អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វេសប៊ុក និង​យូធូប​រងការចោទប្រកាន់​ថា បិទខ្ទប់​ខ្លឹមសារ​បញ្ចេញ​មតិ​ដែលរិះគន់​រដ្ឋវៀតណាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​បរិហារ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ក្រុមហ៊ុន​Google ថា បាន​ក្លាយ​ជា​តំបន់​គ្មាន​សិទ្ធិមនុស្ស នៅប្រទេស​វៀតណាម។ នៅក្នុង​របាយការណ៍ កម្រាស ៧៨​ទំព័រ ដែល​ចុះផ្សាយ​នៅថ្ងៃ​អង្គារទី ១ ធ្នូ អង្គការ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ហ្វេសប៊ុក និង​Google ថា បាន​ចូលដៃ ចូលជើង​ជាមួយ​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម ក្នុង​ការបិទខ្ទប់ សេរីភាព​បញ្ចេញមតិ​របស់​ក្រុមអ្នកប្រឆាំង វៀតណាម។ 

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី ១៩ វិច្ឆិកា ២០២០
អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​នៅទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃទី ១៩ វិច្ឆិកា ២០២០ REUTERS - KHAM
ផ្សាយពាណិជ្ជកម្ម

ធ្លាប់​ជា​ក្តីសង្ឃឹម​ក្នុង​ជំរុញ សេរីភាព បញ្ចេញ​មតិ​នៅ ប្រទេស​កុម្មុយនិស្ត​វៀតណាម ហ្វេសប៊ុក និង​Google ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស ចោទប្រកាន់​នៅ​ថ្ងៃ​អង្គារ​នេះថា បាន​ក្លាយ​ជា​តំបន់​គ្មានសិទ្ធិ​មនុស្ស។

នៅក្នុង​របាយការណ៍ ដែល​បាន​មក​ពីការជួបសម្ភាសន៍​ជាមួយ សកម្មជន​សិទ្ធិមនុស្ស​វៀតណាម ជាង ១០នាក់ ដែលមាន​តាំង​ពី​អ្នកកាសែត មេធាវី អតីត​អ្នកទោស​នយោបាយ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​ចោទប្រកាន់ក្រុមហ៊ុន ហ្វេសប៊ុក និង​Google ថា បាន​យល់ព្រម ឱនក្បាល ធ្វើតាម​ការចង់បាន​របស់​រដ្ឋអំណាច​ផ្តាច់ការ វៀតណាម។

តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សន្យា ប្រែក្លាយ​បណ្តាញ សង្គម​ជា​កន្លែង​កន្លែងបញ្ចេញមតិ​ដោយ​សេរី។ ប៉ុន្តែ នៅ ប្រទេស​វៀតណាម ជាទី​ដែល​អាជ្ញាធរ​រឹតបន្តឹង​លើ​សំឡេង​អ្នកប្រឆាំង​​ហើយនោះ ក្រុមហ៊ុន​ហ្វេសប៊ុក និង​Google មិនបានតស៊ូ នឹង​ការដាក់​សម្ពាធ​របស់​រដ្ឋអំណាច​ប៉ុន្តែ ផ្ទុយទៅវិញ បែរ​ជាបាន​ចូលរួម​ជាមួយ អាជ្ញាធរ​វៀតណាម​ទៅវិញ។

សកម្មជន​វៀតណាម ជាច្រើននាក់​បាន​និយាយ​ប្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ថា អត្ថបទ ពាក្យ Comment របស់ពួកគេ ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក និងយូធូប ដែល​ជា​កម្មសិទ្ធិ​របស់​Google ​បិទខ្ទប់​មិន​ឲ្យ​ចុះ​ផ្សាយ មើលឃើញ នៅ​វៀតណាម។ ឧទាហរណ៍ អ្នកកាសែត វៀតណាម​ម្នាក់ បាន​បង្ហោះ​អត្ថបទ​របស់ខ្លួន ស្តីពី​រឿងអាស្រូវ​ពុករលួយ នៅវៀតណាម ប៉ុន្តែ ក្រោយមក គេ​បានទទួលសារ បញ្ជាក់​ពី​ហ្វេសប៊ុក​ថា អត្ថបទរបស់គាត់ ត្រូវ បិទខ្ទប់ មិនអាច​អាន បាន នៅប្រទេស​វៀតណាម ដោយសារ​តែ​ច្បាប់រឹតបន្តឹង​ក្នុង​ស្រុក។ ក្រុមហ៊ុន​ចង់​និយាយ​យោង​ដល់​មាត្រា​ទី ១១៧ នៃ​ច្បាប់ ដែល​បាន​ហាមមិន​ឲ្យ​ប្រជាជន​វៀតណាម បង្កើតរឿង ផ្សព្វផ្សាយ​ឃោសនា ប្រឆាំង​រដ្ឋាភិបាល។

នៅ​ក្នុង​ការចុះផ្សាយ​របស់​កាសែត​រដ្ឋវៀតណាម កាលពី​ខែ​មុន រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​វៀតណាម បាន​បង្ហាញថា ក្រុមហ៊ុន​បច្ចេកវិទ្យា បានអនុវត្ត តាម​ការទាមទារ​របស់​រដ្ឋាភិបាល ដែល​ចង់ ឲ្យ​ដកចោល ខ្លឹមសារ ព័ត៌មាន​អាក្រក់ ការឃោសនា​ប្រឆាំង​គណបក្ស និង​រដ្ឋអំណាច​វៀតណាម។ ហ្វេសប៊ុក បានអនុវត្ត​ធ្វើតាម​ដល់ទៅ​៩៥% ចំណែក យូធូប​របស់​Google គោរព​បាន​ប្រមាណ ៩០%។

តាម​របាយការណ៍​តម្លាភាព​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២០ ក្រុមហ៊ុន​បានបិទខ្ទប់​ខ្លឹមសារ​ចុះផ្សាយ ប្រមាណ ៨៣៤។ ក្រុមហ៊ុន​Google វិញ ធ្លាប់​​អះអាងថា នៅ​៦ខែ​ចុងឆ្នាំ មុន ក្រុមហ៊ុន​បាន​ទទួល​ពាក្យ​ទាមទារ ចំនួន ៧៤ ពី​រដ្ឋាភិបាល ដើម្បី លុបចោល ខ្លឹមសារ​ដែល​រិះគន់ រដ្ឋាភិបាល​វៀតណាម ដែលនៅក្នុង​នោះ​មានផងដែរ​វីដេអូ​យូធូប​ជាង ៣ពាន់​ដែល​រិះគន់​បក្សកុម្មុយនិស្ត និង​រដ្ឋាភិបាល វៀតណាម។ សម្រាប់​Google ការទាមទារ​របស់​រដ្ឋាភិបាល​វៀតណាម បាន​កើនឡើង​ជិតពាក់កណ្តាល បើប្រៀបធៀប​នឹង​រយៈពេល ៦ខែ​ដើមឆ្នាំ ២០១៩។

ហ្វេសប៊ុក​រកបានប្រាក់ចំណូល​១ពាន់​លានដុល្លារ ពី សេវា​របស់ខ្លួន​នៅ វៀតណាម

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាននិយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានបារាំងAFP នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន​បាន​ប្រឹងប្រែង​ធ្វើ​អស់​សមត្ថភាព ដើម្បី​ការពារ​សេរីភាព​បញ្ចេញមតិ​នៅ ក្នុង​ពិភពលោក។ ប៉ុន្តែ នៅក្នុង​ករណី​វៀតណាម ក្រុមហ៊ុន​បាន​ទទួល​ការដាក់​សម្ពាធ​កាន់តែខ្លាំង​ពីរដ្ឋាភិបាល​វៀតណាម នៅ ប៉ុន្មាន​ខែមកនេះ។

ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស បាន​ចុះផ្សាយនៅខែ​មុនថា អាជ្ញាធរ​វៀតណាម ធ្លាប់​បាន​គំរាម​បិទហ្វេសប៊ុក មិន​ឲ្យ​មាន​នៅ​វៀតណាម បើសិន​ក្រុមហ៊ុន មិន​ព្រម គោរព​ច្បាប់ក្នុង​ស្រុក ដោយ​រឹតបន្តឹង បិទខ្ទប់​សារ​នយោបាយ ដែល​រិះគន់​រដ្ឋាភិបាល​វៀតណាម នៅលើ​បណ្តាញសង្គម។

នៅ ខែ​មេសា កន្លងទៅ ហ្វេសប៊ុក​បាន​ប្រកាស​យល់ព្រម ធ្វើតាម​ការទាមទារ​របស់​រដ្ឋាភិបាល​វៀតណាម ដោយបង្កើន ការទប់ស្កាត់ លុបចោល​ព័ត៌មាន​អាក្រក់ ដែល​មានគោលដៅ ឃោសនា ប្រឆាំង គណបក្ស និង​រដ្ឋ​វៀតណាម។ ជារួម ហ្វេសប៊ុក​បាន​ទទួលស្គាល់​ថា ខ្លួន​បាន​បិទខ្ទប់ មិន​ចុះផ្សាយ ខ្លឹមសារ​ជាច្រើន ដែល​អាជ្ញាធរ​វៀតណាម​ចាត់ទុក ថា ខុសច្បាប់។

ហ្វេសប៊ុក Google ដែល​ជាម្ចាស់​របស់​យូធូប​បានយល់ព្រម ធ្វើតាម​អាជ្ញាធរ​វៀតណាម ដោយ​បំភ្លេចចោល ​សេរីភាព​បញ្ចេញមតិ ដើម្បី ជាថ្នូរ​នឹង​ប្រយោជន៍សេដ្ឋកិច្ច​ដែល​បាន​មក​អ្នកប្រើប្រាស់​វៀតណាម។ នៅ​ ​វៀតណាម ជាទី​ដែល​អ្នកប្រើប្រាស់​ហ្វេសប៊ុក មាន​ចំនួន ៥៣លាននាក់ គឺ​ច្រើនជាង​ពាក់កណ្តាល​ចំនួន​ប្រជាជន​សរុប ហ្វេសប៊ុក​រកប្រាក់ចំណូល បាន ១ពាន់លាន​ដុល្លារ នៅ ឆ្នាំ ២០១៨ ពោល​គឺ​ស្មើ​នឹង ១ភាគ​៣​នៃ​ប្រាក់ចំណូល​សរុប​ដែល​ហ្វេសប៊ុក​រកបាន​ពី​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុង​រយៈពេល​ដូចគ្នា Google វិញ រកប្រាក់ចំណេញ​បាន​៤៧៥លាន​ដុល្លារ។ ដោយសារ​តែ​ទីផ្សារ​វៀតណាម​ជា​កន្លែង​ដែល​ក្រុមហ៊ុន​រកលុយបាន​ច្រើន​ពីសេវា​ផ្សាយពាណិជ្ជកម្ម ដូច្នេះ ហ្វេសប៊ុក ក៏ដូចជា Google មិន​ងាយ​នឹង ព្រលែងចោល ផលចំណេញរបស់ខ្លួន ដើម្បី​បុព្វហេតុ​ការពារ ជំរុញ សិទ្ធិសេរីភាព​បញ្ចេញមតិ​អ្វី​នោះទេ។

Amnesty International អ្នកទោស​មនសិការ​វៀតណាម កើនឡើង​ដល់​កម្រិតមួយ​ខ្ពស់

សម្រាប់​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បើទោះជា​ប្រកាសធ្វើ​កំណែទម្រង់ សេដ្ឋកិច្ច និង​បើកចំហរ សម្រាប់​ការសន្ទនា​ក្នុង​សង្គម ប៉ុន្តែ ​បក្សកុម្មុយនិស្ត​វៀតណាម នៅតែ​ក្តោបក្តាប់​ជាប់ ប្រព័ន្ធផ្សព្វផ្សាយ បិទសិទ្ធសេរីភាព មិន​ឲ្យ​មាន​ក្រុមប្រឆាំង និង​បង្រ្កាប សកម្មជន អ្នកប្រឆាំង។ គេ​វាយតម្លៃថា អាជ្ញាធរ​វៀតណាម​បាន​បង្កើន​ការបង្រ្កាប លើ​អ្នកប្រឆាំង រិះគន់ នៅ​មុន​ពេលដែល​បក្ស​កុម្មុយនិស្ត​ត្រូវ​ជួប​ប្រជុំ​ធ្វើ​មហាសន្និបាត នៅ​ឆ្នាំក្រោយ។តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​បានចាប់សិក្សា​បញ្ហាសិទ្ធិមនុស្ស​នៅ វៀតណាម នៅ ឆ្នាំ ១៩៩៦ ចំនួន អ្នកទោស​នយោបាយ ឬ​អ្នកទោស​មនសិការ​នៅ វៀតណាម​បាន​កើនឡើង​ដល់កម្រិតមួយខ្ពស់។ ​របាយការណ៍​របស់​អង្គការ Amnesty International ​បាន​បង្ហាញ អ្នកទោស​មនសិកា​ចំនួន ១៧០នាក់ ដែលនៅក្នុង​នោះ ៧០នាក់​កំពុង ជាប់ទោស​ក្នុង​ពន្ធនាគារ ដោយសារ​តែ​សារចុះផ្សាយ​របស់ពួកគេ​នៅលើ​ហ្វេសប៊ុក និង យូធូប​របស់​Google។

សកម្មជន​ដើម្បី សិទ្ធិមនុស្ស​នៅ វៀតណាម​បាន​និយាយ​ថា ពួកគេ រងការវាយប្រហារ យាយី ទាំង​នៅក្នុង​ជីវិត​ពិត និង នៅ ក្នុង​បណ្តាញ​សង្គម។ នៅក្នុង​ជីវិត​ពិត ពួកគេ​ត្រូវ ប៉ូលិស ឬ​ជនមិនស្គាល់​មុខ វាយធ្វើបាប។ ចំណែក​នៅក្នុង​បណ្តាញ​សង្គមវិញ ពួកគេ ត្រូវ ដៃជើង របស់​រដ្ឋាភិបាល ចាំ​តែសរសេរ ជេរ វាយប្រហារ បណ្តុះបង្អាប់។ សកម្មជន​នៅ វៀតណាម ចង់​សំដៅ ដល់​មនុស្ស ប្រមាណ ១ម៉ឺននាក់ ដែល​កងទ័ព​វៀតណាម​បាន​រើសបញ្ចូល​សម្រាប់​អង្គភាព កងទ័ព​លេខ ៤៧ ដែលមាន​នាទី តាម​ដាន​ការសរសេរ​បង្ហោះផ្សាយ​ទាំងឡាយណា​ដែល​រិះគន់រដ្ឋាភិបាល បក្ស​កុម្មុយនិស្ត​វៀតណាម។

បើតាម អង្គការ​ការពារ​សិទ្ធិមនុស្ស រដ្ឋាភិបាល​វៀតណាម​បាន​បើក​ការបង្រ្កាប​មានកាន់តែ​ខ្លាំង នៅលើ​បណ្តាញ​សង្គម គឺ​ចាប់តាំង​ពី​ផ្ទុះ​កើតមាន ជម្លោះ​ដីធ្លី នៅ Dong Tam ជាទី​ដែលប្រជាជន​ងើបតវ៉ាប្រឆាំង កងទ័ព​វៀតណាម​ដែល​បាន​សម្រេចសាងសង់​ព្រលានយន្តហោះយោធា​នៅលើ​ដីប្រជាជន។

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ