អានតួអត្ថបទ

កិច្ចព្រមព្រៀងដៃគូ​​អន្តរប៉ាស៊ីហ្វិក ជា​អ្វី ?

កិច្ចព្រមព្រៀង​ដៃគូ​អន្តរប៉ាស៊ីហ្វិក ត្រូវ​បាន​ក្រុមប្រទេស​ជា​សមាជិក​ទាំង​១២ ចុះ​ហត្ថលេខា​ហើយ នៅ​ព្រឹក​មិញ នៅ​ក្រុង​ប្រទេស​នូវែលហ្សេឡង់។ លោក​ បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អាមេរិកដែល​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត និង​សម្រេច​បង្កើត​គម្រោង​នេះ​ឱ្យ​បាន​ចេញ​ជា​រូប​រាង​មុន​ផុត​អាណត្តិ​ បាន​សម្តែង​ការ​អបអរ​ និង​សា្វគមន៍ ដោយ​គ្មាន​បង្អង់​មួយ​វិនាទី​ទេ។​ ប៉ុន្តែ​តើ​សភា​អាមេរិក​គិត​ដូច​​លោក​ អូបាម៉ា​ និងព្រម​​ផ្តល់​សច្ចាប័ន​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ​ឬ​យ៉ាង​ណា ?

តំណាង​សមាជិក​ TTP១១ប្រទេស​និង​​នាយក​រដ្ឋមន្ត្រី​នូវែលហ្សេឡង់ John Key នាឱកាស​​ចុះ​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក
តំណាង​សមាជិក​ TTP១១ប្រទេស​និង​​នាយក​រដ្ឋមន្ត្រី​នូវែលហ្សេឡង់ John Key នាឱកាស​​ចុះ​កិច្ចព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក MICHAEL BRADLEY / AFP
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​​អន្តរ​ប៉ាស៊ីហ្វិក (TTP) ដែល​ជា​គម្រោង​បង្កើត​​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្មដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​មាន​ប្រទេស​ចំនួន​១២ នៅ​ជុំ​វិញ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ជា​សមាជិក ៖ សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន ព្រុយណេ កាណាដា ឈីលី ម៉ាឡេស៊ី ម៉ិចស៊ិក នូវែលហ្សេឡង់ ប៉េរ៉ូ និង​សិង្ហបុរី។

កិច្ចព្រមព្រៀង​​បង្កើត​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិកនេះ ​តំណាង​ឱ្យ​៤០%​នៃ​សេដ្ឋកិច្ច​​ពិភពលោក និងមានកម្មវត្ថុ​លុប​បំបាត់​ចោល​នៅ​រាល់​ឧបសគ្គ​ឬ​រនាំង​ពាណិជ្ជកម្ម​ វិនិយោគ​រវាង​ប្រទេស​ជាសមាជិក។ និយាយ​ជា​រួម  កិច្ចព្រមព្រៀង​នេះ ​គ្រប​ដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ជា​ច្រើន​ផ្នែក រាប់​ទាំង​​គម្រោង​បើក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ ស្រូវ​អង្ករអាមេរិក​ទៅ​លើ​នៅទីផ្សារ​ជប៉ុន ស្ករ សាច់​គោ ឬ​ហ្វ្រូម៉ានូវែលហ្សេឡង់​ទៅ​លក់​នៅ​កាណាដា ... ថ្នាំ​ពេទ្យអូស្ត្រាលី​ទៅ​លក់​នៅ​ប៉េរ៉ូ ខ្ចៅ​ខ្ចង​ឡានជប៉ុន​ទៅ​អាមេរិក​..  ការ​ផ្តោះប្តូរ​ទិន្ន័យ និង​កម្មសិទ្ធិបញ្ញា ដែល​មិន​ធ្លាប់​មានបញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ពហុភាគី​​គ្នា​ពី​មុនៗមក ក៏​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​អន្តរប៉ាស៊ីហ្វិក​នេះ​ដែរ។ រដ្ឋ​ជា​សមាជិក​ទាំង​១២ ត្រូវ​បើក​ទូលាយ​ទីផ្សារ​ដោយ​គ្មាន​រើង​អើង​ថា​ជា​ក្រុមហ៊ុន​ជាតិ​ ឬ​បរទេស​ឡើយ។

ក្នុង​ផ្នែក​យុទ្ធសាស្ត្រ​​វិញ តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​នេះ សមាជិក​ជា​ដៃ​គូ TTP យល់​ថា​នឹង​អាច​រុញច្រាន​ចិន ​ ឱ្យ​គិត​គូរ​សម្រប​ខ្លួនមើល​ច្បាប់​ពាណិជ្ជកម្ម​របស់ ច្បាប់វិនិយោគ​ខ្លួនផង ទៅ​ច្បាប់​ពាណិជ្ជកម្ម​រៀប​ចំឡើង​ដោយ​ដៃគូ​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក។

លោក អូបាម៉ា អបអរ តែ​អ្នក​ប្រជាធិបតេយ្យបដិសេធ

កិច្ចព្រមព្រៀង​នេះ ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​អូបាម៉ា និង​ដែល​លោក​បាន​ប្រឹង​ការពារ បញ្ចុះបញ្ចូល និង​ការពារ​គ្រប់​បែប​យ៉ាង ធ្វើ​យ៉ាង​ណា​ដើម្បី​​សម្រេច​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ មុន​នឹង​លោកបញ្ចប់​អាណត្តិ។ លទ្ធផល​ជាក់​ស្តែង គឺ​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​នៅ​ថ្ងៃ​នេះ ក្រោម​អំណរ​យ៉ាង​ខ្លាំង​របស់​លោក​អូបាម៉ា  ព្រោះកិច្ចព្រមព្រៀង​នេះ​​បាន​ពង្រឹង​ភាព​ជា​​អ្នក​ដឹកនាំ​របស់​អាមេរិក​នៅ​លើ​ពិភពលោកផង និង​ជា​ការ​គាំទ្រ​ទីផ្សារការងារ​របស់​អាមេរិក​ទៀត។​

បន្ទាប់​មក​ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជា​ធរមាន​បាន សភា​ប្រទេស​ជា​សមាជិក​នីមួយៗ មាន​ពេល​ពីរ​ឆ្នាំ​សម្រាប់​ផ្តល់​សច្ចាប័ន។ ប៉ុន្តែ​​សភា​ ​ ទំនង​ជា​គ្មាន​នរណា​រួស​រាន់​ឡើយ។ ផ្ទុយ​ទៅ​វិញ សភា​និង​ព្រឹទ្ធ​សភា​អាមេរិក មាន​តែ​ការ​បង្កើន​ភាព​ប្រឆាំង​ខ្លាំង​ឡើង​ ព្រោះ​នេះ​ជា​ល្បែង​នយោបាយ ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ចុង​ឆ្នាំ។

ថ្វីបើ​ជា​គោល​ការណ៍ បក្ស​សាធារណរដ្ឋ​ ដែល​ជា​បក្ស​ប្រឆាំង​និង​ជា​បក្ស​គ្រប់គ្រង​សភា​ទាំង​ពីរ គាំទ្រ​រាល់​វិធានការ​សេដ្ឋកិច្ច​បែប​សេរី​និយម​ និង​ធ្លាប់​បាន​ជួយ​រុញ​ច្រាន​ដំណើរ​ការ​បង្កើត​កិច្ចព្រមព្រៀង​មែន តែ​នៅ​ថ្ងៃ​នេះពួក​គេ​គ្មាន​ភាព​បន្ទាន់​អ្វី​ត្រូវ​ប្រញាប់​ទៅ​​ការ​បោះឆ្នោត​គ្រាន់​តែ​ដើម្បី​សម្តែង​ការ​គាំទ្រ ឬ​ប្រឆាំង ឡើយ។

ប្រមុខ​បក្ស​សាធារណរដ្ឋ​​នៅ​ព្រឹទ្ធ​សភា​ ចង់​តែ​ពន្យឺត​ពេលវេលានៃ​ការ​បោះឆ្នោត​នេះ ដោយ​ចាំ​ឱ្យ​សម័យ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្ងៃ​ទី ៨ វិច្ឆិកា ២០១៦ កន្លង​ផុត​ទៅ​សិន។ គឺ​ដូច​​ជា​ប្រើ​វិធី​សាស្ត្រ​ម្យ៉ាង​ ទប់​លោក​អូបាម៉ា កុំ​ឱ្យ​ស្រែក​ឈ្នះ​បាន។

ខាង​បក្ស​ប្រជាធិបតេយ្យ​ ក៏​មិន​គ្រាន់​បើ​ប៉ុន្មាន​ដែរ ! បក្ស​នេះ​ធ្លាប់​ប្រឆាំង​កិច្ចព្រមពៀង​តាំង​ពី​ដើម​មក ដោយ​ក្រុម​សហជីព​ខ្លាច​បាត់​បង់​ទីផ្សារ​ការងារ​។ លោក ប៊ែរនី សិនដឺ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​​កំពុង​ប្រកួត​ប្រជែង​នឹង​លោកស្រី គ្លីនតុន​​ យ៉ាង​ប្រកិត​នៅ​រដ្ឋ​Iowa នោះ​ បាន​ប្រឆាំង​យ៉ាង​ស្វិតស្វាញ​នឹង​គម្រោង​នោះ។ សម្រាប់​លោក​សិនដឺ ធ្វើ​ពាណិជ្ជកម្មជា​ប្រការ​ល្អ តែ​ត្រូវ​ឱ្យ​ជា​ពាណិជ្ជកម្មស្មើភាព ហើយ​TTP មាន​គ្រប់យ៉ាង​ តែ​មិន​ត្រឹម​ត្រូវ"​។

ចំណែក​លោកស្រី​ គ្លីនតុន ដែល​ធ្លាប់​ការពារ​យ៉ាង​មុះមុត​ កិច្ចព្រមព្រៀង​នេះ ក្នុង​សម័យ​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស តែ​នៅ​ថ្ងៃ​នេះ ចង់មិន​ចង់ ក្នុងនាមជា​បេក្ខនារី​ប្រធានាធិបតី លោក​ស្រី ក៏​ត្រូវ​សម្តែង​ការ​ប្រឆាំង​យ៉ាង​មុតមាំ​វិញ​ដែរ។

​បើ​តំណាង​នៅ​ក្រសួង​ពាណិជ្ជកម្មដែល​ ចង់​ឃើញ​អាមេរិក​ផ្តល់​សច្ចាប័ន​ ឱ្យ​បាន​ឆាប់​រហ័ស បាន​បញ្ជក់​ថា ភាព​យឺត​យ៉ាវ​នៃ​ការ​ផ្តល់​សច្ចាប័ន អាច​នឹង​ធ្វើ​ឱ្យ​អាមេរិកខាត​បង់​​ការ​ចំណេញ​ដល់​ជាង​១០០ពាន់​លាន​ដុល្លារ។

ការ​​​រិះគន់​​​កិច្ចព្រមព្រៀង​

ការ​ប្រឆាំង​មាន​នៅ​គ្រប់​ទិស​ទី និង​នៅក្នុង​គ្រប់​ប្រទេស​ជា​សមាជិក​TTP ទាំ​ងអស់​ហ្នឹង ! ព្រោះ​ថ្វី​បើ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​​អន្តរប៉ាស៊ីហ្វិក ត្រូវ​បាន​បង្អួត​បង្ហាញ​ថា ជា​មធ្យោបា​យ​បំប៉ន​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​មែន ប៉ុន្តែ​​សកម្មជន​ និង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន យល់​ថា កិច្ចព្រមពៀង​នេះ នឹងធ្វើ​ឱ្យ​រលាយ​ក្បួន​ច្បាប់​ពាណិជ្ជកម្ម​ជា​ទូទៅ ដោយ​ផ្តល់​ប្រយោជន៍​ខ្លាំង​ទៅ​ឱ្យ​ក្រុមហ៊ុនធំ​ថ្នាក់​ពហុ​ជាតិ​ តែ​ប៉ុណ្ណោះ។

ប្រទេស​តូច​តាច​ជា​ច្រើន​ដូច​ជា​ម៉ាឡេស៊ី ក៏​ធ្លាប់​ធ្វើ​បាតុកម្ម​ញយ​ដង ហើយ​នៅ​ថ្ងៃ​នេះ នៅ​នូវែលហ្សេឡង់ ដើម្បី​ប្រឆាំង​នឹង​ការ​ចុះ​កិច្ចព្រមពៀង បាតុករ​បាន​នាំ​បិទ​ខ្ទប់​ផ្លូវ​ជា​ច្រើន ព្រោះ​បើ​តាម​ពួក​គេ កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ការងារ បាត់បង់​អធិបតេយ្យភាព​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ