អានតួអត្ថបទ
អង់គ្លេស-វ៉ាក់សាំងកូវីដ១៩

វ៉ាក់សាំងកូវីដ១៩៖ ​អាជ្ញាធរ​ឱសថ​អង់គ្លេស ប្រើ​នីតិវិធី​បន្ទាន់ ដើម្បី​ពន្លឿន​ការអនុញ្ញាត

អាជ្ញាធរគ្រប់គ្រងឱសថ​អង់គ្លេស បាន​ចាប់ផ្តើម​ប្រើនីតិវិធីបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ និងលទ្ធផល​នៃការសាកល្បង​​ថ្នាំវ៉ាក់សាំង​​ប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ AstraZeneca​​។ ការសម្រេចធ្វើបែបនេះ គឺដើម្បី​ពន្លឿនពេលវេលា ​ឈាន​ទៅ​អនុញ្ញាតភ្លាមៗ​ ឲ្យ​ចាប់ផ្តើម​ផលិ​តវ៉ាក់សាំង ក្នុងករណីដែល​មានលទ្ធផល​​​គាប់​ប្រសើរ។ សូមបញ្ជាក់ថា គិតមកទល់ពេល​នេះ គម្រោងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែល​ផលិតដោយ​​ពិសោធន៍​​AstraZeneca សហការ​ជាមួយ​សកលវិទ្យាល័យ​ Oxford កំពុងស្ថិតក្នុងដំណាក់កាល​សាកល្បង​ចុងក្រោយ ហើយ​ដែល​កំពុងផ្តល់​ក្តីសង្ឃឹម​ខ្លាំងជាងគេ​ ក្នុងចំណោមវ៉ាក់សាំងផ្សេងទៀត។

រូបភាពគម្រូ នៃថ្នាំវ៉ាក់សាំងប្រឆាំង​កូវីដ១៩ ស្រាវជ្រាវដោយ​មន្ទិរពិសោធន៍ AstraZeneca និងសកលវិទ្យាល័យ​ Oxford
រូបភាពគម្រូ នៃថ្នាំវ៉ាក់សាំងប្រឆាំង​កូវីដ១៩ ស្រាវជ្រាវដោយ​មន្ទិរពិសោធន៍ AstraZeneca និងសកលវិទ្យាល័យ​ Oxford REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរត្រួតពិនិត្យឱសថអង់គ្លេស បានចាប់ផ្តើមប្រើនីតិវិធីបន្ទាន់ ដើម្បីឈានទៅ​សម្រេច​ អនុញ្ញាតការផលិត​ថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យ​បានឆាប់បំផុត។ នេះបើផ្អែកតាមការអះអាង របស់អ្នកនាំពាក្យ​នៃមន្ទីរពិសោធន៍​AstraZeneca ដែល​ជា​សហគ្រាសផលិត​ឱសថដ៏ធំរបស់​អង់គ្លេស។ នីតិវិធីនេះ នឹងអនុញ្ញាតិឲ្យ​ អាជ្ញាធរឱសថ អាចតាមដាន​ទិន្ន័យ និងលទ្ធផល​សាកល្បង​វ៉ាក់​សាំង​ ស្របពេល​ជាមួយ​គ្នា នឹង​ក្រុម​អ្នកជំនាញ​របស់​មន្ទីរពិសោធន៍ផ្ទាល់តែម្តង។

គួររំលឹកថា បច្ចុប្បន្ននេះ វ៉ាក់សាំង ដែល​ស្រាវជ្រាវដោយ​មន្ទីរពិសោធន៍ AstraZeneca សហការជាមួយ​សកលវិទ្យាល័យ Oxford កំពុងស្ថិតក្នុងដំណាក់កាលសាកល្បងទី៣ ដែលជាដំណាក់ចុងក្រោយ មុននឹងធ្វើការសន្និដ្ឋានបញ្ចប់ ស្តីពីប្រសិទ្ធិភាព។​ ដំណាក់កាលសាកល្បងទី៣នេះ​​ ធ្លាប់ត្រូវបាន​ផ្អាកមួយរយៈ កាលពី​ប្រមាណ​៦សប្តាហ៍កន្លងទៅ បន្ទាប់​ពីគេបានសង្កេតឃើញ​អ្នកដែលទទួលវ៉ាក់សាងសាកល្បង​នេះ​ម្នាក់ មានចេញជាអាការៈរោគជំងឺចម្លែកម្យ៉ាង។

កាលពីថ្ងៃទី​២៦តុលា មន្ទីរពិសោធន៍នេះអះអាងថា លទ្ធផល​សាកល្បងនៅដំណាក់កាលទី​២ បាន​បង្ហាញថា វ៉ាក់សាំងបានបង្កើតជាប្រព័ន្ធអង្គបដិធាតុ ការពារ​ខ្លួន មានកម្លាំងប្រហាក់ប្រហែលគ្នា រវាងមនុស្សវ័យក្មេង និងមនុស្សវ័យចំណាស់។ ដែល​នេះគឺជាដំណឹងល្អ គួរជាទីសង្ឃឹម។ 

នៅថ្ងៃដដែលនោះដែរ លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស បានអះអាងថា រដ្ឋាភិបាល​នឹង​ពន្លឿនការអនុញ្ញាត ការផលិតថ្នាំវ៉ាក់សាំង នៅពេលណា​មានទិន្នន័យវិទ្យាសាស្ត្រ​គ្រប់គ្រាន់​ អាចទុកចិត្តបាន។ លោកអះអាងថា នៅរវាងចុងឆ្នាំនេះ ក្រុមមនុស្សមួយចំនួន​អាចនឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ មុនគេបង្អស់។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំនៅទូទាំងប្រទេស នឹងធ្វើទៅ​នៅរវាងពាក់កណ្តាលឆ្នាំ​២០២១។

គួរកត់សំគាល់ថា អង់គ្លេស ក៏ដូចជាប្រទេសសឹងតែទាំងអស់នៅអឺរ៉ុប កំពុងឆ្លងកាត់​ស្ថានភាព​ឆ្លងរាលដាល​កូវីដ​១៩ យ៉ាងខ្លាំងបំផុត។​​​​ រដ្ឋាភិបាល​ខ្លះ បានសម្រេចបិទខ្ទប់ប្រទេសទាំងស្រុង និងខ្លះ​បាន​ចាត់វិធានតឹងតែងបំផុត​ ដើម្បីបង្អាក់​ការឆ្លងរាលដាល។​ តែវិធានការទាំងនោះ បានធ្វើបាបសេដ្ឋកិច្ច​ ឲ្យធ្លាក់ទៅក្នុងវិបត្តិកាន់តែជ្រៅ។ ក្តីសង្ឃឹមតែមួយគត់ គឺការស្រាវជ្រាវផលិត​ថ្នាំវ៉ាក់សាំង ឲ្យ​បានឆាប់ជាទីបំផុត។

បច្ចុប្បន្ននេះ ក្រៅពី​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZeneca គឺមាន​វ៉ាក់សាំងជាច្រើន ផ្សេងទៀត ​ដែលកំពុងស្ថិត​ក្នុងដំណាក់កាលសាកល្បងទី៣ដែរ​ ក្នុងនោះមានដូចជាវ៉ាក់សាំងរបស់មន្ទីរពិសោធន៍អាមេរិក Moderna និង Pfizer មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech មន្ទីរពិសោធន៍ចិន និងរុស្ស៊ីផងដែរ។ តែយ៉ាងណា វ៉ាក់សាំង​​របស់​មន្្ទីរពិសោធន៍អង់គ្លេស AstraZeneca ត្រូវបានគេផ្តល់ក្តីសង្ឃឹម​ច្រើន​ជាងគេ។ បើទោះបីជាមិនទាន់សាកល្បងចប់ ហើយ​មិនទាន់​អាចផលិត​បានក្តី តែមន្ទីរពិសោធន៍ AstraZeneca បានទទួលការបញ្ជាទិញ រាប់រយលានដូស ពីប្រទេសជាច្រើនរួចទៅហើយ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ