អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

អាការៈ​​អស់កម្លាំងមិន​ធម្មតា ជា​ជំងឺ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​អារម្មណ៍​នឿយហត់​អស់​កម្លាំង ក្រោយ​ពី​បាន​ប្រឹង​បញ្ចេញ​កម្លាំង​កាយ ឬ​បញ្ញា​គិត​​ធ្វើ​អ្វី​មួយខ្លាំង​ជ្រុល​ គឺ​ជា​រឿង​ធម្មតា។ តែ​អាការៈអស់កម្លាំង​ លែង​​ហៅ​ថា ធម្មតា ប្រសិន​បើ​គេ​បាន​សម្រាកយ៉ាង​យូរ​​ហើយ​នៅ​តែ​ពុំ​ព្រមបាត់​ហត់ នៅ​តែមាន​​អារម្មណ៍​ថា​គ្មាន​ថាមពល​ចង់​​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ទៀត។ តើ​អាការៈ​អស់​កម្លាំង​ មិន​ធម្មតា ជា​អ្វី ? ជា​ជំងឺ​ មែនទេ ?​បទអន្តរាគមន៍​របស់​លោកស្រីសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត  Claire Le Jeunne ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​នៅមន្ទីរ​ពេទ្យ​កូស្ហាំង ក្រុង​ប៉ារីស

២០​ទៅ​៣០%​នៃ​ប្រជាជន​បារាំង​ទៅជួប​ពិគ្រោះ​ជំងឺ ដោយហេតុ​តែ​មាន​រោគ​សញ្ញា​អស់​កម្លាំង
២០​ទៅ​៣០%​នៃ​ប្រជាជន​បារាំង​ទៅជួប​ពិគ្រោះ​ជំងឺ ដោយហេតុ​តែ​មាន​រោគ​សញ្ញា​អស់​កម្លាំង © Unsplah - kinga-cichewicz
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃនេះ​កម្មវិធី​សុខភាព​របស់​យើង​សូម​លើក​យកមក​ជម្រាប​ជូន​លោក​អ្នក​នាង​ឱ្យ​បាន​ជ្រាប​អំពីអាការៈ​ អស់​កម្លាំងមិន​ធម្មតា ឬ​ Asthénie បើ​តាម​​​ភាសា​បច្ចេកទេស​ពេទ្យ​។ គឺ​ជា​អាការៈ​អស់​កម្លាំង​ មិន​ប្រក្រតី បាន​សម្រាក​យ៉ាង​ពេញលេញ​ហើយ​ នៅ​តែមិន​ព្រម​បាត់​ទៀត ឬ​បាត់​តែ​មួយ​ភាគ។ នៅប្រទេស​បារាំង ១០ទៅ​២៥%​នៃ​អ្នក​ជំងឺ​មកជួប​​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ តែងតែ​ថ្ងូចថ្ងូរ​អំពី​​អាការៈ​អស់​កម្លាំង​នេះ​ឯង។ ៦ទៅ​៧%​ បាន​ណាត់​ជួប​ពេទ្យ​ដោយ​ហេតុ​តែអាការៈ​​អស់​កម្លាំងនេះ​មួយ​គត់។

Asthénie ជាពាក្យ​ពេទ្យ​ដែល​ចង់​សំដៅ​លើ​​អាការៈចុះ​ទន់​ខ្សោយ​នៃ​​​សរីរាង្គ​កាយទាំង​មូល​។ ជា​ការ​​​អស់​កម្លាំងជា​ទូទៅ​ ខុស​ពី​ការ​អស់​កម្លាំង​ធម្មតា ហើយ​បង្ក​ឱ្យ​មាន​អារម្មណ៍​មិន​ស្រណុក​ខ្លួន​ អសមត្ថភាព​នឹង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​ឱ្យ​ត្រឹម​ត្រូវ។ អ្នក​មាន​បញ្ហា​អាស្តេនី មិន​អាច​បំពេញ​​រវាងអ្វី​ដែល​ត្រូវ​​ធ្វើ​និង​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ទេ។ ស្រ្តី​ច្រើន​ជួប​អាការៈ​នេះ ​ជាង​បុរស។

អស់​កម្លាំង​មិន​ធម្មតា អាស្តេនី ច្រើន​ជា​អាការៈ​ដែល​សំដៅ​លើ​ ភាព​ល្វើយ ​ល្ហិតហ្ហៃ នឿយណាយ មាន​អារម្មណ៍​ខ្ជិល គ្មាន​កម្លាំងពលំ អាប់អន់​បញ្ញា​រក​គិត​អ្វី​មិន​ចេញ ខ្សោះ​ក្នុង​ខ្លួន​ ខ្វះ​-អស់ថាមពល មាន​អារម្មណ៍​ហេវហត់​អស់​កម្លាំង​ទន់​ខ្សោយ ...

តើ​អ្វី​ជា​មូល​ហេតុ​នាំ​ឱ្យ​​អស់​កម្លាំង​ ?

អាស្តេនី​មិនមែន​ជា​ជំងឺ​ទេ ប៉ុន្តែ​ប្រជុំ​រោគ​សញ្ញា​នៃ​បញ្ហា​សុខភាព​រាងកាយ​ សុខភាព​ផ្លូវ​ចិត្ត ឬជា​លទ្ធផល​នៃ​ប្រតិកម្មនឹងបរិស្ថាន​នៅជុំ​វិញ​ខ្លួន។ មាន​ន័យ​ថា មាន​កត្តា​ច្រើន​យ៉ាង​ដែល​ជំរុញ​ឱ្យ​ស្តែង​ជា​អាការៈ​អស់​កម្លាំង​ឡើង។ ​​

ប្រភព​នៃ​ការ​អស់​កម្លាំង អាច​បណ្តាល​មក​ពី ​របៀប​របប​រស់​នៅ​ក្នុង​ជីវិតប្រចាំ​ថ្ងៃ​​ប្រែប្រួល​ ​ ឬ​បណ្តាល​មក​ពី​បាន​កើត​ជំងឺអ្វី​មួយ។ កង្វះ​ដំណេក​ ឬ​គេង​មិន​ស្កប់​នៅពេល​យប់ ឧស្សាហ៍​ភ្ញាក់​ គេង​មិន​ទៀង មាន​កង្វល់​ក្នុង​ការងារ​ ធ្វើការ​ហួស​ មាន​បញ្ហា​ក្នុង​រង្វង់​គ្រួសារ មាន​អ្នក​ឈឺ មាន​ការ​បែក​បាក់​លែង​លះ ... ក៏​អាច​ជា​ដើម​ហេតុ​នាំ​ឱ្យ​អស់​កម្លាំង​ខ្លាំង​និង​រ៉ាំ​រ៉ៃ​ដែរ។

អស់​កម្លាំង​ខុស​ប្រក្រតី​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ហួស​កម្លាំង​ និងជា​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា​ជំងឺស្លេក​ស្លាំង​​ខ្វះ​ឈាម​ក្រហម​ ជំងឺ​បង្ក​រោគ​ដោយ​បាក់តេរី ដោយ​វីរ៉ុស ជំងឺ​ទាក់ទង​នឹង​ក្រពេញ​លូត​លាស់ ឬ​ជំងឺ​មហារីក និង​ផឹក​ស្រា​ច្រើន​ជ្រុល។ ​បញ្ហា​ខួរក្បាល បេះដូង ថ្លើម ប្រមាត់ ឈាម ប្រព័ន្ធ​រំលាយអាហារ ព្រមទាំង​ថ្នាំ​ខ្លះ​ ក៏​អាច​ធ្វើ​ឱ្យ​អ្នក​លេបមានអាការៈ​​អស់​កម្លាំងចម្លែក។

​ដូច្នេះ​គេ​អាច​និយាយ​ផ្ទុយ​មក​វិញ​បាន​ថា អា​ការៈ​នឿយហត់អស់​កម្លាំង អាច​ជា​សញ្ញា​ដាស់​បញ្ជាក់​ថា​យើងប្រុង​ប្រយ័ត្ន​តាម​ដាន​មើល​សុខភាព​ខ្លួន​។ តើ​ពិត​ជា​មាន​ជំងឺ ​ដែល​ផ្តល់​រោគ​សញ្ញា​ដំបូង​ជា​អាការៈនឿយអស់​កម្លាំង​មែន​ឬ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Claire Le Jeunne ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​នៅមន្ទីរ​ពេទ្យ​Cochin ក្រុង​ប៉ារីស។

Pr Clairer Le Jeunnne ៖ ចាស​មាន ! មាន​ជំងឺ​ដែល​ផ្តល់​រោគសញ្ញា​ដំបូង​ជាអាការៈ​​អស់កម្លាំង។ ផ្តើម​ដំបូង​គឺ​ជំងឺ​ប៉ះពាល់​លើ​សរីរាង្គ ហើយ​អាច​ផ្តល់​ថ្នាំព្យាបាល​បាន នោះ​គឺ​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អាណេមី។ ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ័រមូន​ ជំងឺ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធការពារ​ខ្លួន ច្រើន​តែ​លេច​សញ្ញា​ដំបូង​ជា​អាការៈ​អស់កម្លាំង​ខ្លាំង។ បញ្ហា​​ផ្លូវចិត្ត​ ការធ្លាក់​ទឹក​ចិត្ត ក៏​ជា​ដើម​ហេតុ​ចម្បង​នាំ​ឱ្យ​អស់​កម្លាំង​ដែរ។”

បាន​សេចក្តីថា នៅពេល​មានអាការៈ​អស់​កម្លាំង​យូរ គេ​មិន​ត្រូវ​ធ្វេសប្រហែល​​ទេ និង​គួរ​តែទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ដើម្បី​វែក​រក​មូល​ហេតុ​ឱ្យ​បាន​ស៊ីជម្រៅតើ​គ្រូពេទ្យ​ត្រូវ​ចាប់ធ្វើ​រោគ​វិនិច្ឆ័យយ៉ាង​ដូចម្តេច​ខ្លះទៅ​វិញ ? សូម​ស្តាប់​ប្រសាសន៍​លោកស្រី​សាស្ត្រាចារ្យ​ជា​ថ្មី

Pr Clairer Le Jeunnne ៖ “គ្រូពេទ្យ​នឹង​ពិនិត្យ​វែក​រក​អតីតភាព​នៃ​ជំងឺ។ ប្រសិន​បើ​អ្នក​ជំងឺម្នាក់​ ថ្ងូរ​ថា​ហត់​អស់​កម្លាំង​ ហើយ​អាការៈ​អស់​កម្លាំង​អូសបន្លាយ​តាំងពី​ជា​ង​១០​ថ្ងៃមក​ហើយ នោះ​គ្រូពេទ្យ​នឹង​​ធ្វើរោគ​វិភាគ​បន្ថែម​មួយ​ចំនួន​ទៀត ដូច​​​ជា​ ៖ -ចោទ​​សួរ​លម្អិតព័ត៌មានទាក់ទង​នឹង​សុខភាព ដើម្បីជីក​រក​សញ្ញា​រោគ​ពាក់ព័ន្ធនឹង​អាការៈ​អស់​កម្លាំង។ -បន្ទាប់​មក​គ្រូពេទ្យអាច​​ធ្វើ​រោគវិនិច្ឆ័យគ្លីនិក ក្រែង​ឃើញ​អ្វី​មិន​ធម្មតា។ -​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទៅពិនិត្យ​ឈាមបើ​លទ្ធផល​នៃ​ការ​ពិនិត្យ​បែប​គ្លីនិក គ្មាន​លទ្ធផល ឬផ្តល់​តម្រ៉ុយ​អ្វី​មួយ។

ចាសគ្រូពេទ្យ​ចាំបាច់​ត្រូវ​តែ​រក​មូល​ហេតុ​ឱ្យ​ឃើញ ទើបអាច​រក​មធ្យោបាយ​​ព្យាបាលបាន​ត្រឹម​ត្រូវ និង​បាន​ជា​​អាការៈ​អស់​កម្លាំង​នេះ។ ការ​វិភាគ​ឈាម​ ជា​វិធី​សាស្ត្រ​ត្រួត​ពិនិត្យ​ដំបូង​នាំ​ឱ្យ​​គ្រូពេទ្យ​អាច​វែក​មើល​ក្រែង​មាន​ការរោល​រលាក ការ​បង្ក​រោគ ជា​យថាហេតុ​ណា​មួយ​កើត​ឡើង​នៅក្នុង​សរីរាង្គ​របស់​អ្នក​ជំងឺ​​ ឬ​ក៏​មាន​កង្វះ​គ្រាប់​ឈាម និង​ដើម្បី​ផ្ទៀង​ផ្ទាល់​មើល​តួនាទី​របស់​​តម្រង​នោម របស់​ថ្លើម របស់​ក្រពេញ​ទីរ៉ូអ៊ីត អត្រាជាតិស្ករ ឬ​មើល​កំរិត​សារធាតុ​ដែក​ក្រែង​ខ្វះ។ បើ​មាន​ការ​រលាក​បង្ក​រោគ​ដោយ​បាក់តេរី ការព្យាបាល​រំពឹង​លើ​ថ្នាំ​ផ្សះ។ បើ​បណ្តាល​មក​ពី​ជំងឺ​បាក់​ទឹក​ចិត្ត គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ព្យាបាល​អារម្មណ៍​ជូន​។ បើ​ទម្លាប់​អាក្រក់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​ហេតុ នោះ​ត្រូវ​ប្តូរ​របៀបរបប​ដែល​ល្អ​ប្រសើរ​ ម្ហូបអាហារ​មាន​លំនឹង​ សម្រាកឱ្យ​បាន​គ្រប់គ្រាន់ ... រួច​អាច​បំពេញ​បន្ថែម​ពី​ថ្នាំវីតាមីន។

សូម​ប្រុង​ប្រយ័ត្ន អាការៈ​អស់​កម្លាំង​មិនធម្មតា អូសបន្លាយ​លើស​ពី ៦ខែ ដោយ​គ្មាន​មូលហេតុ​ច្បាស់​លាស់ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជំងឺ​រ៉ាំរ៉ៃ។​ ពិបាក​វិភាគ​វិនិច្ឆ័យ ជំងឺនេះ​តែ​អាច​ ជា​ទៅ​វិញ​បាន​ ប៉ុន្តែ​ជួនកាល​គេ​​ត្រូវការ​ពេល​វេលា​ជា​ច្រើន​ឆ្នាំណាស់​​ទម្រាំ​​​អាការៈ​សញ្ញាអស់​កម្លាំងអាច​រលុប​បាត់​​​ទាំង​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ