អានតួអត្ថបទ
តួកគី-អាល្លឺម៉ង់

អង់ការ៉ាខឹង​​​អាល្លឺម៉ង់ដែល​ចូល​​​ឆែកឆេរ​នាវា​ទំនិញ​តួកគី​ ដឹក​ទៅ​លីប៊ី

នៅ​ថ្ងៃ​ចន្ទ​ទី ២៣​វិច្ឆិកា ២០២០​នេះ តួកគី​បានសម្តែង​ និង​បរិហារ​យ៉ាង​ចាស់​ដៃ​ សកម្មភាពរបស់​កងនាវា​យោធា​អាល្លឺម៉ង់ថា​មិន​អាច​ទទួល​យក​បាន​ទេ។ កង​​យោធា​អាល្លឺម៉ង់​ ដែល​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​​ការ​ដាក់​ទណ្ឌកម្មអាវុធ​ប្រឆាំង​នឹង​លីប៊ី បានចូលទៅ​ចាប់​និង​​ឆែកឆេរ​​នាវា​ដឹក​ទំនិញ​មនុស្ស​ធម៌​របស់​តួកគី​មួយ​គ្រឿង​ នៅក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ​ខាងកើត អស់​ជា​ច្រើនម៉ោង។

សកម្មភាព​ឆែកឆេរ​របស់​យោធា​អាល្លឺម៉ង់​លើ​នាវា​តួកគី​ ថត​ដោយ​តួកគី
សកម្មភាព​ឆែកឆេរ​របស់​យោធា​អាល្លឺម៉ង់​លើ​នាវា​តួកគី​ ថត​ដោយ​តួកគី AFP - -
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អាជ្ញាធរ​តួកគី កងនាវាយោធា​អាល្លឺម៉ង់ Hamburg ​ បាន​ទៅ​បញ្ឈប់​នាវា​ដឹក​ទំនិញ MV Roseline A ដែល​ដោត​ទង់​ជាតិ​តួកគី ដែល​មាន​ផ្ទុក​តែ​ស្បៀង​អាហារ​និង​សម្ភារៈ​មនុស្សធម៌ ទៅ​ឱ្យ​លីប៊ី នៅ​វេលា​យប់​ថ្ងៃ​អាទិត្យទី ២២​វិច្ឆិកា ២០២០​។ បើ​តាម​រូបភាព​បង្ហោះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​​ព័ត៌មាន​តួកគី ទាហាន​អាល្លឺម៉ង់​បាន​សម្រូត​ខ្លួន​តាម​ឧទ្ធម្ភាគចក្រ​ ចូលមក​គ្រប់គ្រង​នាវា​តួកគី អស់​ពេញ​មួយ​យប់​និង​រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ​​ទើប​ចាក​ចេញ​ទៅ​វិញ។ ​

កាំពីទែននាវា ព្រមទាំង​​បុគ្គលិក​ទាំង​អស់​ត្រូវ​បាន​ទាហាន​អាល្លឺម៉ង់ចាប់​បញ្ចូល​ទៅ​​​ក្នុង​បន្ទប់​មួយ​ ដើម្បី​ឆែកឆេរ និង​ដូច​ជា​របៀប​ឃុំ​មនុស្ស។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​តួកគី ដែល​បាន​បរិហារ​ថា កង​នាវា​អាល្លឺម៉ង់ចេញ​ធ្វើ​អន្តរាគមន៍​ដោយ​ឈរ​លើ​ភាព​សង្ស័យ​។ យោធា​អាល្លឺម៉ង់​គ្មាន​សិទ្ធិ​ឆែកឆេរ​នាវា​តួកគី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អង់ការ៉ា​ឡើយ។ នេះ​ជា​ទង្វើ​ខុស​ច្បាប់បំពាន​មក​លើ​តួកគី​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ នេះ​ជា​ការ​​​អះអាងបន្ថែមរបស់​ក្រសួង​ការ​បរទេស​តួកគី​។

 

សូម​បញ្ជាក់​ថា ​ផ្តួច​ផ្តើម​ឡើង​តាំង​ពី​ខែ​មេសា ២០២០មក​ ក្នុង​ក្របខ័ណ្ឌ​នៃ​​ប្រតិបត្តិការអឺរ៉ុប​​ Irini នៅ​សមុទ្ទ​មេឌីទែរ៉ាណេ​ កងនាវា​អាល្លឺម៉ង់ Hamburg មាន​បន្ទុក​ត្រួត​ពិនិត្យ​ ការ​អនុវត្ត​​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការសហប្រជាជាតិ​​ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​​មិន​ឱ្យមាន​ការ​​នាំ​អាវុធទៅ​លីប៊ី។ បើ​តាម​សហភាព​អឺរ៉ុប​ ប្រតិបត្តិការ Irini ​បាន​អនុញ្ញាត​ឱ្យ​រក​ឃើញ​អំពី​ភស្តុតាង​នៃ​ការ​រំលោភ​ទណ្ឌកម្មរបស់​​តួកគី​និង​រុស្ស៊ី​ ដែល​ជា​ប្រទេស​ពីរ​មាន​ជាប់​ពាក់​ព័ន្ធគូបដិបក្ស​​នៅ​លីប៊ី។ កាលពី​ខែ​កញ្ញា​ អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្មឈ្មួញ​អាវុធ​តួកគី​ម្នាក់​ ពី​បទ​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ដោយ​បង្កក​ទ្រព្យ​ជន​នោះ​នៅអឺរ៉ុប​ផង។

ប៉ុន្តែ​សម្រាប់​តួកគី ប្រតិបត្តិការ​នៅ​សមុទ្ទ​មេឌីទែរ៉ាណេ​នេះ បាន​ត្រឹម​រារាំង​សកម្មភាព​ការ​ដឹកជញ្ជូន​អាវុធរំលោភ​ទណ្ឌកម្ម​​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​​ តែ​មិន​បានបង្អាក់​ការ​រំលោភ​ទណ្ឌកម្ម​តាម​ផ្លូវ​គោក​និង​ផ្លូវ​អាកាស​ទៅជួយ​​រដ្ឋាភិបាល​លីប៊ី​នៅភាគ​ខាង​កើត​ដឹកនាំ​ដោយសេនាប្រមុខ​ Haftar ទេ។

ធ្លាក់​ក្នុង​ភាព​វឹកវរ​ តាំង​ពីរបប​កាដាហ្វី​បាន​ដួល​រលំ​ទៅ​នៅ​ឆ្នាំ​២០១១ លីប៊ី​​ពុះ​ចែក​ប្រទេស​ជា​ពីរ ម្ខាង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាលរូបរួម នៅ​​ក្រុង​ទ្រីប៉ូលី ដែល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ និង​គាំទ្រ​ដោយ​​តួកគី។ ឯម្ខាង​ទៀតជាលីប៊ី​ភាគ​ខាង​កើត​ដឹកនាំ​ដោយ​គូប្រជែង Haftar គាំទ្រ​ដោយ​អេមៀរ៉ាអារ៉ាប់រួម រុស្ស៊ី​ និងអេហ្ស៊ីប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ