អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វីតួកគី​មកបន្ធូរបន្ថយភាពតានតឹង​ជាមួយ​សហភាពអឺរ៉ុប​នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​អឺរ៉ុប​ធ្វើដំណើរ​ទៅ​ប្រទេស​តួកគី នៅ​ថ្ងៃ​អង្គារនេះ ដើម្បី ជជែក​ពី​លក្ខខណ្ឌ ស្តារ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​ឡើងវិញ។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក​ស្ហាល មីស្ហែល និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួស៊ុយឡា វ៉ុនឌឺលីយ៉ែន​ធ្វើទស្សនកិច្ច​នៅ តួកគី នៅបន្ទាប់​ពី តួកគី​របស់​លោកប្រធានាធិបតី រេសេប អ៊ែរដូហ្កាន​បាន​ចូលរួម​បន្ធូរបន្ថយភាពតានតឹង​នៅ សមុទ្រ​មេឌីទែរ៉ា តាមរយៈ ការបញ្ជា​ឲ្យ​កប៉ាល់ចម្បាំង តួកគី ដកចេញ​ពី​ដែនសមុទ្រ ជម្លោះ ជាមួយ​ប្រទេស​ក្រិក និង​ស្ហ៊ីប ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន​នៅមុន​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​អឺរ៉ុប​នៅទីក្រុង​ព្រុចស៊ែល នៅ ឆ្នាំ ២០២០
ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន​នៅមុន​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​អឺរ៉ុប​នៅទីក្រុង​ព្រុចស៊ែល នៅ ឆ្នាំ ២០២០ REUTERS - YVES HERMAN
ផ្សាយពាណិជ្ជកម្ម

តួកគី​និងសហភាព​អឺរ៉ុប បាន​ចាប់​រកាំរកូស​ថ្នាំងថ្នាក់ នឹងគ្នា ដោយសារ​តែសំណុំរឿង​សំខាន់​បី។ ទី១ គឺ​រឿង​ដែល​តួកគី បើកទ្វារ​ព្រំដែន បញ្ចេញ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ ចូលទឹកដី​អឺរ៉ុប។ ទី២ គឺ អន្តរាគមន៍​យោធា របស់តួកគី នៅ​ប្រទេស​លីប៊ី ដែល​ជាហេតុ​ធ្វើ​ឲ្យ​លីប៊ី កាន់តែ​ជួប​អស្ថិរភាព និង​បង្ក​ភាពស្មុគស្មាញ ដល់​អឺរ៉ុប​ដែល​កំពុង​ទប់ទល់ លំហូរ​ជនអន្តោប្រវេសន៍​តាមសមុទ្រ  ពី​លីប៊ី សំដៅ​ទឹកដី​អឺរ៉ុប។ អឺរ៉ុប​ក៏មិន​សប្បាយចិត្ត ដែល​ឃើញ​តួកគី ដោយ​ផ្តល់​ជំនួយ​យោធា​ឲ្យ​កងទ័ព​ប្រទេស​អាស៊ែរបៃហ្សង់ ដើម្បី អាច​វាយដណ្តើម​យក​ទឹកដី មួយផ្នែក​របស់​តំបន់​ស្វយ័ត ក្នុង​ប្រទេស អាមេនី។ សំណុំរឿង​ទី ៣​ដែល​ធ្វើឲ្យ​តួកគី និង​ប្រទេស​សមាជិក​សហភាពអឺរ៉ុប ដំឡើង​សំឡេង​ដាក់​គ្នា​ខ្លាំង គឺ រឿង ដែល​តួកគី បាន​បញ្ជូន នាវាចម្បាំង ដើម្បី​អម​កប៉ាល់​រុករក​ប្រេង​របស់តួកគី ក្នុង​ដែនសមុទ្រ​មេឌីទែរ៉ាណេ ដែល​ទាមទារ​ដោយ​ប្រទេស​ក្រិក និង​ស្ហ៊ីប សមាជិក​ពីរ​សហភាពអឺរ៉ុប។

ប៉ុន្តែ នៅ មួយខែ​ចុងក្រោយនេះ ភាពតានតឹង​រវាង​តួកគី និង​សហភាព​អឺរ៉ុប បាន​ថមថយចុះ មកវិញ បន្ទាប់ពី​តួកគី បោះដៃ ចង់​ចរចា​ជាមួយ សហភាពអឺរ៉ុប។ នៅ ថ្ងៃទី ២៩ មីនា សហភាព​អឺរ៉ុប​បាន​ប្តូរចិត្ត លែង ដាក់​ទណ្ឌកម្ម លើ​តួកគី នៅ​បន្ទាប់ពី​តួកគី សុខចិត្ត ដក​នាវាចម្បាំង និង​កប៉ាល់រុករកប្រេង​របស់ខ្លួន​ចេញពី សមុទ្រ​មេឌីទែរ៉ាណេ និង​បាន​ចរចា​ជាមួយ ក្រិក ជាលើកទី ១ គិត​ចាប់តាំង​ពី មាន​ភាពតានតឹង នៅ​ឆ្នាំ ២០១៦។

តួកគី​ដែល​ធ្លាប់​តែអួតខ្លួន និង​រិះគន់ សហភាព​អឺរ៉ុប ប៉ុន្តែ ឥលូវនេះ បាន​បែរ​មក​ចង់ផ្សះផ្សារ​ជាមួយ ភាគីអឺរ៉ុប ក៏ដោយសារ​ តួកគីមើល​ឃើញ ប្រយោជន៍​សំខាន់​ពីរ។ ទី១ តួកគីចង់ជានា​ជាមួយសហភាព​អឺរ៉ុបឡើងវិញ ព្រោះ​តួកគី កំពុង​បារម្ភថា ទំនាក់ទំនង​ជាមួយ អាមេរិក ក្នុង​អាណត្តិ​លោក​ចូ បៃដិន នឹង​អាច​ធ្លាក់​ចុះ​អាក្រក់។ ត្រូវដឹងថា លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ធ្លាប់​ជិតស្និទ្ធ​ជាមួយ​លោក​ដូណាល់ ត្រាំ។ ប៉ុន្តែ ឥលូវនេះ អាមេរិក ស្ថិតក្រោម ការដឹកនាំ​របស់​លោក​ចូ បៃដិន ដែលជា​គូប្រជែង​របស់​លោក​ដូណាល់ ត្រាំ។ ម្យ៉ាងទៀត តួកគី​ដឹងថា អាមេរិក របស់​លោក​ចូ បៃដិន មិន​សប្បាយចិត្ត​នឹង​តួកគីទេ ព្រោះតួកគី​បាន​ទិញ​មីស៊ីល​របស់​រុស្ស៊ី សម្រាប់​ប្រព័ន្ធការពារ​ដែនអាកាស​របស់​តួកគី។

ទី២ទៀត តួកគី ត្រូវការ​អឺរ៉ុប​ផងដែរ សម្រាប់​ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​កំពុង​ជួប​វិបត្តិនៅ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយនេះ។ តម្លៃ​រូបិយបណ្ណ​ជាតិ​ធ្លាក់ចុះ អតិផរណា បានប៉ះពាល់​ដល់ប្រជាជនដែល​មាន​ជីវភាព មធ្យម ដែល​ជា​ម្ចាស់សំឡេងឆ្នោត សំខាន់​នៅតួកគី។ លោក​អ៊ែរដូហ្កាន​ដែល​ចង់​ឈរឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី នៅ​ក្នុងការបោះឆ្នោត ឆ្នាំ ២០២៣ សង្ឃឹម​ប្រើ​ដៃ​របស់​អឺរ៉ុប​លើកនេះ ដើម្បី ជួយ​យឹតយោង​សេដ្ឋកិច្ច​តួកគី ឲ្យ​បាន​មុនការបោះឆ្នោត ប្រធានាធិបតី។

អឺរ៉ុបនៅតែ​ត្រូវការ​ឲ្យតួកគី ជួយបិទខ្ទប់​លំហូរ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន ចូល​ទឹកដី​អឺរ៉ុប

តាមមន្រ្តីទូត​អឺរ៉ុប ថ្នាក់ដឹកនាំ​អឺរ៉ុប​ធ្វើ​ដំណើរ​ទៅ​តួកគី​លើកនេះ ដើម្បី តេស្ត​មើល​ការអនុវត្ត​ជាក់ស្តែង​របស់​តួកគី ដែល​បាន​អះអាងថា ខ្លួន សុខចិត្ត បន្ធូរបន្ថយ​ភាពតានតឹង នៅ​សមុទ្រ​មេឌីទែរ៉ាណេ។ មួយវិញទៀត អ្វីដែលភាគី​អឺរ៉ុបទន្ទឹង​ចង់​បាន​ខ្លាំងជាងគេ​ពីតួកគី នៅក្នុង​ជំនួប​ជាមួយ​តួកគី​លើកនេះ គឺ​ការដកទ័ព​របស់​តួកគី​ចេញ ពី​លីប៊ី ហើយ​និង​ រឿង​ជនអន្តោប្រវេសន៍ ដែល​ជា​សំណុំរឿង សំខាន់ ក្នុង​ទំនាក់ទំនង​តួកគី និង​សហភាព​អឺរ៉ុប។

ភាគី​អឺរ៉ុប ចង់​ឲ្យ​តួកគី ទទួល​យក ជនអន្តោប្រវេសន៍ ខុសច្បាប់ ដែល​ក្រិក​ចាប់បញ្ជូន​ចេញពី​ជំរំជនភៀសខ្លួន ហើយ​ដែល​តួកគី​បាន​បដិសេធ​មិនទទួល​យកកន្លងមក។​ ប៉ុន្តែ ភាគី តួកគី​វិញ សង្ឃឹម ចរចា​ជាមួយ​អឺរ៉ុបលើកនេះ​ដើម្បី​ទទួល​បាន​កញ្ចប់​ថវិកា សម្រាប់​ជនភៀសខ្លួន នៅ​ទឹកដី តួកគី ជិត ៤លាននាក់ ដែល អឺរ៉ុប​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី នៅ​ឆ្នាំ ២០១៦។

តួកគី​បាន​ស្តីបន្ទោស​អឺរ៉ុប ថា មិន​គោរព​ការសន្យា ដោយ​បាន​ផ្តល់​ថវិកា​តែ ៣ពាន់​លាន​អឺរ៉ូ គឺ​ពាក់កណ្តាល​នៃ​កញ្ចប់​ថវិកាសរុប ៦ពាន់​លាន​អឺរ៉ូ ដែល​សហភាពអឺរ៉ុប​បាន​សន្យា​ផ្តល់​ទៅ​ឲ្យ​តួកគី​សម្រាប់​ដោះស្រាយ​វិបត្តិជនភៀសខ្លួន​ស៊ីរី ក្នុង​ទឹកដី​តួកគី។ ដោយសារ​តែអឺរ៉ុប​ផ្តល់​លុយ​មិន​គ្រប់គ្រាន់ ហើយ​ខឹង​នឹង​អឺរ៉ុប​ដែល​ចេះតែ​រិះគន់​ខ្លួន តួកគី បាន​សម្រេច​ឈប់​បិទខ្ទប់​ព្រំដែន និង​បណ្តោយ ឲ្យ​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន ធ្វើដំណើរឆ្លងកាត់​តួកគី ទៅ​កាន់ទឹកដី អឺរ៉ុប កាលពីឆ្នាំ ២០១៩។ រឿងនេះ បានធ្វើ​ឲ្យ​អឺរ៉ុប ខឹង​អាក់អន់​ចិត្ត​នឹង​តួកគីមិនតិចទេ។

ក្រៅតែ​ពី ដោះស្រាយ សំណុំរឿង​ជនភៀសខ្លួន ជាមួយអឺរ៉ុប តួកគី​សង្ឃឹម​យក​ជំនួបជាមួយ​មេដឹកនាំ​អឺរ៉ុប​លើកនេះ ដើម្បី និយាយ​ពី​ប្រព័ន្ធពន្ធគយ​រវាង​តួកគី អឺរ៉ុប ការផ្តល់​ទិដ្ឋាការពិសេស អនុញ្ញាត​ឲ្យ​ជនជាតិតួកគី​ធ្វើដំណើរ​ចូលប្រទេស​អឺរ៉ុប​ធម្មតា​ឡើងវិញ។

តាមមន្រ្តីតួកគី នៅក្នុង​ជំនួប​ដើម្បី ឈានទៅ​ស្តារទំនាក់ទំនង​រវាងគ្នា​ឡើងវិញ ភាគីទាំងពីរ អាច​ផ្តោតសំខាន់​ផងដែរ លើ​សមាជិកភាព​របស់​តួកគី សម្រាប់​សហភាពអឺរ៉ុប ដែល​ត្រូវ បាន ផ្អាកព្យួរ តាំង​ពី ២០១៦។

សូមរំលឹកថា សភាអឺរ៉ុប ​បាន​ប្រកាស​ផ្អាក មិន​ពិភាក្សា​លើសំណើ​ទទួល​យក​តួកគី ជាសមាជិក​របស់​សហភាពអឺរ៉ុប នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ នៅបន្ទាប់ពី​សង្កេតឃើញថា តួកគី បាន​រំលោភ តម្លៃគោលការណ៍​គ្រឹះ​របស់សហភាព​អឺរ៉ុប ដោយ​បាន​អនុវត្ត វិធានការ​ធ្វើទុក្ខបុកម្នេញ ចាប់ខ្លួន បំបិទសិទ្ធិសេរីភាព​ពលរដ្ឋ​តួកគី  នៅ​ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​នៅ​តួកគី។

បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ តួកគី ក្លាយជា​រឿង​បន្ទាប់បន្សំ ក្នុង​របៀបវារៈ​តួកគី និង​អឺរ៉ុប?

សម្រាប់​ក្រុមប្រឆាំង​នៅ​តួកគី ដំណើរទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំជាន់ខ្ពស់​អឺរ៉ុប​ទៅ​តួកគី កំពុង​ទៅ​ពង្រឹង​ភាពស្របច្បាប់នៃ​អំណាច​ផ្តាច់ការ​របស់​លោកប្រធានាធិបតី អ៊ែរដូហ្កាន។

អឺរ៉ុប​ធ្លាប់​ចេញមុខ​រិះគន់ រដ្ឋាភិបាល​លោក​អ៊ែរដូហ្កាន នៅ​ក្រោយ លោក​សម្រេច​ដក​តួកគី ចេញ​ពី អនុសញ្ញា ដែល​មាន​គោលដៅ ជួយ​ការពារ​មនុស្សស្រី ពី​ការរំលោភសិទ្ធិ និងអំពើហិង្សា។ អឺរ៉ុប​ធ្លាប់​បរិហារ​ផងដែរ នៅបន្ទាប់ ពីរដ្ឋាភិបាល​តួកគី សម្រេច​បិទ​គណបក្ស​ប្រឆាំង ធំទី ៣​នៅ តួកគី។ អង្គការ​ការពារ​សិទ្ធិមនុស្ស បាន​បរិហាររិះគន់​ពី​បញ្ហាសិទ្ធិមនុស្ស​ធ្លាក់ចុះ​អាក្រក់​នៅតួកគី។ អឺរ៉ុបឃើញ​ដូច្នេះដែរ ប៉ុន្តែ បញ្ហា​សិទ្ធិមនុស្ស​នៅតួកគី មិនមែន​ជា​បញ្ហា​ចំបង ដែល​អឺរ៉ុប ត្រូវ​យក​មក​ពិភាក្សា​នៅពេលនេះ ជាមួយ​មេដឹកនាំ​តួកគី​នោះទេ។ អឺរ៉ុប​ដឹងថា រដ្ឋាភិបាល​តួកគី របស់​លោក​អ៊ែរដូហ្កាន​ត្រូវការ​ជំនួយ​លុយ​ពី​អឺរ៉ុប ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច សំឡេងឆ្នោត ប៉ុន្តែ អឺរ៉ុប​មិនអាច​ទៅ​និយាយ​រឿងរំលោភ​សិទ្ធិមនុស្ស​ដ៏រសើប​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ តួកគី ខឹង​ឆេះដុំ​នៅពេលនេះនោះទេ។ ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ គ្មាន​ភាព​តានតឹង ជាមួយ តួកគី យ៉ាងដូច្នេះ ​អឺរ៉ុបត្រូវការ​ដោះស្រាយ បញ្ហា​សំខាន់​មុនគេ គឺ​បញ្ចុះបញ្ចូល​ឲ្យ​តួកគី បិទខ្ទប់ បញ្ហា​ជនអន្តោប្រវេសន៍ ជនភៀសខ្លួន​ត្រឹម​ក្នុងទឹកដី តួកគី កុំ​ឲ្យ​បញ្ចេញ ច្រាល​មក​ទឹកដី​អឺរ៉ុប​សិន។

សកម្មជនសិទ្ធិមនុស្ស​នៅ​តួកគី ធ្លាប់​សំដែង​ការខកចិត្ត​រួចហើយ​ពីជំហរ របស់​អឺរ៉ុប និង​ធ្លាប់​បាន​ព្រមាន​ហើយថា ដោយសារ​តែចក្ខុវិស័យ​ខ្លី របស់​រដ្ឋាភិបាល​តួកគី ហើយ​និង​ប្រយោជន៍នយោបាយ​ផ្ទាល់​របស់អឺរ៉ុប អឺរ៉ុប​នឹង​អាច​ប្រឈម​នឹង​វិបត្តិជនភៀសខ្លួន​ទៅ​ថ្ងៃ​មុខ ហើយលើកនេះ មិនមែនមានតែ​ជនភៀសខ្លួន​ពីស៊ីរី អាហ្វហ្កានីស្ថាន​អ៊ីរ៉ាក់នោះទេ នឹង​មាន​ផងដែរ ជនភៀសខ្លួន​តួកគី ដែល​ត្រូវ​រត់គេច​ពីការធ្វើទុក្ខបុកម្នេញ ការគាបសង្កត់​បិទសិទ្ធិសេរីភាព​ធ្វើ​នយោបាយ នៅ តួកគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ