អានតួអត្ថបទ
មេរោគបំប្លែងខ្លួន​ថ្មីអង់គ្លេស

រដ្ឋាភិបាល​អង់គ្លេស​ថា មេរោគកូវីដ​បំប្លែងខ្លួនថ្មី អាច​សម្លាប់មនុស្ស​ច្រើនជាង​មេរោគ​ទម្រង់ដើម

រដ្ឋាភិបាល​អង់គ្លេស បានបញ្ជាក់កាលពី ថ្ងៃ​ម្សិលមិញ​ថា មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី ដែល​មាន​ប្រភព​កើតចេញ​ពី​អង់គ្លេស មិន​ត្រឹមតែ​ឆ្លងលឿនរហ័ស តែប៉ុណ្ណោះទេ ប៉ុន្តែ វា​អាច​គ្រោះថ្នាក់ សម្លាប់​មនុស្ស​ច្រើនជាង មេរោគ​កូវីដ ទម្រង់ដើម។ ជាមួយ​មនុស្ស​ស្លាប់​សរុប ជាង ៩ម៉ឺននាក់ ដោយសារ​ជំងឺកូវីដ​១៩ អង់គ្លេស​ជា​ប្រទេស​នាំមុខ​គេ​នៅ​អឺរ៉ុប ខាង​មាន​មនុស្ស​ស្លាប់ច្រើន​ដោយសារ​ជំងឺរាតត្បាត​កូវីដ។ 

នាយករដ្ឋមន្រ្តីអង់គ្លេស​បូរីស ចនសុន បាន​ថ្លែងបញ្ជាក់ ​នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​សុក្រទី ២២​មករា មេរោគបំប្លែងខ្លួន​ថ្មី មិនត្រឹមតែ​ឆ្លងលឿន ប៉ុន្តែ អាច​គ្រោះថ្នាក់​សម្លាប់មនុស្ស​ច្រើនជាង​មេរោគកូវីដ​ទម្រង់ដើម ដែល​ចេញ​មកពីប្រទេស​ចិន។
នាយករដ្ឋមន្រ្តីអង់គ្លេស​បូរីស ចនសុន បាន​ថ្លែងបញ្ជាក់ ​នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​សុក្រទី ២២​មករា មេរោគបំប្លែងខ្លួន​ថ្មី មិនត្រឹមតែ​ឆ្លងលឿន ប៉ុន្តែ អាច​គ្រោះថ្នាក់​សម្លាប់មនុស្ស​ច្រើនជាង​មេរោគកូវីដ​ទម្រង់ដើម ដែល​ចេញ​មកពីប្រទេស​ចិន។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត កាលពីល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ នាយករដ្ឋមន្រ្តី អង់គ្លេស បូរីស​ ចនសុន បាន​ទម្លាក់កំហុស​ទៅលើ​មេរោគកូរ៉ូណា​បំប្លែងខ្លួន​ថ្មី ថា ជាអ្នកធ្វើ​ឲ្យ​រលកទី​២​នៃ​ជំងឺកូវីដ​១៩ នៅ​ប្រទេស​អង់គ្លេស​ធ្លាក់ចុះ ដុនដាបខ្លាំង។

បើតាម ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស មេរោគកូវីដ បំប្លែង​ខ្លួន​ថ្មី មិនត្រឹមតែ​ឆ្លងលឿន​ជាង​មេរោគទម្រង់ដើម ពី ៣០ ទៅ ៧០% ប៉ុន្តែ ភស្តុតាង​មួយចំនួន បាន​បង្ហាញ​ថា មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី មានជាប់ទាក់ទង​នឹង​អត្រាមរណភាព​ខ្ពស់​របស់​អ្នកជំងឺកូវីដ។

នៅក្នុង​សន្និសីទ​កាសែត​ជាមួយ លោក​បូរីស ចនសុន លោក​Patrick Vallance ទីប្រឹក្សា​វិទ្យាសាស្រ្ត​របស់​រដ្ឋាភិបាល​អង់គ្លេស បាន​ពន្យល់ថា ក្នុង​ចំណោម​អ្នកជំងឺកូវីដ ទម្រង់ដើម ចំនួន ១០០០​នាក់ ដែល​មាន​អាយុ ៦០ឆ្នាំ​ មាន​១០​នាក់ ដែល​អាច​ធ្លាក់​ខ្លួន​ស្លាប់។ ប៉ុន្តែ ក្នុង​ចំនួន មនុស្ស​១០០០ពាន់​នាក់​ដូចគ្នា ដែល​បាន​ឆ្លងមេរោគកូវីដ បំប្លែង​ខ្លួន​ថ្មី មាន​មនុស្ស​ពី ១៣ ទៅ ១៤​នាក់ អាចស្លាប់​បាត់បង់ជីវិត។

តាម ទីប្រឹក្សា​វិទ្យាសាស្រ្ត​របស់​រដ្ឋាភិបាល​អង់គ្លេស យ៉ាងណាក៏ដោយ គេនៅ​មានភាពស្រពិចស្រពិល​ច្រើន​ទាក់ទង​នឹង​តួលេខ​ខាងលើ។ ប្រធាន​ផ្នែក​សុខភាព​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក លោក Michael Ryan បាន​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​នៅមិនទាន់​បាន​ព័ត៌មាន​ថ្មី ស្តីពី មេរោគកូវីដ បំប្លែងខ្លួន​ថ្មី ឬ​មេរោគ​កូវីដ​អង់គ្លេស​នៅឡើយទេ។ អង្គការ​សុខភាព​ពិភពលោក ក៏នៅ​មិនទាន់​កត់សំគាល់​ឃើញថា មេរោគបំប្លែងខ្លួន​ថ្មី គ្រោះថ្នាក់​សម្លាប់មនុស្ស​ជាង​មេរោគ​ដើមដែរ។ អ្វីដែល គេ​បាន​សង្កេត​ឃើញ​រហូតមកដល់​ពេលនេះ គឺ ថា បើសិន មនុស្ស​កាន់តែ​ច្រើន​ឆ្លង​ជំងឺកូវីដ នោះ មនុស្ស​កាន់តែ​ច្រើន​ដែល ធ្លាក់ខ្លួន​ឈឺធ្ងន់។ បើសិន​មនុស្ស​ច្រើន​ធ្លាក់​ខ្លួន​ឈឺធ្ងន់ នោះ ចំនួន​មនុស្ស​ស្លាប់​នឹង​មានច្រើន។

រកឃើញ​ដំបូង នៅ​ខែ​កញ្ញា ​នៅ​ភាគ​អាគ្នេយ៍ របស់​អង់គ្លេស មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី ដែល​គេវាយតម្លៃថា ឆ្លងលឿន រហ័ស​ជាង​មេរោគកូរ៉ូណា ទម្រង់ដើម បាន​ឆ្លងរាលដាល​ទៅ​ក្នុង​ប្រទេស​ជាង ៦០ នៅក្នុង​ពិភពលោក ដែល​រួម​មានទាំង​ប្រទេស​ចិនផង។

នៅ​ប្រទេស​អង់គ្លេស ជាទី ដែល​មេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី បាន​លុកលុយ នាំមុខ​មេរោគចាស់ មន្ទីរពេទ្យជាច្រើន ចាប់​ច្រាល​ដោយ​អ្នកជំងឺ​កូវីដ ជិត​៤ម៉ឺននាក់ (៣៨​៥៦២នាក់)។ តាមតួលេខ​របស់​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ ជំងឺកូវីដ១៩​បាន​សម្លាប់ ជាង​១៤០០នាក់ ក្នុង​រយៈពេល តែ​មួយ​ថ្ងៃ​ព្រហស្បតិ៍  ដែល​ធ្វើ​ឲ្យ​អង់គ្លេស​មាន​អ្នកស្លាប់​សរុប ៩៥ ៩៨១នាក់ ដែល​ជា​តួលេខ​ដ៏ខ្ពស់ ជាងគេ នៅក្នុង​ចំណោម​ប្រទេស​អឺរ៉ុប។

ប្រឈម​នឹង​ការគំរាមកំហែង​របស់​មេរោគកូវីដ​បំប្លែងខ្លួន​ថ្មី រដ្ឋាភិបាល​អង់គ្លេស​បាន​ជំរុញ យុទ្ធនាការ​ចាក់វ៉ាក់សាំង ខ្លាំងក្លា​ជាងគេ ដោយ​ចាក់​បាន​មនុស្ស ជាង ៥លាននាក់ គិត ចាប់តាំង​ពី​ដើម​ខែ​ធ្នូមក។ អ្វីដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​អង់គ្លេស នៅ មានសង្ឃឹម គឺ​វ៉ាក់សាំង​ដែល​គេ​បាន​ចាក់ជូន​ប្រជាជន​អង់គ្លេស នៅមានប្រសិទ្ធិភាព​នៅឡើយ ទៅលើ​មេរោគបំប្លែងខ្លួនថ្មី ឬ​មេរោគអង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ