺ​សេចក្តី ត្រូវការ​លេខ​ភ្នាល់ដាក់លុយ​កាន់​តែ​ច្រើន និង​ការ​ភូតភ។

សំណួរ​ទីមួយ ៖  តើ​អ្នក​ធ្លាប់​បាន​កុហក​ម្តាយ​ឪពុក​ឬ​មនុស្ស​ជំនិត​ខ្លួន ទាក់ទង​នឹង​ឥរិយាបថ​លេង​ល្បែង​ភ្នាល់​ស៊ី​លុយទេ ?

សំណួរ​ទីពីរ ៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ភ្នាក់​ដាក់​លុយ​កាន់​តែ​ច្រើន​ជាង​មុន​រហូត​ទេ ?

 

បើ​ជា​​ចម្លើយ​វិជ្ជមាន​លើ​សំណួរ​ណាមួយ​ សូម​ជួប​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​តាមដាន​មើល​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព។

 

ការ​ញៀននឹង​ល្បែង​ចាក់​បាល់​​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​​សុខភាព​ផ្លូវ​ចិត្ត​។ ការ​ចាញ់ល្បែង និង​ការ​ខាត​បង់​លុយ ញយ​ពេក បាន​ធ្វើ​អ្នក​លេង​ក្លាយ​ជា​មនុស្ស​ឆាប់​ខឹង​ ឆាប់​មួរហ្មង ហើយ​អាចងាយ​​នឹង​ធ្លាក់​ក្នុង​ភាព​បាក់​ទឹក​ចិត្ត​។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នក​ញៀន​អាច​នឹង​ហ៊ាន​ដល់​ថ្នាក់​ធ្វើ​អត្តឃាត​ទៀត​ផង។ នេះបើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក អេម៉ាណុយអែល ឡាអេ មន្ត្រី​ទទួល​បន្ទុក​ការពារ​ជំងឺ​ញៀន​ល្បែង​ នៅ​ស្ថាប័ន​សុខភាព​សាធារណៈ​បារាំង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ