អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិកដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​តួកគី ដែលនៅតែផ្គើនទិញ​ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី នៅស្ងៀម អស់ជាច្រើនខែ រដ្ឋបាល​អាមេរិករបស់​លោកដូណាល់ ត្រាំ​បាន​សម្រេច​ដាក់ទណ្ឌកម្ម​តួកគី កាលពី ថ្ងៃ​ចន្ទ​ ម្សិលមិញ ក្នុងរឿង​ដែល​តួកគី នៅតែ ចចេស ទិញ និង​ប្រើប្រាស់​ប្រព័ន្ធខែល​មីស៊ីល​រុស្ស៊ី S-400។ តាម​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស​អាមេរិក កាលពី ថ្ងៃ​ចន្ទទី ១៤​ធ្នូ អាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្មលើ​ ទីភ្នាក់ងារ រដ្ឋាភិបាល​តួកគី ដែល​ទទួលបន្ទុក​ទិញ លក់អាវុធ ហើយ​និង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​លើ​ប្រធាន​របស់​ស្ថាប័នរដ្ឋាភិបាល​តួកគី​មួយនេះ។ ទាំង​អង់ការ៉ា និង​ម៉ូស្គូ បាន​បរិហារ​ថ្កោលទោស ការសម្រេច​ឯកតោភាគី​របស់វ៉ាស៊ីនតោន ដែល​បើតាម​អង់ការ៉ា គឺ​ខ្វះការគោរព ដល់​តួកគី ដែលជា​សម្ព័ន្ធមិត្ត ដ៏សំខាន់ នៅក្នុង​អង្គការ​អូតង់។

ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី  S-400 នៅ​ក្នុង​ព្យុហយាត្រា​កងទ័ព​នៅទីក្រុង​ម៉ូស្គូ ខែ​ឧសភា ឆ្នាំ ២០១៧
ប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី S-400 នៅ​ក្នុង​ព្យុហយាត្រា​កងទ័ព​នៅទីក្រុង​ម៉ូស្គូ ខែ​ឧសភា ឆ្នាំ ២០១៧ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​សម្រេច​កាលពីថ្ងៃ​ចន្ទម្សិលមិញ ដាក់ទណ្ឌកម្ម​លើ​តួកគី ក្នុង​រឿង ​ទិញ​បំពាក់​ប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី។  ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​តួកគី សបញ្ជាក់​ឲ្យ​ឃើញ ថា អាមេរិក អស់ ភាពអត់ធ្មត់​ នៅចំពោះ​មុខ​តួកគី ដែល​នៅតែ​ចចេស ទិញ ប្រព័ន្ធ​ខែល​មីស៊ីល​របស់​រុស្ស៊ី ដែលមាន​តម្លៃ ជាង ២,៥ ពាន់លាន​ដុល្លារ ។ អាមេរិក​ធ្លាប់​បាន​ព្រមាន​តាំង​ពីដំបូងទីម្ល៉េះ ថា កុំ​ឲ្យ​តួកគី ទិញប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី ព្រោះ​វា មិន សមស្រប​នឹង​គោលនយោបាយ ប្រព័ន្ធ​ការពារ​របស់​អូតង់ ដែល​មាន​តួកគី​ជា​សមាជិក​នោះទេ។

ក្នុងឋានៈតួកគី ជា​សមាជិក​អង្គការសម្ព័ន្ធមិត្តអូតង់ អាមេរិក​ប្រឆាំងដាច់ខាត មិន​ចង់​ឲ្យ​តួកគី  ងាកទៅទិញ​ប្រព័ន្ធខែល​មីស៊ីល​ពីរុស្ស៊ី។ អាមេរិក​យល់ថា នៅពេល​តួកគី អនុញ្ញាត​ឲ្យ​មាន​ប្រព័ន្ធ​ខែលមីស៊ីល​របស់រុស្ស៊ី នៅក្នុង​កងទ័ព​តួកគី នោះ រុស្ស៊ី​នឹង​អាច​មាន​ឱកាសខ្ពស់ ក្នុង​ការស្វែង​យល់​ពី​អាថ៌កំបាំង​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​យន្តហោះ​ចម្បាំង​អាមេរិក F-35 ដែល​តួកគី កំពុង​កុម្ម៉ង់ទិញ។ ម្យ៉ាងទៀត ប្រព័ន្ធខែលមីស៊ីលរុស្ស៊ី ក្នុងទឹកដី​តួកគី នឹងអាច​ធ្វើ​​ឲ្យ​រុស្ស៊ី ចូល​លួច យក​ទិន្នន័យ សម្ងាត់ និង​យុទ្ធសាស្ត្រ​កងទ័ព​របស់​អាមេរិក និង​របស់​សម្ព័ន្ធមិត្ត​អូតង់។

កន្លងមក គេធ្លាប់​លឺ​ពាក្យរហិចរហៀង​ថា អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​តួកគី នៅក្រោយ តួកគី បាន​ចុះ​កិច្ចសន្យា និង​ទទួល​បាន​ប្រព័ន្ធ​ខែលមីស៊ីល រុស្ស៊ី នៅ​ខែ​កក្កដា​ឆ្នាំទៅ។ ប៉ុន្តែ រហូតមក លោកដូណាល់ ត្រាំ នៅស្ងៀម មិន​ដែល​និយាយ​ពី​ការដាក់ទណ្ឌកម្ម​លើ​តួកគី អ្វី​នោះទេ។ លោកដូណាល់ ត្រាំ គ្រាន់តែ​បាន​សម្រេច​ផ្អាក លែង​ឲ្យតួកគី ចូលរួម នៅក្នុង​កម្មវិធី​ផលិត​យន្តហោះចម្បាំង​របស់​អាមេរិក​F35​ដ៏​ទំនើបចុងក្រោយ ដែល​តួកគី បាន​កុម្ម៉ង់ទិញ តែប៉ុណ្ណោះ។

ប៉ុន្តែ នៅថ្ងៃ​ចន្ទ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ជា​ផ្លូវការ​លើ​តួកគី គឺ​នៅបន្ទាប់​ពី​សភាអាមេរិក​បាន​បោះឆ្នោត ជាឯកច្ឆន្ទ​លើ​កញ្ចប់​ថវិកា​របស់ក្រសួង​ការពារ​ជាតិ​អាមេរិក ដែលនៅក្នុង​នោះ គេ​បាន​ទុក​ពេល ៣០​ថ្ងៃ ឲ្យ​រដ្ឋាបាល​លោកដូណាល់ ត្រាំ ដាក់​ទណ្ឌកម្ម​លើ​តួកគី ដែលបាន​ទិញ​មីស៊ីលរុស្ស៊ី។

នៅក្នុង​សេចក្តីថ្លែងការណ៍ ប្រមុខការបរទេស​អាមេរិក Mike Pompeo បាននិយាយ​ថា វិធានការ​កាលពី​ថ្ងៃ ចន្ទ​ជា​សញ្ញា​បញ្ជាក់ យ៉ាងច្បាស់​ថា អាមេរិក មិន​អត់ឱន មិនយោគយល់ ឲ្យ​មានទំនាក់ទំនង ​ការដោះដូរ​ទាំងឡាយណា​ដែលផ្តល់ប្រយោជន៍​ដល់ក្រសួងការពារជាតិ​រុស្ស៊ី និង​ក្រុមស៊ើបការណ៍​សម្ងាត់​រុស្ស៊ី​នោះ​ទេ។

ដើម្បី​ដាក់ទណ្ឌកម្ម​លើ​តួកគី ប្រមុខការបរទេស​អាមេរិក​បាន​និយាយ​លើកឡើង​ពីច្បាប់ ដែល​សភា បាន​បោះឆ្នោត កាលពី​ឆ្នាំ​២០១៧ ដែល​និយាយ​ពីយុទ្ធសាស្រ្ត​ប្រឆាំង​គូសត្រូវ តាមរយៈ ការដាក់ទណ្ឌកម្ម។ លើកនេះ អាមេរិក​បាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ទីភ្នាក់ងារ​រដ្ឋាភិបាល​តួកគី ដែល​ទទួល​បន្ទុកទិញ លក់​អាវុធ ហៅកាត់ថា SSB។ ទៅតាម​ទណ្ឌកម្ម​របស់​អាមេរិក ស្ថាប័ន​របស់​រដ្ឋាភិបាល​តួកគី​មួយនេះ នឹងត្រូវ​ហាមឃាត់​មិន​ឲ្យមានសិទ្ធិ​នាំចេញ​សព្វាវុធ​ទៅ​បរទេស ចំណែក ប្រធាន និង​មន្រ្តី​ប៉ុន្មាននាក់ផ្សេងទៀត របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល​តួកគី ក៏ត្រូវជាប់ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​និង​ត្រូវ​ហាមឃាត់ មិន​ឲ្យ​ចូលទឹកដីអាមេរិក​តទៅទៀត។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​ចន្ទ ប្រមុខការបរទេស​អាមេរិក​នៅតែ​អំពាវនាវ​ឲ្យ​តួកគីត្រលប់មក​ចរចា ដើម្បី​ដោះស្រាយបញ្ហា ដោយសារ​តែតួកគី​ទិញប្រព័ន្ធខែលមីស៊ីល​រុស្ស៊ី។

តួកគីនៅតែចចេស ទិញ ប្រព័ន្ធខែលមីស៊ីល របស់រុស្ស៊ី ដែលជាគូប្រកួតប្រជែងរួមរបស់អាមេរិក និងអូតង់

នៅក្រោយ ទិញ ទទួល​បាន​ខែលមីស៊ីល​រុស្ស៊ី លោកប្រធានាធិបតី តួកគី រេសេប តាយីប អ៊ែរដូហ្កាន បាន​ថ្លែង​នៅ មុខ​សភាតួកគី​ថា វា​មិនមែន​ជា​ខុសទាស់​នោះ​ទេ ដែល​ប្រទេសមួយ ត្រូវ​រក​មធ្យោបាយ​ដ៏​សមរម្យ​មួយ​ដើម្បី​ សន្តិសុខជាតិ។ កន្លងមក ប្រធានាធិបតី តួកគី នៅ​អះអាងថា លោក​មិនជឿថា អាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្មលើ​តួកគី​នោះទេ ព្រោះថា​តួកគី ជា​សម្ព័ន្ធមិត្តសំខាន់​របស់​អាមេរិក ក្នុង​អង្គការ​អូតង់ និង​នៅក្នុង​តំបន់​ដើមបូព៌ា ដែល​អាមេរិក ត្រូវការ​ចាំបាច់ដើម្បី ទប់ទល់​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់។

ដោយ​គិត​ដូច្នេះហើយ បាន​ជា​តួកគី ដែល​ជា​សមាជិកមួយ របស់​សម្ព័ន្ធមិត្ត​អូតង់ នៅតែ​ផ្គើនទៅទិញ ប្រព័ន្ធខែលមីស៊ីល ពី​រុស្ស៊ី បើទោះបី​ជា​រុស្ស៊ី ត្រូវ​អាមេរិក និង​អូតង់ ចាត់ទុក​ជា​ប្រទេស​គំរាមកំហែង សន្តិសុខ​សម្រាប់​ប្រទេស​សម្ព័ន្ធអូតង់​ក៏ដោយ។

ដោយពិតទៅ តួកគី ទិញ ប្រព័ន្ធ​ខែលមីស៊ីល​ពីរុស្ស៊ី មិនមែន​ដោយសារ​តួកគី ចង់ ផ្តាច់ខ្លួន​ពី​អូតង់ ទៅ​ចងសម្ព័ន្ធភាព ជាមួយ​រុស្ស៊ី​នោះទេ។ ហេតុផល​ចំបង​របស់តួកគី គឺ​គ្រាន់តែ ចង់​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់ខ្លួន​តែប៉ុណ្ណោះ។

ដើម្បី ហេតុផល​សន្តិសុខ​ជាតិ តួកគី​ត្រូវ​ការប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី ដែល​មាន​សមត្ថភាព ខ្ពស់ និង​មាន​តម្លៃថោក បើប្រៀបធៀប​នឹង​ប្រព័ន្ធខែល​មីស៊ីល​របស់អាមេរិក Patriot។ តួកគី​បាន​ឃើញ ប្រសិទ្ធិភាព​របស់​ប្រព័ន្ធខែល​មីស៊ីល រុស្ស៊ី នៅ​ក្នុង​សង្រ្គាម​ប្រទេស​ស៊ីរី ជាទី​ដែល​ប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី បាន​ជួយ​ការពារ​ទីតាំង​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ពីការវាយប្រហារ​ផ្លូវអាកាស​របស់​សម្ព័ន្ធអន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក។ ប្រព័ន្ធ​ខែល​មីស៊ីល របស់​រុស្ស៊ី ប្រភេទ S-400ឆ្លើ  យតប​គ្រប់​លក្ខណៈ​ចង់បាន​របស់​តួកគី ព្រោះ​វា​គ្របដណ្តប់​ការពារ​ទាំងស្រុង ដែនអាកាស​តួកគី ពីការវាយប្រហារ​ពីខាងក្រៅ។

គេ​វាយជឿដែរថា រដ្ឋាភិបាល​តួកគី បាន​ប្រញាប់ទិញ ខែល​មីស៊ីល​រុស្ស៊ី ឲ្យ​បាន​នៅ​ឆ្នាំ ២០២០ ដើម្បី បំពាក់​ឲ្យ​កងទ័ព​ជើងអាកាស តួកគី ដែល​បាន​ចុះខ្សោយ ដោយសារ​តែ យុទ្ធនាការ​បោសសម្អាត​ទាហាន​ក្បត់ នៅក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច កាលពី​ឆ្នាំ ២០១៦។

ដោយ​ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី លើកនេះ តួកគី ក៏ចង់​បញ្ជាក់​ពី​ឯករាជ្យភាព​ ក្នុង​ការការពារ​ទឹកដី​របស់ខ្លួន ប្រឈម​នឹងការវាយប្រហារ​ពីខាងក្រៅ។ រហូតមកដល់​ពេលនេះ ប្រព័ន្ធ​ការពារ ដែនអាកាស​របស់​តួកគី ត្រូវ​បាន​ធានា​ដោយ​កងកម្លាំង​អូតង់។ តួកគី​ចាំបាច់​ចង់​បាន​ការពារ​ទឹកដី​ដោយ​ខ្លួនឯង ចាប់តាំង ពីតួកគី ចេះ​តែ​ដើរឈ្លោះ​ជាមួយ​គេឯង សូម្បី​ជាមួយ​បណ្តា ប្រទេស​អឺរ៉ុប​ដទៃ ទៀត ដែល​សុទ្ធសឹង​ជាសម្ព័ន្ធមិត្ត​របស់​តួកគី នៅក្នុង​អង្គការ​អូតង់។ ថ្មីៗនេះ តួកគី​បាន​ប្រឈមមុខជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ផ្សេងទៀត នៅក្នុង​ជម្លោះ ដណ្តើម តំបន់ ជីករកប្រេង នៅសមុទ្រ​មេឌីទែរ៉ាណេ​ជាដើម៕

រុស្ស៊ីជាអ្នកចំណេញពី​ទណ្ឌកម្ម របស់អាមេរិក​លើតួកគី

នៅពេល​សម្ព័ន្ធមិត្ត ២​ឈ្លោះគ្នា អ្នកដែល​ខាត គឺ​តួកគី និង​សហរដ្ឋអាមេរិក ចំណែក​អ្នកដែល​ចំណេញ​ពីរឿងនេះ គ្មានអ្នកណា​ក្រៅតែ​ពីរុស្ស៊ី​នោះទេ។

អាមេរិក​ខាត ព្រោះ​ដោយសារ​តែ​ទណ្ឌកម្មលើកនេះ ក្រុមហ៊ុន​អាមេរិក​ខកខាន មិនអាច​បន្ត​កម្មវិធី​ផលិត​យន្តហោះចម្បាំង F35 បាន​លឿន ព្រោះថា គ្រឿងបរិក្ខា មួយចំនួនធំ សម្រាប់​ដំឡើង​យន្តហោះ​ចម្បាំង​អាមេរិក ត្រូវ​ផលិត ឡើង​ក្នុង​ទឹកដី តួកគី។ ម្យ៉ាងទៀត ដោយសារ​ទណ្ឌកម្ម​លើកនេះ អាមេរិក និង​តួកគី ដែល​ជាសម្ព័ន្ធមិត្ត​ដែលត្រូវ​សហការគ្នា នៅក្នុង​បេសកកម្ម​របស់​អង្គការ​អូតង់ នឹង​មិនអាច​មើលមុខ​គ្នា ចំនោះទេ។

តួកគីឯណោះវិញ នឹង​ខាតបង់​ខ្លាំង ព្រោះទណ្ឌកម្ម របស់​អាមេរិក នឹង​ហាម​ មិនឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល​តួកគី លក់ នាំចេញ​អាវុធ​ទៅបរទេស។ ការនេះ​នឹង​ធ្វើឲ្យប៉ះពាល់​ខ្លាំង ដល់​វិស័យនាំចេញ អាវុធ​របស់​តួកគី​ទៅបរទេស ដូចជា​ទៅ ប្រទេស​លីប៊ី ស៊ីរី ឬ​ទៅ​អាស៊ែបៃហ្សង់ ជាដើម ជាទី​តួកគី​ចូលរួម​លូកដៃ​ជួយ ភាគី​ជម្លោះ ក្នុង​សង្រ្គាមស៊ីវិល។

មកមើល​រុស្ស៊ី​វិញ ដឹង​តែ​ចំណេញច្រើន ព្រោះថា បើ​សិន​អាមេរិក​ដាក់ទណ្ឌកម្ម សូម្បីតែ​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន នោះ រុស្ស៊ី​នឹង​ប្រមូល ទាក់ទាញ បាន​មិត្ត​មួយ​ម្នាក់ទៀត របស់​សត្រូវ​ឲ្យ មកធ្វើ​ជា​មិត្ត​របស់ខ្លួន។ រុស្ស៊ី​ដឹងថា តួកគី ឥលូវ​កំពុងត្រូវ​ចោមរោម ដាក់ទណ្ឌកម្ម​ពីគ្រប់ទិស ពីអាមេរិក និង​ពីអឺរ៉ុប។ នេះ​ជា​ឱកាស​ល្អមួយទៀត សម្រាប់​រុស្ស៊ី បើសិន​រុស្ស៊ី អូសទាញ​បាន​តួកគី ដែល​ជា​សមាជិក​របស់អូតង់ ឲ្យមកនៅខាងខ្លួន ដើម្បី ទប់ទល់​នឹង​ប្រទេស​លោកខាងលិច។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ