អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩របស់ក្រុមហ៊ុន​ឱសថ​ Pfizer មានប្រសិទ្ធភាព​៩០%

ជាដំណឹងដ៏​ល្អ ​ប្រកប​ដោយ​ក្តីសង្ឃឹម​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩។ ថ្នាំ​វ៉ាក់សាំង​​ប្រឆាំង​កូវីដ១៩ របស់​ក្រុមហ៊ុន​ឱសថ Pfizer និង​ Biontech មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩០%។ នេះ​បើ​តាម​លទ្ធផល​​បណ្តោះអាសន្ន​ នៃ​ការ​សាកល្បងថ្នាំ​​ដំណាក់កាលទី​បីដែល​ជា​ដំណាក់កាល​ចុង​ក្រោយ​មុន​នឹង​ឈាន​ដល់ការ​សុំ​សិទ្ធិ​ផលិត​និង​ធ្វើ​ចរាចរណ៍។

Pfizer et BioNTech ប្រកាស​ថា​ថ្នាំបង្ការកូវីដ​​របស់​ក្រុមហ៊ុន​មាន​ប្រសិទ្ធភាព​៩០%
Pfizer et BioNTech ប្រកាស​ថា​ថ្នាំបង្ការកូវីដ​​របស់​ក្រុមហ៊ុន​មាន​ប្រសិទ្ធភាព​៩០% REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្នាំ​វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ការ​​សាកល្បងស្រាវជ្រាវទេ តែ​បើ​តាម​ការ​វិភាគ​លទ្ធផល​បណ្តោះអាសន្ន ថ្នាំ​​របស់​ Pfizer និង BioNtech ​ មានប្រសិទ្ធភាព​ដល់ទៅ ៩០% ! នេះ​បើ​តាម​ការ​អះអាងរួម​គ្នា​របស់​ក្រុមហ៊ុន​ផលិតឱសថ​អាមេរិក​និង​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ទី ៩​វិច្ឆិកា​២០២០។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​បាន​ពន្យល់​លម្អិត​​ទៀត​ថា ថ្នាំ​បង្ការ​ចាប់​មាន​ប្រសិទ្ធភាព​ជា​អ្នកបង្ការ​ជំងឺ នៅ​៧​ថ្ងៃក្រោយ​ការ​ចាក់​ដូស​ទី​ពីរ និង​២៨​ថ្ងៃក្រោយ​ការ​ចាក់​ដូស​ទី​មួយ។

“ប្រឈម​នឹង​​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន អស់រយៈពេល​ជាង​៨​ខែ​ ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​កូវីដ១៩​បាន​ឈាន​ចូល​ដំណាក់​កាល​ថ្មី” នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានអគ្គនាយក​​ក្រុមហ៊ុន Pfizer លោក Albert Bourla, ដោយ​បាន​គូស​បញ្ជាក់​បន្ថែម​ថា លទ្ធផលវិភាគ​​ដំបូង​នៃ​ការ​សាកល្បង​ថ្នាំ​វ៉ាក់សាំង​ដំណាក់កាលទី​បី ដែល​ជា​ដំណាក់កាល​ចុងក្រោយ​​បង្អស់​ បាន​ផ្តល់​​ភស្តុតាង​​បង្ហាញ​ឱ្យ​ឃើញ​អំពី​សមត្ថភាពការពារ​ប្រឆាំង​នឹង​កូវីដ១៩ហើយ។ ដូច​បាន​​ព្យាករណ៍​ និង​ដូច​ធ្លាប់​បាន​ប្រកាស ក្រុមហ៊ុន​មានគម្រោង​​ផលិត​ថ្នាំ​បង្ការ​នេះ​បាន​រហូត​ដល់​៥០​លាន​ដូស ពីពេល​នេះ​ដល់​ដំណាច់​ឆ្នាំ​២០២០ និង​រហូត​ដល់​១៣០០​លាន​ដូស នៅ​ឆ្នាំ​២០២១​សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ពិភពលោក។

​ក្នុង​ន័យ​នេះ​ក្រុមហ៊ុន Pfizer និង​ BioNTech ​ ចង់ស្នើ​សុំ​សិទ្ធិ​ផលិត និង​ធ្វើ​ចរាចរណ៍​ថ្នាំបង្ការ​ពី​អាជ្ញាធរ​អាមេរិក តាម​រយៈ​សំណុំ​​បែប​បទ​បន្ទាន់​ នៅខែ​វិច្ឆិកា​នេះ​ភ្លាម​តែ​ម្តង។ សម្រាប់​ក្រុមហ៊ុន កត្តា​ចាំ​បាច់​បី​យ៉ាង គឺ ថ្នាំ​មាន​ប្រសិទ្ធភាព​ គ្មាន​ហានិភ័យ​​រំខានដល់​សុខភាព និង​មាន​បរិមាណច្រើន​គ្រប់​គ្រាន់​សម្រាប់​ពិភពលោក ​នឹងត្រូវ​​បំពេញ​បានទាំង​ស្រុងនៅ​ចុង​ខែ​នេះ​ហើយ។ ដូច្នេះ បុគ្គលិក​សុខាភិបាល នៅ​ប្រទេស​ខ្លះ​ ទំនង​ជា​នឹង​អាចទទួល​ថ្នាំ​បង្ការកូវីដ១៩ មុន​គេ​នៅមុន​ដំណាច់​ឆ្នាំ​២០២០ផង។ នេះ​បើ​តាម​សំណេរ​របស់​កាសែតGuardian 

ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​រលក​រាតត្បាត​​កូវីដ​១៩​ខ្លាំង​ជា​លើក​ទីពីរ សេចក្តី​ប្រកាស​​របស់​​ក្រុមហ៊ុន​អាមេរិក​និង​អាល្លឺម៉ង់ស្តី​ពី​ប្រសិទ្ធភាព​ថ្នាំ​បង្ការ​ បាន​ជំរុញ​ឱ្យ​​ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប​ទាំង​មូល​ថ្លៃ​​ខ្ពស់​ជា​លើក​មួយ​ គិត​ចាប់​តាំង​ពី ៦ខែ​មក។ ​លោកប្រធានាធិបតី​អាមេរិក ​ដូណាល់​ត្រាំ ដែល​ស្ងាត់​សំដី​តាំង​ពី​ឃើញ​លទ្ធផល​បោះឆ្នោត​មក​ បាន​សម្តែង​ការអបអរ​សាទរ​ ថា​ ជា​ដំណឹង​ល្អ​បំផុត។ ចំណែក​លោក​ចូបៃដិន ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​វិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​លើក​សរសើរ​ស្នាដៃ​នេះ​ជាសញ្ញា​នៃ​ក្តី​សង្ឃឹម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ