អានតួអត្ថបទ
ដូណាល់ត្រាំ-ហិង្សានៅវិមានកាពីតូល

សមាជិកសភាគណបក្សសាធារណរដ្ឋគាំទ្រការបោះឆ្នោតដកតំណែងលោកដូណាល់ត្រាំ

ក្រោយ​ពីលោក​ម៉ៃ ផិន បដិសេធ​មិនដកតំណែង​លោក​ដូណាល់ ត្រាំ តាមនីតិវិធីចែង​ក្នុង​វិសោធនកម្មទី២៥​នៃ​រដ្ឋធម្មនុញ្ញ រដ្ឋសភា​អាមេរិក​​នឹង​បោះឆ្នោតនៅថ្ងៃ​ពុធ​នេះ ដើម្បី​អនុម័ត​លើ​បទចោទប្រកាន់ ឈាន​ទៅ​ដកតំណែង​លោក​ដូណាល់ ត្រាំ តាមនីតិវិធី Impeachment។ នៅមុនការ​បោះឆ្នោត​នេះ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​យ៉ាងតិច​ចំនួន ៣រូប ក្នុងនោះ​មាន​ទាំង​មន្រ្តី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ម្នាក់ផង បាន​ឲ្យដឹង​ថា ពួកគេ​នឹង​បោះឆ្នោត​គាំទ្រ​​ការ​ដកតំណែង​លោក​ដូណាល់ ត្រាំ។

លោក​ដូណាល់ ត្រាំ នៅ​ក្នុង​អំឡុង​ពេល​ថ្លែង​សន្ទុរកថា ជំរុញ​ឲ្យ​អ្នកគាំទ្រ​លោក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​លទ្ធផលបោះឆ្នោតផ្លូវការ​នៅវិមាន​រដ្ឋសភា ថ្ងៃទី៦ មករា ២០២១
លោក​ដូណាល់ ត្រាំ នៅ​ក្នុង​អំឡុង​ពេល​ថ្លែង​សន្ទុរកថា ជំរុញ​ឲ្យ​អ្នកគាំទ្រ​លោក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ប្រកាស​លទ្ធផលបោះឆ្នោតផ្លូវការ​នៅវិមាន​រដ្ឋសភា ថ្ងៃទី៦ មករា ២០២១ AP - Evan Vucci
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិតផ្លូវការ​ផ្ញើ​ទៅ​ប្រធានរដ្ឋសភា កាល​ពីថ្ងៃ​អង្គារ លោក​ម៉ៃ ផិន​ បាន​បដិសេធ​មិន​ដក​តំណែង​លោក​ដូណាល់ ត្រាំ ទៅតាម​នីតិវិធី ចែង​ក្នុង​វិសោធនកម្ម​ទី២៥​នៃ​រដ្ឋធម្មនុញ្ញ (25th Amendment) ដូចជាការទាមទារ​របស់​រដ្ឋសភា​នោះទេ។

ហេតុដូច្នេះហើយ​បាន​ជា ដូចការ​គ្រោងទុក រដ្ឋសភា​នឹងបោះឆ្នោត​ថ្ងៃ​ពុធ​នេះ ដើម្បី​​អនុម័ត​លើ​បទ​ចោទប្រកាន់ ឈាន​ទៅ​ដក​តំណែង​លោក​ដូណាល់ ត្រាំ តាម​នីតិវិធី​មួយ​ទៀត ដែល​គេ​ហៅ​ថា Impeachment ដោយការបោះឆ្នោត​នេះ​ត្រូវ​គេ​គ្រោង​ធ្វើ​នៅម៉ោង ៣រសៀល​ថ្ងៃពុធ ម៉ោង​នៅ​រដ្ឋធានីវ៉ាស៊ីងតោន ត្រូវ​នឹង​ម៉ោង ៣រំលងអធ្រាត​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការចោទប្រកាន់​លើ​លោកដូណាល់ ត្រាំ​ ពីបទ​ថា បាន​ញុះញង់​ឲ្យ​ប្រព្រឹត្តអំពើ​បះបោរ នៅ​វិមាន​កាពីតូល​ ដែល​គេ​គ្រោង​អនុម័ត​នេះ បាន​ទទួល​នូវ​ការគាំទ្រ​ជាទូទៅ​ពី​សំណាក់​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ក្នុងពេល​ជាមួយគ្នា ក៏មាន​ដែរ​ការ​គាំទ្រ​ពី​សំណាក់​សមាជិក​ខ្លះ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ជាពិសេស គឺ​លោកស្រី លីស ឆេនី (Liz Cheney) កូនស្រី​លោក​អតីត​អនុប្រធានាធិបតី ឌីក ឆេនី និង​ជា​មេដឹកនាំ​ជាន់ខ្ពស់​លំដាប់ទី៣ នៃ​ក្រុមសមាជិករដ្ឋសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ។

គួររំឭកឡើងវិញ​ថា លោក​ដូណាល់ ត្រាំ ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ចោទប្រកាន់ ក្នុង​នីតិវិធី Impeachment នេះ​ម្តងរួចមកហើយ កាល​ពី​ឆ្នាំ២០១៩​កន្លងទៅ ក៏ប៉ុន្តែ នៅ​ពេលនោះ ព្រឹទ្ធសភា ដែល​កាន់កាប់ដោយ​គណបក្ស​សាធារណរដ្ឋ​បោះឆ្នោត​បដិសេធ​មិន​ដក​តំណែង។

នៅ​ពេលនេះ គឺ​ជា​លើកទី២ ដែល​លោក​ដូណាល់ ត្រាំ ត្រូវ​ប្រឈម​នឹង​ការ​ដកតំណែង​តាម​នីតិវិធី Impeachment ដែល​ជា​រឿង​មិនធ្លាប់មាន​ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក។ ក៏ប៉ុន្តែ បើ​ទោះជា​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​នៅរដ្ឋសភា​អាច​អនុម័ត​បទចោទប្រកាន់​លើ​លោក​ដូណាល់ ត្រាំ ដោយ​គ្មាន​បញ្ហា តែ​គេនៅតែ​មិនទាន់ដឹង​នៅឡើយទេ​ថា តើ​ព្រឹទ្ធសភា​ពិតជា​នឹង​អាចរក​សំឡេង​គ្រប់គ្រាន់ ដើម្បី​អនុម័ត​ដក​តំណែង​លោក​ដូណាល់​ ត្រាំ​បាន​ដែរ​ឬ​ក៏​យ៉ាងណា?​ ដោយ​គេ​ដឹង​ថា យោងតាម​ចំនួន​អាសនៈ​នៅ​ព្រឹទ្ធសភា​នៅពេលនេះ គណបក្ស​ប្រជាធិបតេយ្យ​​ត្រូវការ​សំឡេង​គាំទ្រ​ពី​សមាជិកព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ​យ៉ាងតិច ១៧រូប ទើប​​បាន​សំឡេង ២ភាគ៣ អាច​​ដកតំណែង​លោក​ដូណាល់ ត្រាំ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ