អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Facebook Instagram Messenger និង WhatsApp បានដំណើរការជាថ្មី ក្រោយពីបានជាប់គាំងអស់រយៈពេលជាង ៦ម៉ោង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី៤​ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី៥ តុលា បណ្តាញសង្គម​ចំនួន​ពីរ គឺ​Facebook និង Instagram រួម​ទាំង​កម្មវិធី​ចំនួន​ពីរ គឺ Messenger និង WhatsApp បាន​ជាប់គាំង​អស់​រយៈពេល​ជាង ៦ម៉ោង។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​កើត​មាន​ឡើង ខណៈ​ដែល​ក្រុមហ៊ុន Facebook កំពុង​ឆ្លង​កាត់​វិបត្តិ​មួយ​ទៀត​តាម​រយៈ​ការ​ទម្លាយ​ឯកសារ​របស់​លោកស្រី​ហ្វ្រាន់សេស ហោហ្កិន (Frances Haugen) កាល​ពី ២សប្តាហ៍​កន្លង​ទៅ។

ក្រុមហ៊ុន Facebook ជួបការ​ជាប់គាំង​មិន​ធ្លាប់មាន​អស់រយៈពេល​ជាង ៦ម៉ោងក្នុង​ថ្ងៃចន្ទ ទី៤ តុលា។
ក្រុមហ៊ុន Facebook ជួបការ​ជាប់គាំង​មិន​ធ្លាប់មាន​អស់រយៈពេល​ជាង ៦ម៉ោងក្នុង​ថ្ងៃចន្ទ ទី៤ តុលា។ REUTERS - Dado Ruvic
ផ្សាយពាណិជ្ជកម្ម

 

បើ​តាម​ហេតុផល​លើក​ឡើង​ដោយ​ក្រុមហ៊ុន Facebook នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ភាព​ជាប់គាំង​បណ្តាល​មក​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធខួរក្បាល​នៅ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ។ កុំ​ថា​ឡើយ​តែ​អ្នក​ប្រើFacebook Instagram Messenger និង WhatsApp ដែល​មាន​ជាង ៣ ០០០លាននាក់​ក្នុង​មួយ​ខែៗ​នៅ​ទូទាំង​ពិភពលោក​ជួប​បញ្ហា សូម្បី​តែ​ក្រុមហ៊ុន Facebook ខ្លួន​ឯង​ក៏​មិន​អាច​ប្រើ​បណ្តាញ​ទាំង​នេះ​បាន​ដែរ និង​បាន​បង្ខំ​ចិត្ត​ប្រើ​បណ្តាញ​របស់​គូប្រជែង​ខ្លួន​គឺ Twitter ដើម្បី​បញ្ជាក់​ពី​មូលហេតុ និង​ធ្វើ​ការ​សុំទោស​ជា​ផ្លូវការ។

សំណួរ​ដែល​កំពុង​ចោទ តើ​អ្វី​ដែល​ក្រុមហ៊ុន Facebook បាន​បញ្ជាក់​នេះ​ជា​រឿង​ពិត ឬ​មួយ​ក៏​បណ្តាញសង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​បាន​រងការ​វាយប្រហារ​ពី​ខាង​ក្រៅ?។ តាម​ពិត​ទៅ បញ្ហា​បច្ចេកទេស ឬ​មួយ​ក៏​បញ្ហា​សន្តិសុខ​តាម​អ៊ីនធ័រនែត​ដែល​នាំ​ឲ្យ​មាន​ភាព​រអាក់រអួល ឬ​ការ​ជាប់គាំង​ក្នុង​ការ​ប្រើ​អ៊ីធ័រនែត បណ្តាញសង្គម ឬ​កម្មវិធី​ផ្សេងៗ​មិនមែន​ជា​រឿង​ថ្មី និង​ក៏​ឧស្សាហ៍​កើត​មាន​ដែរ។ តែ​បើ​យោង​តាម​ថ្នាល Downdetector ដែល​ជា​អ្នក​តាម​ដាន​លើ​ការ​ជាប់គាំង​សេវា​ឌីជីថល ការ​ជាប់គាំង​របស់ Facebook Instagram Messenger និង WhatsApp ជាង ៦ម៉ោង​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មិន​ធ្លាប់​ឃើញ​កើត​មាន​ចំពោះ​ក្រុមហ៊ុន Facebook។

អ្វី​ជា​ការ​កត់សម្គាល់ រឿង​អភ័ព្វ​របស់​ក្រុមហ៊ុន Facebook ពេល​នេះ​បាន​ផ្តល់​សំណាង​ឲ្យ​ក្រុមហ៊ុន​គូប្រជែង​របស់​ខ្លួន ពិសេស​ក្រុមហ៊ុន Telegram។ កម្មវិធី​មួយ​នេះ​បាន​លោត​ពី​លំដាប់​ទី៥៦ ទៅ​លំដាប់​ទី៥ ជា​កម្មវិធី​ដែល​មាន​ការ​ទាញ​យក​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​តែ ១ថ្ងៃ នៅ​អាមេរិក។ តែ​អ្វី​ដែល Facebook បាន​ទទួល​ថ្មបាក់​ពី​ការ​ជាប់គាំង​រយៈពេល​ជាង ៦ម៉ោង គឺ​ការ​បាត់បង់​ចំណូល​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ទឹកប្រាក់ ៥៤៥ ០០០ដុល្លារ​ក្នុង​មួយ​ម៉ោង។ ចំណែក​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Facebook បាន​ដាំក្បាល​ចុះ​ចំនួន ៤,៨៩% នៅ​ផ្សារភាគហ៊ុន Wall Street ដែល​បាន​ធ្វើ​ឲ្យ​ប្រធាន​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ខាត​លុយ​អស់​ជាង ៦ ០០០លានដុល្លារ។

វិបត្តិ​ជាន់​លើ​វិបត្តិ​ចំពោះ​ក្រុមហ៊ុន Facebook

ភាព​ជាប់គាំង​របស់​ក្រុមហ៊ុន Facebook ពេល​នេះ​បាន​កើត​មាន​ឡើង ២សប្តាហ៍​ក្រោយ​ពី​លោកស្រី​ហ្វ្រាន់សេស ហោហ្កិន (Frances Haugen) បាន​ទម្លាយ​ឯកសារ​ផ្ទៃក្នុង​ជា​ច្រើន​របស់ Facebook។ មាន​អាយុ ៣៧ឆ្នាំ និង​មាន​សញ្ញាប័ត្រ​ចេញ​ពី​សាកលវិទ្យាល័យ Harvard លោកស្រី​ហ្វ្រាន់សេស ហោហ្កិន​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន Facebook កាល​ពី​ឆ្នាំ ២០១៩ ក្នុង​នាម​ជា​នាយិកា​ម្នាក់។ តែ​មុន​នឹង​ធ្វើ​ការ​ឲ្យ Facebook អ្នកជំនាញ​បណ្តាញសង្គម​រូប​នេះ​ធ្លាប់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Google Pinterest និង Yelp។ គឺ​ទើប​តែ​នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ដែល​លោកស្រី​ហ្វ្រាន់សេស​បាន​លា​ឈប់​ពី​ការងារ​នៅ​ក្រុមហ៊ុន Facebook។ តែ​លោកស្រី​បាន​ដើរ​ចេញ​ពី Facebook ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ឯកសារ​សម្ងាត់​ផ្ទៃក្នុង​ជា​ច្រើន​របស់ Facebook។

ការ​ដែល​គេ​នាំ​គ្នា​និយាយ​ពី​លោកស្រី​ហ្វ្រាន់សេស​ពេល​នេះ​ក៏​ដោយសារ​តែ​លោកស្រី​បាន​សម្រេចចិត្ត​បង្ហាញ​មុខ​ជា​សាធារណៈ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CBS ដើម្បី​បក​អាក្រាត​រឿងរ៉ាវ​របស់ Facebook។ តាម​លោកស្រី​ហ្វ្រាន់សេស Facebook ជា​អ្នក​ដែល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វាយប្រហារ​លើ​វិមាន​កាពីតូល​នៅ​អាមេរិក​កាល​ពី​ថ្ងៃទី ៦ មករា ឆ្នាំ ២០២០។ លោកស្រី​ហ្វ្រាន់សេស​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា មាន​ជម្លោះ​ផលប្រយោជន៍​នៅ​ផ្ទៃក្នុង Facebook រវាង​អ្វី​ដែល​ល្អ​សម្រាប់​អ្នក​ប្រើ Facebook និង​អ្វី​ដែល​ល្អ​សម្រាប់ Facebook។ តាម​លោកស្រី​ហ្វ្រាន់សេស អ្វី​ដែល​ល្អ​សម្រាប់ Facebook គឺ​ជម្រើស​ដើម្បី​ផលប្រយោជន៍​ក្រុមហ៊ុន មាន​ន័យ​ថា ធ្វើ​ម៉េច​ឲ្យ​តែ​ក្រុមហ៊ុន​ចំណេញ​លុយ​បាន​ច្រើន។

គួរ​បញ្ជាក់​ថា លោកស្រី​ហ្វ្រាន់សេស​បាន​ប្រគល់​ឯកសារ​សម្ងាត់​ដែល​លោកស្រី​យក​ពី Facebook ទៅ​ឲ្យ​កាសែត Wall Street Journal និង​សភា​អាមេរិក។ លទ្ធផល​នៃ​ការ​សិក្សា​ផ្ទៃក្នុង​របស់ Facebook ដែល​បង្ហាញ​ថា ការ​ដែល​ក្មេងស្រី​បាន​ប្រើ​កម្មវិធី Instagram បាន​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​រូបភាព និង​សុខភាព​ក៏​លោកស្រី​ហ្វ្រាន់សេស​ជា​អ្នក​ទម្លាយ។ នៅ​ថ្ងៃ​អង្គារ ទី៥ តុលា​នេះ លោកស្រី​ហ្វ្រាន់សេស​ត្រូវ​ចូល​ឆ្លើយ​នឹង​សំណួរ​របស់​គណៈកម្មការ​ព្រឹទ្ធសភា​អាមេរិក​ជុំវិញ​រឿងរ៉ាវ​ទាំង​អស់​នេះ។

Facebook ញ័រជើង​ដោយសារ​លោកស្រី​ហ្វ្រាន់សេស​ជាង​ការ​ជាប់គាំង

គោលដៅ​នៃ​ការ​ទម្លាយ​ឯកសារ​ផ្ទៃក្នុង Facebook របស់​លោកស្រី​ហ្វ្រាន់សេស គឺ​លោកស្រី​ចង់​ឲ្យ​មាន​ការ​ពិនិត្យមើល​ឡើង​វិញ​លើ​ច្បាប់​សម្រាប់​បណ្តាញសង្គម និយាយ​ជា​រួម និង​សម្រាប់ Facebook និយាយ​ដោយ​ឡែក។ លោកស្រី​ហ្វ្រាន់សេស​បាន​បញ្ជាក់​ថា នៅ​ក្នុង​អាជីព​របស់​លោកស្រី និង​តាម​រយៈ​បទពិសោធន៍​ដែល​លោកស្រី​ធ្លាប់​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង លោកស្រី​មិន​ដែល​ឃើញ​របៀប​ធ្វើ​ការងារ​ដូច​នៅ​ក្នុង​ក្រុមហ៊ុន Facebook ទេ។ អ្វី​ដែល​លោកស្រី​បាន​លាត​ត្រដាង​រឿងរ៉ាវ​របស់ Facebook ពេល​នេះ គឺ​លោកស្រី​ចង់​ផ្តល់​ជា​ព័ត៌មាន​ដល់​អ្នក​ប្រើ Facebook ទាំង ២ ៨០០លាននាក់ ចង់​ព្យាយាម​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ថ្មី​សម្រាប់​ក្រុមហ៊ុន​បណ្តាញសង្គម និង​ចង់​ការពារ​ឲ្យ​មាន​សិទ្ធិបញ្ចេញ​មតិ​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​ញុះញង់ កេងបន្លំ និង​គិត​ប្រយោជន៍​ក្រុមហ៊ុន​ជា​ធំ។

បើ​តាម​មើល​ទៅ គឺ​រឿង​អាស្រូវ​ទម្លាយ​ឯកសារ​របស់​លោកស្រី​ហ្វ្រាន់សេស​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Facebook ភ័យ​ញ័រជើង​ខ្លាំង​ជាង​គេ ពោល​ប្រហែល​មិន​មែន​រឿង​ជាប់គាំង​ជាង ៦ម៉ោង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ