អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋបាលលោកចូ បៃដិន​ប្រកាស​សើរើ​នយោបាយអាមេរិក​សម្រាប់​តំបន់​ដើមបូព៌ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋបាល​លោកចូ បៃដិន​បាន​ប្រកាស កាលពី​ថ្ងៃ​ពុធថា នឹង​សើរើ មើលឡើងវិញ រាល់​នយោបាយ​អាមេរិក ចំពោះ ​តំបន់​ដើមបូព៌ា ដែល​មាន​តាំងពី​អ៊ីស្រាអែល ប៉ាឡេស្ទីន ទំនាក់ទំនង​អាមេរិក ជាមួយ​ប្រទេស​អារ៉ាប់ នៅ​ឈូង​សមុទ្រ​ពែរ្ស និង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នៅពេលកិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាសំណុំរឿង​អាទិភាព​របស់​រដ្ឋបាល​អាមេរិក​ថ្មី ប្រមុខការបរទេស​អាមេរិក លោក Anthony Blinken បាន​សន្យា​ពិនិត្យ​សើរើ​ឡើងវិញ ការសម្រេចចិត្ត​របស់​រដ្ឋបាល​មុន នៅក្នុង​ការគាំទ្រ​ផ្នែក​យោធា ដល់​បណ្តាប្រទេស​អារ៉ាប់ ជាពិសេស អារ៉ាប៊ី សាអូឌីត នៅក្នុង​សង្រ្គាម​នៅ ប្រទេស​យេម៉ែន។ 

រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅថ្ងៃ​ចូលកាន់តំណែង​ដំបូងនៅក្រសួងការបរទេស​ថ្ងៃពុធ ទី ២៦ មករា ២០២១
រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន នៅថ្ងៃ​ចូលកាន់តំណែង​ដំបូងនៅក្រសួងការបរទេស​ថ្ងៃពុធ ទី ២៦ មករា ២០២១ REUTERS - CARLOS BARRIA
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី លោកដូណាល់ ត្រាំ ក្រឡាប់​ចាក់ចោល​កិច្ចប្រឹងប្រែង​របស់រដ្ឋបាល​លោកអូបាម៉ា ដោយ​ដកអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ ឆ្នាំ ២០១៨ លោក​ចូ បៃដិន ពេលនេះ ចង់​ត្រលប់​ទៅ ស្តារឡើងវិញ សមិទ្ធិផល​របស់​រដ្ឋបាល​លោកអូបាម៉ា ដែល​មាន​លោក​ធ្លាប់​ធ្វើ​ជា​អនុប្រធានាធិបតី។

លោក​ចូ បៃដិន ធ្លាប់​បាន​វាយតម្លៃថា អ្វីដែល​គេ​ត្រូវ​ធ្វើមុនគេ​បង្អស់ គឺ​ស្រោចស្រង់ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី ជៀសវាង​កុំ​ឲ្យ​អ៊ីរ៉ង់​មានបំពាក់​អាវុធ​នុយក្លេអ៊ែរ។

នៅក្រោយ លោក​ដូណាល់ ត្រាំ បាន​ដក​អាមេរិក​ចេញ​ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៨ លោក​ដូណាល់ ត្រាំ បាន​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​លើ​អ៊ីរ៉ង់ រហូត​ធ្វើ​ឲ្យ​អ៊ីរ៉ង់ បាន​ប្រកាស លែង​គោរព​ធ្វើតាម​កិច្ចព្រមព្រៀង ជាបន្តបន្ទាប់ ដូចជា បាន​ត្រលប់​ទៅចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ក្នុង​កម្រិត​ខ្ពស់ និង​ក្នុង​បរិមាណ​ច្រើនជាង កាលកំណត់ នៅក្នុង​កិច្ចព្រមព្រៀង​ជាដើម។

នៅថ្ងៃ​ពុធ រដ្ឋមន្រ្តីការបរទេស​ថ្មី របស់​អាមេរិក លោក​អង់តូនី ប្លីងកិន បាន​បញ្ជាក់​ថា អនាគត​នៃកិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ​ជា​សំណុំរឿងអាទិភាព​របស់​រដ្ឋបាល​ថ្មី ប៉ុន្តែ អាមេរិក​នៅរង់ចាំ​មើល​ការផ្លាស់ប្តូរឥរិបថ របស់​អ៊ីរ៉ង់ ជាមុនសិន។ អាមេរិក នឹង​បោះជំហាន​ទៅមុខ ជាមួយ​អ៊ីរ៉ង់ បើសិន​អ៊ីរ៉ង់ ត្រលប់​មក​គោរព​សាជាថ្មី លក្ខខណ្ឌ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង។ ប៉ុន្តែ នៅ​ពេល អ៊ីរ៉ង់ បាន​រំលោភ​ចំណុចជាច្រើន នៅក្នុង​កិច្ចព្រមព្រៀង​យ៉ាងដូច្នេះ អាមេរិក​ក៏ត្រូវការ​ពេលវេលា​ច្រើន មុន​នឹង​ពិចារណា សម្រេចចិត្ត​មក​ចរចាណាមួយ ជាមួយអ៊ីរ៉ង់។ បើស្តាប់តាម​ពាក្យ​របស់​ប្រមុខការបរទេស​អាមេរិក រឿង​អាមេរិក​ត្រលប់​ទៅ​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ គឺ​ជារឿង​ដែល​នៅវែងឆ្ងាយ មិនទាន់​អាច​ធ្វើបាន​ភ្លាម នៅពេលនេះទេ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ ឆ្នាំ ២០១៥ ដែល​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ចំនួន ៥ អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស រួម​ទាំង​អាល្លឺម៉ង់ អ៊ីរ៉ង់​មានគោលដៅ​ហាមឃាត់​អ៊ីរ៉ង់​មិន​ឲ្យមាន​សមត្ថភាព​ផលិតអាវុធ​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ និង​ទណ្ឌកម្ម​របស់​អាមេរិក។

រដ្ឋបាល​អាមេរិក​ថ្មី ​សើរើ នយោបាយ​ គាំទ្រ​ផ្នែកយោធា ប្រទេស​អារ៉ាប់ នៅ ឈូង​សមុទ្រ​ពែរ្ស ដែលធ្វើឡើង នៅក្នុង​​រដ្ឋបាលមុន

នៅ សប្តាហ៍មុន នៅ​មុន​ចូល​កាន់តំណែង​ជា​រដ្ឋមន្រ្តីការបរទេស​អាមេរិល លោក​អង់តូនី ប្លីងកិន​ធ្លាប់​បាន​សន្យា​ហើយថា នឹង​បិទបញ្ចប់​ការគាំទ្រ​របស់​អាមេរិក​សម្រាប់ សម្ព័ន្ធ​យោធា ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​ធ្វើ​សង្រ្គាម នៅ​ប្រទេស​យេម៉ែន។ សម្រាប់​ប្រមុខការបរទេស​អាមេរិក ប្រតិបត្តិការយោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត រួមជាមួយ​អេមីរ៉ា អារ៉ាប់រួម បាន​សម្លាប់ប្រជាជន​ស៊ីវិល យេម៉ែន និង​បង្ក​ឲ្យ​មានវិបត្តិមនុស្សធម៌​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់​មាន នៅក្នុង​ពិភពលោក។

នៅក្នុង​ពេល​សើរើឡើងវិញ ដើម្បី បញ្ជាក់ថា ការលក់អាវុធ​អាមេរិក សមស្រប​នឹង​យុទ្ធសាស្រ្ត​របស់​អាមេរិក​ដែរឬទេ នោះ រដ្ឋមន្រ្តីការបរទេស​អាមេរិក ​បាន​សម្រេច ព្យួរ ការលក់​អាវុធ ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត និងផ្អាក បណ្តោះអាសន្ន កិច្ចសន្យា​លក់​យន្តហោះចម្បាំង F 35 ចំនួន ៥០គ្រឿង ទៅ​អេមីរ៉ា អារ៉ាប់រួម។

ការសើរើ​ទំនាក់ទំនង​យោធា​ជាមួយ បណ្តាប្រទេស​អារ៉ាប់ នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អារ៉ាប៊ី សាអូឌីត ហើយនិង​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​របស់អាមេរិក សម្រាប់​ប្រឈមទប់ទល់​នឹង​ឥទ្ធិពល​របស់អីរ៉ង់ ក្នុង​តំបន់។ ត្រូវដឹងថា ការដែល​រដ្ឋបាល​លោកដូណាល់ ត្រាំដើរផ្ទុយ​នយោបាយ​អាមេរិក​ចាស់ ដោយយល់ព្រម លក់​យន្តហោះចម្បាំង ទៅ​ឲ្យអេមីរ៉ា អារ៉ាប់រួម ក៏ព្រោះតែ អាមេរិក ចង់ឲ្យ អេមីរ៉ា អារ៉ាប់ រួម ​ចងស្ពានមេត្រី បង្កើតទំនាក់ទំនង​ធម្មតា ជាមួយ​អ៊ីស្រាអែល។

អាមេរិកត្រលប់ទៅ​ផ្តល់ជំនួយដល់​ប្រជាជន​ប៉ាឡេស្ទីន

សំណុំរឿង អ៊ីស្រាអែល ប៉ាឡេស្ទីន នឹង​ជួប​របត់​នយោបាយ​ថ្មីដែរ នៅក្នុង​អាណត្តិ​របស់​លោក​ចូ បៃដិន។ គ្រាន់តែ​ចូលដឹកនាំ​អាមេរិក​បាន​ប៉ុន្មានថ្ងៃ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ប្រកាស គាំទ្រ ដំណោះស្រាយ រដ្ឋពីរ ជិតគ្នា អ៊ីស្រាអែល ប៉ាឡេស្ទីន។ ដំណោះស្រាយ នេះ នឹង​ប៉ះទង្គិចដល់​នយោបាយ​របស់​អ៊ីស្រាអែល ដែលបាន​ច្រិបយកដី​របស់​ប្រជាជន​ប៉ាឡេស្ទីន តាមរយៈ ការពង្រីក​សំណង់អាណានិគមកិច្ច​ដោយខុសច្បាប់​អន្តរជាតិ នៅ លើ​ទឹកដី​ប៉ាឡេស្ទីន។

ក្រោមអាណត្តិដឹកនាំ​របស់​លោកប្រធានាធិបតី​ចូ បៃដិន អាមេរិក និង​អ៊ីស្រាអែល មិនអាច​ល្អូកល្អឺន ចាក់ទឹកមិនលិច​ដូច​មុន​នោះទេ។ នៅ​អាណត្តិមុន អាមេរិក និង​អ៊ីស្រាអែល ចុះសម្រុងគ្នា​ខ្លាំង ព្រោះថា លោកដូណាល់ ត្រាំ បានធ្វើ​នយោបាយ ច្រើន​ដើម្បី​បំពេញចិត្ត​ក្រុមស្តាំនិយមជ្រុល ដូចជា សម្រេច​រើ ស្ថានទូត​អាមេរិក​ទៅ នៅជេរូសាឡឹម បើទោះ​មានកំហឹង​សម្បារ​របស់​ប្រជាជន​ប៉ាឡេស្ទីន ហើយនិង​ការរិះគន់​ពី​មតិអន្តរជាតិ។

ប៉ុន្តែ សួរថា តើ​លោក​ចូ បៃដិន នឹង​ដកស្ថានទូត អាមេរិក​ចេញពី ជេរូសាឡឹម មកវិញ ហើយ​និង​ឈប់​ធ្វើ​នយោបាយ ជំរុញ​ឲ្យ​អ៊ីស្រាអែល ចងសម្ព័ន្ធភាពជាមួយ ប្រទេស​អារ៉ាប់។ ចម្លើយនោះ គឺទេ។ អាមេរិក​នឹង​បន្ត​រក្សា​នយោបាយ​របស់​រដ្ឋបាល​មុន​សម្រាប់​អ៊ីស្រាអែល ពោល​គឺ​នឹង​រក្សា​ស្ថានទូត​ខ្លួន​នៅជេរូសាឡឹម​ដដែល និង​ជំរុញ​ឲ្យ​ប្រទេស​អារ៉ាប់ ជាច្រើន ចងស្ពាន​មេត្រី ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល ដែល​អាមេរិកយល់​ថា នឹង​មិន​ប៉ះពាល់​ទៅដល់​ដំណើរការចរចា​សន្តិភាព អ៊ីស្រាអែល ប៉ាឡេស្ទីននោះទេ។

រដ្ឋបាល​របស់​លោកចូ បៃដិន នឹង​មិនសូវ​ផ្លាស់ប្តូរច្រើន​នយោបាយ​អាមេរិក សម្រាប់​អ៊ីស្រាអែល ប៉ុន្តែ ក៏មិន​លើកតម្កើង​អ៊ីស្រាអែល​ខ្លាំង ដូចអាណត្តិ​របស់លោកដូណាល់ ត្រាំ រហូត​ដល់​ថ្នាក់​ភ្លេច​ប្រជាជន​ប៉ាឡេស្ទីនដែរ។ នៅ​សប្តាហ៍នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ថា អាមេរិក​នឹង​ត្រលប់​ទៅ​ផ្តល់ជំនួយ សាជាថ្មី សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន បន្ទាប់ពី លោកដូណាល់ ត្រាំ បាន​កាត់ផ្តាច់ ជំនួយ ជាង ៣៦០​លាន​ដុល្លារ ដល់​គម្រោង​អង្គការ​សហប្រជាជាតិ​សម្រាប់ ជួយ​ប្រជាជន​ប៉ាឡេស្ទីន។ អាមេរិក​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​បើកឡើង​វិញផងដែរ ការិយាល័យ ប៉ាឡេស្ទីន​នៅ វ៉ាស៊ីនតោន ដែលលោកដូណាល់ ត្រាំ បាន​បិទ​ក្នុងអាណត្តិ​៤​ឆ្នាំ​កន្លងមក ដើម្បី ដាក់សម្ពាធ​លើ​ប្រជាជន​ប៉ាឡេស្ទីន។

លោក​ចូ បៃដិន នឹង​ត្រលប់​ទៅ​ជួយ ប្រជាជន​ប៉ាឡេស្ទីន ហើយនិង​អាច​ចេញមុខ​ប្រឆាំង សំណង់​អាណានិគមកិច្ច អ៊ីស្រាអែល នៅ ទឹកដី​ប៉ាឡេស្ទីន។ នយោបាយ​របស់​លោកចូ បៃដិន នៅពេលនេះ គឺ​ដើម្បី​ស្តារ​ជំនឿទុកចិត្ត​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ដើម្បី បញ្ជាក់ជំហរ​របស់​អាមេរិកថ្មី​នៅតំបន់​ដើមបូព៌ា ប៉ុន្តែ អាមេរិក​នៅមិនទាន់ គិតគូរ​ដល់ថា តើ​នឹង​ដោះស្រាយ វិបត្តិទឹកដី ដ៏រ៉ាំរ៉ៃ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ ដោយ​វិធីណា និង​នៅពេលណា នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ