អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរអ៊ីរ៉ង់ ៖ តេហេរ៉ង់ពិចារណាសំណើរបស់អឺរ៉ុបទៅជួបប្រជុំជាមួយអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អញ្ជើញ​ទៅ​ដល់​ក្រុង​តេហេរ៉ង់​នៅ​ថ្ងៃសៅរ៍​ទី ២០ កុម្ភៈ ម្សិលមិញ នាយកទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (AIEA) លោក រ៉ាហ្វាអែល ហ្ក្រូស៊ី (Rafael Grossi) ត្រូវ​ជួប​ពិភាក្សា​ជាមួយ​​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អ៊ីរ៉ង់ ជា​ច្រើនរូប​ ​នៅ​ថ្ងៃអាទិត្យ​ទី ២១​កុម្ភៈ​នេះ។ ជា​ទស្សនកិច្ច​ដែលប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​មុន​ការ​ចាប់​អនុវត្ត​សេចក្តី​សម្រេច​​​សភាស្តី​ពីការ​កំរិត​​កិច្ចសហប្រតិបត្តិការ​អ៊ីរ៉ង់​ជាមួយស្ថាប័ន​អន្តរជាតិ។​

នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA លោក Rafael Grossi ទទូលស្វាគមន៍​ដោយ​អ្នកនាំពាក្យ​ក្រសួង​ថាមពល​បរមាណអ៊ីរ៉ង់​នៅ​អាកាសយានដ្ឋាន​ក្រុង​តេហេរ៉ង់​ថ្ងៃទី ២០កុម្ភៈ ២០២១
នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA លោក Rafael Grossi ទទូលស្វាគមន៍​ដោយ​អ្នកនាំពាក្យ​ក្រសួង​ថាមពល​បរមាណអ៊ីរ៉ង់​នៅ​អាកាសយានដ្ឋាន​ក្រុង​តេហេរ៉ង់​ថ្ងៃទី ២០កុម្ភៈ ២០២១ AP
ផ្សាយពាណិជ្ជកម្ម

នាយកទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិលោក រ៉ាហ្វាអែល ហ្ក្រូស៊ី (Rafael Grossi) ​ត្រូវ​បញ្ចប់​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅក្នុង​បរិបទការទូត​​ដ៏​រសើប​បំផុត។ សហរដ្ឋអាមេរិកទើបបាន​បង្ហាញ​កាយវិការ​សម្របសម្រួល​ប្រកប​ដោយ​និម្មត្តរូប​ដាក់​ក្រុង​តេហេរ៉ង់ ដោយ​ប្រកាសថា​ត្រៀម​លក្ខណៈ​ចរចា​ដើម្បី​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​វិញ។ សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ប្រធានបទ​នៃ​ជំនួប​ប្រជុំ​អន្តរជាតិ​ពីរ​នា​ចុង​សប្តាហ៍​នេះ​ផង។

បើ​ទោះ​បី​​សភា​អ៊ីរ៉ង់​បាន​អនុម័ត ​​កំរិត​កិច្ចសហប្រតិបត្តិការ​អ៊ីរ៉ង់​ជាមួយ​ភ្នាក់ងារ​អន្តរជាតិ​មែន ប៉ុន្តែ​សេចក្តី​សម្រេច​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ២៣​កុម្ភៈ ខាន​ស្អែក ហើយ​បើ​តាម​ប្រសាសន៍​របស់​ប្រធាន​អង្គការ​ថាមពលបរមាណូអ៊ីរ៉ង់ លោក អាលី អាក់បា សូលេហ៊ី អ៊ីរ៉ង់​នឹង​មិន​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាអ៊ីអឺអា ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិនេះ​ទេ និង​ក៏មិន​បណ្តេញ​ក្រុម​អធិការ​នៃ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ដែរ។ អធិការកិច្ច​ដែល​មានចែងក្នុង​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​ដែល​អាមេរិក​ក្រោមការដឹកនាំ​របស់​លោក​​ដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញជា​ឯកតោភាគី។

បើ​តាម​លោក​ ហ្ក្រូស៊ី ដែល​បាន​ជួបជាមួយ​អ្នកទទួល​ខុស​ត្រូវ​អ៊ីរ៉ង់​ជា​ច្រើន​រូប​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កិច្ចពិភាក្សា​ផ្តោត​ជា​សំខាន់​ទៅ​លើការ​ស្វែង​រក​ដំណោះស្រាយ​យ៉ាងណា ឱ្យ​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ នៅ​តែអាច​បន្ត​ធ្វើ​អធិការកិច្ចផ្ទៀងផ្ទាត់​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​បាន​ដដែល និង​​ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន​ទាំង​អស់គ្នា។ ចំណែក​ប្រធាន​គ្រប់គ្រង​ថាមពលបរមាណូ​អ៊ីរ៉ង់ បានបញ្ជាក់​បន្ថែម​ថា អ្វីដែល​មានធានា​​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ត្រូវ​លើក​មកពិចារណា​និង​ពិភាក្សា។

​អ៊ីរ៉ង់​ ​កំពុង​ពិចារណា

បើ​តាម​សេចក្តី​ប្រកាសរបស់​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក អាបាស អារ៉ាក់ហ្ស៊ី Abbas Araqchi ​អ៊ីរ៉ង់​ដាច់ខាត​មិន​គោរព​តាម​ពិធីសារ​ព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ទេ។ មាន​ន័យ​ថា​អ៊ីរ៉ង់​នឹង​កំរិត​សកម្មភាព​របស់​ក្រុម​អធិការ​កិច្ច​នៃទីភ្នាក់ងារអាអ៊ីអឺអា​។ ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ លោក​អនុរដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​ដដែល បាន​អះអាង​អឺរ៉ង់​កំពុងពិចារណា​អំពី​សំណើ​របស់​សហភាព​អឺរ៉ុប ដែល​ចង់​រៀបចំ​ជំនួប​ប្រជុំក្រៅ​ផ្លូវការ​មួយ​ រវាង​ក្រុមប្រទេស​ហត្ថលេខី​នៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ​២០១៥ គឺ បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន និង​រុស្ស៊ី ព្រមទាំង​ភាគីអ៊ីរ៉ង់​ផ្ទាល់ ឯ​សហរដ្ឋ​អាមេរិក​ បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​ភ្ញៀវ ព្រោះកាលពី​ឆ្នាំ ២០១៨​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ជាឯកតោភាគី​ទៅ​ហើយ។

អ៊ីរ៉ង់​កំពុង​សិក្សា​សំណើ​នេះ និង​ផ្តល់​ចម្លើយ​នៅក្នុង​ពេលឆាប់ៗ ក្រោយ​ពី​បាន​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​ចិន​និងរុស្ស៊ី​សិន។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ដដែល ដែល​បាន​ព្រលយ​ទៀត​ថា ការវិល​ត្រលប់​របស់​សហរដ្ឋ​អាមេរិកមក​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥  មិន​ចាំបាច់​ត្រូវ​មានប្រជុំ​ក្រៅផ្លូវការ​អ្វី​ទេ ឱ្យ​អាមេរិក​ព្រម​លើក​ទណ្ឌកម្ម​ដាក់​ដោយ​ប្រធានាធិបតី​​​ដូណាល់ ត្រាំ ចេញវិញទៅ អ៊ីរ៉ង់​​នឹងត្រលប់​មក​គោរពជា​ថ្មី​ តាម​កិច្ចសន្យាមិន​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​វិញ​ហើយ។ សម្រាប់​ប្រមុខ​ការ​ទូតអ៊ីរ៉ង់ ជំនួប​ប្រជុំ​បច្ចេកទេសប្រហែល​ជា​​ចាំ​បាច់ ដើម្បីសម្រួលយន្តការ​ឱ្យ​អាមេរិក​និង​អ៊ីរ៉ង់​បានធ្វើ​អ្វី​ស្របគ្នា។

បាក់មុខ

​បន្ទាប់​ពី​បានបង្ហាញ​ទន់​ភ្លន់​បោះដៃ​រក​អ៊ីរ៉ង់ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប​សហការ​ជាមួយ​អាមេរិក​ ដើម្បី​ឆ្លើយ​តបទៅ​នឹងទង្វើ​​គ្មានស្ថិរភាព​របស់​អ៊ីរ៉ង់។ លោក​ចង់​មាន​កិច្ចសហប្រតិបត្តិការ​ស្អិត​ល្មួត​ជាមួយ​សម្ព័ន្ធមិត្ត ស្តី​អំពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់នេះ។ តែ​អាមេរិក​គ្មាន​គម្រោង​លើក​ទណ្ឌកម្ម ឬ​ចេញ​ក្រិត្យ​ប្រធានាធិបតី​អ្វី​សម្រាប់​ការ​វិលត្រលប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ មុន​ការ​ជួប​ប្រជុំ​ជាមួយ​មហាអំណាចជាមិត្ត​​មានពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ និង​ជាមួយ​អ៊ីរ៉ង់​ទេ។

អាមេរិក​និង​អ៊ីរ៉ង់​សុទ្ធ​តែ​មិន​ចង់​ចាប់​ផ្តើម​មុន​ដូច​គ្នា ដូច្នេះ​​អឹរ៉ុប​ត្រូវ​រក​វិធី​យ៉ាង​ណា​ឱ្យ​​ភាគី​ទាំងពីរ​បាន​ចូល​គ្នា​វិញ និង​ដោយ​មិន​បាក់​មុខ ហើយ​អាចផ្តល់ជីវិត​ថ្មី​ ពន្លឺថ្មី​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជាមួយ​មហា​អំណាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ