អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មូសខ្លា​កាន់​តែ​ធុន​នឹង​ថ្នាំ តើ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​បានយ៉ាងដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មូស​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​ធ្ងន់ធ្ងរផ្សេងតៀត កំពុង​លូតលាស់​ស៊ាំ​នឹង​ថ្នាំ​បាញ់​មូស​យ៉ាង​ខ្លាំងក្លា នៅតំបន់​ខ្លះ​នៃ​ទ្វីបអាស៊ី។ ជា​ការ​ធុន​ខ្លាំង ដែល​តម្រូវ​ឱ្យ​យើង​ស្វែង​រក​មធ្យោបាយ​ថ្មី​ បន្ទាន់ សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​។ នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ​របស់​ជប៉ុន​ទើប​ចេញ​ផ្សាយ​កាលពី​ចុង​ខែធ្នូ​ឆ្នាំ​២០២២។

មូស​ខ្លា "Aedes aegypti" ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម
មូស​ខ្លា "Aedes aegypti" ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម Domínio público/Usda
ផ្សាយពាណិជ្ជកម្ម

ដុត​ធូប បាញ់​ថ្នាំ ...​ ជា​វិធី​សាស្ត្រ​កម្ចាត់​មូសដែល​បណ្តា​ជន​រស់​នៅ​តំបន់​ត្រូពិក​ តំបន់​មាន​មូស​ច្រើន តែង​ធ្វើ​ស្ទើរជា​រៀង​រាល់​ថ្ងៃ។ បាញ់​រាល់​ថ្ងៃ តែ​មូស​នៅតែ​ច្រើន​ដដែល។ ប្តូរ​ប្រភេទ​ថ្នាំ​បាញ់​មូស​ហើយ​ក៏​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព។ តាម​ការពិត​ ភាព​ស៊ាំ​នឹង​ថ្នាំ​មូស​ ធ្លាប់​ត្រូវ​បាន​គេ​ខ្វល់​គិត​និង​ដឹង​ខ្លះ​មក​ហើយ គ្រាន់​តែ​​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា​តើពពួក​មូស​ទាំង​អស់​នោះ​ធុន​នឹង​ថ្នាំ​សម្លាប់​សត្វ​ត្រឹម​កំរិត​ណា​តែ​ប៉ុណ្ណោះ។

នៅថ្ងៃ​នេះ អ្នក​វិទ្យាសាស្ត្រ​ជាតិ​ជប៉ុន​ លោក Shinji Kasai និង​ក្រុមការងារ​របស់​លោក បាន​ធ្វើការ​សិក្សា​អំពី​សត្វមូស​ នៅក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅទ្វីប​អាស៊ី និង​នៅប្រទេស​ហ្កាណា​លើ​ទ្វីប​អាហ្វ្រិក។ ក្រុមអ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ហ្សែន​របស់​សត្វ​មូស បានធ្វើ​ការ​បំប្លែងច្រើន ទើប​សត្វ​មូសកាន់​តែ​ខ្លាំង​ហើយ​ស៊ាំ​នឹង​ពពួក​ថ្នាំ​បាញ់​ដែល​មាន​ប្រើប្រាស់​ស្ទើរ​ជា​ទូទៅ ផលិត​ដោយ​ប្រើ​សារធាតុ​Perméthrine។

បើតាម​លោក​កាសៃ មូស​ពពួក​Aedes aegypti មូសខ្លាដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ឈាម​ ហ្ស៊ីកា ឈីក និង​គ្រុន​លឿង នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩០% មាន​ការ​បំប្លែង​ហ្សែន​ច្រើន​មែនទែន​រហូត​អាច​​ធុននឹង​ថ្នាំសម្លាប់​សត្វ​ល្អិត​ (ថ្នាំបាញ់មូស)។ ជា​ការ​ធុន​ខ្លាំង ​ក្នុង​កំរិតខ្ពស់​​​បំផុត។ នាយក​ដេប៉ាតឺម៉ង់​វេជ្ជសាស្ត្រ​សត្វល្អិត​នៃវិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ជប៉ុនរូប​នេះ​ បាន​​រក​ឃើញ​ទៀត​ថា​ មូសប្រភេទ​ខ្លះ​ដែល​តាម​ធម្មតា​ត្រូវ​កម្ទេច​បាន​ទាំង​ស្រុង​(១០០%) ដោយ​ថ្នាំ​បាញ់​មូស​នោះ ឥលូវ​កម្ចាត់​បាន​ត្រឹម​តែ​៧%​ប៉ុណ្ណោះ។ ហើយ​បើ​ទោះ​បី​ជា​គេ​បង្កើន​កំរិត​ជាតិ​ពុល​ក្នុង​ថ្នាំ​បាញ់​មូស​នោះ​ឡើង​ទ្វេ​ជា​១០ ក៏​គេ​អាច​សម្លាប់​ពពួក​មូស​ទាំង​អស់​នោះ​បាន​ត្រឹម​តែ​៣០%​ យ៉ាង​ច្រើន។

ជា​សំណាង​ល្អ កំរិត​នៃ​ភាពធុន​នឹង​ថ្នាំបាញ់​មូស​ខុស​គ្នា​ពី​តំបន់​​មួយ​ទៅតំបន់​​មួយ សូម្បី​តែ​នៅ​ប្រទេស​វៀតណាម​ជាប់​របង​នឹង​ប្រទេស​កម្ពុជា​ ជា​ឧទាហរណ៍​ជាក់ស្តែង ក៏​កំរិត​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​របស់សត្វ​មូសវៀតណាម​​ ខុស​ពីមូស​ខ្មែរដែរ។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក​កាសៃដដែល ដោយ​បន្ថែម​ថា នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សា ថ្នាំបាញ់​មូស​នៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅឡើយ សម្រាប់​ប្រទេស​ហ្កាណាលើ​ទ្វីប​អាហ្វ្រិក សម្រាប់​តំបន់​ខ្លះ​​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​កោះតៃវ៉ាន់។

ពពួក​មូស​ខ្លា ពូជ​Aedes albopictus ក៏​ចាប់​ធុន​នឹង​ថ្នាំ​បាញ់​មូស​ដែរ គ្រាន់តែ​ក្នុង​កំរិត​នៅ​ទាប​ជាង​ពូជ​មូស​Aedes aegypti។

ជា​មួយ​​ចម្ងល់ គ្មាន​ចម្លើយ​សោះ ជុំវិញ​មូល​ហេតុ​ ទីកន្លែង​និង​ពេល​វេលា​នៃការ​​បំប្លែង​ហ្សែន​របស់​សត្វ​មូស រហូត​ក្លាយ​ជា​សត្វ​ធុន​ខ្លាំង​នឹង​ថ្នាំ​សម្លាប់​ល្អិត​ លោក​កាសៃ ព្រួយ​បារម្ភ​ខ្លាច​តែ​ភាពស៊ាំ​របស់​មូស ដែល​រក​ឃើញ​នៅ​ពេល​នេះ បន្ត​រីករាល​ដាល យ៉ាង​លឿន​រហ័សក្នុង​អនាគត​ដ៏​ខ្លី​​នៅ​ពេញពិភពលោក​ទេ។

បើ​មូស​ធុន​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត តើ​គេ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​វា​បាន​យ៉ាង​ដូចម្តេច​ទៅ​វិញ​ទៅ ?!

លោក កាសៃ បាន​ណែនាំ​ឱ្យ​ឧស្សាហ៍​ប្តូរផ្លាស់​ប្រភេទ​ថ្នាំ​បាញ់​មូស តែ​លោក​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា បញ្ហា​ដ៏​ចម្បង​នោះ គឺ​គ្រប់​ថ្នាំបាញ់​មូស​ មាន​សារធាតុ​សកម្មប្រហាក់ប្រហែល​គ្នា​។​ ដូច្នេះ​ជម្រើស​ដ៏​ប្រសើរ​ជាង​គេ​មួយ​ទៀត គឺ​ត្រូវ​ពង្រឹង​កិច្ច​ខិត​ខំប្រឹងប្រែង​ លុប​បំបាត់​តំបន់​ជា​ជម្រកបង្កបង្កើត​មូស​ ឬ​ត្រូវ​រក​បច្ចេកវិទ្យា​ថ្មី​ណា​ដែល​ទៅ​ធ្វើ​មូសឈ្មោល​អារ មិន​អាច​បន្ត​ពូជ​បាន​។

ចេញ​ផ្សាយក្នុង​ទស្សនាវដ្តី​Science Advances ​កាលពី​ចុង​ខែ​ធ្នូ​២០២២ ការ​សិក្សារបស់​អ្នក​ជំនាញ​នៅ​សកលវិទ្យាល័យ​Sydney លោក កាមឺរោន វេប  Cameron Webb បាន​បង្ហាញ​ថា យុទ្ធសាស្ត្រ​ដែល​មនុស្ស​លោក​កំពុង​ប្រើ​ជា​ប្រចាំ​និង​ជា​ញឹកញយ ​​នាពេល​បច្ចុប្បន្ន​នេះ​លែង​សូវ​មាន​ប្រសិទ្ធភាពប្រឆាំង​នឹង​សត្វល្អិត​ចង្រៃមូសហើយ។ គេចាំបាច់​​ត្រូវ​តែ​ស្វែង​រក​សារធាតុគីមីថ្មី​​ ប៉ុន្តែ​អាជ្ញាធរ​និង​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ពិចារណាផង​ដែរ ​រក​វិធីសាស្ត្រ​ថ្មី សម្រាប់ការពារ​ ដូច​យ៉ាង​ថ្នាំបង្ការជំងឺ​​វិញ​ទៀត​ប្រសើរ​ជាង។ បើ​តាម​អង្គការ​សុខភាពពិភពលោក ករណី​កើត​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ គួរ​ឱ្យ​កត់​សម្គាល់​ និង​ព្រួយ​បារម្ភ​ នៅ​ទូទាំង​ពិភពលោក នា​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ ​ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ក្មេង​ចាស់​ប្រុសស្រី ប្រមាណពី​១០០​ទៅ​៤០០​លាន​នាក់កើត​​ជំងឺគ្រុនឈាម​ ក្នុង​នោះ​៨០%​ជា​អាការៈ​ជំងឺ​ស្រាល​ ឬ​គ្មាន​រោគ​សញ្ញាទេ តែ​ក៏​មាន​អ្នក​ជំងឺ​មិន​តិច​ដែរ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម។ នេះ​​បើតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោកដដែល។

មក​ទល់​នឹង​ពេល​នេះ គេរក​ឃើញ​​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​បាន​ពីរបី​មុខ​ដែរ គឺ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​ Takeda និង​ក្រុមហ៊ុន​បារាំង។ ប៉ុន្តែ​ប្រសិទ្ធភាពនៃ​​​​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​បារាំង សាណូហ្វី នៅមាន​កំរិត​ណាស់ ដោយវា​​អាច​បង្ក​ផល​រំខាន​ធ្ងន់ធ្ងរ​ដល់​​អ្នក​ដែល​មិន​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈាមសោះ។ មាន​ន័យ​ថា​ថ្នាំ​បង្ការ​Dengvaxia របស់​បារាំង​ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ នៅអឺរ៉ុប​តាំងពី​ឆ្នាំ​២០១៨​មក​មែន តែ​សម្រាប់​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺគ្រុន​ឈាម​ខ្លាំង និង​សម្រាប់​អ្នក​​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ដោយ​ពិតៗ។ វ៉ាក់សាំង​Dengvaxia អាច​​ការ​ពារ​មិន​ឱ្យ​ជំងឺ​ធ្លាក់​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាមញយ​ដង។

ចំណែក​​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​ជប៉ុន Qdenga ​ទើប​អនុម័ត​ឱ្យ​ប្រើប្រាស់​ កាលពី​ឆ្នាំ​ទៅ និង​ជា​លើក​ដំបូង​គេបង្អស់ ដោយ​ប្រទេស​ឥណ្ឌូណេស៊ីតែ​មួយ​គត់។ Qdenga ជា​ថ្នាំ​បង្ការ​របស់​ជប៉ុន​សុទ្ធសាធ និង​​អាច​ចាក់​លើ​មនុស្ស​គ្រប់​វ័យ​ចាប់​ពី​អាយុ​៤​ឆ្នាំ​ឡើង​ទៅ​។ អ្នក​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម និង​អ្នក​មិនធ្លាប់​កើត​ សុទ្ធ​តែអាច​ចាក់​បាន​ដូច​គ្នា និង​ទទួល​លទ្ធផល​ដូច​គ្នា។ នៅក្នុង​ការ​សាកល្បង​ លើ​កុមារ និង​មនុស្សធំ ជាង ២៨០០០នាក់ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ថ្នាំ​បាន​ផ្តល់​លទ្ធផល​គួរ​ជាទីគាប់​ចិត្ត ដោយ​មាន​​ប្រសិទ្ធភាព​ដល់​ទៅ ៨៤% ទប់​មិន​ឱ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​​​មិន​ឱ្យ​លេច​សញ្ញា​រោគ​គ្រុនឈាមបាន​ ៦១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ