អានតួអត្ថបទ

បេឡារុស និង​រុស្ស៊ី​បរិហាររិះគន់​ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប​លើ​បេឡារុស

បេឡារុស និង​សហភាពអឺរ៉ុប​បាន​យកទណ្ឌកម្ម​សេដ្ឋកិច្ច ជា​អាវុធ​វាយប្រហារ​គ្នា​ទៅមក​ទៅមក។ ទីក្រុង​មីនស្ក៍ កាលពី​ថ្ងៃ​សុក្រម្សិលមិញ បាន​ប្រកាស​ទណ្ឌកម្ម ឆ្លើយតបវិញ នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដាក់​ទៅលើ​មន្រ្តី​បេឡារុសណា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការបង្រ្កាប លើ​ក្រុមប្រឆាំង នៅ​ទឹកដីបេឡារុស។ ទីក្រុង​ម៉ូស្គូ សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី បេឡារុស​បាន​ប្រតិកម្ម​រិះគន់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។

ក្រុមប្រឆាំង​លោកប្រធានាធិបតី​លូកាឆិនកូ ធ្វើបាតុកម្ម​តាំង​ពី​ខែ​សីហា  ទាមទារ​ឲ្យ​លោក​លូកាឆិនកូ​ចុះចេញពី​តំណែង
ក្រុមប្រឆាំង​លោកប្រធានាធិបតី​លូកាឆិនកូ ធ្វើបាតុកម្ម​តាំង​ពី​ខែ​សីហា ទាមទារ​ឲ្យ​លោក​លូកាឆិនកូ​ចុះចេញពី​តំណែង via REUTERS - TUT.BY
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ម៉ូស្គូ ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅលើ​រដ្ឋាភិបាល​បេឡារុស ស្តែង​ឲ្យឃើញ ពី​ចំណុចខ្សោយ​របស់​សហភាពអឺរ៉ុប។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង ឃើញ​ចំនុច​វិជ្ជមានមួយ ព្រោះថា បញ្ជីឈ្មោះ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប គ្មាន​ឈ្មោះ​របស់​លោក​ប្រធានាធិបតី បេឡារុស អាឡិចសង់ដ្រឺ លូកាឆិនកូ​នោះទេ។

ទៅតាម​ការប្រកាស​របស់​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel មេដឹកនាំ​របស់​ប្រទេស​សមាជិក​ទាំង​២៧ របស់​សហភាព​អឺរ៉ុប បាន​យល់ព្រមព្រៀង​គ្នា ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តី​បេឡារុស​ជាង ៤០នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការបង្រ្កាប​លើ​ក្រុមប្រឆាំង ក្នុង​ពេលធ្វើ​បាតុកម្ម ឬ​ការបន្លំ​សន្លឹកឆ្នោត នៅ​បេឡារុស។ ទណ្ឌកម្ម​របស់​សហភាពអឺរ៉ុប​នឹង​ចូល​ជាធរមាន ចាប់ពី​ថ្ងៃសុក្រ។ ទៅតាមទណ្ឌកម្ម​របស់​អឺរ៉ុប មន្រ្តីបេឡារុស ដែល​មាន​ឈ្មោះ ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អឺរ៉ុប មិនអាច​ធ្វើដំណើរ​ចូល​ទឹកដី​អឺរ៉ុប ចំណែក ទ្រព្យសម្បត្តិ​ពួកគេ នៅ​​ទឹកដី​អឺរ៉ុប នឹងត្រូវ​គេ​បង្កកទុក មិនឲ្យប្រើប្រាស់។

ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដែល​បានជួប​សន្ទនា​ជាមួយ​មេបក្សប្រឆាំង​បេឡារុស កាលពី​ថ្ងៃ​អង្គារ វាយតម្លៃថា លោកប្រធានាធិបតី​លូកាឆិនកូ នឹង​អាច​ចាត់បញ្ចូល ក្នុង​បញ្ជី ទណ្ឌកម្ម​របស់​អឺរ៉ុប ប្រសិនបើ នៅតែ​មាន ​ការបង្រ្កាប​លើ​ក្រុមអ្នកប្រឆាំង​នៅ​បេឡារុស។

សម្រាប់​អ្នកជំនាញ ដោយ​ដាក់​ទណ្ឌកម្ម​តែ​ទៅលើ​មន្រ្តីរដ្ឋាភិបាល ប៉ុន្តែ មិនមែន​ប្រធានាធិបតី បេឡារុស លោក​លូកាឆិនកូ សហភាព​អឺរ៉ុប​ចង់​សំដែង​ការគាំទ្រ សាមគ្គីភាព​ជាមួយ​ក្រុមប្រឆាំង ដែល​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកប្រធានាធិបតី ចុះចេញពីតំណែង។ សហភាព​អឺរ៉ុប​មិន​ដាក់​ទណ្ឌកម្ម​ដោយ​ផ្ទាល់ លើ​លោកប្រធានាធិបតី លូកាឆិនកូ ក៏ព្រោះតែ មិនចង់​ញុះញង់​ឲ្យ​រុស្ស៊ី​ខឹងប្រតិកម្ម​ខ្លាំង។ ម្យ៉ាង ទណ្ឌកម្ម តែ​ទៅលើ​មន្រ្តីតូចតាច គ្រាន់តែ ជា​ការដាក់សម្ពាធ ដើម្បី​ជំរុញ​ឲ្យមានការចរចា ឈាន ទៅរក​ការរៀបចំ​បោះឆ្នោត សាជាថ្មី ប៉ុន្តែ មិនមែន ប្រកាស បើក​សង្រ្គាម​ដោយ​ផ្ទាល់​ជាមួយ បេឡារុស ឬ​រុស្ស៊ី​នោះទេ។

យ៉ាងណាក៏ដោយ នៅក្រោយ​ការដាក់​ទណ្ឌកម្ម​របស់សហភាពអឺរ៉ុប បេឡារុស តាមរយៈ​ក្រសួង​ការបរទេស​បាន​ប្រកាស​ទណ្ឌកម្ម​ប្រឆាំងតបវិញ ប៉ុន្តែ មិន​បាន​លម្អិត​ជាសាធារណៈ​នោះទេ។ នៅ​ថ្ងៃ​សុក្រដដែល លោកប្រធានាធិបតី លូឡាឆិនកូ​ដែល​កំពុង​ប្រឈម​នឹង​មហាបាតុកម្ម ទាមទារ​ឲ្យ​ចុះចេញពីតំណែង ចាប់តាំង​ពីមាន​ការបោះឆ្នោត កាលពី​ខែ​សីហា បាន​ទូរស័ព្ទ ស្វែង រក​ជំនួយ​គាំទ្រ​ពី​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន។ លោកពូទីន​ដែល​បាន​សន្យា​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ និងហិរញ្ញវត្ថុ ប្រមាណ​១៥០០លាន​ដុល្លារ ដល់​បេឡារុស។​

ចង់ ឬមិនចង់ ទណ្ឌកម្ម​របស់​អឺរ៉ុប​កំពុង​រុញច្រាន មេដឹកនាំ​បេឡារុស ឲ្យចូល​កៀក​កាន់តែ​ជិតស្និទ្ធ ម៉ូស្គូ ដែល មេដឹកនាំ​បេឡារុស ធ្លាប់​ព្យាយាម នៅឆ្ងាយ និង​ចោទប្រកាន់​ថា បាន​ចូល​រំលោភ ដែនអធិបតេយ្យភាព​របស់​បេឡារុស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ