អានតួអត្ថបទ
AIEA-អ៊ីរ៉ង់

AIEA បារម្ភពីវត្តមានមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអ៊ីរ៉ង់មិនបានរាយការណ៍

នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​ថ្លែង​ពី​ក្តីបារម្ភ​ជុំវិញ​វត្តមាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​អ៊ីរ៉ង់​ជា​ច្រើន​ដែល​អ៊ីរ៉ង់​មិន​បាន​រាយការណ៍។ ទន្ទឹម​គ្នា​នេះ នាយក AIEA ក៏​បាន​បញ្ជាក់​ពី​កំណើន​បរិមាណ​ស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ដែរ។ ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​ចែក​នៅ​ក្នុង​របាយការណ៍​ចំនួន​ពីរ​ដែល​សារព័ត៌មាន​ជា​ច្រើន​បាន​ទទួល​ក្នុង​ថ្ងៃ​ចន្ទ ទី៣១ ឧសភា។ អ្វី​ជា​ការ​កត់សម្គាល់ ដំណឹង​មិន​ល្អ​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​កិច្ចចរចា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។

នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA លោក Rafael Grossi
នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA លោក Rafael Grossi AP - Florian Schroetter
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ដែល​នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA លោក Rafael Grossi បាន​សម្តែង​​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​វត្តមាន​ទីតាំង​នុយក្លេអ៊ែរ​ជា​ច្រើន​នៅ​អ៊ីរ៉ង់ និង​ដែល​អ៊ីរ៉ង់​មិន​បាន​រាយការណ៍​ប្រាប់ AIEA ទេ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ កិច្ចពិភាក្សា​បច្ចេកទេស​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​រវាង AIEA និង​អ៊ីរ៉ង់​ដើម្បី​បំភ្លឺ​ជុំវិញ​វត្តមាន​នុយក្លេអ៊ែរ​ជា​ច្រើន​កន្លែង។ តែ AIEA មាន​ការ​សោកស្តាយ​ថា កិច្ចពិភាក្សា​នោះ​មិន​បាន​ហុច​លទ្ធផល​អ្វី​ទាំង​អស់ និង​ថា AIEA មិន​ដែល​ស្គាល់​ទីតាំង​នុយក្លេអ៊ែរ​ទាំង​អស់​នោះ​ទេ។

ទន្ទឹម​គ្នា​នេះ AIEA បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ទៀត​ថា បរិមាណ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ដែល​អ៊ីរ៉ង់​បាន​ស្តុក​មាន​លើស ៣ ២០០គីឡូក្រាម ពោល​លើស​ជិត ១៦ដង​ដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បាន​កំណត់។ តួលេខ​ជាង​ជាង ៣ ២០០គីឡូក្រាម​គ្រាន់​ជា​តួលេខ​ប៉ាន់ស្មាន​ប៉ុណ្ណោះ ព្រោះ AIEA មិន​អាច​ផ្ទៀងផ្ទាត់​បាន​ទេ​ដោយសារ​តែ​អ៊ីរ៉ង់​ទើប​បាន​រារាំង​មិន​ឲ្យ​ក្រុម​អធិការ​របស់ AIEA ទៅ​កាន់​អ៊ីរ៉ង់។ អ្វី​ជា​ការ​កត់សម្គាល់ របាយការណ៍​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​បន្ត​ចរចា​គ្នា​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។

កម្មវត្ថុ​នៃ​កិច្ចចរចា​ដែល​បាន​ចាប់​ផ្តើម​នា​ដើម​ខែ​មេសា គឺ​ដើម្បី​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​មួយ​នេះ​ឡើង​វិញ។ កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក​ដក​អាមេរិក​ចេញ​កាល​ពី​ឆ្នាំ ២០១៨ និង​ដែល​ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​ចូ បៃដិន​ចង់​នាំ​អាមេរិក​ឲ្យ​ត្រឡប់​ចូល​វិញ។ យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់ AIEA ពេល​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ក្រុមប្រឹក្សាភិបាល AIEA សិក្សា ពិនិត្យ​នៅ​ក្នុង​កិច្ចប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ