អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើគួរ​ព្រួយ​បារម្ភ​អំពី​មេរោគ​​ជំងឺ​កូវីដ​១៩បំប្លែង​ខ្លួន​ថ្មីៗឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ខែ​ឧសភា​២០២៣​មក អង្គការ​សុខភាពពិភពលោក​លែង​ចាត់ទុក​ជំងឺ​រាតត្បាត​​កូវីដ​ជា​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​ពិភពលោក​ទៀត​ហើយ ប៉ុន្តែ​ជំងឺ​កូវីដ​នៅ​តែ​បន្ត​ចម្លង​ ក្នុង​ប្រទេស​និង​បន្ត​បំប្លែង​ខ្លួន​ មាន​លេច​ទម្រង់​ថ្មី​ជា​រហូត។ បន្ទាប់​ពី ដែលតា អូមីក្រុង ដែល​បាន​ចម្លង​ផ្អើល​ពិភពលោក​ អេរីស និង​ពីរូឡា ជា​មេរោគ​កូវីដ​បំប្លែង​ខ្លួនថ្មីៗ​ យ៉ាង​ហោច​ពីរ​ទៀត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពិសេស​របស់​អង្គការ​សុខភាពពិភពលោក។​​ ​​តើមេរោគ​បំប្លែងថ្មី​ទាំងនេះ​​​ គួរ​ឱ្យ​ខ្លាចរអារ​​យ៉ាងណា?

តើគួរ​ព្រួយ​បារម្ភ​អំពី​មេរោគ​​ជំងឺ​កូវីដ​១៩បំប្លែង​ខ្លួន​ថ្មី អ៊ីរីស និង​ពីរ៉ូឡា ?
តើគួរ​ព្រួយ​បារម្ភ​អំពី​មេរោគ​​ជំងឺ​កូវីដ​១៩បំប្លែង​ខ្លួន​ថ្មី អ៊ីរីស និង​ពីរ៉ូឡា ? via REUTERS - Social Media
ផ្សាយពាណិជ្ជកម្ម

លែង​ជា​ករណី​បន្ទាន់​​​សកលមែន លែង​សូវ​មាន​ព័ត៌មាន​និយាយ​អំពី​កូវីដ​មែន​ តែ​កូវីដ​មិន​បាន​ទៅ​ណា​ឆ្ងាយ​​ទេ។ កូវីដ​នៅ​តែ​បន្ត​ចម្លង​ និង​បំប្លែង​ខ្លួន​។ អង្គការ​សុខភាពពិភពលោក ក៏​ដូច​ជា​អាជ្ញាធ​រ​ប្រទេស​មួយ​ចំនួន​ មាន​ជា​អាទិ៍​អាមេរិក​ឬ​បារាំង បន្ត​តាន​ដាន​សកម្មភាព​វិវឌ្ឍន៍​​របស់​កូវីដ​ យ៉ាង​ស្អិត​ជា​និច្ច។ តាំងពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ ​ករណី​ឆ្លង​កូវីដ​១៩ ​បាន​ស្ទុះ​កើន​ឡើងជា​​​ថ្មី ដោយ​ហេតុ​តែ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ឈ្មោះ​អេរីស​។ ​៣៥%​នៃ​អ្នក​ជំងឺ​កូវីដ​មាន​ផ្ទុក​មេរោគ​បំប្លែង​អេរីស។ បន្ថែម​ពី​លើអេរីស មាន​លេច​ការ​គំរាមកំហែងនៃ​មេរោគ​បំប្លែង​​ថ្មី​​មួយ​ទៀត។ បន្ទាប់​ពីធ្វើ​ដំណើរ​ឆ្លងក្នុង​ជាង​១៥​ប្រទេស ពីអាហ្វ្រិក​ខាង​ត្បូង ដល់​ដាណឺម៉ាក កាត់​តាម​អ៊ីស្រាអែល ស្វីស អង់គ្លេស​ ​ឬ​អេស្ប៉ាញ ពីរ៉ូឡា បាន​មក​ដល់​ប្រទេស​បារាំង ជា​មួយ​កំរិត​បំប្លែង​ខ្លួន​​គួរ​ឱ្យ​ព្រួយបារម្ភ។

កូវីដបំប្លែង​ខ្លួន​ថ្មី​នឹង​បង្ក​ឱ្យ​មាន​រលក​ចម្លង​ថ្មី?

ជា​សមាជិក​ថ្មី​ក្នុង​ចង្កោម​គ្រួសារ​​អូមីក្រុង​ ពីរ៉ូឡា​ ឬ​BA.2.86បាន​បំប្លែង​ខ្លួន​ខ្លាំង​ ដោយ​ប្តូរ​ទម្រង់​គួរ​ឱ្យ​កត់​សម្គាល់​ជាង​៤០​ដង​ មាន​ន័យ​ថា​វា​​មាន​សមត្ថភាព​វិវឌ្ឍ​ប្តូរផ្លាស់​ខ្លាំង​និង​​​អាច​​​ចម្លងរីក​រាលដាល​យ៉ាង​ងាយ​ណាស់។ ទម្រង់​បំប្លែង​ខ្លះ​អាច​មាន​ឥទ្ធិពល​លើ​​ប្រព័ន្ធ​ការពារ​សរីរាង្គ​កាយ​មនុស្ស​ផង។

នៅក្នុង​ការ​បំប្លែង​ខ្លួនរបស់​វីរុស អ្នក​វិទ្យាសាស្ត្រ​តាមដាន​ជា​ពិសេស​ការ​បំប្លែងខ្លួន​ពីរ​យ៉ាង​នៅលើ​ប្រូតេអ៊ីន​Spike ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចម្លងមេរោគ​​និង​ក្នុង​ការ​ការ​ពារ​សរីរាង្គ​កាយ​។ ជា​ការបំប្លែង​​ទម្រង់​ដែល​មាន​នៅ​លើ​មេរោគ​ដើម​នៅ​វ៉ូហាន និង​ដែល​ប្រហាក់​ប្រហែល​នឹង​មេរោគ​​បំប្លែងខ្លួន​ដែល​តា។​

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​បាន​អង្គការ​សុខភាពពិភពលោក​ចាត់​ពីរ៉ូឡា​​ចូលក្នុង​ចង្កោម​មេរោគ​ត្រូវ​តាមដាន​ជាពិសេស​ ព្រោះ​វា​បាន​បំប្លែង​ខ្លួន​លើស​ពី​៣០​ដង ដោយ​អាច​នឹង​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ហក់​ឡើង​ខ្លាំង​ដល់​កំពូល​ជា​ថ្មី។ ប៉ុន្តែទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​គ្មាន​នរណា​ទាញ​ឬ​ស្រែក​អាសន្ន​​ថាពីរ៉ូឡា​ជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ដ៏​គ្រោះថ្នាក់នៅឡើយ​ទេ។ គេ​មិន​រំពឹងថា​នឹង​​មាន​អ្នក​ជំងឺ​​ធ្លាក់ខ្លួន​ឈឺ​​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ និង​ស្លាប់​ច្រើន​ ដូច​រលក​ចម្លង​ដោយ​មេរោគ​បំប្លែង​ខ្លួន​ដែលតា​ឬ​អូមីក្រុង​ទេ។

តើ​ត្រូវវិល​ទៅ​​ប្រកាន់ក្បួន​អនាម័យ​​ប្រឆាំង​កូវីដ​ឡើង​វិញ?

ទម្លាប់ល្អ​គួរ​តែ​រក្សា​ឱ្យបានល្អ​​ យ៉ាង​ណា​មិញ ​ក្បួន​អនាម័យ​ជា​ប្រចាំ​ថ្ងៃ​តាំងពី​បី​ឆ្នាំ​មក​នេះ គួរ​តែ​បន្ត​ប្រកាន់​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។ អាជ្ញាធរ​សុខាភិបាល​បារាំង​បាន​ផុ្តល់​អនុសាសន៍ និង​ណែនាំ​ឱ្យ​បន្ត​ពាក់​ម៉ាស់ នៅ​តាម​ទី​កន្លែង​បិទ​ជិត នៅក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ឬ​នៅទី​តាម​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន។

សូម​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ឱ្យ​ញឹកញាប់។ កំរិត​ការ​ប៉ះពាល់​ជាមួយ​មនុស្ស​មាន​សុខភាព​ទន់​ខ្សោយ​ ចាស់​ជរា​ មាន​ជំងឺ ឬ​ក្មេង​តូចៗ។ ឧស្សាហ៍​បើក​ទ្វារ​បង្អួច​ផ្ទះ​ បន្ទប់​ស្នាក់នៅ​បន្ទប់​ដេក ឱ្យ​ខ្យល់​ចេញ​ចូល​ ជា​ច្រើន​ដង​ក្នុងមួយ​ថ្ងៃ​។

ដើម្បី​កំរិត​ហានិភ័យ​ចម្លង​វីរ៉ុស ចាំ​បាច់​ត្រូវ​តែ​បើ​កន្សែង​ក្រដាស ​ តែ​ម្តង​ហើយ​គ្រវាត់​ចោល​ក្នុង​ធុង​សំរាម​បិទ​ជិត ​ក្រោយ​ពេល​ជូត​មាត់។ ខ្ទប់​មាត់​ច្រមុះ​ពេល​កណ្តាស់ និង​​​ក្អក ក្នុង​កែងដៃ។ល។

តើ​ត្រូវ​ធ្វើ​យ៉ាងណា​នៅពេល​មាន​រោគសញ្ញា?​

ប្រសិន​មាន​​រោគ​សញ្ញា​ជំងឺ គួរ​ឱ្យ​សង្ស័យថា​ជា​កូវីដ សូម​ប្រកាន់កាយវិការ​​​អនាម័យ​រារាំង​កុំ​ឱ្យ​មាន​ការ​ចម្លង​ទៅ​អ្នក​ជុំ​វិញខ្លួន។ ហើយ​រួសរាន់​ទៅ​ធ្វើ​តេស្ត​រក​មើល​ឱ្យ​ប្រាកដ​ចិត្ត​ថា​ពិត​ជា​ឆ្លង​កូវីដ​១៩។ ក្នុង​ករណី​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ ពិបាក​ដក​ដង្ហើម​ ហាក់​ដូច​ជា​ថប់​ខ្យល់​ ដង​ដង្ហើម​មិនដល់​គ្នា​ ដោយ​គ្រាន់​តែ​បញ្ចេញ​កម្លាំង​ឬ​ប្រឹង​និយាយ សូម​ប្រញាប់​ប្រញាល់​ទៅ​​មន្ទីរ​ពេទ្យ​។

តើ​គួរ​ចាក់​ថ្នាំ​បង្ការ​កូវីដទៀត​ដែរឬទេ?

ដើម្បីការ​ពារ​ខ្លួន​ក្នុង​​រដូវ​រងារ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចាក់​ថ្នាំ​បង្ការ​ទេ។ ដូចសេចក្តី​ណែនាំ​ ​អង្គការ​សុខភាពពិភពលោកកាលពី​​ខែ​មិថុនា​ ភ្នាក់ងារ​ឱសថអឺរ៉ុប ទើប​បាន​អនុម័ត​កាលពីថ្ងៃពុធ​ទី ១​កញ្ញា​២០២៣ អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​Pfizer BioNtech ធ្វើ​ចរាចរណ៍​ថ្នាំ​បង្ការ​កូវីដ​ថ្មី​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​ ដែល​កំពុង​សកម្ម នា​ពេល​នេះ។ នៅក្នុង​សេចក្តីថ្លែងការណ៍​ អាជ្ញាធរ​អឺរ៉ុប​​បាន​ថែម​ទាំង​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាន​នីមួយៗ​ជំរុញ​ការ​ចាក់​ថ្នាំ​បង្ការ​ថ្មី​ ដែល​មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ពពួក​មេរោគ​បំប្លែង​ក្នុង​ចង្កោមគ្រួសារ​មេរោគ​អូមីក្រុង។

វ៉ាក់សាំង​Comirnaty Omicron​ អាច​ចាក់​លើ​មនុស្ស​ចាស់​និង​ក្មេង​ចាប់​ពី​អាយុ​៦​ខែ​ឡើង​ទៅ។ មនុស្ស​ពេញ​វ័យ​និង​ក្មេង​អាយុ​លើស​ពី​៥ឆ្នាំ​ ត្រូវការ​ចាក់​ថ្នាំ​បង្ការ​ថ្មី​តែ​មួយ​ដូស​តែ​ប៉ុណ្ណោះ មិន​ថា​គេ​មាន​ប្រវត្តិ​ចាក់​វ៉ាក់សាំង​កូវីដពីមុនយ៉ាង​ណា​ទេ។ ចំណែក​ក្មេង​តូច​ខ្លាំង​ អាច​ទទួល​វ៉ាក់សាំង​ពី​មួយ​ដូស​ទៅ​បី​ដូស ទៅ​តាម​ស្ថានភាព​សុខភាព​របស់​ទារក។ នេះ​បើ​តាមការ​លម្អិត​របស់​ភ្នាក់ងារ​ឱសថ​អឺរ៉ុប​ដដែល ដោយ​បញ្ជាក់​ថា ផលរំខាន​នៃ​ថ្នាំ​បង្ការ​កូវីដ មាន​តិចតូច​និង​ស្រាល ហើយ​ក្នុង​រយៈ​ពេល​ខ្លី​បំផុត។ ផល​រំខាន​ធ្ងន់​ធ្ងរ​ជា​ករណី​កម្រ​ខ្លាំង​ណាស់។

​នៅក្នុងក្របខ័ណ្ឌ​នៃ​​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ មាន​ថ្នាំ​បង្ការ​បី​មុខ​ដែលប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​អាច​រក​ចាក់​បាន​ តាមការ​ណែនាំ​របស់​អង្គការ​សុខភាពពិភពលោក គឺ​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​Pfizer Moderna និង​ Navavax៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ