អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

AstraZeneca​៖ តើ​សហភាពអឺរ៉ុប និង​អង់គ្លេស​កំពុង​ផ្ទុះសង្រ្គាម​ដណ្តើម​វ៉ាក់សាំងគ្នា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ប៉ះសំដី​គ្នា នៅបន្ទាប់ពី​សហភាព​អឺរ៉ុប​ព្រមាន​បិទខ្ទប់​ការនាំចេញ​វ៉ាក់សាំង AstraZeneca ដែល​ផលិតឡើង​ក្នុងទឹកដី អឺរ៉ុប។ សហភាព​អឺរ៉ុប​ត្រូវ​សម្រេចរឿង​បិទខ្ទប់ ការនាំចេញ​វ៉ាក់សាំង​ AstraZeneca​នៅក្នុង​ជំនួបកំពូល​អឺរ៉ុប​ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ចុងសប្តាហ៍នេះ។

វ៉ាក់សាំង AstraZeneca​នៅ​មុខ​ទល់ជាតិ​សហភាពអឺរ៉ុប។ នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៥មីនា ២០២១ សហភាព​អឺរ៉ុប​ត្រូវ​សម្រេចថា តើ​ត្រូវ​ហាម​លែង​ឲ្យ​នាំចេញ​វ៉ាក់សាំង បង្ការកូវីដ ដែល​ផលិត​នៅ​ទឹកដី អឺរ៉ុប​។ ការសម្រេច​របស់​របស់​សហភាព​អឺរ៉ុប​នឹង​អាច​ប៉ះពាល់​ដល់​អង់គ្លេស ដែល​កំពុង​ទន្ទឹងរង់ចាំ វ៉ាក់សាំង​ពី​រោងចក្រ​ផលិត​វ៉ាក់សាំង AstraZeneca ដែលមាន​ទីតាំង​នៅប្រទេស​ហូឡង់
វ៉ាក់សាំង AstraZeneca​នៅ​មុខ​ទល់ជាតិ​សហភាពអឺរ៉ុប។ នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៥មីនា ២០២១ សហភាព​អឺរ៉ុប​ត្រូវ​សម្រេចថា តើ​ត្រូវ​ហាម​លែង​ឲ្យ​នាំចេញ​វ៉ាក់សាំង បង្ការកូវីដ ដែល​ផលិត​នៅ​ទឹកដី អឺរ៉ុប​។ ការសម្រេច​របស់​របស់​សហភាព​អឺរ៉ុប​នឹង​អាច​ប៉ះពាល់​ដល់​អង់គ្លេស ដែល​កំពុង​ទន្ទឹងរង់ចាំ វ៉ាក់សាំង​ពី​រោងចក្រ​ផលិត​វ៉ាក់សាំង AstraZeneca ដែលមាន​ទីតាំង​នៅប្រទេស​ហូឡង់ REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ អាទិត្យ នាយករដ្ឋមន្រ្តី អង់គ្លេស បូរីស ចនសុន បាន​បង្កើន​កិច្ចសន្ទនា​តាមទូរស័ព្ទ ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​បារាំង អាល្លឺម៉ង់ ហូឡង់ និង​បែលហ្ស៊ិក​ជាដើម កុំ​ឲ្យ​ចាត់វិធានការ​បិទខ្ទប់​ការនាំចេញ​វ៉ាក់សាំង AstraZeneca។

នាយករដ្ឋមន្រ្តី​អង់គ្លេស សម្រុកចរចា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​បណ្តាប្រទេស​សមាជិក​សហភាព​អឺរ៉ុប នៅមុន​ពេល​សហភាព​អឺរ៉ុប​ត្រូវ​បើកជំនួបកំពូល នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៥​មីនា ដើម្បី សម្រេចថា នៅក្នុង​កាលៈទេសៈ​ដែល​អឺរ៉ុប​កំពុង​ខ្វះវ៉ាក់សាំង ដោយសារ​តែ​ការផ្គត់ផ្គង់​យឺតយ៉ាវ និង​មិន​គ្រប់ចំនួន​ពីក្រុមហ៊ុន​ផលិត​វ៉ាក់សាំង តើ​អឺរ៉ុប ត្រូវ បិទខ្ទប់​ការនាំចេញ វ៉ាក់សាំង ដែល​ផលិត​នៅទឹកដី​អឺរ៉ុប​ដែរឬទេ។

នៅ​ពេល​បារាំង អាល្លឺម៉ង់ និង​អ៊ីតាលី គាំទ្រ​វិធានការ​បិទខ្ទប់​វ៉ាក់សាំង ដែល​ផលិតឡើង​នៅ​ទឹកដី​អឺរ៉ុប នៅក្នុង​បរិបទ ដែល​ក្រុមហ៊ុន​ AstraZeneca​ផ្គត់ផ្គង់ វ៉ាក់សាំង​មិន​គ្រប់ចំនួន​ឲ្យអឺរ៉ុបនោះ ប្រទេស​ហូឡង់ និង​បែលហ្ស៊ីក ដែល​តាំងទី រោងចក្រ​ផលិត​វ៉ាក់សាំង ក្នុង​ទឹកដី របស់ខ្លួន មាន​អរិភាព និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​រួម ណាមួយ ដើម្បី ឲ្យ​ប៉ះពាល់ប្រយោជន៍​របស់​គ្រប់ភាគី។

ដោយសារ​តែ​ក្រុមហ៊ុនអង់គ្លេស ស៊ុយអែត នៅតែ​យឺតយ៉ាវ និង​ផ្គត់ផ្គង់​វ៉ាក់សាំង AstraZeneca មិន​គ្រប់តាម​ចំនួន​កុម្ម៉ង់ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅរ៍ ថា សហភាព​អឺរ៉ុប​នឹង​អាច​បិទខ្ទប់​ការនាំចេញ​វ៉ាក់សាំង AstraZeneca ​ដែល​ផលិត​ក្នុង​ទឹកដី អឺរ៉ុប​វិញ។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស​បាន​ចេញ​មុខ ព្រមាន​សហភាព​អឺរ៉ុប​ពីផលវិបាក បើសិន ចាត់វិធានការ​បិទខ្ទប់​មិន​ឲ្យ​នាំចេញ​វ៉ាក់សាំង AstraZeneca ​ចេញពីទឹកដីអឺរ៉ុបមែន។

អង់គ្លេសភ័យខ្លាច ខ្វះវ៉ាក់សាំង សម្រាប់​ចាក់ដូស​ទី ២​ឲ្យប្រជាជន​របស់ខ្លួន

អង់គ្លេស ចូលខ្លួន​មកពាក់ព័ន្ធ លើកនេះ ដោយសារ​ថា ការសម្រេច​ណាមួយ​របស់សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​អាច​ប៉ះពាល់​ដល់​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ក្នុង​ប្រទេស​អង់គ្លេស។ នៅក្នុង​ជំនួបកំពូល អឺរ៉ុប នៅថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​ប្រទេស​សមាជិក​ទាំង ២៧​របស់​សហភាព​អឺរ៉ុប​ត្រូវ​សម្រេច​ថា តើ​គេ​ត្រូវ រារាំង ការនាំចេញ​វ៉ាក់សាំង AstraZeneca​ដែល​ផលិត​នៅ ទឹកដី អឺរ៉ុប​ដែរឬទេ។ សហភាព​អឺរ៉ុប​កំពុងផ្តោតទៅលើ​ការផលិត​វ៉ាក់សាំង AstraZeneca នៅ រោងចក្រ មួយកន្លែង ឈ្មោះ Halix ក្នុង​តំបន់​Leyde ក្នុង​ប្រទេស​ហូឡង់ ដែលមាន​ស្តុក​ទុក​វ៉ាក់សាំង AstraZeneca​១៥លានដូស និង​ដែល​មាន​សមត្ថភាព ផលិត​វ៉ាក់សាំង AstraZeneca ៥លានដូស ក្នុង​មួយខែ។

តាម​ក្រុមហ៊ុន​ AstraZeneca រោងចក្រ ក្នុង​ប្រទេស​ហូឡង់ ត្រូវ​ផលិត​វ៉ាក់សាំង សម្រាប់​ការផ្គង់ផ្គង់​នៅប្រទេស​អង់គ្លេស ហើយនិង​សហភាព​អឺរ៉ុប។ ប៉ុន្តែ ដោយសារ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប នៅមិន​ទាន់ផ្តល់​ ប័ណ្ណអនុញ្ញាត​ទទួល​ស្គាល់​វ៉ាក់សាំង​ AstraZeneca​ផលិត​នៅ​ហូឡង់ វ៉ាក់សាំង ដែល​ផលិត​នៅ ហូឡង់ ត្រូវ​មាន​គោលដៅ នាំចេញ​ទៅ​អង់គ្លេស និង​ប្រទេស​ផ្សេងទៀត។ អង់គ្លេស ដែល​បាន​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន បាន​ជាង ២៧លាននាក់ ត្រូវការ ពឹងផ្អែក​ខ្លាំង​លើ​វ៉ាក់សាំង​មួយផ្នែក​ផលិត​នៅ ទឹកដី អឺរ៉ុប សម្រាប់ ការចាក់វ៉ាក់សាំង ដូស​ទី ២​ឲ្យប្រជាជន​របស់ខ្លួន។ បើសិន អង់គ្លេស​មិន​បាន​ទទួល​វ៉ាក់សាំង AstraZeneca​ដែល​ផលិត​នៅទឹកដី​អឺរ៉ុប ដោយសារ​តែ​វិធានការ​បិទខ្ទប់​របស់​អឺរ៉ុប នោះ អង់គ្លេស នឹង​អាច​ខកខាន ក្នុងការចាក់វ៉ាក់សាំង​ដូស​ទី២ ដែល​សំខាន់​ណាស់​សម្រាប់​ឲ្យវ៉ាក់សាំង​មាន​ប្រសិទ្ធិភាព ១០០​ភាគរយ ទប់ទល់​នឹង​ជំងឺកូវីដ​១៩។

តើសហភាពអឺរ៉ុប​អាច​មាន​សិទ្ធិ​បិទខ្ទប់ មិន​ឲ្យនាំចេញ​វ៉ាក់សាំង​ AstraZenecaទៅ អង់គ្លេស​បានដែរ?

នៅមុន​សម្រេច​បិទខ្ទប់​ការនាំចេញ​វ៉ាក់សាំង AstraZeneca ដែលផលិត​នៅក្នុង​ទឹកដី​អឺរ៉ុប ដែល នឹង​អាច​ប៉ះពាល់​ដល់​ប្រទេស​អង់គ្លេស សហភាព អឺរ៉ុប តាមរយៈ ប្រទេស​អ៊ីតាលី ​ធ្លាប់បាន​រារាំង មិន​ឲ្យក្រុមហ៊ុន​ AstraZeneca ​នាំ​ចេញ វ៉ាក់សាំង ជាង ២សែន ៥ម៉ឺនដូស ដែល​ផលិត​ក្នុងប្រទេស​អ៊ីតាលី ចេញ​ទៅ​ប្រទេស​អូស្ត្រាលី នៅថ្ងៃទី ៥​មីនា​កន្លងទៅ ក្នុង​ហេតុផលថា សហភាព​អឺរ៉ុប​ខ្វះខាត​វ៉ាក់សាំង។

ការសម្រេច​របស់អ៊ីតាលី ធ្វើឡើង ដោយយោង​ទៅលើ​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ ការនាំចេញ​វ៉ាក់សាំង ដែល​សហភាព​អឺរ៉ុប​បាន​បង្កើតឡើង​នៅ​ខែ​មករា នៅក្រោយ ក្រុមហ៊ុន​AstraZeneca មិន​បាន​គោរព​តាម​កិច្ចសន្យា ដោយ​បាន​ប្រគល់​វ៉ាក់សាំង យឺតយ៉ាវ និង​មិនគ្រប់ចំនួន តាមការកុម្ម៉ង់ ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា។ សម្រាប់​សហភាព​អឺរ៉ុប ក្រុមហ៊ុន​ AstraZeneca បាន​កាត់បន្ថយ ចំនួន​វ៉ាក់សាំង សម្រាប់​អឺរ៉ុប ដើម្បី អាច​នាំចេញ​វ៉ាក់សាំង របស់ខ្លួន ទៅ​ប្រទេស​ផ្សេង។

តាម​ភាគី​អឺរ៉ុប ការនាំចេញ វ៉ាក់សាំង​បង្ការកូវីដ​ចេញពី ទឹកដី​អឺរ៉ុប មានច្រើនជាង​វ៉ាក់សាំង ដែល​អឺរ៉ុប​ត្រូវ​ទទួល​បាន។ ជាក់ស្តែង ពីដើម​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី ៩​មីនា អឺរ៉ុប បាននាំចេញ​វ៉ាក់សាំង បង្ការជំងឺកូវីដ ៩លាន​ដូស ទៅ​អង់គ្លេស ដែល​ធ្វើ​ឲ្យអង់គ្លេស​សម្រេច​បាន​លឿន យុទ្ធនាការ​ចាក់វ៉ាក់សាំង​របស់ខ្លួន។ ប៉ុន្តែ ផ្ទុយមកវិញ វ៉ាក់សាំង ដែល​ផលិត​ទឹកដី​អង់គ្លេស មិនដែល​បញ្ជូនចេញ​មក​ទឹកដី អឺរ៉ុបវិញ​នោះទេ។

ក្នុង​ហេតុផល​ខ្វះវត្ថុធាតុ សម្រាប់​ផលិត វ៉ាក់សាំង ក្រុមហ៊ុន AstraZenecaបាន​ប្រាប់សហភាព​អឺរ៉ុប​ថា គេ​អាច​ប្រគល់​វ៉ាក់សាំង ទៅ​ឲ្យ​សហភាព​អឺរ៉ុប តែ ៧០ដូស​ប៉ុណ្ណោះ នៅ​ត្រីមាស​ទី​២ ពោល​គឺ​មិនមែន ១៨០​លាន​ដូស តាម​កិច្ចសន្យា​នោះទេ។ នៅពេល​អង់គ្លេស​បាន​ទទួល​វ៉ាក់សាំង គ្រប់គ្រាន់ គ្មាន​បញ្ហា នៅ​ត្រីមាស​ទី ១ អឺរ៉ុប​បាន​ទទួល​វ៉ាក់សាំង AstraZeneca​តែ ៣០លាន​ដូស ប៉ុន្តែ មិនមែន ៩០លានដូស ដូចដែល​ក្រុមហ៊ុន​បាន​សន្យា​ប្រគល់​ឲ្យ​សហភាព​អឺរ៉ុបនោះទេ។

ដើម្បី​ទាមទារ​ឲ្យ​មាន​ភាពយុត្តិធម៌ ស្មើភាពគ្នា ក្នុងរឿង​ទទួល​បាន​វ៉ាក់សាំង ​សហភាពអឺរ៉ុប​គ្រោង​នឹង​ចេញ​វិធានការថ្មី សម្រាប់​ហាមឃាត់​ការនាំចេញ​វ៉ាក់សាំង បង្ការ​កូវីដ ទៅ​កាន់ប្រទេស​ដែល​មាន​ផលិត​វ៉ាក់សាំង ក្នុង​ទឹកដី​របស់ខ្លួន​រួចហើយ ឬ​ប្រទេសណា​ដែលមាន​សំបូរ​អ្នកបានចាក់វ៉ាក់សាំង​ច្រើនជាង​សហភាពអឺរ៉ុប។ គេ​អាចយល់​បាន​ភ្លាមថា ប្រទេស​ដែល​សហភាពអឺរ៉ុប​សំដៅ​ដល់ គឺ​អង់គ្លេស អាមេរិក ឬ​អ៊ីស្រាអែល​ជាដើម ដែល​បាន​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន បានជាង ៦០ភាគរយ នៅពេល​អឺរ៉ុប​វិញ ទើប​ចាក់បាន ១២%ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្នុង​រឿង​បិទខ្ទប់​ការនាំចេញ​វ៉ាក់សាំង​ដែល​ផលិត​នៅទឹកដី​អឺរ៉ុប​នេះ មិនមែន​សុទ្ធ​តែ​បាន​ទទួល​ការគាំទ្រ​ពី ប្រទេស​សមាជិក​ទាំង ២៧​របស់​អឺរ៉ុប​នោះទេ។ ប្រទេស​អៀរឡង់​ចេញ​មុខ​ប្រឆាំង ដោយ​ព្រមាន ពីការសងសឹក មកលើ​អឺរ៉ុប​វិញ។ នាយករដ្ឋមន្រ្តី អៀរឡង់​បាន​ព្រមាន​ពីការខ្វះខាត ធនធាន​ក្នុងការផលិត​វ៉ាក់សាំង​ទៅ​ថ្ងៃ មុខ នៅពេល​ប្រទេស​ដទៃ​ទៀត សងសឹក​អឺរ៉ុប ដោយ​បិទខ្ទប់ មិន​ឲ្យ​គេ​លក់​វត្ថុធាតុ សម្រាប់ ផលិត​វ៉ាក់សាំង មិន​ឲ្យ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ក្នុងទឹកដី អឺរ៉ុប។ ប្រទេស​ហូឡង់ និង​បែលហ្ស៊ិក​ជាដើម​ដែល​មាន​រោងចក្រ​ផលិត​វ៉ាក់សាំង AstraZeneca និង​Pfizer មិន​ចង់​ឲ្យ​អឺរ៉ុប​ចាត់វិធានការ​បិទខ្ទប់ ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះវ៉ាក់សាំង​នៅអឺរ៉ុប​នោះទេ។ តាម​រដ្ឋាភិបាល ហូឡង់ និង​បែលហ្ស៊ិក គេ​គួររកដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ AstraZenecaផ្ទាល់ ជាជាង បង្កជម្លោះ ជាមួយ​ប្រទេស​ដទៃ ដោយសារ​តែ​រឿងវ៉ាក់សាំងនេះ។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ខកចិត្ត​ដែល​ឃើញ គម្លាត​រវាង​ប្រទេស​ក្រីក្រ និង​ប្រទេស​អ្នកមាន ក្នុង​រឿង​ទទួល​បាន​វ៉ាក់សាំង កាន់តែ​រីកធំៗ​ឡើង

ប្រទេស​អ្នកមាន​ដែលកំពុង​នាំមុខ​ក្នុង ចាក់វ៉ាក់សាំង​បាន​ច្រើន​ក្នុង​ចំណោម​ប្រជាជន​របស់ខ្លួន គឺ​នៅតែ​ឈ្លោះដណ្តើម​វ៉ាក់សាំង​គ្នា ចំណែក​ប្រទេស​ក្រីក្រ នៅ​តែ​គ្មាន​វ៉ាក់សាំង ចាក់នឹងគេ។ នេះជា​តថភាព​ជាក់ស្តែង ដែលកំពុង​កើតមាន​សព្វថ្ងៃនេះ។

នៅចំពោះ​មុខ រឿង​អយុត្តិធម៌ និង​មិន​សមរម្យ​បែបនេះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក មាន​តែ​សំដែង​ការសោកស្តាយ និងអាណោចអាធ័ម​តែប៉ុណ្ណោះ។ តើ​ឯណាទៅ ពាក្យ​សាមគ្គីភាព ដែល​ក្រុមប្រទេស​អ្នកមាន​ធ្លាប់​បាន​សន្យា ពេញបរបូមាត់ នោះ? ក្នុងនាម​ប្រទេស​ក្រីក្រ ប្រធាន​អង្គការសុខភាព​ពិភពលោក​បាន​ចោទសំណួរ​នេះ​នៅក្នុង​សន្និសីទ​កាសែត ជាទី​ដែល​លោក​បាន​បង្ហាញ​ពី​គម្លាត​ខ្លាំង​មែនទែន រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ ក្នុង​រឿង​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ។

ត្រូវ​ដឹងថា រហូត​មកដល់​ថ្ងៃនេះ មាន​វ៉ាក់សាំង ជាង ៤៥៥​លានដូស ត្រូវ​បាន​គេ​ចាក់ នៅក្នុង​ពិភពលោក ប៉ុន្តែ នៅក្នុង​នោះ គឺ ១ភាគ៤ មាននៅ សហរដ្ឋអាមេរិក។ អ៊ីស្រាអែលដែល​បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ បាន​នាំមុខ គេ​ក្នុង​ពិភពលោក​ខាង​មាន​ប្រជាជន​ចាក់វ៉ាក់សាំង ច្រើនជាងគេ ប្រមាណ ៦០%នៃប្រជាជន​សរុប។

ចំណែកនៅ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប មានវ៉ាក់សាំង មិនដល់ ០,១%​ដែល​ត្រូវ​ចាក់ជូន​ប្រជាជន។ សព្វថ្ងៃនេះ តាមរយៈ​យន្តការ​កូវ៉ាក់ អង្គការសុខភាព​ពិភពលោក​បាន​ជួយចែក​វ៉ាក់សាំង​បាន​ប្រមាណ ៣១​លាន​ដូស ប៉ុណ្ណោះ ទៅ កាន់​ប្រទេស​៥៧​ក្នុង​ពិភពលោក។ ៣១​លាន​ដូស គឺ​ច្រើនជាង បន្តិច វ៉ាក់សាំង ដែល​អង់គ្លេស បាន​ចាក់ឲ្យ​ប្រជាជន​ខ្លួន។ ៣១លានដូស គឺតិចជាងឆ្ងាយណាស់ ១០០​លាន​ដូស ដែល​អាមេរិក​បាន​ចាក់ឲ្យ​ប្រជាជន​របស់ខ្លួន។ សម្រាប់ ប្រធាន​អង្គការ​សុខភាព ពិភពលោក វិសមភាព គម្លាត​ធំខ្លាំង​ក្នុង​រឿង​ចាក់វ៉ាក់សាំង រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ មិនត្រឹម​តែ​ជា​រឿង​គ្មាន​សីលធម៌ ប៉ុណ្ណោះទេ ប៉ុន្តែ វា​នឹង​ទៅ​បំផ្លាញ ផែនការ​សេដ្ឋកិច្ច និង​ជំងឺរាតត្បាតក្នុង​ពិភពលោក​ទាំងមូល។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ