អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី រដ្ឋបាលអាមេរិក លូកដៃ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាលបេឡារុស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងអាស្រូវ​កៀង​យន្តហោះ អឺរ៉ុប ឲ្យចុះចត នៅបេឡារុស ដើម្បី ស្ទាក់ចាប់​អ្នកកាសែត​ប្រឆាំង បាន​ជំរុញ ឲ្យ​អាមេរិក​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ប្រឆាំង រដ្ឋាភិបាល​បេឡារុស។ នៅថ្ងៃសុក្រ​ម្សិលមិញ រដ្ឋបាល​របស់​លោក​ចូ បៃដិន​បាន​ប្រកាស​ថា ខ្លួន​កំពុង​ពិភាក្សា​ជាមួយ​សហភាពអឺរ៉ុប ដើម្បី​បង្កើត​បញ្ជីឈ្មោះ មន្រ្តី រដ្ឋាភិបាល បេឡារុស ដែល​ត្រូវ​ជាប់ទណ្ឌកម្ម​ថ្មី ដោយសារ​រឿង ដែល បេឡារុស បាន​ស្ទាក់​ចាប់យន្តហោះ អឺរ៉ុប  Ryanair ដើម្បី​ចាប់អ្នកកាសែតប្រឆាំង​បេឡារុស កាលពី​ថ្ងៃ អាទិត្យ​កន្លងទៅ។ អាមេរិក​សម្រេច​ចាត់វិធានការ​ប្រឆាំង​បេឡារុស នៅចំថ្ងៃ ដែល ប្រធានាធិបតី បេឡារុស ចូលជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី នៅទីក្រុង​Sotchi។

ប្រធានាធិបតី​បេឡារុស លោក អាឡិចសង់ លូកាឆេនកូ នៅក្នុងជំនួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពីថ្ងៃទី ២៨ ឧសភា នៅទីក្រុង​សុតឈី ប្រទេស​រុស្ស៊ី
ប្រធានាធិបតី​បេឡារុស លោក អាឡិចសង់ លូកាឆេនកូ នៅក្នុងជំនួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន កាលពីថ្ងៃទី ២៨ ឧសភា នៅទីក្រុង​សុតឈី ប្រទេស​រុស្ស៊ី via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​ថ្កោលទោស បេឡារុស ដែលបាន​កៀងស្ទាក់ចាប់យន្តហោះ អឺរ៉ុប Ryanair កាលពីថ្ងៃ រដ្ឋបាល​លោក​ចូ បៃដិន បាន​សម្រេច​ផ្អាក កិច្ចព្រមព្រៀង ឆ្នាំ ២០១៩ រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​Minks ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ ប្រើ​ប្រាស់​ដែនអាកាសគ្នា​ទៅវិញ ទៅមក។ ដោយ​ផ្អាក​កិច្ចព្រមព្រៀង ឆ្នាំ ២០១៩ អាមេរិក​បាន​សម្រេច តាម ប្រទេស​សមាជិក​អឺរ៉ុប ជាច្រើន ដែល​បាន​ហាម​មិន​ឲ្យ​យន្តហោះ​របស់ក្រុមហ៊ុន​បេឡារុស ប្រើប្រាស់​ដែនអាកាស​របស់ខ្លួន​តទៅទៀត។ ក្រៅតែ​ពី​ណែនាំ​មិន​ឲ្យជនជាតិ​អាមេរិក​ធ្វើដំណើរ​ទៅប្រទេស​បេឡារុស រដ្ឋបាលលោក​ចូ បៃដិន បានអំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិកាំង មានការប្រុងប្រយ័ត្នខ្ពស់ បើសិន​ត្រូវ​ជិះយន្តហោះ ដែលត្រូវ​ហោះឆ្លងកាត់​ដែនអាកាស​បេឡារុស។

តាមអ្នកនាំពាក្យ​របស់​សេតវិមាន លោកស្រី ជេន សាគី (Jen Psaki) ក្រៅតែ​ពីផ្អាកមិន​អនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ចរាចរណ៍​ដែនអាកាស​ជាមួយ ប្រទេស​បេឡារុស រដ្ឋបាល​លោក​ចូ បៃដិន​បាន​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ផ្សេងទៀត ប្រឆាំង​រដ្ឋាភិបាល​បេឡារុស ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី លូកាឆេនកូ។ តាម​អ្នកនាំពាក្យ របស់​សេតវិមាន លោកស្រី​ជេន សាគី អាមេរិក សហភាព​អឺរ៉ុប និង ប្រទេស​មួយចំនួនទៀត កំពុង​រៀបចំ​បញ្ជីឈ្មោះ ដើម្បី​សំដៅ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​មនុស្សសំខាន់ៗ របស់​រដ្ឋាភិបាល​លោក​លូកាឈិនកូ ដែល​មានជាប់ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ការប្រព្រឹត្ត​អំពើពុករលួយ ការបន្លំឆ្នោត ឆ្នាំ ២០២០ និង​ចុងក្រោយ គឺ​ការកៀង យន្តហោះ ដើម្បី​ចាប់អ្នកកាសែត​ប្រឆាំង កាលពី​ថ្ងៃទី ២៣​ឧសភា សប្តាហ៍មុននេះ។

នៅ​មុន​ចេញបញ្ជីឈ្មោះ មន្រ្តីសំខាន់ៗរបស់​រដ្ឋាភិបាល​បេឡារុស ដែល​ត្រូវ​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្រសួង ហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់រួចហើយថា ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​រដ្ឋបេឡារុស ចំនួន ៩ ដែល​អាមេរិក​បាន​សម្រេច កាលពី​ថ្ងៃ ខែ​មេសា​កន្លងទៅ នឹងចាប់អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ៣ មិថុនា​សប្តាហ៍ក្រោយនេះ។ មានន័យថា ចាប់ពីថ្ងៃ​អាទិត្យ​សប្តាហ៍ក្រោយ ប្រជាជន​អាមេរិកាំង នឹង​គ្មាន​សិទ្ធិ បោះទុនវិនិយោគ ធ្វើ​មុខជំនួញ ជាមួយ ក្រុមហ៊ុនរដ្ឋ​បេឡារុស​ទាំង ៩​ខាងលើនោះទេ។

អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​រដ្ឋ​បេឡារុស នៅក្នុងគោលដៅ​ដាក់​សម្ពាធសេដ្ឋកិច្ច ទៅលើ​លោកប្រធានាធិបតី​បេឡារុស ដែល​ក្រុមបក្ស​ប្រឆាំង បេឡារុស និង​ក្រុមប្រទេស​លោកខាងលិច ចោទថា បាន​បង្រ្កាប ហិង្សា ចាប់ខ្លួន និង​ធ្វើទារុណកម្ម សកម្មជន​ប្រឆាំង ​ដែលបាន​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង លទ្ធផល​ឆ្នោត​ប្រធានាធិបតី​ កាលពី​ឆ្នាំ ២០២០ កន្លងទៅ។

ហេតុអ្វី បាន​ជា​អាមេរិក​មក​លូកដៃ ដាក់​ទណ្ឌកម្ម បេឡារុស ធ្វើអ្វី​ដែរ បុប្ផា?

សំណុំរឿងអាស្រូវ កៀង​ចាប់បង្ខំ ឲ្យ​យន្តហោះ​អឺរ៉ុប ចុះចត​នៅទឹកដី​បេឡារុស ដើម្បី​ចាប់អ្នកកាសែត ប្រឆាំង​ មិនត្រឹមជា​កង្វល់​របស់​សហភាព​អឺរ៉ុប​តែម្នាក់នោះទេ ប៉ុន្តែ វាពាក់ព័ន្ធ​ផងដែរ នឹង​សហរដ្ឋអាមេរិក ព្រោះត្រូវ​ដឹងថា នៅពីក្រោយ បេឡារុស ដែល​ជា​អ្នកសម្រេច​ចាប់ស្ទាក់ យន្តហោះអឺរ៉ុប គឺ​មានឥទ្ធិពល របស់​រុស្ស៊ី ដែល​ជា​ប្រទេស​សត្រូវ របស់​អាមេរិក និង​ជាគូប្រជែង ប្រទេស​គំរាមកំហែង​សន្តិសុខ សម្រាប់​សហភាពអឺរ៉ុប។

ដោយ​ដាក់ទណ្ឌកម្ម​ទៅលើ​បេឡារុស អាមេរិក ចង់​បញ្ជូន​សញ្ញា​ទៅ​ខាង​ភាគី រុស្ស៊ី ដែល​ជា​សម្ព័ន្ធមិត្ត គាំទ្រ របបប្រធានាធិបតី បេឡារុស ថា អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប មាន​មធ្យោបាយ ដើម្បី ដាក់សម្ពាធ​លើ​ប្រទេស រដ្ឋ ដែលស្ថិតក្រោម ឥទ្ធិពល​របស់​ប្រទេស​រុស្ស៊ី។

ទណ្ឌកម្ម​របស់អាមេរិក និងសហភាពអឺរ៉ុប នឹង​គ្មាន​ប្រសិទ្ធិភាព ដាក់​គំនាប ឲ្យ​ប្រធានាធិបតី​បេឡារុស​ខ្លបខ្លាច

នៅ​ពេល​ទទួល​ជួប​ប្រធានាធិបតី​បេឡារុស លោក អាឡិចសង់ លូកាឆេនកូ កាលពីថ្ងៃ​សុក្រ ម្សិលមិញ នៅ​គេហដ្ឋាន វិស្សមកាល នៅទីក្រុង​សុតឈី លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយ​ថា លោកត្រេកអរ ដែលបានជួបប្រធានាធិបតី​បេឡារុស។ លោក​ថែមទាំង​បាន​បញ្ជាក់ថា លោកយល់ស្រប​ជាមួយ​ប្រធានាធិបតី​បេឡារុស ដែល​ថា ប្រទេស​លោកខាងលិច មាន​ប្រតិកម្ម បែបអារម្មណ៍ជ្រុលហួស ព្រោះ​មិនបាន​ពិនិត្យ​ពិច័យ ស្តាប់ រក​ហេតុ​ឲ្យ​បាន​ច្បាស់លាស់ មុន​ដាក់​ទណ្ឌកម្ម​នោះ​ទេ។

គេ​អាច​និយាយ​បាន​ថា ទណ្ឌកម្ម ប្រតិកម្ម​ថ្កោលទោស ប្រធានាធិបតី​បេឡារុស មិនត្រឹមតែ​គ្មាន​ប្រសិទ្ធិភាព ដាក់សម្ពាធ​ធ្វើ​ឲ្យ​ប្រធានាធិបតី​បេឡារុស ចុះចាញ់ តែប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ វា​រឹត​តែ រុញច្រាន ប្រទេស បេឡារុស ឲ្យ​ធ្លាក់កាន់តែជ្រៅ ទៅក្នុង​អន្លង់​ជីក​របស់​រុស្ស៊ី ដែល​ប្រាថ្នា ចង់​បាន​បេឡារុស​ឲ្យ​មក​ស្ថិតក្រោម​អំណាច ឥទ្ធិពល​របស់ខ្លួន តាំងពីយូរមកហើយ ដើម្បី ទប់ទល់ ប្រទេស​លោកខាងលិច។

ត្រូវដឹងថា នៅក្រោយ សហភាព​សូវៀត ដួលរលំ នៅ​ខែ ធ្នូ ឆ្នាំ ១៩៩១ បេឡារុស បាន​ក្លាយ​ជា​រដ្ឋឯករាជ្យ គ្មានទាក់ទង​អ្វី​នឹង សហព័ន្ធ​រុស្ស៊ី​នោះទេ។ បេឡារុស ស្ថិតនៅ​ចន្លោះ  រុរុស្ស៊ី នឹង​ប្រទេស​សមាជិក​អូតង់ ដែលមាន ដូចជា​ប៉ូឡូញ លីទុយអានី ជាដើម។ ដោយ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា បង្កើតសហភាពរដ្ឋថ្មី រុស្ស៊ី បេឡារុស នៅ​ឆ្នាំ ១៩៩៩ រុស្ស៊ី បាន​ប្រាថ្នា អូសទាញ បេឡារុស ឲ្យ​មក​នៅខាងខ្លួន។ រុស្ស៊ី មិន​ចង់​ឲ្យ​បេឡារុស ទៅ ជិតស្និទ្ធ ជាមួយ សហភាព​អឺរ៉ុប នោះទេ ព្រោះ​រុស្ស៊ី មិន​ចង់​ឃើញ បេឡារុស ក្លាយ​ជា​ប្រទេស​សមាជិក​របស់អូតង់ នៅជាប់ព្រំដែន​ផ្ទាល់​របស់​រុស្ស៊ី។

កាលពី​ប៉ុន្មាន​ឆ្នាំមុន ទោះជា​បេឡារុស បាន​ចុះសន្ធិសញ្ញា បង្កើតសហភាពរដ្ឋថ្មី​ជាមួយ រុស្ស៊ី ប៉ុន្តែ លោក​ប្រធានាធិបតី លូកាឆេនកូ បាន​បង្ហាញ​អរិភាព មិនទុកចិត្ត និង​ចេះតែ ខ្លាច​រុស្ស៊ី កាត់យក​ទឹកដី​បេឡារុស ដូច​រុស្ស៊ី​បានធ្វើ​ទៅលើ​ទឹកដីគ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន។ លោក​លូកាឆេនកូ ចង់ ឲ្យ​បេឡារុសស្ថិតនៅ​ជា​ប្រទេស​ឯករាជ្យ រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់ភាគី មិនថា ជាមួយ​រុស្ស៊ី ឬ​ប្រទេស​លោកខាងលិច។ ប៉ុន្តែ ព្រឹត្តិការណ៍ នៅ​ឆ្នាំ ២០២០ ពោល​គឺ​នៅពេល​មាន​សន្ទុះធ្វើ​បាតុកម្ម ប្រឆាំង​លទ្ធផល​ឆ្នោត និងទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពីតំណែង និងការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច មក​ លោក​ប្រធានាធិបតី បេឡារុស បាន​ចាប់ប្តូរ​ជំហរ និង​ងាករេ មករក​រុស្ស៊ី កាន់តែ​ខ្លាំង។ ឆ្លៀតឱកាសនេះ រុស្ស៊ី ដែល​បាន​ចងសម្ព័ន្ធ​ជាមួយ បេឡារុស ក្នុង​សន្ធិសញ្ញា​ឆ្នាំ ១៩៩៩ បាន​ព្យាយាម ជំរុញ ឲ្យ​បេឡារុស ធ្វើសមាហរកម្ម ចុះចូល​ជាមួយ រុស្ស៊ី បន្ថែមទៀត។ គម្រោងការនេះ បានធ្វើ​ឲ្យ​ក្រុមប្រឆាំង​បេឡារុស ព្រួយបារម្ភ​មែនទែន។ ព្រួយបារម្ភ ពីព្រោះថា ដើម្បី ក្រាញ​ចង់កាន់អំណាចតែមួយមុខគត់ លោកប្រធានាធិបតី លូកាឆេនកូ សុខចិត្ត ជ្រមុជក្បាល ទៅសុំជំនួយ​ពីរុស្ស៊ី ដោយ​មិនគិត​ខ្វល់ថា បេឡារុស ត្រូវ​បាត់បង់ ដែនអធិបតេយ្យភាព ឯករាជ្យភាព ទៅស្ថិតក្រោម បង្គាប់ គ្រប់គ្រង របស់​រុស្ស៊ី​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ