អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លែងជាប្រធានាធិបតី ប៉ុន្តែ លោកដូណាល់ ត្រាំ នៅតែប្រឈម​នឹង​នីតិវិធី​ដកតំណែង​នៅ​ព្រឹទ្ធសភា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាង​២ សប្តាហ៍ក្រោយចាកចេញ​ពីសេតវិមាន អតីត​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ លេច​មុខ​ជាថ្មី នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកាំង។ នៅ​ថ្ងៃ​អង្គារ ទី ៩​កុម្ភៈ ព្រឹទ្ធសភា​ត្រូវ​បើកនីតិវិធី ដក​តំណែង​លោកដូណាល់ ត្រាំ។ អតីត​ប្រធានាធិបតី អាមេរិក​ទី​៤៥​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ ដាក់ពាក្យ ប្តឹង ក្នុង​បទ​ចោទប្រកាន់ថា បាន​ញុះញង់​ឲ្យ​មានការបះបោរ ចូល​លុកលុយ វិមាន​កាពីតូល ដែល​បាន​ធ្វើ​ឲ្យមនុស្ស​ស្លាប់ ៥នាក់ កាលពីថ្ងៃ​ទី ៦​មករា​កន្លងទៅ។

លោកដូណាល់ ត្រាំ នៅពេល​ឡើង​ថ្លែង​សុន្ទរកថា នៅមុខ​សេតវិមាន បាននិយាយ​ប្រាប់​អ្នកគាំទ្រ​ឲ្យ​លើកគ្នា​តវ៉ា​នៅមុខ​វិមាន​កាពីតូល ជាទី​ដែល​សភាបោះឆ្នោត​បញ្ជាក់ជ័យជំនះ​របស់លោកចូ បៃដិន នៅថ្ងៃទី ៦​មករា ២០២១
លោកដូណាល់ ត្រាំ នៅពេល​ឡើង​ថ្លែង​សុន្ទរកថា នៅមុខ​សេតវិមាន បាននិយាយ​ប្រាប់​អ្នកគាំទ្រ​ឲ្យ​លើកគ្នា​តវ៉ា​នៅមុខ​វិមាន​កាពីតូល ជាទី​ដែល​សភាបោះឆ្នោត​បញ្ជាក់ជ័យជំនះ​របស់លោកចូ បៃដិន នៅថ្ងៃទី ៦​មករា ២០២១ REUTERS - JIM BOURG
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ក្រុមអ្នកតំណាងរាស្រ្ត​របស់​បក្ស​ប្រជាធិបតេយ្យ បាន​ដាក់ពាក្យ​ជាផ្លូវការ ទៅ​ព្រឹទ្ធសភា នៅថ្ងៃ​ទី ២៥​មករា ដើម្បី ប្តឹង​លោក​ដូណាល់ ត្រាំ ពីបទ ញុះញង់ ឲ្យមានការបះបោរ សម្រុក​ចូល​ក្នុង​វិមានកាពីតូល កាលពី​ថ្ងៃ​ទី ៦​មករា កន្លងទៅ ព្រឹទ្ធសភា​អាមេរិក​បាន​ចាប់ផ្តើម​បើក​នីតិវិធី​ដកតំណែង​របស់​លោក​ដូណាល់ ត្រាំ នៅថ្ងៃអង្គារ​ទី ៩​កុម្ភៈ ២០២១។

ក្រុមមេធាវី​ការពារ​ក្តី​ឲ្យ​លោក​ដូណាល់ ត្រាំ ក៏បាន​ចោទសំណួរនេះផងដែរ។ នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់ព្រឹទ្ធសភា កាលពី​ថ្ងៃ​ចន្ទ មេធាវីទាំង​៣រូប​របស់លោកដូណាល់ ត្រាំ នៅ​បាន​ចាត់ទុកសវនាការ​នៅ​ថ្ងៃ​អង្គារ​នេះ ថា មិន​ស្របច្បាប់ និង​ផ្ទុយពី​រដ្ឋធម្មនុញ្ញ ព្រោះថា លោក​ដូណាល់ ត្រាំ លែង​កាន់អំណាច ជា​ប្រធានាធិបតី​អាមេរិក​ទៀតហើយ។

តើ​នីតិវិធី​ដកតំណែង​លោកដូណាល់ត្រាំ សមស្រប​តាមរដ្ឋធម្មនុញ្ញអាមេរិក​ដែរ​ឬទេ? សវនាការ​នៅព្រឹទ្ធសភា នៅថ្ងៃ​នេះ នឹង​សម្រេចអារកាត់​ថា តើ​នីតិវិធី​ដកតំណែង​របស់លោកដូណាល់ ត្រាំ ស្របតាមច្បាប់ធម្មនុញ្ញា​ដែរឬទេ។ បើសិន​ជា​ផ្ទុយនឹង​រដ្ឋធម្មនុញ្ញ នោះ​សវនាការ​ត្រូវ​បិទបញ្ចប់​នៅថ្ងៃនេះ។ ប៉ុន្តែ បើសិន​ជា​ការបោះឆ្នោត នៅថ្ងៃ​អង្គារ​នេះ សម្រេច​ថា វា​ត្រឹមត្រូវ ស្របតាម​រដ្ឋធម្មនុញ្ញ នោះ​សវនាការដេញដោល​ដើម្បី​ឈាន​ទៅ​ដកតំណែង​របស់​លោកដូណាល់ ត្រាំ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ពុធស្អែក នៅ​ព្រឹទ្ធសភា។

គេ​រំពឹង​រួចទៅហើយ ថា ព្រឹទ្ធសភា នឹង​បោះឆ្នោត ឲ្យ​បើក​សវនាការ ព្រោះថា ព្រឹទ្ធសភា សព្វថ្ងៃ​គ្រប់គ្រង​សំឡេងភាគច្រើន​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​ម្ចាស់បណ្តឹង ប្តឹង​លោកដូណាល់ ត្រាំ។ តាមការយល់ព្រមព្រៀង​រវាង​គណបក្ស​ទាំងពីរ បន្ទាប់ពីក្រុមការពារ​ក្តីទាំងពីរ លើកអំណះអំណាង​រៀងៗខ្លួន នៅ​រាល់​ថ្ងៃ រសៀល​ពេញ​មួយ​សប្តាហ៍​នេះ ព្រឹទ្ធសភា នឹងអាច​សម្រេចពិភាក្សា​បោះឆ្នោត នៅថ្ងៃ​ចន្ទ ឬ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ។

បក្សទាំងពីរ ចង់​ឲ្យ​គេ​ពន្លឿន​សវនាការ​កាត់ទោស​លោកត្រាំ ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ហេតុផល​រៀងខ្លួន។ ខាងគណបក្ស​សាធារណរដ្ឋ​ចង់​ឲ្យបិទបញ្ចប់​រឿងនេះ ឲ្យ​បាន​ឆាប់ ដើម្បី បញ្ចប់ ការបែកបាក់​ផ្ទៃក្នុងបក្ស និង​រូបភាព​មិន​ល្អ​របស់​បក្ស។ ចំណែក​បក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​កាន់អំណាច ចង់​ឲ្យ​សវនាការ ប្រព្រឹត្ត​ទៅ​ឲ្យ​លឿន​ឆាប់ចប់ ដែរ ដើម្បី​ឲ្យ​ព្រឹទ្ធសភា អាច​ពិភាក្សា​បោះឆ្នោត​សំណុំរឿងអាទិភាព ដូចជាច្បាប់ ថវិកា​សម្រាប់​វិបត្តិកូវីដ ឬ​ការតែងតាំង​មន្រ្តី​រដ្ឋាភិបាល របស់​លោក​ចូ បៃដិនជាដើម។

អំណះអំណាង​របស់​គូភាគី​ការពារ​ក្តី​នៅ ព្រឹទ្ធសភាអាមេរិក

នៅមុន​ថ្ងៃ​បើក​សវនាការ​ទៅទៀត ទាំង​រដ្ឋអាជ្ញា ដែល​តំណាង​អ្នកតំណាងរាស្រ្ត​ទាំង ៩រូប ដែល​ជា​ម្ចាស់ដើមបណ្តឹង ហើយនិង​មេធាវី​ការពារ​ក្តី​ឲ្យ​លោកដូណាល់ ត្រាំ បាន​បើក​សង្រ្គាមពាក្យសំដី​រួចទៅហើយ។ នៅ​ថ្ងៃ​ចន្ទម្សិលមិញ មេធាវី ទាំង​៣រូប​របស់លោកដូណាល់ ត្រាំ​បានចោទប្រកាន់​ថា សវនាការ​កាត់ទោស​លោក​ដូណាល់ ត្រាំ ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ ប្រយោជន៍​នយោបាយ​របស់​បក្ស​ប្រជាធិបតេយ្យ។ ពួកគេ​បាន​ទាមទារ​ឲ្យ​ព្រឹទ្ធសភា បញ្ឈប់​សវនាការ ដែល​ពួកគេ​ចាត់ទុកថា ជា​សវនាការ​ដែល​មិន​សមស្រប​តាម​រដ្ឋធម្មនុញ្ញ។ ជា​សវនាការ​ខុសច្បាប់ ​ផ្ទុយ​ពី រដ្ឋធម្មនុញ្ញ ពីព្រោះ លោក​ដូណាល់ ត្រាំ បានក្លាយ​ជា​ប្រជាជនសាមញ្ញម្នាក់ លែងកាន់អំណាច​ជា​ប្រធានាធិបតី​អាមេរិក​ទៀតហើយ។ នៅក្នុង​លិខិតផ្ញើ ទៅកាន់​ព្រឹទ្ធសភា មុន​បើកសវនាការ មេធាវី​របស់លោកដូណាល់ ត្រាំ បាន​ចំអកថា បើកនីតិវិធី​ដកតំណែង​ប្រធានាធិបតី ពីលោកដូណាល់ ត្រាំ នៅពេលនេះ គឺជារឿង គួរ​ឲ្យ​អស់​សំណើច​ខ្លាំងណាស់។

មួយវិញទៀត ក្រុមមេធាវីរបស់​លោកដូណាល់ ត្រាំ​បានទាត់ចោល​ការចោទប្រកាន់ដែល​​ថា លោកដូណាល់ ត្រាំបាន​ញុះញង់​ឲ្យ​មានការបះបោរ​សម្រុកចូល​វិមានកាពីតូល។ សម្រាប់​មេធាវី​របស់លោកដូណាល់ ត្រាំ លោក​ដូណាល់ ត្រាំ​មិនបាន​ជំរុញ ឲ្យគេ​ប្រព្រឹត្តអំពើហិង្សា សកម្មភាព​ខុសច្បាប់​នោះទេ។ លោកដូណាល់ ត្រាំ មិនអាច​ទទួល​ខុសត្រូវ​លើអំពើហិង្សា ដែល​ប្រព្រឹត្ត​ឡើង​ក្រុមឧក្រិដ្ឋជន​មួយក្តាប់តូច ដែលមានចិត្តធ្វើ ដោយខ្លួនឯងនោះទេ។ មេធាវី​របស់​លោកដូណាល់ ត្រាំ បាន​និយាយ​យោងដល់ របាយការណ៍​របស់​ប៉ូលិស​FBI ដែល​ថា គម្រោង លុកលុយ​ចូល​វិមាន​កាពីតូល​របស់ ​ក្រុមស្តាំនិយមជ្រុល​ធ្លាប់​មាន​តាំង​ពីយូរហើយ។

ប៉ុន្តែ រដ្ឋអាជ្ញា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ផាត់ចោល ការលើកឡើង​របស់​ក្រុមមេធាវី​ការពារ​ក្តី ​ឲ្យ​លោកដូណាល់ ត្រាំ ដោយ​បាន​អះអាងថា គេ​មានភស្តុតាង​ច្រើនអនេក​សម្រាប់បញ្ជាក់ថា លោកដូណាល់ ត្រាំ បាន​ញុះញង់​ឲ្យ​មាន​អំពើហិង្សា វាយ សម្រុក​ចូលទៅក្នុង​វិមាន​កាពីតូល ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៥នាក់​ស្លាប់ កាលពី​ថ្ងៃទី ៦​មករា។

ទី១ លោកដូណាល់ ត្រាំ បាន​និយាយ​បញ្ចុះបញ្ចូល​ឲ្យគេ​ជឿថា លោកចាញ់ឆ្នោត ដោយសារ​មានការលួចបន្លំសន្លឹកឆ្នោត។ លោក​ដូណាល់ ត្រាំ និងក្រុមឃោសនា​របស់លោក​បាន​និយាយ​អស់ជាច្រើន​សប្តាហ៍ថា មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​បាន​បដិសេធ​មិនទទួល​ជ័យជំនះ​របស់​លោកចូ បៃដិន រហូតមក។

ទី ២ រដ្ឋអាជ្ញាមកពី​បក្ស​ប្រជាធិបតេយ្យ នឹង​បង្ហាញ​រូបភាពវីដេអូ​ដែលនៅក្នុង​នោះ លោកដូណាល់ ត្រាំ បាន​ថ្លែង នៅ មុខ​សេតវិមាន ដោយ​និយាយ​ប្រាប់ អ្នកគាំទ្រ​របស់លោក ឲ្យ​លើកគ្នា ទៅ បញ្ចេញ សំឡេង​តវ៉ា ទៅ​វិមានកាពីតូល ជាទី​ដែល​សភាអាមេរិក​កំពុង​បោះឆ្នោត បញ្ជាក់ជ័យជំនះ​របស់លោកចូ បៃដិន។

លោក​ដូណាល់ ត្រាំ អាចនឹង​បាត់សិទ្ធិ មិនអាចឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី ឆ្នាំ ២០២៤

លោក​ដូណាល់ ត្រាំ បានក្លាយ​ជា​ប្រធានាធិបតីដំបូងគេ ក្នុង​ប្រវត្តិសាស្រ្ត អាមេរិក ដែល​ត្រូវ​ប្រឈម​នឹង​ការដកតំណែង​ដល់​ទៅ ២ដង។ រងចោទប្រកាន់​ថា បាន​រំលោភអំណាច នៅក្នុង​សំណុំរឿង​អ៊ុយក្រែន លោកដូណាល់ ត្រាំ ត្រូវ​បាន​ព្រឹទ្ធសភា សម្រេច​ឲ្យរួចខ្លួន នៅឆ្នាំ ២០២០។ ប៉ុន្តែ ព្រឹទ្ធសភា​អាមេរិក​ដដែល ត្រូវ​បើក​សវនាការ​ថ្មីមួយ​នៅ​ថ្ងៃ​នេះ ដែលនៅក្នុង​នោះ លោកដូណាល់ ត្រាំ រងការចោទប្រកាន់​ថា បាន​ញុះញង់​ឲ្យ​មាន​ការបះបោរ សម្រុកចូល​ដោយ​ហិង្សា ក្នុង​វិមាន​កាពីតូល។

បើសិន លោកដូណាល់ ត្រាំ ត្រូវរកឃើញថា បាន​ប្រព្រឹត្តកំហុស​ដូចការចោទប្រកាន់ នោះការបោះឆ្នោត​របស់​ព្រឹទ្ធសភា ដើម្បី ថ្កោលទោស​​លោកដូណាល់ ត្រាំ នឹងមានសិទ្ធិអំណាច រារាំង​មិន​ឲ្យ​លោកដូណាល់ ត្រាំ អាច​ឈរឈ្មោះ សម្រាប់​មុខតំណែង​សាធារណៈ ជាពិសេស នឹង​ហាម​រារាំង​មិន​ឲ្យ​លោកដូណាល់ ត្រាំ​អាច​ឈរឈ្មោះសាជាថ្មី សម្រាប់​បេក្ខជន​ប្រធានាធិបតី នៅ​ឆ្នាំ ២០២៤។ នេះហើយ​ជា​គោលដៅ​ធំបំផុត​របស់ បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ចូ បៃដិន។

ដើម្បី​ឲ្យព្រឹទ្ធសភា​បោះឆ្នោត​ប្រឆាំង​លោកដូណាល់ ត្រាំ យ៉ាងដូច្នេះ បាន បក្ស​ប្រជាធិបតេយ្យ ត្រូវការ​សំឡេង ចំនួន​១៧ ពី​ខាង បក្ស​សាធារណរដ្ឋ ដើម្បី​អាច​ឲ្យមាន​សំឡេង​ភាគច្រើន​លើសលុប។ ប៉ុន្តែ គេរំពឹងថា លើកនេះ លោកដូណាល់ ត្រាំ ដូចលើកមុន​នឹង​អាច​រួចផុត​ពីការដាក់ទោស ព្រោះថា មាន​សមាជិក​បក្ស​សាធារណរដ្ឋជាច្រើន នៅតែ​គាំទ្រ មិន​ចង់​ឲ្យគេ​ដាក់ទោស​លោកដូណាល់​ត្រាំនោះទេ៕

នៅមាន​សវនាការ​ប្តឹងផ្តល់ច្រើនទៀត​កំពុង​រង់ចាំលោកដូណាល់ ត្រាំ

បើទោះជា​រួចខ្លួន​ពីនីតិវិធី​ដកតំណែង​នៅព្រឹទ្ធសភា លើកនេះ ប៉ុន្តែ លោកដូណាល់ត្រាំ ត្រូវ​នៅ​ប្រឈម​នឹង​សវនាការចោទប្រកាន់​ជាច្រើនទៀត។

លោកដូណាល់ ត្រាំ ដែលនៅពេលនេះ​បានក្លាយ​ជា​ប្រជាជន​អាមេរិកាំង​សាមញ្ញម្នាក់ កំពុង​ប្រឈម​ផងដែរ​នឹង​ការចោទប្រកាន់ រឿង ក្លែងបន្លំ ពន្ធ បោកប្រាស់​ផ្នែក​ធានារ៉ាប់រង នៅ​តុលាការ​ក្រុង​Manhatan ជាដើម។ រដ្ឋអាជ្ញា​បាន​ដាក់ពាក្យ​ប្តឹង​រួចហើយ លោកដូណាល់ ត្រាំ ពីបទបន្លំគេចមិនបង់ពន្ធ នៅក្រោយ គេរកឃើញថា លោកដូណាល់ ត្រាំ ចាប់តាំង​ពី​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក បាន​បង់ពន្ធ​តែ ៧៥០​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ការរកស៊ី រាប់សិបឆ្នាំ​កន្លងមក គឺ​លោកមិនដែល​បានបង់ពន្ធទេ​ក្នុង​ហេតុផល​ថា ធ្វើជំនួញខាតបង់។

នៅពេលលោកដូណាល់ ត្រាំ នៅធ្វើ​ជា​ប្រធានាធិបតី លោកបានបដិសេធ មិន​បង្ហាញ ឯកសារ​បង់ពន្ធ​ជាផ្លូវការ​នោះទេ។​ ប៉ុន្តែ ពេលនេះ លោក​ជា​ប្រជាជន​សាមញ្ញ លោក​ពិបាក​នឹង​រកស្នៀត ប្រើ​អំណាច ដើម្បីអាច​គេច​ពីសំណាញ់​ច្បាប់​បាន​ទៀតនោះទេ៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ