អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុផលដែលក្រុមហ៊ុនឱសថ Pfizer និង BioNTech បញ្ជាក់ពីប្រសិទ្ធិភាព ៩០% នៃវ៉ាក់សាំងបង្ការកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី៩ ក្រុមហ៊ុនឱសថអាមេរិក Pfizer និង អាល្លឺម៉ង់ BioNTech បាន​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​ធ្វើ​តេស្តិ៍​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​មាន​អត្រា​ប្រសិទ្ធិភាព​ដល់​ទៅ ៩០%។ វ៉ាក់សាំង​បង្ការ​កូវីដ១៩ រក​ឃើញ​ដោយ​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTech មាន​ឈ្មោះ BNT១៦២b២។ នេះ​ពិត​ជា​ដំណឹង​ដ៏​ល្អ​មួយ ខណៈ​ដែល​ពិភពលោក​កំពុង​បន្ត​ញាំញី​ដោយ​ជំងឺ​កូវីដ១៩។ ក្រោយ​ការ​ប្រកាស​ដំណឹង​នេះ​មក តម្លៃ​ភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន​ក្នុង​លោក​បាន​ស្ទុះ​ឡើង មិន​ថា​នៅ​អាមេរិក អឺរ៉ុប ឬ​នៅ​អាស៊ី។ គួរ​រម្លឹក​ថា អង្គការ​សុខភាពពិភពលោក​បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ មាន​បេក្ខជន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចំនួន ១១ក្រុមហ៊ុនឱសថ​ដែល​កំពុង​ធ្វើ​តេស្តិ៍​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នៅ​ក្នុង​ដំណាក់ការ​ទី៣ ដូច​ករណី​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTech។

ក្រុមហ៊ុនឱសថ Pfizer និង BioNTech បញ្ជាក់ថា ប្រសិទ្ធិភាពវ៉ាក់សាំងបង្ការកូវីដ១៩ មាន​ដល់​ទៅ ៩០%។
ក្រុមហ៊ុនឱសថ Pfizer និង BioNTech បញ្ជាក់ថា ប្រសិទ្ធិភាពវ៉ាក់សាំងបង្ការកូវីដ១៩ មាន​ដល់​ទៅ ៩០%។ REUTERS/Dado Ruvic/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

ទំរាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ណា​មួយ​អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ផលិត និង​ដាក់​លក់​ជា​សាធារណៈ​បាន គឺ​ត្រូវ​ឆ្លង​កាត់​នីតិវិធី​ធ្វើ​តេស្តិ៍​ចំនួន ៣ដំណាក់ការ។ ដំណាក់ការ​ទី៣ ជា​ដំណាក់ការ​ចុង​ក្រោយ​ដែល​ជា​ការ​ធ្វើ​តេស្តិ៍​លើ​មនុស្ស​ជា​ច្រើន​ពាន់ ម៉ឺននាក់។ ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechបាន​ធ្វើ​តេស្តិ៍​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឈ្មោះ BNT១៦២b២ លើ​មនុស្ស​ចំនួន ៤៣ ៥៣៨នាក់​នា​ដំណាច់ខែ​កក្កដា​នៅ​សហរដ្ឋអាមេរិក និង​នៅ​អាល្លឺម៉ង់។ វ៉ាក់សាំងបង្ការ​កូវីដ១៩ របស់​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechមាន ២ដូស ហើយ​ការ​ចាក់​រវាង​ដូស​ទី១ និង​ដូសទី២ មាន​គម្លាត​គ្នា​ចំនួន ៣សប្តាហ៍។ ក្រុមហ៊ុន​ឱសថ Pfizer និង BioNTech បាន​ឲ្យ​ដឹង​ថា មាន​អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង​តែ​ចំនួន ៩០% ក្នុង​ចំណោម ៤៣ ៥៣៨នាក់​បាន​ចាក់​វ៉ាក់សាំង​ដូសទី២។

ចំណែក​ក្នុង​ចំណោម​អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង​ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង ២ដូស គឺ​មាន​តែ ១០% ប៉ុណ្ណោះ​ដែល​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ឬ​និយាយ​បែប​ម្យ៉ាង​ទៀត មាន​រហូត​ដល់​ទៅ ៩០% ដែល​គ្មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​ហើយ​ជា​អំណះអំណាង​ដែល​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechហ៊ាន​ប្រកាស​ជា​សាធារណៈ​ថា វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​ខ្លួន​បាន​រក​ឃើញ​មាន​អត្រា​ប្រសិទ្ធិភាព​ដល់​ទៅ ៩០%។

ជា​ក្តីសង្ឃឹម​ដែល​បន្ត​បង្កប់​ដោយ​ការ​ប្រយ័ត្នប្រយែង

នេះ​ពិត​ជា​ដំណឹង​ល្អ និង​ក្តីសង្ឃឹម​មួយ​សម្រាប់​មនុស្សជាតិ ខណៈ​ដែល​កូវីដ១៩ កំពុង​បន្ត​ញាំញី​ពិភពលោក។ ការ​ប្រកាស​របស់​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechបាន​ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ក្នុង​លោក​មាន​ការ​រំជើបរំជួល​ខ្លាំង។ តម្លៃ​ភាគហ៊ុន​មាន​ការ​ស្ទុះ​ឡើង​ខ្លាំង ពិសេស​តម្លៃភាគហ៊ុន​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​អាកាចរណ៍​ដោយ​គេ​សង្ឃឹម​ថា បើ​មាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មនុស្ស​នឹង​អាច​ធ្វើ​ដំណើរ ចេញ​ដើរ​លេង​ដូច​កាល​ពី​ពេល​មុន​ផ្ទុះ​ជំងឺ​កូវីដ១៩។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តីគ្រប់​គ្នា​ហាក់​បន្ត​នៅ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ប្រកាស​ប្រកប​ដោយ​សុទិដ្ឋិនិយម​របស់​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTech។ នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​បន្ត​ស្រពិចស្រពិល និង​ដែល​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechត្រូវ​បក​ស្រាយ​បន្ថែម។ ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​ថា លទ្ធផល​របស់​ខ្លួន​មិន​បាន​រាប់​បញ្ចូល​នូវ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ណា​ដែល​ចាក់​វ៉ាក់សាំង​ដូសទី២ បាន​តិច​ជាង ១សប្តាហ៍។

ដូច្នេះ​​បើ​រាប់​អ្នក​ឆ្លង​កូវីដ១៩​នៅ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ដូសទី១ និង​នៅ​ក្រោយ​ការ​ចាក់​ដូសទី២ តិច​ជាង ១សប្តាហ៍ ចំនួន​អ្នក​ឆ្លង​កូវីដ១៩ អាច​មាន​ច្រើន ហើយ​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ក៏​មិន​អាច​មាន​ដល់​ទៅ ៩០% ដែរ។ អ្វី​ដែល​គេ​ត្រូវ​រង់ចាំ​មើល​នៅ ២ ឬ ៣ខែ​ខាង​មុខ គឺ​ទិន្និន័យ​វិភាគ​ដែល​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechត្រូវ​ប្រមូល​ពី​អ្នកស្ម័គ្រចាក់វ៉ាក់សាំង​ទាំង​ជាង ៤ម៉ឺននាក់​ដើម្បី​ចង់​ដឹង​ថា បើ​ពួក​គេ​មាន​អង់ទីក​បង្ការ​កូវីដ១៩ មែន តើ​នឹង​មាន​រហូត​ដល់​ពេល​ណា។ ទោះ​ជា​យ៉ាង​នេះ​ក្តី ភាព​ជឿជាក់​របស់​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechគឺ​ធំធេង ព្រោះ​ក្នុង​ពេល​បន្ត​នីតិវិធី​មួយ​ចំនួន​ទៀត និង​កុំ​ឲ្យ​ខាត​ពេល ការ​ផលិត​វ៉ាក់សាំង​បាន​ចាប់​ផ្តើម​បណ្តើរៗ។

ផលិត​ឲ្យ​បាន ១ ៣០០លានដូស​ពី​ពេល​នេះ​ទៅ​ដំណាច់ឆ្នាំ ២០២១

នៅ​ក្នុង​ជំហាន​ដំបូង​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២០ ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechគ្រោង​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ឲ្យ​បាន ១០០លានដូស។ បន្ទាប់​មក​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ២០២១ គឺ​គ្រោង​ផលិត​ឲ្យ​បាន​ប្រមាណ ១ ៣០០លានដូស។ បរិមាណ​នេះ​នៅ​មាន​កម្រិត​ទាប​ខ្លាំង បើ​ធៀប​នឹង​តម្រូវការ​របស់​ពិភពលោក។ តែ​ពី​ពេល​នេះ​ទៅ និង​ក្រៅ​ពី​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechក្រុមហ៊ុន​ផលិតឱសថ​ផ្សេង​ទៀត​ក៏​អាច​នឹង​ប្រកាស​ចេញ​នូវ​លទ្ធផល​ធ្វើ​តេស្តិ៍​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​ខ្លួន​ដែរ ដូច​ជា​ចិន រុស្ស៊ី បារាំង ឬ​អង់គ្លេស។ តាម​អង្គការ​សុខភាព​ពិភពលោក មាន​បេក្ខជន​វ៉ាក់សាំង​ចំនួន ១១ក្រុមហ៊ុន​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេស្តិ៍​វ៉ាក់សាំង​ដំណាក់ការ​ទី៣ ដូច​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTech។

តែ​ក្នុង​ពេល​រង់ចាំ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ចេញ​ជា​ផ្លូវការ មាន​ប្រទេស​ខ្លះ​បាន​កក់លុយ​ទិញ​ពី​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechរួច​ហើយ ដូច​ជា​គណៈកម្មការ​អឺរ៉ុប​បាន​កក់​លុយ​ទិសញ​ចំនួន ២០០លានដូស និង​អាច​បន្ថែម​ចំនួន ១០០លានដូស សហរដ្ឋអាមេរិក​បាន​កក់លុយ​ទិញ​ចំនួន ១០០លានដូស។ បន្ទាប់​មក មាន​ប្រទេស​អង់គ្លេស កាណាដា និង​ប្រទេស​ជប៉ុន។ អ្វី​ជា​ការកត់សម្គាល់ និង​អាច​ថា​ជា​លើកទី១ បច្ចេកវិទ្យា​នៃ​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មាន​សន្ទុះ​លឿន​មិន​ធ្លាប់​មាន ពោល​ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ មិន​ដល់​មួយ​ឆ្នាំ។ ម្យ៉ាង​ទៀត និង​បើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ប្រកាស​ដោយ​ក្រុមហ៊ុន​ឱសថ Pfizer និង BioNTechមាន​ប្រសិទ្ធិភាព​ដល់​ទៅ ៩០% មែន គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ពោល​លើស​ឆ្ងាយ​ពី​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំងបង្ការ​គ្រុនផ្តាស់សាយធំ​ដែល​មាន​ចន្លោះ​ពី​៣០% ទៅ ៧៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ