អានតួអត្ថបទ

តួកគី​ជឿជាក់​ថា​មិន​រងទណ្ឌកម្ម​ពីអាមេរិក​ ដោយសារ​រឿង​ទិញ​មីស៊ីល​ពី​រុស្ស៊ី​

ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយភាពជឿជាក់ថា រដ្ឋអំណាចអាមេរិក នឹងមិនដាក់ទណ្ឌកម្មលើតួកគីឡើយ ជុំវិញគម្រោងទិញមីស៊ីល ពីប្រទេសរុស្ស៊ី។ លោកអ៊ែរដូហា្កន បានលើកឡើងបែបនេះ ដោយសំអាងថា លោកបានទទួលការធានាសាជាថ្មី ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នៅឯកិច្ចប្រជុំមហាប្រទេសឧស្សាហកម្ម G20 នៅទីក្រុង​អូសាកា​ប្រទេស​ជប៉ុន ដែលទើបតែបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន និងលោកត្រាំ ប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន និងលោកត្រាំ ប្រធានាធិបតីអាមេរិក។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀងទិញប្រព័ន្ធខែលមីស៊ីល S-400 ដ៏ចម្រូងចម្រាស របស់ប្រទេសតួកគី ពីរុស្ស៊ី នៅគ្រាកន្លងមក បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសតួកគី ព្រមទាំងបណ្តាប្រទេសសម្ព័ន្ធមិត្តអូតង់ ដទៃទៀត ជួបភាពល្អក់កករនឹងគ្នា។ មិនតែប៉ុណ្ណោះ អាមេរិករបស់លោកដូណាល់ ត្រាំ ក៏ធ្លាប់បានប្រកាសដែរថា ទីក្រុងវ៉ាស៊ីនតាន នឹងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ប្រសិនណាបើនៅតែចចេស រឹងរូស ទិញមីស៊ីល ពីរុស្ស៊ី។

តែទោះជាបែបនេះក្តី លោកប្រធានាធិបតីតួកគី នាខណៈហាក់មានក្តីសង្ឃឹមខ្ពស់ ក្នុងការរួចផុតពីសំណាញ់ទណ្ឌកម្មរបស់អាមេរិក ជាពិសេសបន្ទាប់ពីជួបប្រជុំទ្វេភាគីជាមួយលោកត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅក្នុងប្រទេស​ជប៉ុនរួចមក។

ជាក់ស្តែង លោកអ៊ែរដូហ្កាន ថាបានឮផ្ទាល់ត្រចៀក នូវសម្តីរបស់លោកដូណាល់ត្រាំ ដែលថានឹងមិនធ្វើអ្វី ឬក៏ចាត់វិធានការដាក់ទណ្ឌកម្មណាមួយឡើយ មកលើតួកគី។  លោកបានបន្ថែមថា សហរដ្ឋអាមេរិក និងតួកគី គឺជាដៃគូយុទ្ធសាស្ត្រនឹងគ្នា ក៏ប៉ុន្តែលោកមិនបានភ្លេចបញ្ជាក់ដែរទេថា ក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់មានឥទ្ធិពល អាចជៀតជ្រៀក អធិបតេយ្យភាពរបស់តួកគីបានឡើយ។

ទោះបីមានការអះអាង ពីប្រធានាធិបតីតួកគីបែបនេះក្តី រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ចេញមុខនិយាយអ្វី ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះឡើយ។

តែទោះជាយ៉ាងណាក៏ដោយ គេដឹងថា នៅគ្រាកន្លងមក រដ្ឋាភិបាលអាមេរិក បានដាក់សម្ពាធជាច្រើន ឲ្យរដ្ឋាភិបាលតួកគី លប់ចោលនូវការបញ្ជាទិញប្រព័ន្ធខែលមីស៊ីលពីប្រទេសរុស្ស៊ី។ មួយវិញទៀត នៅគ្រាកន្លងមក អាមេរិក ក៏ធ្លាប់បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មបន្ថែម លើតួកគី ក្នុងករណី ដែលនៅតែឡើងចាង និងហ៊ានទិញអាវុធពីរុស្ស៊ី។

ជាក់ស្តែង កាលពីដើមខែឧសភា កន្លងទៅ អាមេរិកបានទុកពេលឲ្យ តួកគីលប់ចោលការទិញ ប្រព័ន្ធខែលមីស៊ីល S-400 ពីរុស្ស៊ី ត្រឹមថ្ងៃទី ៣១ ខែកក្កដា ខាងមុខនេះ។

បើមិនដូច្នោះទេ អាមេរិកថានឹង ដកតួកគីចេញពីគម្រោងផលិត និងទទួលបានយន្តហោះចម្បាំងប្រភេទ F-35 ប្រមាណ១០០គ្រឿង ដែកតួកគីបានបញ្ជាទិញពីអាមេរិក។ ជាគម្រោង ដែលតួកគីបានបណ្តាក់ទុនសរុបប្រមាណជា ១ ៤០០ លានដុល្លារក្នុងការផលិត រហូតមកដល់ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ