អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ក្មេងរៀន​មិន​ចេះ មក​ពី​អន់​បញ្ញា ឬ​មក​ពី​មាន​ជំងឺ​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ៥ទៅ​១០%​នៃ​កុមារ​បារាំង មាន​វិបត្តិ​ផ្ចង់អារម្មណ៍ ខ្លះ​អម​ដោយ​ភាព​រពឹស​ខ្លាំង ខ្លះ​អត់។ វិបត្តិ​ផ្ចង់អារម្មណ៍​នេះ ជា​វិបត្តិពាក់ព័ន្ធ​នឹង​ការ​លូតលាស់​នៃ​ប្រព័ន្ធ​ប្រសាទ ដែល​​កើត​មាន​ជា​ញឹកញាប់​បំផុត​​លើ​កុមារ។ តើវិបត្តិផ្ចង់​អារម្មណ៍​នេះ​ជា​អ្វី ? សូម​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ អម​ដោយ​ការ​ពន្យល់​បំភ្លឺ​របស់​លោក​វេជ្ជបណ្ឌិត​ អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យ​ឯកទេស​ប្រព័ន្ធប្រសាទ​និង​ផ្លូវចិត្ត​ ជំនាញ​ខាង​ការ​លូត​លាស់​របស់​កុមារ​និង​ក្មេងជំទង់។

រូបថត​ក្មេង​រពឹសខ្លាំង
រូបថត​ក្មេង​រពឹសខ្លាំង facebook.com/pages/TDAH
ផ្សាយពាណិជ្ជកម្ម

មិនចេះ​នៅ​ស្ងៀម មិន​ចេះ​អង្គុយនឹងមួយ​កន្លែង ឬ​ក៏​រវើរវាយ មិនអាច​ត្រងត្រាប់ស្តាប់ឬមិន​អាច​ផ្ចង់​ស្មារតីធ្វើ​អ្វី​មួយ​​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម  និង​គ្មានភាពអធន អំណត់ ព្រមទាំងងាយ​ខឹង​ច្រឡោត​បញ្ចេញ​​​ប្រតិកម្ម​តប​បែប​ឆេវឆាវ​ទៀត នោះកូន​អ្នក​ទំនង​ជា​មាន​ជំងឺមួយ​ ដែល​មាន​ឈ្មោះ​ថា វិបត្តិ​ផ្ចង់​អារម្មណ៍ ដែល​អប ឬ​ដោយ​គ្មាន​ភាព​រពឹស។​ ​​អាការៈបែប​នេះ ជា​អត្តចរិត​របស់មនុស្ស​លោក​ទូទៅមែន តែ​បើ​វា​ស្តែង​ ឡើង​ខ្លាំង​ហួសហេតុ និង​ក្នុង​រយៈ​ពេល​អូសបន្លាយ​យូរ ក្នុង​គ្រប់​ស្ថានភាព (មិនមែន​តែ​ពេល​នៅ​សាលា​ ឬ​នៅ​ផ្ទះ) គេ​លែង​ហៅ​ថា​ជា​ករណី​​​រពឹសធម្មតាហើយ។ ​

មាន​រោគ​សញ្ញា​បី សម្រាប់​សម្គាល់​វិបត្តិ​ផ្ចង់អារម្មណ៍ ទី​មួយ គឺ​កង្វះការ​ផ្ចង់អារម្មណ៍ រពឹសខ្លាំង និង​ ឆេវឆាវ។ អាការៈ​សញ្ញា​នេះ មាន​កំរិតខ្លាំង​ខ្សោយ​​ផ្សេងៗ​គ្នា​ទៅ​តាម​ស្ថានភាព​នៃ​ជំងឺ​របស់​ក្មេង​ម្នាក់ៗ។ មិន​រពឹស មិន​ចលាចលមែន តែ​បើ​ក្មេង​ចេះ​តែ​​​រវើរវាយ​ នៅ​ធ្មឹង ចូល​ចិត្ត​អង្គុយភ្លេច​ភ្លឹក រហូត​​មិន​អាច​បញ្ចប់​លំហាត់​ដែល​គ្រូ​ដាក់​ឱ្យ​ធ្វើ មិន​ចងចាំពាក្យ​បង្គាប់​របស់គ្រូ និង​តែង​តែ​ភ្លេច​បាត់​របស់របរ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ជា​ញឹកញាប់ ក៏​អាចចាត់​ទុក​​ជា​ក្មេង​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ដែរ។ ករណី​មួយ​ទៀត ក្មេង​រពឹស​ខ្លាំង​ ឆាប់​ច្រឡោត និង​ចលាចល​ខ្លាំង តែ​អាច​ផ្ចង់​ធ្វើការណាដែល​គេ​ចូល​ចិត្ត ក៏​ហៅ​ថា​ក្មេង​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ដែរ។ តាម​ធម្មតា ក្មេង​ប្រុស​ច្រើន​តែ​មាន​ អាការៈ​​រពឹស​និង​ឆេវឆាវ​ ខ្លាំង​ជាង​ក្មេង​ស្រី។

វិបត្តិផ្ចង់អារម្មណ៍ នេះ អាច​មាន​កើត​លើ​គ្រប់​វ័យ តែ​ស្រួល​សម្គាល់​ឃើញ​​ខ្លាំង​លើ​កុមារ។ ហើយ​ការសិក្សា​ស្រាវជ្រាវ​ក៏​មាន​ច្រើន​ខ្លាំង​ដែរ​លើ​ក្មេង។ វិបត្តិ​ផ្ចង់​អារម្មណ៍​នេះ​អាច​កើត​មាន​តាំង​ពី​នៅ​ក្មេង​ជា​កុមារ ​រហូត​ដល់​វ័យ​ជំទង់ ក្នុង​ប្រមាណ​ពី​៤០ទៅ​៧០%​ករណី និង​រហូត​ដល់​ចាស់​ពេញ​វ័យ ចំនួន​ប្រមាណ​ពាក់កណ្តាល។ គេ​ប៉ាន់​ប្រមាណ​ថា មា​នមនុស្ស​ប្រមាណ​៤% មាន​វិបត្តិ​ផ្ចង់អារម្មណ៍ ដោយ​មានឬ​គ្មាន​ភាព​រពឹស។ ជួន​កាល​ទាល់​តែ​ចាស់​ទើប​ដឹង​ខ្លួន​ថា​មាន​ជំងឺ​នេះ។ ជា​ទូទៅ​ អាការៈ​សញ្ញា​នៃ​វិបត្តិ​ផ្ចង់អារម្មណ៍​ច្រើន​តែ​លេច​ឡើង​នៅ​ពេល​ម្តុំ​អាយុ​ ៧​ឆ្នាំ តែ​ក្មេង​ចាប់​មាន​អត្តចរិត​ពិបាកគ្រប់គ្រ​ង​ តាំងពីអាយុ​ពីរ​ឆ្នាំ (​មុន​ពេលចូល​សាលា​រៀន​ម្ល៉េះ)។

វិបត្តិ​ផ្ចង់អារម្មណ៍​ គ្មាន​ពាក់​ព័ន្ធ​នឹង​ភាព​វៃឆ្លាត​របស់​ក្មេង​ទេ។ ក្មេងមាន​វិបត្តិ​ផ្ចង់​អារម្មណ៍​ដែល​ភាគ​ច្រើន​ ​ជួប​ការ​លំបាក​នៅ​សាលា​ (រៀន​មិន​ចេះ) បណ្តាល​មក​ពី​បញ្ហា​អាកប្បកិរិយា ឬ​ការ​ផ្ចង់​​អារម្មណ៍​រៀននេះ​ទេ មិនមែន​មក​ពី​ពួកគេ​ខ្វះ​បញ្ញា​ឡើយ។​

នៅប្រទេស​បារាំង មាន​ក្មេង​ប្រមាណ​៥% កើត​វិបត្តិ​នេះ​ ដែល​តម្រូវ​ឱ្យ​ឪពុកម្តាយ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ​ និងផ្តល់​ថ្នាំ​ព្យាបាល​ ព្រោះ​វិបត្តិ​នេះ​អាច​រំខាន​ដល់​ការ​សិក្សា​និង​អប់​រំ​យ៉ាង​ខ្លាំង។ សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Hervé Glasel ៖

“វិបត្តិ​ផ្ចង់​អារម្មណ៍អម​ដោយភាព​រពឹស​ឬ​អត់​ ជា​ផ្នែក​មួយនៃ​វិបត្តិ​ពាក់ព័ន្ធ​នឹង​ការ​លូតលាស់​របស់​ប្រព័ន្ធប្រសាទ (ខួរក្បាល)។ មាន​ប្រព័ន្ធក្នុង​ខួរក្បាល​​ខ្លះ​ ជាពិសេស​ប្រព័ន្ធ​ប្រសាទ​នៅ​ផ្នែក​ខាង​មុខ​នៃ​ក្បាល នៅ​ក្មេង​ខ្ចី​ពេក ទើប​កុមារ​ពិបាក​ ឬ​មិន​អាច​ផ្ចង់​អារម្មណ៍​បានល្អ​។ តាម​ធម្មតា ​​ខួរក្បាល​ដុះ​លូតលាស់​ចម្រើនទៅ​​​តាម​វ័យ ផ្តល់​ភាព​ចាស់​ទុំ​ជា​រៀង​រាល់​ថ្ងៃ ដល់​​​​ក្មេង​មួយ​ភាគ​ធំ តែ​មួយក្មេង​មួយ​ភាគ​ទៀត ប្រព័ន្ធ​ប្រសាទ​មិន​ព្រម​លូត​រឹងមាំ​តាម​វ័យ​ទេ។ ដល់​អាយុ​ធំ​ពេញ​វ័យ​ហើយ នៅ​តែ​មាន​ការ​លំបាក​ផ្ចង់​អារម្មណ៍​ទៀត។

 “​វិបត្តិ​ផ្ចង់អារម្មណ៍​​អមដោយ​ភាព​រពិស​ខ្លាំង​ឬ​អត់​នេះ ជះ​​ផលវិបាក​ច្រើន ​ដោយអាច​ធ្វើ​​ក្មេងពិបាក​​ផ្ចង់​ស្មារតី មិន​អាចប្រមូល​ផ្តុំ​អារម្មណ៍ឱ្យ​មូល​ ក្នុង​ការ​ចាប់​យក​ខ្លឹមសារ​អ្វីមួយ​ដែល​ត្រឹម​ត្រូវ -ដែល​គេ​ចង់​បានទេ​។ នៅក្នុង​ការ​សិក្សា​ ក្មេង​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ មិន​អាច​ផ្តល់​ចម្លើយ​ត្រឹមត្រូវ​ មិន​អាច​មើល​ឃើញ​កំហុស​អក្ខរាវិរុទ្ធ​របស់​ខ្លួន មិន​អាច​អង្គុយ​ត្រង​ត្រាប់​ស្តាប់​ការ​ពន្យល់​របស់​គ្រូ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​រំខាន ប៉ះពាល់​ដល់​ជីវិត​សិក្សា​របស់​គេ​ទាំង​មូល​តែ​ម្តង។ ដើម្បី​អាច​​​សិក្សា​ ​ខួរក្បាលត្រូវ​តែ​មាន​​ភាព​ចាស់​ទុំ ស្រប​ទៅ​តាម​ដំណើរ​លូតលាស់ធំធាត់​​របស់​ក្មេង​។”

វិបត្តិ​ផ្ចង់​អារម្មណ៍ ជា​ជំងឺ​ដ៏​ស្មុគស្មាញ​មួយ ដែលមិនមែន​មាន​មូលហេតុ​តែមួយ​ទេ។ ​ជាទូទៅ ដើម​ហេតុ​ចម្បង​ដែល​នាំ​មាន​វិបត្តិ​នេះ ច្រើន​បណ្តាលមក​ពី បញ្ហា​ប្រព័ន្ធ​ប្រសាទដែល​មាន​ពាក់​ព័ន្ធ​នឹង​កត្តា​ពូជ  និង​កត្តា​បរិស្ថាន តាម​រយៈ​ការ​​ប៉ះពាល់​សារធាតុគីមីពុល ពេល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ។ ដំបៅ​នៅខួរក្បាល​បង្ក​ឡើង​ដោយការ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន​ពេល​កើត អាច​បង្កើន​ហានិភ័យ​នាំ​កើត​វិបត្តិផ្ចង់អារម្មណ៍​នេះ​នៅពេល​ធំឡើង។

អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា ខួរក្បាល​ទទួល​បន្ទុកគ្រប់គ្រង​អារម្មណ៍ គ្រប់គ្រង​ញ្ញាណរៀប​រយ និង​គ្រប់គ្រង​ចលនា របស់​ក្មេង​ឬ​មនុស្ស​ធំ​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ ​សកម្មខ្លាំង​​ខុស​ប្រក្រតី​ ឬ​មាន​កាយវិភាគ​សាស្ត្រ​ប្លែក​ពី​គេ។ អត្រា​ណឺរ៉ូន​​​បញ្ជូន​សារ​ (សរសៃ​ប្រសាទ) ក៏​គ្មាន​លំនឹង។

កត្តា​ពូជ ចូល​រួម​ចំណែក​ច្រើន​គួរ​ជា​ទីកត់​សម្គាល់ ក្នុង​ការ​លេច​វិបត្តិ​ផ្ចង់​អារម្មណ៍។ នៅក្នុង​ ​ការ​សិក្សា​លើ​កូន​ភ្លោះ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា បើ​កូន​ម្នាក់​មាន​វិបត្តិ​ផ្ចង់អារម្មណ៍​ហើយ កូន​ភ្លោះ​ម្នាក់​ទៀត​ត្រូវ​តែមាន​វិបត្តិ​នេះ​ដែរ​ក្នុង​កំរិត​ដល់​ទៅ​៨០%។ បើ​មាន​ម្តាយ ឬ​ឪពុក​ ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ​មាន​វិបត្តិ​ផ្ចង់​អារម្មណ៍​ហើយ យ៉ាងហោច​ណាស់​ក៏​មាន​កូន​ម្នាក់​កាត់​តាម​ដែរ។ មួយភាគ​បួន​នៃ​ឪពុក/ម្តាយ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​ផ្ចង់អារម្មណ៍ តែង​មាន​កូន​ណាម្នាក់​កើត​ជំងឺនេះ​ដែរ។

ជា​ចុងក្រោយ​ ១០ទៅ​១៥% នៃ​ជំងឺ​មាន​វិបត្តិ​ផ្ចង់​អារម្មណ៍ បណ្តាល​មក​ពី​បញ្ហា​បរិស្ថាន ដោយបាន​រស់​ប្រឈម​នឹង​សារធាតុ​គីមី​ពុល ដូច​យ៉ាង សា្រ បារី សំណរ ថ្នាំ​សម្លាប់​សត្វ​ល្អិត ... ក្នុង​អំឡុង​ពេល​នៅ​ជា​ទារក​ក្នុង​ផ្ទៃ។ នៅមាន​កត្តា​បរិស្ថាន​ជា​ច្រើន ដែល​គេ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​បាន តែ​​ទំនង​អាច​​ជា​ដើមហេតុ​នាំ​ឱ្យ​ក្មេង​មាន​ពូជ​ស្រាប់​ កាន់​តែ​ងាយ​មាន​វិបត្តិ​​ផ្ចង់​អារម្មណ៍។

រហូតមកទល់នេះ គ្មាន​ទេ​ថ្នាំ​ព្យាបាល គឺ​មាន​ថ្នាំ​សម្រាល​ និង​បន្ធូរ​អាការៈ​សញ្ញា​រោគ​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​ការ​វិភាគ​រក​រោគ​សញ្ញា​ជំងឺ​ខ្វះការ​ផ្ចង់​អារម្មណ៍​ ក៏​លំបាក​ខ្លាំង​ ព្រោះ​សញ្ញា​រោគ​ខ្លះ​អាច​បង្ក​ឡើង​ដោយ​វិបត្តិ​ផ្សេង ដែល​មាន​ទម្រង់​ប្រហាក់ប្រហែល​ខ្លាំង ឬ​ខ្សោយ​នឹង​វិបត្តិ​ផ្ចង់អារម្មណ៍។ ការ​វិភាគ​រោគសញ្ញា​រំពឹង​ទាំង​ស្រុង​ទៅ​លើ​ការ​វាយតម្លៃ​ស៊ីជម្រៅ​និង​បរិស្ថាន​ជីវិត​របស់​កុមារ ពោល​គឺ​គ្រូពេទ្យ​អាច​ពិនិត្យ​មើល​ ជា​ដំបូង ការ​លូត​លាស់​នៃ​ខួរ​ក្បាល​​ ហើយ​ឪពុកម្តាយ​ត្រូវ​តែ​រៀប​រាប់​អំពី​ប្រវត្តិ​ធំធាត់​របស់​កូន​ ឬ​ក៏​អាច​មាន​ពិនិត្យ​វាស់​កម្រិត​បញ្ញា​របស់​ក្មេង​ផង។ ប៉ុន្តែ​គ្មាន​ទេ ប្រដាប់​ធ្វើ​តេស្ត​ប្រព័ន្ធប្រសាទ​​ឬ​ចិត្តសាស្ត្រ​ ដើម្បី​វិភាគ​ជំងឺ​ជា​ផ្លូវការ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ