អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌា​នឹងផ្អាក​ការនាំចេញ​វ៉ាក់សាំង AstraZeneca ស្របពេល​ដែល​អឺរ៉ុប​រឹតបន្តឹង ការនាំចេញ​វ៉ាក់សាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចំណោទ ខ្វះខាត​វ៉ាក់សាំង បង្ការ​ជំងឺកូវីដ ក្នុងទឹកដី អឺរ៉ុប ដោយសារ​តែ​ការបញ្ជូន​យឺតយ៉ាវ និង​មិន​គ្រប់ចំនួន​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca នឹង​ស្ថិត​ក្នុង​របៀបវារៈ ពិភាក្សា​នាំមុខគេ នៅក្នុង​ជំនួបកំពូល​អឺរ៉ុប ដែលត្រូវ​បើកធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ចំណែក​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង នៅ ឥណ្ឌា​ ទើប​បាន​ប្រកាស​ផ្អាក​ការបញ្ជូន​វ៉ាក់សាំង ទៅ ឲ្យ​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ផ្គត់ផ្គង់​ជា​អាទិភាព តម្រូវការ​ចាក់វ៉ាក់សាំង​ក្នុង​ប្រទេស​ឥណ្ឌា។

យន្តការ​កូវ៉ាក់ ពឹងអាស្រ័យ​ខ្លាំង​លើ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ ឥណ្ឌា​ក្រោម​ឈ្មោះថា Covishields។ អង្គការ​យូនីសេហ្វ​បាន​អះអាងថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌា បាន​សរសេរ​ជូនដំណឹងថា ការប្រគល់​វ៉ាក់សាំង​ទៅ​ឲ្យ​យន្តការ​កូវ៉ាក់​នឹង​យឺត​នៅខែ​មីនា និង​មេសា ឆ្នាំ ២០២១
យន្តការ​កូវ៉ាក់ ពឹងអាស្រ័យ​ខ្លាំង​លើ​វ៉ាក់សាំង AstraZeneca ដែល​ផលិត​នៅ ឥណ្ឌា​ក្រោម​ឈ្មោះថា Covishields។ អង្គការ​យូនីសេហ្វ​បាន​អះអាងថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌា បាន​សរសេរ​ជូនដំណឹងថា ការប្រគល់​វ៉ាក់សាំង​ទៅ​ឲ្យ​យន្តការ​កូវ៉ាក់​នឹង​យឺត​នៅខែ​មីនា និង​មេសា ឆ្នាំ ២០២១ REUTERS - TIKSA NEGERI
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កាលៈទេសៈ​ដែល​អឺរ៉ុប​កំពុង​ប្រឈម​នឹង​រលកទី​៣​នៃជំងឺរាតត្បាត​កូវីដ រួមផ្សំ​នឹង យុទ្ធនាការ​ចាក់វ៉ាក់សាំង យឺតយ៉ាវ ដែលមួយ​ចំណែក ​បណ្តាល​មក​ពី​ការផ្គត់ផ្គង់ វ៉ាក់សាំង មិនគ្រប់ចំនួន​ពីក្រុមហ៊ុន AstraZeneca គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ពង្រឹង​ការត្រួតពិនិត្យ លើ​ការនាំចេញ​វ៉ាក់សាំង ដែលផលិត​ឡើង​នៅទឹកដី អឺរ៉ុប។

ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុង​ទឹកដី អឺរ៉ុប គណៈកម្មការ​អឺរ៉ុប​ធ្លាប់​បាន​បង្កើត​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ ការនាំចេញ​វ៉ាក់សាំង​ពី ទឹកដី អឺរ៉ុប ម្តងហើយ កាលពី​ខែ​មករា។ ប៉ុន្តែ នៅ​ថ្ងៃ​ពុធ គណៈកម្មការ​បាន​ទៅ​ពង្រឹង​យន្តការត្រួតពិនិត្យ មួយកម្រិត​បន្ថែមទៀត។

កន្លងមក សហភាព​អឺរ៉ុប​បាន​អនុគ្រោះ​ការនាំចេញ​វ៉ាក់សាំង ទៅកាន់​ប្រទេស​ជិតខាង ឬ​សម្ព័ន្ធមិត្ត​របស់​អឺរ៉ុប ប្រមាណ ១៦ ដែលមាន​ដូចជា​ស្វ៊ីស ន័រវែស ឬ​អ៊ីស្រាអែល ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វីទេ។ មានន័យថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ក្នុង​ទឹកដី អឺរ៉ុប អាច​នាំវ៉ាក់សាំង​បង្ការជំងឺកូវីដ ទៅ​កាន់ប្រទេស​ទាំងនោះ ដោយមិនចាំ​មានការសុំ​អនុញ្ញាត​ពីគណៈកម្មការ​អឺរ៉ុបនោះទេ។ រហូតមកដល់​ពេលនេះ ប្រទេស​អឺរ៉ុប​បានអនុញ្ញាត​ឲ្យ​នាំចេញ​វ៉ាក់សាំង ៤៣លានដូស ទៅ​កាន់តែ  ប្រទេស ចំនួន ៣៣។

ប៉ុន្តែ ទៅតាម​វិធានការ​រឹតបន្តឹង​ថ្មី ការនាំចេញ​វ៉ាក់សាំង ត្រូវ​ឆ្លងការ​អនុញ្ញាត​ពី ប្រទេស​ម្ចាស់ផ្ទះ និង​គណៈកម្មការ​អឺរ៉ុប​ជាមុនសិន។ អ៊ីតាលី​ជាដើម ធ្លាប់​បាន​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ AstraZeneca នាំវ៉ាក់សាំង ជាង ២សែន​ដូស​ទៅ​អូស្ត្រាលី ដោយសារ​តែ​ហេតុផល​ខ្វះ វ៉ាក់សាំង ក្នុងទឹកដី អឺរ៉ុប។ តាម​គណៈកម្មការ​អឺរ៉ុប វិធានការ​រឹតបន្តឹង ការនាំចេញ​វ៉ាក់សាំង នឹងមិនទៅ​ប៉ះពាល់​ដល់​ការនាំចេញ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ក្រីក្រ ឬ​សម្រាប់​យន្តការ​កូវ៉ាក់​នោះទេ។ ការពង្រឹង​យន្តការ​ត្រួតពិនិត្យ ការនាំចេញ​វ៉ាក់សាំង ផ្តោត​សំខាន់ ធានា​កុំ​ឲ្យ​វ៉ាក់សាំង ត្រូវ​នាំចេញ​ទៅកាន់​ប្រទេស​ដែល​អាច​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​រួចហើយ។ ​ប្រទេស​ណា​ដែល មានការចាក់វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន​បាន​ច្រើន​រួចហើយ ឬ​ប្រទេស​ណា​ដែល​មិន​សូវ​មាន​បញ្ហា​ឆ្លងរាលដាល​ជំងឺកូវីដ ខ្លាំង​ដូច​នៅក្នុង​ទឹកដីអឺរ៉ុប។ វិធានការ​របស់​គណៈកម្មការ​អឺរ៉ុប​ទំនង​ផ្តោត​ខ្លាំង​តែ​ទៅលើ​វ៉ាក់សាំង AstraZeneca​ដែល​ផលិត​ឡើង​នៅ​ទឹកដី អឺរ៉ុប ដូចជា នៅ​ប្រទេស​បែលហ្ស៊ិក​និង​ហូឡង់។

អាជ្ញាធរ​អ៊ីតាលី បាន​រកឃើញ​វ៉ាក់សាំង AstraZeneca ប្រមាណ ២៩លាន​ដូស ស្តុកទុក​ក្នុង​រោងចក្រ​អ៊ីតាលី

ជាមួយ​វិធានការ​រឹតបន្តឹង លើ​ការនាំចេញ វ៉ាក់សាំង​ពីទឹកដីអឺរ៉ុប អាជ្ញាធរ​អ៊ីតាលី​បាន​រកឃើញ វ៉ាក់សាំង ២៩លាន​ដូស ដែល​គេ​ស្តុកទុក​នៅ រោងចក្រ​មួយកន្លែង​នៅ​ប្រទេស​អ៊ីតាលី។ ត្រូវ​ដឹងថា ការផលិត​វ៉ាក់សាំង AstraZeneca ​គឺ​មាន​តែ​នៅ ប្រទេស​បែលហ្ស៊ិក និង​ហូឡង់ ចំណែក រោងចក្រ​នៅ​អ៊ីតាលី មាននាទីត្រឹម​ចាក់ច្រកដប និង​បិទខ្ទប់ តែប៉ុណ្ណោះ។

នៅក្រោយ ចូល​រឹបអូស វ៉ាក់សាំង​នៅ អ៊ីតាលី ក្រុមហ៊ុន AstraZeneca ​បាន​ចេញ​មុខ​និយាយ​ថា តាមពិត​វ៉ាក់សាំង ២៩លាន​ដូស មាន ១៦លាន​ដូស សម្រាប់​ការផ្គត់ផ្គង់ នៅអឺរ៉ុប ចំណែក ១៣​លាន​ដូស សម្រាប់ យន្តការ​កូវ៉ាក់​ដែល​ត្រូវ​ចែកចាយ​បន្ត​ទៅ​កាន់​ប្រទេស ក្រីក្រ ដែល​មាន​ប្រាក់ចំណូល​ទាប។ ការលើកឡើង របស់​ក្រុមហ៊ុន AstraZeneca មិនបានធ្វើ​ឲ្យ​ភាគី​អឺរ៉ុប​ជឿទុកចិត្តនោះទេ។ ការមិនជឿទុកចិត្ត​របស់អឺរ៉ុប ទៅ លើ​ក្រុមហ៊ុន​អង់គ្លេស ស៊ុយអែត AstraZeneca​មាន​កាន់តែ​ខ្លាំង នៅក្រោយ ការរកឃើញ​វ៉ាក់សាំង AstraZeneca​នៅ​ក្នុង​រោងចក្រ​អ៊ីតាលី។ មិនទុកចិត្ត ព្រោះ​ក្រុមហ៊ុន​គ្មាន​តម្លាភាព ជាមួយ​អឺរ៉ុប​នោះទេ។ អឺរ៉ុប​សង្ស័យថា ក្រុមហ៊ុន​ AstraZeneca​មាន​គោលដៅ លួចលាក់ ចង់​នាំយក​វ៉ាក់សាំង ទៅ​កាន់ប្រទេស​ដទៃ ដោយ​មិន​ព្រម​ប្រគល់​ឲ្យអឺរ៉ុប ដើម្បី​គោរព​តាម​សន្យា​របស់ខ្លួននោះទេ។ ក្រុមហ៊ុន​អង់គ្លេស​ស៊ុយអែត AstraZeneca​ធ្លាប់​បានសរសេរ ក្នុង​កិច្ចសន្យា​ថា ខ្លួន​នឹង​ប្រគល់​វ៉ាក់សាំង ១២០​លាន​ដូស​ឲ្យអឺរ៉ុប​នៅ ត្រីមាស​ទី១។ ប៉ុន្តែ នៅ​ខែនេះ ក្រុមហ៊ុន​ថា អាច​ប្រគល់​តែ ៣០លាន​ដូស​ប៉ុណ្ណោះ។ ប៉ុន្តែ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ AstraZeneca​បាន​ប្រគល់​វ៉ាក់សាំង តែ ១៩​លាន​ដូស​ប៉ុណ្ណោះ​ឲ្យ​អឺរ៉ុប។ ដោយសារ​តែ​បន្ថយ​វ៉ាក់សាំង សម្រាប់​អឺរ៉ុប និង​នាំចេញ​ទៅ​តែ​អង់គ្លេស នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អឺរ៉ុប ខឹង​ខ្លាំង រហូត​ត្រូវ រឹតបន្តឹង​ការនាំចេញ​វ៉ាក់សាំង ចេញ​ពី​ទឹកដី​អឺរ៉ុប នៅពេលនេះ។

ឥណ្ឌា​ផ្អាក​ការនាំចេញ​វ៉ាក់សាំង​របស់ខ្លួន ដើម្បី ផ្តល់​អាទិភាព ដល់​ការចាក់វ៉ាក់សាំង ក្នុង​ស្រុក

ដំណឹង​ផ្អាក​ការនាំចេញ​វ៉ាក់សាំង AstraZeneca​ចេញពី ទឹកដី ឥណ្ឌា ចេញ​មកពី​ខាង​ក្រុមហ៊ុន​ឥណ្ឌា Serum Institute of India (SII) ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ដ៏ធំជាងគេ​ក្នុង​ពិភពលោក ដែល​បាន​ជូន​ដំណឹងនេះ​ទៅ​អង្គការ​យូនីសេហ្វ។

តាម​អង្គការ​យូនីសេហ្វ ដែល​ជា​អ្នកប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters កាលពី ថ្ងៃ​ពុធ ក្រុមហ៊ុន​ឥណ្ឌាបាន​ជូនដំណឹង​ទៅ​អង្គការ​យូនីសេហ្វ ដែល​ជា​អ្នកដឹកជញ្ជូន​ចែកចាយ​វ៉ាក់សាំង​របស់​យន្តការ​កូវ៉ាក់ថា ក្រុមហ៊ុន​នឹង​ផ្អាក​ការនាំចេញ វ៉ាក់សាំង AstraZeneca ផលិត​នៅ ឥណ្ឌា ក្រោម​ឈ្មោះ Covishield សម្រាប់​យន្តការ​កូវ៉ាក់ រហូត​ដល់​ចុងខែ មេសា។ យន្តការ​កូវ៉ាក់​បាន​ចុះ​កិច្ចសន្យា​ទិញ វ៉ាក់សាំង ជាង ១ពាន់​លានដូស ពី​ក្រុមហ៊ុន​ឥណ្ឌា SII (វ៉ាក់សាំង AstraZeneca និង​វ៉ាក់សាំង Novavax )សម្រាប់​ការចែកចាយ​ដល់​ប្រទេស​ក្រីក្រ។ រហូតមកដល់ពេលនេះ យន្តការ​កូវ៉ាក់ បាន​ទទួល​វ៉ាក់សាំង ១៧,៧លានដូស​ពី ក្រុមហ៊ុន ឥណ្ឌា ក្នុង​ចំណោម ៦០,៥លាន​ដូស ដែល​ក្រុមហ៊ុន​នាំចេញ​ទៅ បរទេស។

តាម​វិបសៃតិ៍​របស់​ក្រសួងការបរទេស​ឥណ្ឌា ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​Reuters គ្មាន​ការនាំចេញ វ៉ាក់សាំងពី ឥណ្ឌា ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​កាលៈទេសៈ​ដែល​ឥណ្ឌា ត្រូវ​ពង្រឹង ការចាក់វ៉ាក់សាំង ដើម្បី​ទប់ទល់​នឹង​ជំងឺកូវីដ នៅក្នុង​ប្រទេស។

តាម​វិទ្យាស្ថាន​Serum Institute of India (SII)​ដែល​ជាអ្នកផលិត​វ៉ាក់សាំង ច្រើនជាងគេ ក្នុង​ពិភពលោក គេ​ត្រូវ​ផ្អាក​ការនាំចេញ វ៉ាក់សាំង AstraZeneca ឬ​Covishield ទៅ​បរទេស នៅ ខែ មីនា និង​ខែ មេសា ព្រោះ ក្រុមហ៊ុន​ត្រូវធ្វើតាម​ការទាមទារ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ចង់​ជំរុញ យុទ្ធនាការ​ចាក់វ៉ាក់សាំង ក្នុងប្រទេស​ឥណ្ឌា។

ឥណ្ឌា​សព្វថ្ងៃ​ចាក់វ៉ាក់សាំង​ឲ្យប្រជាជន​ខ្លួន បានជាង ៥២លាននាក់ ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា ដែល​គ្រោង​ចាក់​វ៉ាក់សាំងប្រជាជន​របស់ខ្លួន ឲ្យ​បាន ៦០០លាននាក់ ពីពេល​នេះ​រហូត​ដល់​ខែ កក្កដា ត្រូវ​ការពង្រឹង​បង្កើន ការចាក់វ៉ាក់សាំង ជាពិសេស នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន ដែល​ការឆ្លងកូវីដ កំពុងកើនឡើង​ខ្លាំង​នៅ​ឥណ្ឌា។

ក្រុមហ៊ុន​ឥណ្ឌា​អាច​ផលិត​វ៉ាក់សាំង ប្រមាណ ពី ៦០ ទៅ ៧០​លាន​ដូស ក្នុង​មួយខែ ហើយ​មួយផ្នែក​ធំសម្រាប់​នាំចេញ​ទៅបរទេស និង​ជាពិសេស​សម្រាប់​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភពលោក។

នៅមុន​យន្តការ​កូវ៉ាក់ ការនាំចេញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ឥណ្ឌា SII​សម្រាប់​ប្រទេស​អង់គ្លេស ម៉ារ៉ុក ប្រេស៊ីល និង​អារ៉ាប៊ី សាអូឌីត បាន​ថយចុះ ដោយសារ​មាន​បញ្ហា​ក្នុង​ការផលិត។

ការផ្អាកនាំចេញ វ៉ាក់សាំង​រយៈពេល ជាង ១ខែ របស់​ក្រុមហ៊ុន​ឥណ្ឌា នឹង​ប៉ះពាល់​ខ្លាំង មួយជាន់​បន្ថែមទៀត ដល់​យុទ្ធនាការ​ចាក់វ៉ាក់សាំង ក្នុង​ប្រទេស​ក្រីក្រ ដែល​ពឹងផ្អែក​លើ​យន្តការ​កូវ៉ាក់។

អង់គ្លេស​រងប៉ះពាល់​មុនគេ ដោយសារ​វិធានការ​រឹតបន្តឹង​ការនាំចេញ​វ៉ាក់សាំង​ពី​ឥណ្ឌា និង​ទឹកដី អឺរ៉ុប

អង់គ្លេស គឺ​ជា​ផ្ទាំងស៊ីប​រងប៉ះពាល់​ខ្លាំងជាង​គេ ដោយសារ​វិធានការ​រឹតបន្តឹង ការនាំចេញ​វ៉ាក់សាំង​ពីទឹកដី អឺរ៉ុប។ អង់គ្លេស ដែល​កំពុង​នាំមុខ​គេ ខាង​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន ច្រើន នៅបន្ទាប់ពី អ៊ីស្រាអែល នឹង​អាច​ជួបការលំបាក ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង របស់ខ្លួន ព្រោះថា ទោះបី​អង់គ្លេស​អាច​ផលិត​វ៉ាក់សាំង AstraZeneca បាន​ក្នុង​ទឹកដី របស់ខ្លួន តែ​អង់គ្លេស​នៅត្រូវការ​វ៉ាក់សាំង ដែល​ផលិត​នៅ ទឹកដី​អឺរ៉ុប ដូចជា​វ៉ាក់សាំង AstraZeneca និង​វ៉ាក់សាំង Pfizer។

សម្រាប់​អឺរ៉ុប គេ​ចាំបាច់​ត្រូវ​ចាត់វិធានការ រឹតបន្តឹង​ការនាំចេញ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ដែល​អាច​ផលិត​វ៉ាក់សាំង បានដោយ​ខ្លួនឯង ដូចជា​អង់គ្លេសជាដើម។ រហូតមក មាន​វ៉ាក់សាំង ប្រមាណ ១០លាន ដែល​ផលិត​ឡើង​នៅ ទឹកដី អឺរ៉ុប ត្រូវ​បាន​នាំចេញ ទៅ​ប្រទេសអង់គ្លេស ប៉ុន្តែ ភាគី​អឺរ៉ុបវិញ តវ៉ាថា រោងចក្រ AstraZeneca នៅ​ទឹកដី អង់គ្លេស មិនដែល​បញ្ជូន​វ៉ាក់សាំង ១ដូស​មក​ឲ្យ​អឺរ៉ុប​វិញនោះទេ នោះបើទោះបី ជា​តាម​កិច្ចសន្យា ក្រុមហ៊ុន​AstraZeneca សន្យា​ថា នឹង​ប្រើ​វ៉ាក់សាំង ផលិត​នៅ​ទឹកដី​អង់គ្លេស សម្រាប់​ផ្គត់ផ្គង់ ឲ្យ​ប្រទេស​អឺរ៉ុប​ក៏ដោយ។

តាម​ក្រុមហ៊ុន​AstraZeneca នៅក្នុង​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស ក្រុមហ៊ុន​អាច​មាន​សិទ្ធិ​នាំចេញ​វ៉ាក់សាំង​ពីអង់គ្លេស តែក្នុង​កាលៈទេសៈ ណា​ដែល ការប្រើប្រាស់​ក្នុង​ស្រុកគ្រប់គ្រាន់ រួចហើយ។ ម្យ៉ាងទៀត នៅក្នុង​កិច្ចសន្យា​ជាមួយ​អឺរ៉ុប គេ​ក៏បាន​ចែងដែរថា វ៉ាក់សាំង ផលិត​នៅ​អង់គ្លេស​អាច​បញ្ជូន​ទៅ​អឺរ៉ុប នៅពេល​អង់គ្លេស មាន​វ៉ាក់សាំង គ្រប់គ្រាន់​សម្រាប់ការចាក់វ៉ាក់សាំង​ក្នុង​ស្រុក។

អង់គ្លេស នៅ​ត្រូវការ​ចាំបាច់​វ៉ាក់សាំង AstraZeneca​ពី​ខាង​ទឹកដី អឺរ៉ុប នៅ បន្ទាប់​ពីក្រុមហ៊ុន​ឥណ្ឌា បាន​ប្រាប់​អង់គ្លេស គេ​យឺតយ៉ាវ មិនអាច​​ការផ្គត់ផ្គង់ វ៉ាក់សាំង AstraZeneca ប្រមាណ ៥លានដូស តាមកាលកំណត់ នៅ​ខែ មីនានេះ។ អង់គ្លេស បាន​ចុះ​កិច្ចសន្យា​ទិញ​វ៉ាក់សាំង ១០លាន​ដូស ពី ក្រុមហ៊ុន​ឥណ្ឌា។ អង់គ្លេស​បាន​ទទួល​វ៉ាក់សាំង ៥លាន​រួចហើយ ពី​ឥណ្ឌា ប៉ុន្តែ នៅ ថ្ងៃទី ១៨​មីនា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នៅ ឥណ្ឌា Serum Institute of India បាន​ប្រាប់​អង់គ្លេស ថា សម្រាប់​វ៉ាក់សាំង​៥លាន​ដូស​ដែលនៅ​សល់ ក្រុមហ៊ុន​នឹង​ប្រគល់​ឲ្យ​អង់គ្លេស​យឺតពេលបន្តិច។

នៅ​ចំពោះ មុខការដាក់​សម្ពាធ​ពី​ខាង​អឺរ៉ុប អង់គ្លេស ដំបូងឡើង​បាន​ដំឡើង​សំឡេង រិះគន់ និង​ព្រមាន​ពីផលវិបាក ការសងសឹក តបអឺរ៉ុប ដែល​នឹង​អាច​ជំរុញ ឲ្យ​មានការខ្វះខាត​វត្ថុធាតុដើម ឧបករណ៍​សម្រាប់ផលិត​វ៉ាក់សាំង។ ប៉ុន្តែ ក្រោយ​មក​នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​បន្ថយ​ភាពតានតឹង ដើម្បីជៀសវាង​ការប្រឈមទល់មុខ រវាង​ប្រទេស​ជិតខាងទាំងពីរ។

នៅថ្ងៃ​ម្សិលមិញ អង់គ្លេស និង​សហភាព​អឺរ៉ុប នៅទីបំផុត បានចេញ​សេចក្តីថ្លែងការណ៍​រួម ថា ភាគី​ទាំងពីរ នឹង​រក​ដំណោះស្រាយ​មួយ ដើម្បី​ផលប្រយោជន៍​ភាគីទាំងពីរ ព្រោះ​ថា អ្នកណាក៏រងគ្រោះដោយសារតែ​វិបត្តិជំងឺកូវីដនេះដែរ ហើយ​វ៉ាក់សាំង បង្ការកូវីដ ជា​ទ្រព្យ​សាធារណៈ ដែល​អ្នកណា​ក៏គួរ​ត្រូវ​ទទួលបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ