អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖លោកដូណាល់ ត្រាំប្រកាសពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តរវាងអ៊ីស្រាអែល និងម៉ារ៉ុក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ពី​កិច្ចព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​ប្រទេស​អ៊ីស្រាអែល និង​ប្រទេស​ម៉ារ៉ុក។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ក៏​បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​តំបន់​សាហារ៉ាខាងលិច​ជា​ដែនដី​ស្របច្បាប់​របស់​ប្រទេស​ម៉ារ៉ុក។ តែ​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​សាហារ៉ាខាងលិច​បាន​បរិហារ និង​ផ្តន្ទាទោស​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ។ សូម​ជម្រាប​ថា ម៉ារ៉ុក​ជា​ប្រទេស​អារ៉ាប់ទី៤ ដែល​បាន​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជា​មួយ​អ៊ីស្រាអែល បន្ទាប់​ពី​បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និង​ប្រទេស​ស៊ូដង់។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក​នេតាន់​យ៉ាហ៊ូ (រូបឆ្វេង) និង​ព្រះមហាក្សត្រ​ម៉ារ៉ុក Mohammed V។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក​នេតាន់​យ៉ាហ៊ូ (រូបឆ្វេង) និង​ព្រះមហាក្សត្រ​ម៉ារ៉ុក Mohammed V។ AFP - DEBBIE HILL,LAUDES MARTIAL MBON
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា ការ​ដែល​ប្រទេស​ម៉ារ៉ុក និង​ប្រទេស​អ៊ីស្រាអែល​ព្រមព្រៀង​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​ឡើង​វិញ​ពេល​នេះ​ជា​ជោគជ័យ​នយោបាយ​ការទូត​ថ្មី​មួយ​ទៀត​របស់​រដ្ឋបាល​លោក​ដូណាល់ណ ត្រាំ មុន​នឹង​លោក​ប្រគល់​តំណែង​ទៅ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​លោក​ចូ បៃដិន​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។ « ការ​ចម្រើន​មួយ​ទៀត​ជា​ប្រវត្តិសាស្រ្ត​ថ្ងៃ​នេះ។ មហាមិត្ត​របស់​យើង អ៊ីស្រាអែល និង​ម៉ារ៉ុក​បាន​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ការ​ទូត​ទាំង​ស្រុង​ឡើង​វិញ​រវាង​គ្នា។ ជា​ការ​បោះ​មួយ​ជំហាន​យ៉ាង​វែង​សម្រាប់​សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា » នេះ​ជា​ឃ្លា​ដែល​លោក​ដូណាល់ ត្រាំ​បាន​សរសេរ​នៅ​ក្នុង​ទំព័របណ្តាញសង្គម Twitter របស់​លោក។

គួរ​បញ្ជាក់​ថា ម៉ារ៉ុក​ជា​ប្រទេស​អារ៉ាប់ទី៤ បន្ទាប់​ពី​បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និង​ស៊ូដង់​ដែល​បាន​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជាមួយ​អ៊ីស្រាអែល​ក្រោម​គំនិត​ផ្តួចផ្តើម និង​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ។ តែ​មាន​ការ​កត់សម្គាល់​មួយ​ជាមួយ​ប្រទេស​ម៉ារ៉ុក គឺ​លោក​ត្រាំ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​តំបន់​សាហារ៉ាខាងលិច​ជា​ដែនដី​ស្របច្បាប់​របស់​ប្រទេស​ម៉ារ៉ុក។ គេ​អាច​និយាយ​បាន​ថា កុំ​តែ​បាន​លោក​ត្រាំ​ទទួល​ស្គាល់​តំបន់​សាហារ៉ាខាងលិច​ជា​អធិបតេយ្យ​របស់​ម៉ារ៉ុក ម្ល៉េះ​ម៉ារ៉ុក​ក៏​មិន​ប្រញិបប្រញាប់​យល់ព្រម​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​ជា​មួយ​អ៊ីស្រាអែល​ដែរ។ គួរ​រម្លឹក​ថា តំបន់​សាហារ៉ាខាងលិច​ជា​តំបន់​មួយ​ដែល​កំពុង​បន្ត​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​រវាង​ប្រទេស​ម៉ារ៉ុក និង​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម។

ម៉ារ៉ុក និង​រណសិរ្ស​សាហារ៉ាខាងលិច​ដណ្តើម​តំបន់​សាហារ៉ាខាងលិច​តាំង​ពី​ឆ្នាំ ១៩៧៦

តំបន់​សាហារ៉ាខាងលិច​ដែល​មាន​ផ្ទៃក្រឡាដី​ទំហំ ២៦៦ ០០០គីឡូម៉ែត្រការ៉េ​ជា​អតីត​ដែនដី​អាណានិគម​របស់​ប្រទេស​អេស្ប៉ាញ។ តែ​ក្រោយ​ការ​ដក​ចេញ​របស់​អេស្ប៉ាញ​ក្នុង​ឆ្នាំ ១៩៧៦ តំបន់​សាហារ៉ាខាងលិច​បាន​ក្លាយ​ជា​ចំណី​ដណ្តើម​គ្នា​រវាង​ប្រទេស​ម៉ារ៉ុក និង​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ដឹកនាំ​ដោយ​រណសិរ្ស​ប៉ូលីសារីយ៉ូ​ដែល​គាំទ្រ​ដោយ​ប្រទេស​អាល់ហ្សេរី។ បន្ទាប់​ពី​បាន​ធ្វើ​សង្រ្គាម​តទល់​គ្នា​អស់​រយៈ​ពេល ១៦ឆ្នាំ និង​ដោយ​មាន​ការ​ចូលរួម​ជួយ​អន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​ក្នុង​ឆ្នាំ ១៩៩១។ តាម​រយៈ​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​នេះ តំបន់​សាហារ៉ាខាងលិច​ចំនួន ៨០% ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ម៉ារ៉ុក និង ២០% ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រណសិរ្ស​ប៉ូលីសារីយ៉ូ។

រដ្ឋាភិបាល​ម៉ារ៉ុក​បដិសេធ​យ៉ាង​ដាច់​អហង្ការ​មិន​ផ្តល់​ឯករាជ្យភាព​ឲ្យ​តំបន់​សាហារ៉ាខាងលិច​ដែល​ស្ថិត​ក្នុង​ដៃ​រណសិរ្ស​ប៉ូលីសារីយ៉ូ។ តែ​បាន​យល់ព្រម​ផ្តល់​ឲ្យ​ត្រឹម​ស្វ័យភាព។ តែ​រណសិរ្ស​ប៉ូសារីយ៉ូ​មិន​ព្រម និង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​មួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ជា​អ្នក​សម្រេច​ជោគវាសនាអនាគត​ដោយ​ខ្លួន​ឯង។ មួយ​វិញ​ទៀត ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​នេះ​ក៏​បាន​សន្យា​ដោយ​អង្គការ​សហប្រជាជាតិ​ដែរ។ តែ​រដ្ឋាភិបាល​ម៉ារ៉ុក​តែង​ចេញ​មុខ​ប្រឆាំង​ជានិច្ច និង​បាន​ជ្រើស​ផ្លូវ​តវ៉ា​ដោយ​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​បស្ចិមលោក។ តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៩ កិច្ចចរចា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ជាប់​គាំង ហើយ​ក្នុង​ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០២០ ភាគី​ជម្លោះ​ទាំង​ពីរ​បាន​ប្រកាស​ពី​ការ​លែង​គោរព​កិច្ចព្រមព្រៀង​ឈប់បាញ់​ចុះ​ហត្ថលេខា​ឆ្នាំ ១៩៩១។

លោក​អង់តូនីញ៉ូ ហ៊្គូទែរ​ថា ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​មិន​ប្តូរ​ជំហរ​របស់​អ.ស.ប.

ការ​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​អ៊ីស្រាអែល និង​ម៉ារ៉ុក រួម​ទាំង​ការ​​សម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​ទទួល​ស្គាល់​តំបន់​សាហារ៉ាខាងលិច​ជា​ដែនដី​របស់​ម៉ារ៉ុក​បាន​ធ្វើ​ឲ្យ​មាន​អ្នក​សប្បាយចិត្ត និង​អ្នក​មិន​សប្បាយចិត្ត។ ភាគី​ដែល​សប្បាយចិត្ត​ខ្លាំង គឺ​អ៊ីស្រាអែល និង​ម៉ារ៉ុក។ បន្ទាប់​មក គឺ​សហរដ្ឋអាមេរិក​ខ្លួន​ឯង​ដែល​ចំណេញ​បាន​សេដ្ឋកិច្ច និង​យុទ្ធសាស្រ្ត។ ចំណេញ​យុទ្ធសាស្រ្ត ព្រោះ​លោក​ត្រាំ​បាន​បញ្ចូល​ម៉ារ៉ុក​ទៅ​ក្នុង​ក្រុម​ប្រទេស​ដូច​ជា​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់។ ចំណេញ​សេដ្ឋកិច្ច ព្រោះ​លោក​ត្រាំ​បាន​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​យោធា​រវាង​អាមេរិក និង​ម៉ារ៉ុក។ សូម​ជម្រាប​ថា គ្រឿង​សព្វាវុធ​ចំនួន ៩១% ដែល​ម៉ារ៉ុក​ទិញ​ពី​បរទេស មាន​ភាគ​ច្រើន​ទិញ​ពី​សហរដ្ឋអាមេរិក។

ចំណែក​អ្នក​ខក​ចិត្ត​ខ្លាំង គឺ​គ្មាន​នរណា​ក្រៅ​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដីនិយម​ក្នុង​តំបន់​សាហារ៉ាខាងលិច។ រណសិរ្ស​ប៉ូលីសារីយ៉ូ​បាន​បរិហារ​លើ​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ និង​បញ្ជាក់​ជា​ថ្មី​ថា ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​នឹង​គ្មាន​ការ​ផ្លាស់ប្តូរ​លើ​ការ​ប្តេជ្ញាចិត្ត​របស់​ពលរដ្ឋ​សាហារ៉ាខាងលិច​ដែល​ចង់​បាន​ឯករាជ្យ។ អ្នក​ខកចិត្ត​ខ្លាំង​មួយ​ទៀត គឺ​ប៉ាឡេស្ទីន​ដែល​បាន​ចាត់​ទុក​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ម៉ារ៉ុក និង​អ៊ីស្រាអែល​ថា​មិន​បាន​បម្រើ​ឲ្យ​បុព្វហេតុ​ប៉ាឡេស្ទីន​ទេ។ គួរ​រម្លឹក​ថា ម៉ារ៉ុក​តែង​មាន​ជំហរ​គាំទ្រ​បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន ពិសេស​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​មួយ​រស់ក្បែរ​រដ្ឋ​អ៊ីស្រាអែល។ ចំណែក​ប្រមុខ​អង្គការសហប្រជាជាតិ​លោក​អង់តូនីញ៉ូ ហ៊្គូទែរ​បាន​ថ្លែង​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំ​មិន​បាន​ផ្លាស់ប្តូរ​ជំហរ​របស់​អង្គការ​សហប្រជាជាតិ​ទេ។ តាម​លោក​ហ្គូទែរ ដំណោះស្រាយ​ចំពោះ​តំបន់​សាហារ៉ាខាងលិច​អាច​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ