អានតួអត្ថបទ
វ៉ាក់សាំង AstraZeneca

វ៉ាក់សាំង​AstraZeneca​ គ្មាន​ប្រសិទ្ធិភាព​លើ​មេរោគកូវីដ​បំប្លែងខ្លួនថ្មី​មកពី​អាហ្វ្រិកខាងត្បូង

ជាវ៉ាក់សាំង​លក់ក្នុង​តម្លៃថោក និង​ងាយស្រួល​ស្តុក ដឹកជញ្ជូន វ៉ាក់សាំង​របស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca​នឹង​គ្មាន​ប្រសិទ្ធិភាព ទប់ទល់​នឹង​មេរោគកូវីដ បំប្លែងខ្លួន​ថ្មី ដែលមាន​ប្រភព​មក​ពី អាហ្វ្រិក​ខាងត្បូង​នោះទេ។ នេះបើតាម​ប្រធានក្រុមស្រាវជ្រាវ​របស់​សកលវិទ្យាល័យ Oxford ដែល​សហការផលិតវ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន​AstraZeneca។ មាន​ប្រទេស​ជាច្រើន  បាន​ផ្តល់​អាជ្ញាបណ្ណ ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង របស់​ក្រុមហ៊ុន AstraZeneca ប៉ុន្តែ នៅ ក្នុង​រង្វង់សហភាព​អឺរ៉ុប អាជ្ញាធរ​សុខាភិបាល​ណែនាំ​ឲ្យគេ​ចាក់​វ៉ាក់សាំង AstraZeneca​សម្រាប់​មនុស្ស​ដែលមានអាយុ ក្រោម ៦៥ឆ្នាំ ដោយសារ​ថា គេគ្មាន​តួលេខ​ច្បាស់​ដែល​បង្ហាញ​ថា វ៉ាក់សាំង មាន​ប្រសិទ្ធិភាព​សម្រាប់​មនុស្ស​ចាស់ ដែល​មានអាយុ លើស​ពី​៦៥ឆ្នាំឡើងទៅ។ 

ដបវ៉ាក់សាំង​AstraZeneca ដែលគេ​ប្រើសម្រាប់យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅអង់គ្លេស នៅថ្ងៃទី ៤​កុម្ភៈ ២០២១
ដបវ៉ាក់សាំង​AstraZeneca ដែលគេ​ប្រើសម្រាប់យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅអង់គ្លេស នៅថ្ងៃទី ៤​កុម្ភៈ ២០២១ REUTERS - PETER CZIBORRA
ផ្សាយពាណិជ្ជកម្ម

ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី​អាមេរិក ខាង​មាន​ប្រជាជន​ទទួល​បាន​វ៉ាក់សាំង​បង្ការកូវីដ​ច្រើនជាងគេ ក្នុង​ពិភពលោក ប្រមាណ ១១​លាននាក់ អង់គ្លេស​នៅមិនទាន់​ធូរស្រាល​ចិត្ត​ទាំងស្រុង​នោះទេ។ ក្រោយ​រដ្ឋាភិបាល ចាប់ផ្តើម​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ផលិត​ក្នុងស្រុក AstraZeneca អ្នកដឹកនាំ​ការសិក្សា​ថ្មី​របស់​ក្រុមហ៊ុន​ AstraZeneca​បានអះអាងថា វ៉ាក់សាំង AstraZeneca​ដែល​ងាយស្រួល​ស្តុក ដឹកជញ្ជូន និង​មាន​តម្លៃ​ថោក គ្មាន​ប្រសិទ្ធិភាព​ទៅលើ​មេរោគបំប្លែងខ្លួនថ្មី ដែល​មាន​ប្រភពមកពី​អាហ្វ្រិក​ខាងត្បូង​នោះទេ។

ប្រឈម​នឹង​មេរោគបំប្លែងខ្លួន​ថ្មី​មកពី អាហ្រ្វិកខាងត្បូង ដែល​គេ​រកឃើញ​មាន​ជាង១០០​ករណី​នៅ ទឹកដី អង់គ្លេស ក្រុមហ៊ុន​ AstraZeneca បាន​ធ្វើការសិក្សា​ថ្មី ទៅលើ​ក្រុមមនុស្ស ២ពាន់នាក់ ដើម្បី ចង់ដឹងថា តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព​ទប់ទល់​នឹង​មេរោគបំប្លែងខ្លួនថ្មី ដែលមាន​ប្រភពមក​ពីអាហ្វ្រិកខាងត្បូង ដែរឬទេ។ ការសិក្សា​ដែល​ត្រូវ​ចេញផ្សាយ​ជាផ្លូវការ ​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញថា វ៉ាក់សាំង AstraZeneca​គ្មាន​ប្រសិទ្ធិភាព ប្រឆាំង​មេរោគបំប្លែងខ្លួនថ្មី មកពីអាហ្វ្រិកខាងត្បូង​នោះទេ ប៉ុន្តែ វា​អាច​ជួយទប់ទល់ កុំ​ឲ្យ​ស្ថានភាពអ្នកជំងឺ​ធ្លាក់ធ្ងន់ធ្ងរ ត្រូវចូល​សម្រាកព្យាបាល នៅមន្ទីរពេទ្យ ឬ នៅ​បន្ទប់សង្រ្គោះបន្ទាន់។

ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អង់គ្លេស BBC លោក​Andrew Pollard សាស្ត្រាចារ្យផ្នែក​ជំងឺឆ្លង និង​ប្រព័ន្ធភាពស៊ាំ និង​ជា​ប្រធាន​ក្រុមអង្កេត លើ​ការសាកល្បង​វ៉ាក់សាំង AstraZeneca​បាន​និយាយ​ថា ការសិក្សា​បញ្ជាក់​កាន់​តែ​ច្បាស់ថា ជំងឺរាតត្បាត​កូវីដ ១៩ នឹង​នៅតែ​អាច​រកផ្លូវ ទៅ​ឆ្លង​អ្នកដែល​ទទួល​បាន​វ៉ាក់សាំង រួចហើយ។ នេះជារឿង​ដែលគេ​ធ្លាប់​រំពឹងថា នឹង​អាចកើតមាន។

សម្រាប់ សាស្រ្តាចារ្យ Sarah Gilbert ដែល​ជា​ប្រធានក្រុមសា្រវជា្រវ​វ៉ាក់សាំងOxford ដែលរួម​សហការជាមួយ​ AstraZeneca ​ថ្វីបើវ៉ាក់សាំង AstraZeneca មិនអាច​ការពារ​ពីការឆ្លងមេរោគបំប្លែងខ្លួន​កូវីដ មក​ពី អាហ្វ្រិកខាងត្បូង ប៉ុន្តែ ប្រសិទ្ធិភាព​របស់​វា ដើម្បី​កុំ​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺខ្លាំង នឹង​ទៅ​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ មួយចំណែកដែរ។ មួយវិញទៀត មន្ទីរពិសោធន៍​របស់​សកលវិទ្យាល័យ​Oxford និង​ក្រុមហ៊ុន​ AstraZeneca​កំពុង​សិក្សាបន្ថែម ដើម្បី អាច​ផលិត​វ៉ាក់សាំង ថ្មី ដែល​អាច​ប្រឆាំង នឹង​មេរោគ​បំប្លែងខ្លួន មកពីអាហ្វ្រិកខាងត្បូង ដែល​នឹង​អាច​ចេញរូបរាង នៅ​អំឡុង​រដូវក្តៅខាងមុខ។

ប្រឈម​នឹង​មេរោគបំប្លែងខ្លួន​ថ្មី មាន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer Moderna និង AstraZeneca​ដែលមាន​ប្រសិទ្ធិភាព ទប់ទល់​នឹង​មេរោគបំប្លែងខ្លួន មកពីអង់គ្លេស។ ប៉ុន្តែ មាន​តែ Pfizer ប៉ុណ្ណោះ​ដែលអះអាង​ថា វ៉ាក់សាំង របស់ខ្លួន​មាន​ប្រសិទ្ធិភាព ទប់ទល់​នឹង​មេរោគបំប្លែងខ្លួន មកពី​អាហ្វ្រិកខាងត្បូង ចំណែក​ក្រុមហ៊ុន​Moderna ធ្លាប់​បាន​ប្រកាសថា ខ្លួនកំពុង​អភិវឌ្ឍ​វ៉ាក់សាំង​ប្រភេទថ្មី សម្រាប់​ប្រឆាំង​មេរោគបំប្លែងខ្លួនថ្មី មកពីអាហ្វ្រិកខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ