អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស​នឹង​សុំ​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក(CPTPP)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​បំបែក​ចេញ​ពី​សហភាពអឺរ៉ុប​បាន​មួយ​ឆ្នាំ អង់គ្លេស​ងាក​ទៅ​រក​ដៃគូ​ថ្មី។ នៅល្ងាច​​ថ្ងៃ​សៅរ៍​ទី ៣០​មករា​ម្សិលមិញ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មអន្តរជាតិ​អង់គ្លេស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ថា អង់គ្លេស​នឹង​ស្នើ​សុំ ជា​ផ្លូវការ​ ​ចូល​ជា​សមាជិក​​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក។ បើ​តាម​លោកស្រី​រដ្ឋមន្ត្រី​ Liz Truss កិច្ចចរចា​អាច​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង​ផង។ ការ​ប្រកាស​របស់​អង់គ្លេស​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​​អង់គ្លេស​បានចាក​ចេញពីសហភាពអឺរ៉ុប និង​​ទីផ្សារអឺរ៉ុបជា​ផ្លូវការ។

តំណាង​ប្រទេស​ជា​សមាជិកចំនួន​១១​ប្រទេស ពេល​ចុះ​ហត្ថលេខា​លើ​​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក
តំណាង​ប្រទេស​ជា​សមាជិកចំនួន​១១​ប្រទេស ពេល​ចុះ​ហត្ថលេខា​លើ​​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក REUTERS/Rodrigo Garrido
ផ្សាយពាណិជ្ជកម្ម

អង់គ្លេស​នឹង​ស្នើ​សុំ ជា​ផ្លូវការនៅ​ថ្ងៃ​ចន្ទទី ១​កុម្ភៈ​នេះ ​ ​ចូល​ជា​សមាជិក​​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក។បើ​តាម​លោកស្រី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិអង់គ្លេស​ កិច្ចចរចា​អាច​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង​ផង។

សន្ធិសញ្ញា​​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ហៅ​កាត់​ថា CPTPP (Comprehensive and Progressive Agreement for Trans-Pacific Partnership) កើត​ចេញ​ជារូប​រាង​នៅ​ឆ្នាំ​២០១៩ និង​ជា​ទម្រង់​ថ្មី​នៃ​កិច្ចព្រមព្រៀងផ្តោះប្តូរ​សេរី​​​អន្តរប៉ាស៊ីហ្វិក ដែលរលាយ​ទៅ​ក្រោយ​ពីសហរដ្ឋ​អាមេរិក​​របស់​លោកដូណាល់ ត្រាំ បាន​ដក​ខ្លួន​ចេញ។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក CPTPP មានសមាជិក​សរុប​ចំនួន​១១​ប្រទេស ដែល​សុទ្ធ​តែ​មាន​ទីតាំង​នៅ​ជាប់​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ជប៉ុន ស៊ីលី ម៉ិចស៊ិក ម៉ាឡេស៊ី នូវែលហ្សេឡង់ ប៉េរ៉ូសិង្ហបុរី និង វៀតណាម។

កម្មវត្ថុ​នៃការ​បង្កើត​កិច្ចព្រមព្រៀង​នេះ​ឡើង​ គឹ ដើម្បីលុប​រនាំ​ង​ពន្ធគយក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលតំណាង​ឱ្យ​​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​របស់​ប្រជាពលរដ្ឋ​ជិត៥០០លាននាក់ និង​ពិសេស​គឺ​ដើម្បី​​​​ ទប់​ទល់​នឹង​ឥទ្ធិពលពាណិជ្ជកម្ម​​ចិន​ ដែល​រីក​ធំ​ជា​លំដាប់ ក្នុង​តំបន់។

អង់គ្លេស​ជើងឯក​ផ្នែក​ផ្តោះប្តូរ​​ពាណិជ្ជកម្ម​

​អង់គ្លេសស្ថិត​នៅ​ជាប់​មហាសមុទ្ទ​អាត្លង់​ទិក​សោះ ចង់​ទៅ​ចូល​ក្រុម​​​ប៉ាស៊ីហ្វិក​ដែរ ​ពិត​ជា​មិន​សម​សោះ។ ប៉ុន្តែ​កា​រចូល​ជា​សមាជិក​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​ នឹង​នាំ​មក​នូវ​ផលប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​អង់គ្លេស។ នេះ​បើ​តាម​​សំដី​របស់​លោក​នាយករដ្ឋមន្ត្រី បូរីស ចនស៊ុន ដែល​អះអាង​ទៀត​ថា អង់គ្លេស​ចង់​ក្លាយ​ជា​ប្រទេស​​​ដំបូង​គេ​ដែល​ភ្ជាប់​ខ្លួន​នឹង​កិច្ចព្រមព្រៀង CPTPP។ អង់គ្លេស​ មាន​មហិច្ឆតា​រក​ស៊ី​ ជាមួយ​មិត្ត​ល្អៗ ជាមួយ​គ្រប់​ដៃគូនៅ​ទូទាំង​ភពផែនដី​។ អង់គ្លេស​នឹងក្លាយ​ជា​ជើងឯក​ពិភពលោក​ខាង​ផ្នែក​ផ្តោះប្តូរ​ពាណិជ្ជកម្មសេរី។ នេះ​បើតាម​លោក​ប្រសាសន៍​របស់​លោក​ចនស៊ុន។

ចំណែក​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​វិញ​បាន​លម្អិត​ថា ក្លាយ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក នឹង​ផ្តល់​សំណាង​ច្រើន​ដល់​អង់គ្លេស ៖ មាន​ពន្ធគយទាប​សម្រាប់​ឧស្សាហកម្ម​ផលិត​រថយន្ត ផលិត​ស្រាវីស្គី មាន​អ្នកផ្គត់ផ្គង់​​សេវាកម្ម​ល្អៗ នាំ​​ការងារ​ប្រកប​ដោយ​គុណភាព ពោល​គឺ​​ប្រជាពលរដ្ឋ​អង់គ្លេសនឹងស្គាល់​ភាព​រុងរឿង។

​ប្រតិកម្ម​របស់​គណបក្សប្រឆាំង​

​ក្រុម​សហគមន៍​ថៅកែ​ រីករាយអប​អរ ថា​អង់គ្លេស​នឹង​បើក​ទំព័រ​ថ្មី មាននយោបាយ​​ពាណិជ្ជកម្ម​ឯករាជ្យ​ និង​បង្កើត​ឱកាស​ថ្មី​ឱ្យ​ក្រុមហ៊ុនមែន តែ​​សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែកពាណិជ្ជកម្មអន្តរជាតិ​ លោកស្រី Emily Thornberry ​ ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​​វិញ បានចោទសួរ​ខ្លាំងអំពី​ដំណើរការ​និង​សំណុំ​បែប​បទ​នៃ​ការ​សុំចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​នេះ។ បើតាម​លោកស្រី Thornberry គិត​មក​ទល់​ពេល​ម៉ោង​នេះ លោកស្រី​រដ្ឋមន្ត្រី​ Liz Truss មិន​ទាន់​អាច​ធានា​បាន​ទេ​ថា​អង់គ្លេស​នឹងមានសិទ្ធ​ប្រឆាំង​វេតូ ដូច​ចិន ដែរ​ឬ​អត់​នៅ​ពេល​បានក្លាយ​ជា​សមាជិក​ពេញ​លេញ។ ចិន ​បាន​ប្រកាស​កាលពី​ខែ​វិច្ឆិកា ២០២០ ថា​កំពុង​សិក្សា​មើល​លទ្ធភាព​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​​នេះ​ដែរ តែ​ជាមួយ​លក្ខខណ្ឌ​មាន​សិទ្ធ​ប្រើ​វេតូ។

ម្យ៉ាង​ទៀត គំនិត​ផ្តួច​ផ្តើម​ទៅ​ចូល​ជា​សមាជិកសន្ធិសញ្ញា​​អន្តរប៉ាស៊ីហ្វិក ប្រព្រឹត្ត​ទៅ​តែមួយ​ឆ្នាំក្រោយ​ពី​អង់គ្លេស​បានបំបែក​ចេញ​ជា​ផ្លូវការ​ពី​សហភាពអឺរ៉ុប​ និង​មួយ​ខែក្រោយ​ការរកឃើញ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ក្រោយ​Brexit​​យ៉ាង​ត្រដាប​ត្រដួស។ ចន្លោះ​ពេល​នេះ អង់គ្លេស​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ពីរ​ទៅ​ហើយ​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី គឺ​ជប៉ុន និង​សិង្ហបុរី។

អង់គ្លេស​បាន​ប្រើ​ពេល​៥​ឆ្នាំ និងឆ្លង​កាត់​ការ​​សួរ​មតិ​ប្រជាពលរដ្ឋ​ផង ​មុន​នឹង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប តែ​បាន​​សម្រេច​ចិត្ត​យ៉ាង​លឿន​រហន់​ទៅភ្ជាប់​ខ្លួន​ជាមួយ​ប្លុក​ថ្មីផ្សេង (ប្លុក​ពាណិជ្ជកម្ម) នៅ​ជើង​មេឃ​ម្ខាងទៀត ដោយ​គ្មានការពិគ្រោះ​នយោបាយ​អ្វី​ច្បាស់លាស់​គួរ​កត់​សម្គាល់​សោះ។ ហេតុ​អ្វី​រដ្ឋាភិបាល​ដូច​ជា​ប្រញាប់​ប្រញាល់​ម្ល៉េះ? នេះ​ជា​ចំណោទ​សួរ​បន្ថែម​របស់​គណបក្សប្រឆាំង។

បារាំង​ចង់​ដឹង​ជំហរ​ច្បាស់​លាស់​របស់​អង់គ្លេស​

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្រុម​សារព័ត៌មាន​បរទេស លោក​ប្រធានាធិបតី​បារាំង​ បាន​អំពាវនាវ​ឱ្យ​អង់គ្លេស​បញ្ជាក់​ ឱ្យ​បាន​ច្បាស់​លាស់​អំពីជំហរ និង​​ទំនាក់ទំនងរបស់​​អង់គ្លេស​ជាមួយ​សហភាព​អឺរ៉ុប ទោះ​អង់គ្លេស​លែង​ជា​សមាជិក​សហភាព​​ក៏ដោយ។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ស្តី​ពីនយោបាយ​​​អនាគត​អង់គ្លេសជា​ទូទៅ ​-មិនមែន​ជា​​ប្រតិកម្មតបក្រោយ​ពី​បាន​លើ​អង់គ្លេស​ប្រកាស​ចង់​ចូល​ជា​សមាជិក​​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក- លោក ម៉ាក្រុង បានអះអាង​ថា អង់គ្លេស​ ត្រូវ​តែ​ជ្រើសរើស​គំរូ​នយោបាយ​មួយ​ដ៏​ច្បាស់​លាស់។ សម្រាប់​លោក​ប្រធានាធិបតី​បារាំង អង់គ្លេស​មិន​អាច​ជា​សម្ព័ន្ធមិត្ត​ដ៏​ល្អ​បំផុត​​របស់​អាមេរិក​ផង របស់​សហភាព​អឺរ៉ុប​ផង និង​ជា​សិង្ហបុរី​បែប​ថ្មី​បាន​ទេ។ តើ​អង់គ្លេស​ចង់​ជ្រើសរើស​នយោបាយ​បែប​ណា ? បើ​អង់គ្លេស​សម្រេច​ប្រកាន់​យក​នយោបាយ​អន្តរអាត្លង់ទិក​ពេញទំហឹង​នោះ នោះ​អង់គ្លេស​ត្រូវ​បំភ្លឺ​ឱ្យ​ច្បាស់​ ព្រោះ​ច្បាប់​រក​ស៊ីខុស​គ្នា។ ដូច្នេះ​ការ​ប្រើ​ទីផ្សារ​ក៏​ខុស​គ្នា​ដែរ។

យ៉ាងណា​ក៏​ដោយ​​ ក៏​លោកម៉ាក្រុងចង់​បាន​តែ​ម្យ៉ាង គឺ​ឱ្យ​អង់គ្លេស​និងសហភាព​អឺរ៉ុប ដែល​ធ្លាប់​​មាន​ប្រវត្តិរួមរស់​ជាមួយគ្នា​​ជា​យូរលង់​មកហើយ បន្តសម្រេច​ជោគវាសនា​ជាមួយ​គ្នាទៀត និង​បន្ត​​មាន​ទំនាក់ទំនង​ល្អ សន្តិនិយម និងបែប​ស្ថាបនា​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ