អានតួអត្ថបទ
តួកគី-ឧស្ម័ន

ឧស្ម័ន​ធម្មជាតិ ៖ តួកគី​ប្រកាសរក​ឃើញ​អណ្តូង​ឧស្ម័ន​នៅ​សមុទ្ទ​ខ្មៅ​

ប្រធានាធិបតី​តួកគី លោក អ៊ែរដូហ្កាន (Recep Tayyip Erdogan) បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី ២១ សីហា ២០២០​នេះ ថា​តួកគី បាន​រក​ឃើញ​ អណ្តូង​​ឧស្ម័ន​ធម្មជាតិ ដ៏​ធំ​ជាង​បង្អស់ ក្នុង​ប្រវត្តិសាស្ត្រ ​នៅ​សមុទ្ទ​ខ្មៅ។ បើ​តាម​លោក​ប្រធានាធិបតី តួកគី​សង្ឃឹម​ថា​នឹង​អាច​ចាប់​ផ្តើម​ប្រមូល​ផល​ឧស្ម័ន​នេះ ចាប់​ពី​ឆ្នាំ​២០២៣​ទៅ។

នាវា​រុករក​ប្រេង​អម​ដោយ​នាវា​ចម្បាំង​តួកគី​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ
នាវា​រុករក​ប្រេង​អម​ដោយ​នាវា​ចម្បាំង​តួកគី​ក្នុង​សមុទ្ទ​មេឌីទែរ៉ាណេ via REUTERS - TURKISH DEFENCE MINISTRY
ផ្សាយពាណិជ្ជកម្ម

“ជាអណ្តូង​ឧស្ម័ន​ដ៏​ធំ​ជាង​គេ​បំផុត ​ ដែ​ល​អាច​មាន​ស្តុក​ឧស្ម័ន​ដល់​ទៅ​ប្រមាណ​៣២០ ០០០​លាន​ម៉ែត្រគូប”។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ប្រធានាធិបតីតួកគី​ អ៊ែរដូហ្កាន ដោយ​អះអាង​ថា ជា​ការ​រក​ឃើញប្រភព​ថាមពល​ដ៏​សំខាន់​សម្រាប់​អនាគត​ប្រទេស​តួកគី ដែល​ធ្លាប់​តែ​រំពឹង​លើ​ការនាំ​ចូល​ថាមពល​ស្ទើរ​តែ​ស្រុង​ពីបរទេស មក​បម្រើ​សេចក្តី​ត្រូវ​ការ​​ធំឡើងៗ​ក្នុង​ស្រុក។

“ព្រះបាន​ប្រទាន​​​ភាព​មានបានដ៏​ធំធេង​មិន​ធ្លាប់​មាន​ទេមក​ឱ្យ​តួកគី ! ចាប់​ពី​ឆ្នាំ​២០២៣​ទៅ តួកគី​នឹង​យកធនធាន​​ឧស្ម័ន​ក្រោម​សមុទ្ទ​ខ្មៅ​មក​បម្រើប្រជាជាតិ​​​”។ ជាមួយ​នឹង​ការ​កំណត់​កម្មវត្ថុប្រកប​ដោយ​អំណរ លោក​ប្រធានាធិបតី​ បាន​គូស​បញ្ជាក់​ថា ​អណ្តូង​ឧស្ម័ន​ទើប​រក​ឃើញ​ថ្មី ជា​ផ្នែក​មួយ​នៃ​ធនធាន​បំរុង​ដ៏​សំខាន់​ជាង​គេ​មួយ។​ មាន​ន័យ​ថា​តួកគី​រក​ឃើញ​ប្រភពធនធានផ្សេង​ទៀត ?! ​លោក​អ៊ែរដូហ្កានមិន​បាន​ផ្តល់​ព័ត៌មាន​អ្វីលម្អិត​បន្ថែម​ទៀតទេ។

ប៉ុន្តែ​ប្រមុខ​រដ្ឋ​តួកគី​បាន​ឆ្លៀត​ព្រលយ​ថា តួកគី​នឹង​ពន្លឿន​ការ​ស្វែង​រុករក​ប្រភព​ថាមពល​ប្រេង​ នៅ​សមុទ្ទ​មេឌីទែរ៉ាណេ ខាង​កើត នៅ​រវាង​ប៉ុន្មាន​ខែ​ខាង​មុខ មិន​ខ្វល់​នឹង​សេចក្តី​អំពាវនាវ​របស់​សហភាព​អឺរ៉ុប​ទេ។

បើ​តាម​លោក​ប្រធានាធិបតី​ នៅ​ដំណាច់​ឆ្នាំ​២០២០ តួកគី​នឹង​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ នូវ​នាវា​ខួង​រុករក​ប្រេង កានុនី ដែលពេល​នេះ​​កំពុង​ជួសជុល ក្រែងអាច​រក​ឃើញ​អណ្តូង​ប្រេង​​ស្រដៀង​នឹង​អណ្តូង​ឧស្ម័ន​ទើប​រក​ឃើញ​នៅ​សមុទ្ទ​ខ្មៅ។ នាវា​ខួង និង​នាវា​រុករក​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត បាន​ដាក់​ពង្រាយ​ធ្វើ​ប្រតិបត្តិការ​រុក​រករួច​ហើយ​ ក្នុង​តំបន់​សមុទ្ទ​មេឌី​ទែរ៉ាណេ​ខាងកើតដែល​ជាប់​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ជិត​ខាង ក្រិក​ និង​ស៊ីប​។​ កាលពី​ពី​រ​សប្តាហ៍​មុន អម​ការពារដោយ​នាវា​ចម្បាំង ​ ​នាវារុករក​តួកគីមួយ​គ្រឿង​ ​បាន​ចូល​ដល់​ដែន​ទឹកជាប់​ជម្លោះ​ ​ដែល​​​ក្រិកចាត់​ទុក​​ជា​របស់​ខ្លួន រហូត​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់​ថា​ តាំង​ពី​រក​ឃើញ​ថា​​សមុទ្ទ​មេឌីទេរ៉ាណេ​ខាង​កើតមាន​បង្កប់​ធនធាន​ប្រេង​ដ៏​សន្ធឹក​សន្ធាប់​មក​ ​ប្រទេស​ជិត​ខាងជាប់​មាត់​សមុទ្ទ​​ចាប់​ស្រក់​ទឹក​មាត់ដណ្តើមគ្រប់គ្រង​តំបន់​នេះ។  យល់​​ថានឹង​​មិន​បាន​ទទួល​ចំណែក​ តួកគី​ក៏​បាន​បង្កើន​ការ​ខួង​រុក​រក​ជា​ឯកតោភាគី​ ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​របស់​ប្រទេស​ជិត​ខាង និង​ក្លាយ​ជា​ប្រភព​នៃ​ជម្លោះ​តាន​តឹង​រវាង​តួកគី​និង​សហភាព​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ