អានតួអត្ថបទ
អ៊ីតាលី-អូស្រា្តលី

កូវីដ១៩៖ប្រទេសអ៊ីតាលីខ្ទប់ការនាំចេញវ៉ាក់សាំង AstraZeneca ទៅប្រទេសអូស្ត្រាលី

នៅ​ក្នុង​ប្រទេស​អ៊ីតាលី រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មីនា​ពី​ការ​ហាមឃាត់​មិន​ឲ្យ​នាំ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ AstraZeneca ចំនួន ២៥០ ០០០ដូស​ទៅ​ឲ្យ​ប្រទេស​អូស្រា្តលី។ នេះ​ជា​លើកទី១ ដែល​វិធានការ​របស់​សហភាពអឺរ៉ុប​ស្តីពី​ការ​នាំ​ចេញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង។ គួរ​រម្លឹក​ថា សហភាពអឺរ៉ុប​ធ្លាប់​បាន​ព្រមាន​មន្ទីរពិសោធន៍ AstraZeneca ច្រើន​ដង បន្ទាប់​ពី​មន្ទីរពិសោធន៍​អង់គ្លេស ស៊ុយអែត​មួយ​នេះ​បាន​ប្រកាស​ពី​ការ​យឺតយ៉ាវ ឬ​ការ​មិន​អាច​ផ្តល់​ចំនួន​វ៉ាក់សាំង​គ្រប់គ្រាន់​តាម​ការ​កម្ម៉ង់ទិញ។

ប្រទេសអ៊ីតាលីខ្ទប់ការនាំចេញវ៉ាក់សាំង AstraZeneca ទៅប្រទេសអូស្ត្រាលី
ប្រទេសអ៊ីតាលីខ្ទប់ការនាំចេញវ៉ាក់សាំង AstraZeneca ទៅប្រទេសអូស្ត្រាលី REUTERS - BENOIT TESSIER
ផ្សាយពាណិជ្ជកម្ម

វ៉ាក់សាំង​បង្ការ​កូវីដ១៩ របស់​មន្ទីរពិសោធន៍ AstraZeneca ដែល​អ៊ីតាលី​បាន​ខ្ទប់​មិន​ឲ្យ​នាំ​ចេញ​ទៅ​អូស្រា្តលី គឺ​ជា​វ៉ាក់សាំង​ដែល​ផលិត​នៅ​អ៊ីតាលី ព្រោះAstraZeneca មាន​រោងចក្រ​មួយ​នៅ​លើ​ទឹកដី​អ៊ីតាលី។ មែនទែន​ទៅ វិធានការ​របស់​រដ្ឋាភិបាល​អ៊ីតាលី​ពេល​នេះ​មិនមែន​ជា​ការ​សម្រេចចិត្ត​ជា​លក្ខណៈ​អន្តោម័ត​ទេ តែ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ព្រមព្រៀង​ជាមួយ​គណៈកម្មការ​អឺរ៉ុប។ ចូរ​កុំ​ភ្លេច​ថា​ថ្មីៗ​នេះ សហភាព​អឺរ៉ុប​បាន​អនុម័ត​នូវ​យន្តការ​មួយ​ស្តីពី​ការ​ត្រួតពិនិត្យ​លើ​ការ​នាំ​ចេញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ យន្តការ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពីAstraZenecaបាន​ប្រកាស​ពី​ភាព​យឺតយ៉ាវ ឬ​ការ​មិន​អាច​ផ្តល់​ចំនួន​វ៉ាក់សាំង​គ្រប់គ្រាន់​ដែល​សហភាពអឺរ៉ុប​បាន​កម្ម៉ង់ទិញ​ដោយ​បាន​បង់​លុយ​មុន​រួច​ហើយ។

សហភាព​អឺរ៉ុប​មាន​មន្ទិលសង្ស័យ​ថា ភាព​យឺតយ៉ាវ ឬ​ការ​មិន​អាច​ផ្តល់​ចំនួន​វ៉ាក់សាំង​គ្រប់គ្រាន់​តាម​ការ​កម្ម៉ង់ទិញ​មិនមែន​ដោយសារAstraZeneca មាន​បញ្ហា​ផលិត​ទេ តែ​មក​ពី​មន្ទីរពិសោធន៍​អង់គ្លេស និង​ស៊ុយអែត​មួយ​នេះ​​បាន​ឆ្លៀត​លក់​ឲ្យ​អ្នក​ផ្សេង​ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ចំណាត់ការ​របស់​រដ្ឋាភិបាល​អ៊ីតាលី​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​ជា​ថ្មី​រវាង​គណៈកម្មការ​អឺរ៉ុប និងAstraZeneca។ ហេតុផល​ដែល​រដ្ឋាភិបាល​អ៊ីតាលី​បាន​ពន្យល់​នៅ​ក្នុង​ការ​សម្រេចចិត្ត​របស់​ខ្លួន​នោះ​គឺ​ថា មក​ពី​សហភាព​អឺរ៉ុប​កំពុង​ខ្វះ​វ៉ាក់សាំងបង្ការ​កូវីដ១៩។

តាម​រយៈ​ហេតុផល​នេះ​នាំ​ឲ្យ​គេ​យល់​ឃើញ​ថា យន្តការ​ត្រួតពិនិត្យ​លើ​ការ​នាំ​ចេញ​វ៉ាក់សាំង​ដែល​សហភាព​អឺរ៉ុប​បាន​អនុម័ត​កំពុង​ប្រែ​ក្លាយ​ទៅ​ជា​យន្តការ​កម្រិត​ការ​នាំ​ចេញ​វ៉ាក់សាំង។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ក៏​ដោយសារ​តែ​សហភាពអឺរ៉ុប​ត្រូវ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ លើ​ពលរដ្ឋ​របស់​ខ្លួន​ទាំង​អស់។ លោក Thierry Breton ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ទីផ្សារ​ផ្ទៃក្នុង​បាន​បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​ទៅ​ដំណាច់​រដូវ​ក្តៅ​ខាង​មុខ សហភាព​អឺរ៉ុប​ត្រូវ​បង្កើន​ការ​ចាក់​វ៉ាក់សាំង​លើ​ពលរដ្ឋ​ខ្លួន​ឲ្យ​បាន​ជាង ៧០%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ