អានតួអត្ថបទ
អាមេរិក-តួកគី

អាមេរិក​ដក​តួកគី​ចេញ​ពី​កម្មវិធី​ផលិត​យន្តហោះចម្បាំង F-35 បន្ទាប់​ពី​តួកគី​​ទិញ​មីស៊ីល​រុស្ស៊ី

សេតវិមាន​អាមេរិក នៅ​ថ្ងៃ​ពុធ ទី​១៧​កក្កដា​ម្សិលមិញ​ បាន​ប្រកាស​ដក​តួកគី​ចេញ​ពី​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង​ទំនើប F-35។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តួកគី​បន្តទិញ​មីស៊ីល​ពី​រុស្ស៊ី​​។ រដ្ឋ​មន្ដ្រី​ក្រសួង​ការ​បរទេស​តួកគី បាន​ចាត់​ទុក​ការ​សម្រេច​ជា​ឯកត្តោ​ភាគី​របស់​អាមេរិក​ដូច្នេះ ថា​ជារឿង​អយុត្តិធម៌​ និង​មិន​សម​ហេតុផល​។

យន្តហោះ​ដឹក​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី ប្រភេទ S-400ចុះចត​នៅមូលដ្ឋានទ័ព​នៅទីក្រុង​អង់ការ៉ា ថ្ងៃទី ១២​កក្កដា ២០១៩
យន្តហោះ​ដឹក​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី ប្រភេទ S-400ចុះចត​នៅមូលដ្ឋានទ័ព​នៅទីក្រុង​អង់ការ៉ា ថ្ងៃទី ១២​កក្កដា ២០១៩ Turkish Defence Ministry/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

​«អយុត្តិធម៌ មិន​សម​ហេតុផល និង​ដើរ​ផ្ទុយ​ពី​ស្មារតី​ជា​សម្ព័ន្ធ​មិត្ត​» នេះ​គឺ​ជា​ប្រតិកម្ម​របស់​ប្រមុខ​ការទូត​តួកគី ឆ្លើយ​តប​នឹង​សេចក្ដី​សម្រេច​របស់​សហរដ្ឋអាមេរិក ដក​តួកគី​ចេញ​ពី​កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង ធុន F-35 ដ៏​ទំនើប​របស់​អាមេរិក​។

គួរ​ជម្រាប​ជូន​ថា សេចក្ដី​សម្រេច​របស់​អាមេរិក​ដូច្នេះ ធ្វើ​ឡើង​តែ​ប្រាំ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តួកគី បាន​ចាប់​ផ្ដើម​ទទួល​ប្រព័ន្ធ​ខែល​មីស៊ីល ប្រភេទ S-400 ពី​រុស្ស៊ី​។ អាមេរិក បានប្រាប់​តួកគី ម្ដង​ហើយ​ម្ដង​ទៀត កុំ​ឲ្យ​ទិញ​ប្រព័ន្ធ​មីស៊ីល​ពី​រុស្ស៊ី ក្នុង​ហេតុផល​ថា មីស៊ីលប្រឆាំងយន្តហោះ​​​របស់​រុស្ស៊ី មិន​ស្រប​នឹង​គោល​នយោបាយ​របស់​អង្គការ​អូតង់ ដែល​តួកគី​ជា​សមាជិក​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ចុះ​ថ្ងៃ​ពុធ ទី​១៧​កក្កដា សហរដ្ឋ​អាមេរិក​បានពន្យល់​ពី​ការ​សម្រេច​ចិត្ត​នេះ​ថា ធ្វើ​ឡើង​ដោយ​សារ​តែ​តួកគី បន្ត​ទិញ​ប្រព័ន្ធ​ខែលមីស៊ីល​ពី​រុស្ស៊ី​។ អាមេរិក​សង្កត់​ធ្ងន់​ថា កម្មវិធី​ផលិត​យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក មិន​អាច​រួម​រស់​ជាមួយ​ប្រព័ន្ធ​​មីស៊ីលរបស់​រុស្ស៊ី​បាន​ឡើយ​។ សម្រាប់​អាមេរិក ប្រព័ន្ធ​មីស៊ីល​​​ប្រភេទ S-400 របស់​រុស្ស៊ី គឺ​ជា​ប្រព័ន្ធប្រមូល​ព័ត៌មាន​សម្ងាត់​។ ហើយ​ការ​ប្រើ​ប្រាស់​យន្តហោះ​ចម្បាំង​អាមេរិក​ទន្ទឹម​នឹង​​មីស៊ីល​រុស្ស៊ី គឺ​ប្រៀប​បាន​នឹង​ការ​ផ្ញើ​សាច់​នឹង​មាត់​ខ្លា​។ មាន​ន័យ​ថា រុស្ស៊ី​អាច​មាន​ឱកាសខ្ពស់ ក្នុង​ការ​ស្វែង​យល់​ពី​​អាថ៌កំបាំង​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់​យន្តហោះ​ចម្បាំង​អាមេរិក F-35​។

យ៉ាង​ណា​ក៏​ដោយ សហរដ្ឋ​អាមេរិក តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​ដដែល បានបន្ត​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​នៅក្នុង​ទំនាក់ទំនង​ជាសម្ព័ន្ធ​មិត្ត​ជាមួយ​តួកគី​។ ទីក្រុង​វ៉ាស៊ីនតោន​​អះអាង​ថា ខ្លួន​នៅ​តែ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ជាយុទ្ធសាស្ត្រ​ជាមួយ​ទីក្រុង​អង់ការ៉ា​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ទីក្រុង​វ៉ាស៊ីនតោន ក៏​បាន​ព្រមាន​តួកគី​ផង​ដែរ ពី​ផល​ប៉ះពាល់​អវិជ្ជមាន តាម​រយៈ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ