អានតួអត្ថបទ

លោកប៉ុមប៉េអូ​ជារដ្ឋមន្រ្តីការបរទេស​អាមេរិកដំបូងគេ​ដែលទៅទស្សនកិច្ច​នៅ តំបន់អាណានិគមកិច្ចអ៊ីស្រាអែល

នៅ​២ខែ មុន ការផ្លាស់ប្តូរ​រដ្ឋបាល​អាមេរិកថ្មី លោក​ម៉ៃ ប៉ុមប៉េអូ ប្រមុខការបរទេស​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំ បានធ្វើ​ដំណើរ​ទៅ​អ៊ីស្រាអែល ដើម្បី​បញ្ជាក់​ជំហរ​គាំទ្រ ដល់ទីបំផុត របស់​លោកដូណាល់ ត្រាំ សម្រាប់​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល។ នៅ​ថ្ងៃ​ព្រហស្បតិ៍ លោក​ម៉ៃ ប៉ុមប៉េអូ​បានទៅ​ធ្វើ​ទស្សនកិច្ច​នៅ តំបន់អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុង​ទឹកដី​ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​ឈ្លានពាន ចូលកាន់កាប់​ដោយខុសច្បាប់ តាំង​ពី​ឆ្នាំ ១៩៦៧។ ទស្សនកិច្ច​របស់​ប្រមុខការបរទេស​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានរងការរិះគន់ និង​បាតុកម្ម​តវ៉ា​របស់​ភាគី​ប៉ាឡេស្ទីន។ 

ប្រជាជន​ប៉ាឡេស្ទីន​នាំគ្នា​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​ជាលើកទី១​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិក​នៅ​តំបន់អាណានិគមកិច្ចអ៊ីស្រាអែល ក្នុង​ទឹកដី ប៉ាឡេស្ទីន នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០
ប្រជាជន​ប៉ាឡេស្ទីន​នាំគ្នា​បាតុកម្ម​ប្រឆាំង​ទស្សនកិច្ច​ជាលើកទី១​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិក​នៅ​តំបន់អាណានិគមកិច្ចអ៊ីស្រាអែល ក្នុង​ទឹកដី ប៉ាឡេស្ទីន នៅថ្ងៃទី ១៩ វិច្ឆិកា ២០២០ AFP
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ឆ្លៀត​ប្រើ​រយៈពេល​នៅ​សល់ ក្នុង​មុខងារ​ជា​ប្រមុខការបរទេស​អាមេរិក ដើម្បី ផ្តល់​អំណោយ​ដល់​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោក​ម៉ៃ ប៉ុមប៉េអូ បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លើកដំបូងគេ ដែល​បាន​ដាក់ជើង ជាន់​ដែនដី​អាណានិគមកិច្ច​អ៊ីស្រាអែល ក្នុង​ទឹកដី​ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល ឈ្លានពាន យក​មក​កាន់កាប់​តាំង​ពី​ឆ្នាំ ១៩៦៧។

ថ្ងៃ​ព្រហស្បតិ៍ ទី​១៩​វិច្ឆិកា គឺ​មាន​រយៈពេល ១ឆ្នាំ គត់ ដែល​ប្រមុខការបរទេស​អាមេរិក​ធ្លាប់​បាន​ប្រកាស​ថា អាមេរិក​លែង​ចាត់ទុក តំបន់​អាណានិគមកិច្ច របស់​អ៊ីស្រាអែល នៅ​លើ​ទឹកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន ជារឿង​ ខុសច្បាប់​អន្តរជាតិ។

រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ដើរផ្ទុយ​ពី​ជំហរ របស់​អង្គការ​សហប្រជាជាតិ និង​​ខ្សែបន្ទាត់​នយោបាយ​ការទូត​របស់​មេដឹកនាំ​អាមេរិក​មុនៗ ដែល​ផ្អែក​ទៅលើ​យោបល់​ផ្លូវច្បាប់ របស់​ក្រសួងការបរទេស​អាមេរិក ដែល​មាន​តាំង​ពី​ឆ្នាំ ១៩៧៨ ពោល គឺ សំណង់អាណានិគមកិច្ច​នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន ធ្វើឡើង ដោយ​មិនត្រឹមត្រូវ​តាមច្បាប់​អន្តរជាតិ។

ក្រៅតែ​ពី​ប្រកាសបញ្ជាក់​ទទួលស្គាល់​សំណង់អាណានិគមកិច្ច​អ៊ីស្រាអែល​ថា ស្របច្បាប់ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ផ្តល់​អំណោយ​មួយទៀត ដល់​រដ្ឋាភិបាល​ជ្វីហ្វ ដោយបាន​​ប្រកាស​ចាត់ទុក រាល់ផលិតផល​ដែល​ដាំដុះ ផលិត​នៅ តំបន់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ស៊ីហ្សកដានីថា ជា​ផលិត​អ៊ីស្រាអែល។

តំបន់ស៊ីហ្សកដានី ​មាន​ប្រជាជន​អ៊ីស្រាអែល​រស់នៅ ប្រមាណ ជាង ៤សែននាក់ និង​ប្រជាជន​ប៉ាឡេស្ទីន ជាង ២លាននាក់។ ទៅតាមកិច្ចព្រមព្រៀង អូស្លូ ឆ្នាំ ១៩៩០ តំបន់​ស៊ីហ្សកដានី ត្រូវ​បាន​បែងចែក​ជា​៣តំបន់។ តំបន់ A​និង​B ស្ថិតក្រោម​រដ្ឋបាល​ដឹកនាំ​របស់​អាជ្ញាធ​ប៉ាឡេស្ទីន ចំណែក តំបន់​C ដែល​មាន​ទំហំ​៦០ភាគរយ​នៃ​ផ្ទៃដី​សរុប ស្ថិតក្រោម​ការគ្រប់គ្រង​បណ្តោះអាសន្ន ផ្នែក​រដ្ឋបាល និង​យោធា​របស់​អ៊ីស្រាអែល ក្នុង​ក្តីសង្ឃឹមថា អ៊ីស្រាអែល​នឹង​ប្រគល់​ទៅ​ឲ្យប៉ាឡេស្ទីន នៅថ្ងៃ​ណា​ដែល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ភាគីទាំងពីរ។

សម្រាប់​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​ទទួលស្គាល់​សំណង់អាណានិគមកិច្ច​ស្របច្បាប់​របស់​អ៊ីស្រាអែល នៅ​ស៊ីហ្សកដានី ផលិតផល​ចេញពីតំបន់​C នៅ​ស៊ីហ្សកដានី ទោះដាំផលិត​ដោយ​ជនជាតិ​ប៉ាឡេស្ទីន គឺ​ត្រូវ​ដាក់ស្លាកសញ្ញាតែមួយគត់ គឺផលិតអ៊ីស្រាអែល។

ជំហរ​របស់អាមេរិក ផ្ទុយពី​គណៈកម្មការ​អឺរ៉ុប ដែល​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល បញ្ជាក់​ប្រភព បិទស្លាក លើ​ផលិតផល​ដែល​ផលិតឡើង​ក្នុង​ដែនដី​អាណានិគម ពោល​គឺ​មិនមែន​បិទស្លាក​ជា​លក្ខណៈទូទៅ​ថា ផលិតផល​អ៊ីស្រាអែល​នោះទេ។

នៅថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ចាត់ទុក ការទាមទារ​ឲ្យ​បិទស្លាក​ លើ​ផលិតផល សំគាល់ ដែនដី​អាណានិគម​អ៊ីស្រាអែល ថា ជា​នយោបាយ​ស្អប់រើសអើង​ជនជាតិជ្វីហ្វ។ លោកបាន​សន្យាផងដែរ​នឹង​ចាត់វិធានការ​ដាក់​ទណ្ឌកម្ម​ក្រុម អង្គការ​ដែល​ជំរុញ ឲ្យ​គេ​ធ្វើពហិការ​មិនទិញ​ផលិតផល​ដែល​ផលិត នៅ​តំបន់អាណានិគមកិច្ច​អ៊ីស្រាអែល។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រមុខការបរទេស​អាមេរិក​បានធ្វើដំណើរ​ផងដែរ ជាលើកទី​១​ទី​ខ្ពង់រាប Golan របស់ស៊ីរី ដែល​អ៊ីស្រាអែល​បាន​វាយដណ្តើម​យក​មក​កាន់កាប់​កាលពី​ឆ្នាំ ១៩៦៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ