អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់៖ បោះឆ្នោត​ប្រធានាធិបតី​ ដែល​ប្រជាជន​គ្មាន​ទឹកចិត្ត​ចូលរួម​ ខណៈ​វិបត្តិសេដ្ឋកិច្ច​​កាន់តែ​ធ្ងន់ធ្ងរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​១៨មិថុនានេះ ប្រជាជនអ៊ីរ៉ង់ ត្រូវចូលរួមបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី ដើម្បី​ដឹកនាំប្រទេស បន្តពីលោក ហាសាន់ រ៉ូហានី។​ អ៊ីរ៉ង់ គឺជាមហាអំណាចមួយដ៏សំខាន់ ប្រចាំតំបន់ដើមបូព៌ា។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អ៊ីរ៉ង់ ធ្លាក់កាន់តែជ្រៅ ទៅក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក ព្រមទាំងវិបត្តិបង្កឡើង ដោយជំងឺ​កូវីដ​១៩។ យោងតាមការស្ទាបស្ទង់មតិ ប្រជាជនអ៊ីរ៉ង់ ភាគច្រើនមិនចង់ទៅបោះឆ្នោត នៅថ្ងៃនេះទេ ព្រោះពួកគេអស់ជំនឿចិត្ត ទៅលើថ្នាក់ដឹកនាំនយោបាយ ដែលមិនអាចជួយជីវភាពពួកគេ ឲ្យ​បានប្រសើរឡើង។ បេក្ខជនមកពីក្រុមអភិរក្សនិយមជ្រុល ឈ្មោះ Ebrahim Raïssi ត្រូវគេរំពឹងថានឹងឈ្នះ។

លោកអាយ៉ាតូឡា អាលី ខាមឺណី មគុទេសន៍ សាសនាកំពូលអ៊ីរ៉ង់ ចូលរួមបើកឆាក ទំលាក់សន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅព្រឹកថ្ងៃទី ១៨​មិថុនា ២០២១ នៅក្រុងតេហេរ៉ង់។
លោកអាយ៉ាតូឡា អាលី ខាមឺណី មគុទេសន៍ សាសនាកំពូលអ៊ីរ៉ង់ ចូលរួមបើកឆាក ទំលាក់សន្លឹកឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅព្រឹកថ្ងៃទី ១៨​មិថុនា ២០២១ នៅក្រុងតេហេរ៉ង់។ VIA REUTERS - OFFICIAL KHAMENEI WEBSITE
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាការពាររដ្ឋធម្មនុញ្ញអ៊ីរ៉ង់ បានសម្រេចទទួលយកបេក្ខជនឈរឈ្មោះប្រធានាធិបតី ចំនួន៧នាក់ ក្នុងចំណោមបេក្ខជនទាំងអស់ជិត​៦០០នាក់។ ក៏ប៉ុន្តែកាលពី​ថ្ងៃពុធទី១៦មិថុនា ស្រាប់តែមាន​៣នាក់ បាន​ដកខ្លួនចេញ​វិញ​។ ដូច្នេះ គឺមានសល់តែបេក្ខជន​៤នាក់ទេ ដែលត្រូវប្រកួត យកសំឡេងឆ្នោតនៅថ្ងៃនេះ។

បេក្ខជនឈរឈ្មោះ៤នាក់នោះ គឺមានទីមួយ លោក Ebrahim Raïssi ជាមនុស្ស​មកពីក្រុម​អភិរក្សនិយមជ្រុល ហើយស្និទ្ធ​នឹង​លោកអាយ៉ាតូឡា អាលី ខាមឺណី។ បេក្ខជនទី​២ ឈ្មោះ Amirhoussein Ghazisadeh-Hachémi ជាសមាជិកសភា និងជា​អតីតមេទ័ពម្នាក់នៃកងឆ្មាំបដិវត្តអ៊ីរ៉ង់។ បេក្ខជនទី៣ ឈ្មោះ Mohsen Rézaï ក៏ជាអតីតមេទ័ពដែរ ហើយបេក្ខជនចុងក្រោយទី៤ ឈ្មោះ Abdolnasser Hemmeti អតីតទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ ជាមនុស្សមានទំនោរកណ្តាលនិយម ដូចលោក ប្រធានាធិបតី ហាសាន់ រ៉ូហានី ដែរ។

ឈ្នះដោយគ្មានគូប្រកួត

ក្នុងចំណោមបេក្ខជនទាំង៤នាក់នេះ បើតាមប្រភពព័ត៌មានភាគច្រើន អះអាងថា គឺលោក Ebrahim Raïssi ដែលជាអ្នកមានសង្ឃឹមឈ្នះច្រើនជាងគេបង្អស់។ មានអាយុ៦០ឆ្នាំ លោក Ebrahim Raïssi ជាតំណាងក្រុមម៉ូឡា អភិរក្សនិយមជ្រុល​នៅអ៊ីរ៉ង់ ហើយលោកម្នាក់នេះ គឺជាប្រធានអាជ្ញាធរយុត្តិធម៌អ៊ីរ៉ង់ ដែលត្រូវបាន​លោក​ អាយ៉ាតូលា អាលី ខាមឺណីតែងតាំង កាលពីឆ្នាំ​២០១៩។ ប្រធានអាជ្ញាធរយុត្តិធម៌នេះ មានសិទ្ធិអំណាចខ្លាំងណាស់នៅអ៊ីរ៉ង់ ពោល​គឺចង់លើស​អំណាច របស់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅទៀតផង។

កាលពីពេលបោះឆ្នោតឆ្នាំ​២០១៧ លោក Ebrahim Raïssi ក៏បានឈរឈ្មោះបោះឆ្នោតដែរ តែបានចាញ់លោក ​ ហាសាន់ រ៉ូហានី ដោយបានសំឡេងឆ្នោត តែប្រមាណ ៣៨%ប៉ុណ្ណោះ។ តែនៅលើកនេះ គឺគ្មានបេក្ខជនណា អាច​មក​យកឈ្នះលោក​ Ebrahim Raïssi បានទេ បើតាមការរំពឹងទុក ព្រោះបេក្ខជនផ្សេងៗទៀត គឺ​គេមិនសូវស្គាល់ទេ ហើយសុទ្ធ​តែ​​ពុំសូវ​មាន​​បទពិសោធន៍ ក្នុងឆាកនយោបាយ​អ៊ីរ៉ង់។

បោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់២០២១

ប្រជាជនមិនទៅបោះឆ្នោត អាច​មានចំនួនជាងពាក់កណ្តាល

កាលពីពេលបោះឆ្នោតសភា នៅឆ្នាំ២០២០ អ្នកអត់ទៅបោះឆ្នោត មានដល់ទៅ​៥៧%ឯណោះ។ ដោយឡែក កាលពីឆ្នាំ​ ២០១៧ លោកហាសាន់ រ៉ូហានី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី តាំងតែពីជុំទី១ ដោយចំនួន​អ្នកទៅបោះឆ្នោតសរុប មានដល់ទៅ ៧៣%។

សម្រាប់ការបោះឆ្នោតប្រធានធិបតី នៅថ្ងៃនេះ បើតាមការស្ទាបស្ទង់មតិខ្លះ គឺ​ចំនួនអ្នកមិនទៅបោះឆ្នោត អាចមាន​លើស កាលពីឆ្នាំ២០២០។ ពោលគឺមានន័យថា ប្រធានាធិបតី​ដែលអាចឈ្នះឆ្នោត នៅលើកនេះ គឺឈ្នះដោយបានសំឡេងឆ្នោតតិចណាស់ ព្រោះថាអ្នកទៅបោះឆ្នោត អាចមានមិនដល់ពាក់កណ្តាល នៃចំនួន​ប្រជាជនអ្នកមានសិទ្ធិបោះឆ្នោត ទាំងជាង៥៩លាននាក់ទេ។

យ៉ាងណាមិញ ដោយ​បារម្ភខ្លាចប្រ​ជាជនមិនទៅបោះឆ្នោត លោកអាយ៉ាតូឡា អាលី ខាមឺណី បាន​ចេញមុខប្រកាសអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍ ជំរុញ​ឲ្យ​ប្រជាជន​ ចូលរួមបោះឆ្នោតឲ្យ​បានច្រើននៅថ្ងៃនេះ។ ដើម្បីសម្រួល ការចូលរួមបោះឆ្នោត​នេះទៀតសោត អាជ្ញាធររៀបចំការបោះឆ្នោតអ៊ីរ៉ង់ បាន​សម្រេច​បើកការិយាល័យបោះឆ្នោត ពីម៉ោង៧ព្រឹក ដល់ម៉ោង១២​រំលងអាធ្រាត្រ ហើយអាចបន្តដល់ម៉ោង ២ភ្លឺផង ប្រសិនបើ ចំនួន​អ្នក​ចូលរួមបោះឆ្នោតនៅតែទាបខ្លាំង។

វិបត្តិសេដ្ឋកិច្ច ជី​វភាពកាន់តែលំបាក

បញ្ហា​ដែល​ប្រជាជនអ៊ីរ៉ង់ មិនចង់ទៅបោះឆ្នោត គឺវាកើតចេញពី​ ការអស់សង្ឃឹម ការលែងទុកចិត្ត មកលើថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ង់ ពីសំណាក់ប្រជាជនអ៊ីរ៉ង់ ​ជាពិសេសនោះ គឺប្រជាជនអ្នកមានចំនេះដឹងគ្រាន់បើ រស់នៅតាមទីក្រុងធំៗ តែម្តង។ មួយវិញទៀត អ្នកខ្លះលើកឡើងថា ក្នុងចំណោមបេក្ខជនឈរឈ្មោះ គឺគ្មាននរណា គួរឲ្យ​ចង់បោះឆ្នោតឲ្យទេ។ បេក្ខជនដែលមានសង្ឃឹមថាឈ្នះគេច្រើនទៀតសោត គឺជា​ មនុស្សមកពីក្រុមអភិរក្សនិយមជ្រុល ដែលប្រកាន់ច្បាប់វិន័យអ៊ីស្លាម​​តឹងតែង ផ្តាច់ការ​ ហើយដែលជាក្រុម ដែល​ធ្វើបាបសិទ្ធិសេរីភាព របស់ប្រជាជនអ៊ីរ៉ង់។

យ៉ាងណាមិញ លោក Ebrahim Raïssi ដែលជាបេក្ខជន​មានសង្ឃឹមឈ្នះច្រើនជាងគេនេះ ត្រូវសកម្មជនសិទ្ធិមនុស្ស ចោទថា ជាអ្នកទទួលខុសត្រូវ ក្នុងការសម្លាប់អ្នកទោសនយោបាយឆ្វេងនិយម ច្រើននាក់ណាស់ នៅរវាងអំឡុងឆ្នាំ​១៩៨៨។

នៅតាមបណ្តាញសង្គមអ៊ីរ៉ង់ មានសារអំពាវនាវជាច្រើន កុំឲ្យ​ប្រជាជនទៅបោះឆ្នោតនៅថ្ងៃនេះ។ ការមិនទៅបោះឆ្នោត គឺដើ​ម្បីសំដែង ការតវ៉ា ប្រឆាំងនឹងការដឹកនាំរបស់ ក្រុមអ្នកកាន់អំណាច ដែលធ្វើឲ្យ​ប្រទេសអ៊ីរ៉ង់ធ្លាក់ជ្រៅទៅៗ ក្នុងវិបត្តិសេដ្ឋកិច្ច។ ពួកមេដឹកនាំអភិរក្សនិយមជ្រុលអ៊ីរ៉ង់ គិតតែពីប្រកាន់គោលជំហរ មនោគមវិជ្ជាចង់យកឈ្នះសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ដោយមិនខ្វល់ពីជីវភាពរបស់ប្រជាជន ដែលកាន់តែក្រីក្រ។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំង ដោយសារទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក ហើយបូក​​បន្ថែម​ជាមួយ​នឹងបញ្ហាកូវីដ​១៩ទៀត។

ត្រូវរកវិធីចរចា ដើម្បី​បញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រសិនបើ លោក Ebrahim Raïssi ឈ្នះឆ្នោត ក្លាយជាប្រធានាធិបតី​មែននោះ គឺប្រជាជនអ៊ីរ៉ង់ កានតែអស់សង្ឃឹម ថានឹងអាចមានជីវភាព​ប្រសើរឡើង។អ្នកដែលគេរំពឹងថា នឹងឡើងមកធ្វើប្រធានាធិបតីថ្មី គឺជាមនុស្សរបស់ក្រុមពួករឹងរូស អភិរក្សនិយមជ្រុល ប្រកាន់មនោគមវិជ្ជាស្អប់អាមេរិក និង​ លោកខាងលិច។ ដូច្នេះ គេកាន់តែអស់សង្ឃឹមថា អ៊ីរ៉ង់ អាចនឹង​ចរចាបានជោគជ័យ ជាមួយ​សហរដ្ឋអាមេរិក ទាក់ទិននឹងសំណុំរឿងនុយក្លេអ៊ែរ។

បច្ចុប្បន្ននេះ ការចរចាស្ថិតនៅជាប់គាំង មិនទាន់បានលទ្ធផលទេ ហើយបើរដ្ឋាភិបាលថ្មី ចូលមកកាន់តំណែង មានទំនោ​រកាន់តែរឹងរូស មិនព្រមធ្វើសម្បទានទៀត គឺវាកាន់តែលែងទៅមុខតែម្តង។ ការដកទណ្ឌកម្មពីសំណាក់អាមេរិក មានសារៈសំខាន់ណាស់ សម្រាប់ការវិនិយោគ និងដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់។ ការផលិត និងនាំប្រេងឆៅចេញទៀតសោត ក៏រំពឹង​ខ្លាំងដែរ ទៅនឹង​ការ​ដកទណ្ឌកម្ម​ពីសំណាក់អាមេរិក។

តែយ៉ាងណា កាលៈទេសៈពេលនេះ ក៏លំបាកណាស់ដែរ  សម្រាប់ក្រុមមេដឹកនាំ​អភិរក្សនិយមជ្រុល ព្រោះបើរឹងរូសពេក ប្រជាជនក្រលំបាកខ្លាំង នោះចលនាប្រឆាំងតវ៉ា ក៏នឹងកាន់តែរីកធំដែរ។ ដូច្នេះ អនាគតនៃរបបសាធារណរដ្ឋអ៊ីស្លាមឈីអ៊ីតអ៊ីរ៉ង់ ក៏អាចជួបគ្រោះថ្នាក់ដែរ ប្រសិនបើប្រជាជនអ៊ីរ៉ង់ក្រោកឈរបះបោរឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ