អានតួអត្ថបទ
ហ្វេសប៊ុក-អឺរ៉ុប

អង់គ្លេស និង​សហភាព​អឺរ៉ុប ស៊ើបអង្កេត​លើ​ហ្វេសប៊ុក ទាក់ទិន​​នឹង​​​ការ​បំពាន​​ការ​ប្រកួត​ប្រជែង​​ដោយ​​ស្មោះត្រង់

សហភាពអឺរ៉ុប និង​ ប្រទេសអង់គ្លេស បាន​ប្រកាសកាលពីថ្ងៃសុក្រ ទី៤មិថុនា ថាគេ​បាន​​បើក​​​ការ​ស៊ើប​អង្កេត លើ​​ក្រុមហ៊ុន​​បណ្តាញ​សង្គមហ្វេសប៊ុក ទាក់ទិន​​​នឹង​​ការ​​បំពាន​​វិធាន​នៃការ​ប្រកួត​ប្រជែង​​ដោយ​ស្មោះត្រង់។ ហ្វេសប៊ុក ត្រូវ​បាន​​គេសង្ស័យថា បាន​​ប្រមូល​ទិន្នន័យ​ ពីក្រុមហ៊ុន​​ដែល​​ផ្សាយ​​ពាណិជ្ជកម្ម​​លើ​​ហ្វេសប៊ុក ​យក​ទៅ​ប្រើប្រាស់ ដើម្បី​​ពង្រឹង​​ការ​លក់ដូរ​ដាច់​ដោយឡែក​ របស់​​ខ្លួន​ នៅ​លើ ​Facebook Marketplace។

ក្នុងមួយខែ មានអ្នកចូលទៅប្រើប្រាស់ហ្វេសប៊ុក ចំនួន ៣ពាន់លាននាក់។ ក្រុមហ៊ុន​យ៉ាងហោច ៧លានក្រុមហ៊ុន មានវត្តមានផ្សាយពាណិជ្ជកម្ម លក់ផលិតផលលើហ្វេសប៊ុក។
ក្នុងមួយខែ មានអ្នកចូលទៅប្រើប្រាស់ហ្វេសប៊ុក ចំនួន ៣ពាន់លាននាក់។ ក្រុមហ៊ុន​យ៉ាងហោច ៧លានក្រុមហ៊ុន មានវត្តមានផ្សាយពាណិជ្ជកម្ម លក់ផលិតផលលើហ្វេសប៊ុក។ AP - Jeff Chiu
ផ្សាយពាណិជ្ជកម្ម

លោកស្រី Margrethe Vestager ស្នងការអឺរ៉ុប ទទួលបន្ទុកការប្រកួតប្រជែង បានលើកឡើងថា ហ្វេសប៊ុក កើបប្រមូលទិន្នន័យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពីអ្នក​ប្រើប្រាស់​ទូទៅ ព្រមទាំង​អាច​​កើបប្រមូល​ទិន្នន័យ​ពាណិជ្ជកម្ម ​របស់​ក្រុមហ៊ុន​នានា ដែល​ចូលមក​ផ្សាយ​​ពាណិជ្ជកម្ម នៅ​លើ​ហ្វេសប៊ុក​។ ក្នុងន័យនេះ​ គឺហ្វេសប៊ុក ​អាច​​មាន​លទ្ធភាព ប្រើប្រាស់​ទិន្នន័យ​ទាំងនេះ ដើម្បី​​វាយ​លុក​​ ឲ្យចំ​អតិថិជន នៅ​លើ​​បណ្តាញ​​មួយទៀត​របស់​ខ្លួន ឈ្មោះ ​Facebook Marketplace។

សូមបញ្ជាក់ថា​ Facebook Marketplace គឺជា​បណ្តាញ​សង្គម​មួយទៀត​ របស់​​ក្រុមហ៊ុន​ហ្វេសប៊ុក តែ​បណ្តាញនេះ គឺ​ជា​ទីកន្លែង​ដែល​ដាក់លក់​សម្ភារៈ ទំនិញ ​សព្វសារពើ។​ គណកម្មការ​អឺរ៉ុប កំពុងតែ​សង្ស័យ​ថា ក្រុមហ៊ុ​នហ្វេសប៊ុក បាន​បំពាន​អំណាច នៅក្នុង​បទវិធាន​ប្រកួត​ប្រជែង​ដោយស្មោះត្រង់​ ព្រោះ​ក្រុមហ៊ុន​នានា ដែល​មក​ផ្សាយ​ពាណិជ្ជកម្ម ​លក់​​ផលិត​ផល​​លើ​ហ្វេសប៊ុក បាន​ផ្តល់​ទិន្នន័យ​ពាណិជ្ជកម្ម​​ទៅឲ្យ​​ហ្វេសប៊ុក។ ហ្វេសប៊ុក ​អាច​យក​ទិន្នន័យ​​ទាំងនោះ ​ទៅ​ប្រើប្រាស់​ ដើម្បី​ប្រកួតប្រជែង​ ជាមួយ​​ក្រុមហ៊ុន​ទាំងនោះ​វិញ។

ដោយឡែក អាជ្ញាធរ​គ្រប់គ្រង​ការប្រកួតប្រជែង ​របស់​ប្រទេស​អង់គ្លេស ក៏បាន​បើក​ការស៊ើប​អង្កេតមួយដែរ​ លើ​ក្រុមហ៊ុន​ហ្វេសប៊ុក ដោយ​ផ្តោត​លើ​បណ្តាញ​មួយទៀត របស់​ហ្វេសប៊ុក ឈ្មោះ ​Facebook Dating  ដែល​​ជាបណ្តាញ​ ​រក​គូស្រករ​​តាម​អនឡាន។ អាជ្ញាធរអឺរ៉ុប​ និង​អង់គ្លេស អះអាង​​ថា​ គេនឹង​សហការ​គ្នា​ នៅក្នុង​ការ​ស៊ើបអង្កេត​ទាំងនេះ។

គណកម្មការអឺរ៉ុប បានជូនដំណឹង​ពី​ការ​បើក​ការស៊ើបអង្កេត​នេះ ទៅកាន់​អាជ្ញាធរ​ប្រកួតប្រជែង ​តាម​​ប្រទេស​​សមាជិក​ទាំងអស់។ មិនមាន​កាលបរិច្ឆេទ​កំណត់​ណាមួយ ថាត្រូវ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​នេះ​នៅពេល​ណាទេ។ យូរឬឆាប់ គឺវា​អាស្រ័យ លើការ​សហការ​របស់​ក្រុមហ៊ុន​​ហ្វេសប៊ុក​។

គួរបញ្ជាក់ថា ហ្វេសប៊ុក​គឺ​ជា​បណ្តាញ​សង្គមដ៏​ធំ​បំផុត។ ក្នុងមួយខែៗ​ មាន​អ្នក​ប្រើប្រាស់​យ៉ាងហោច​ ៣ពាន់​លាននាក់។ ក្រុមហ៊ុន​​តូចធំ យ៉ាងហោច ​៧លាន​ក្រុមហ៊ុន មាន​វត្តមាន​ផ្សាយពាណិជ្ជកម្ម​​​លើ​​ហ្វេសប៊ុក។ ក្រុមហ៊ុន​បណ្តាញអ៊ីនធ័រណិត​ធំៗ ដូចជា ហ្វេសប៊ុក Google​ តែងត្រូវ​បាន​​ប្រទេស​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ចោទ​ប្រកាន់​ជាញឹកញាប់ ទាក់ទិន​នឹង​បញ្ហា​បំពាន​សិទ្ធិ ក្នុង​បទវិធាន​ប្រកួត​ប្រជែង​ដោយស្មោះត្រង់។ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប បានប្តឹង​ក្រុមហ៊ុន Amazon ​ថាបាន​​ប្រមូលទិនន្ន័យ ពី​អ្នកលក់​តូចតាច​នៅលើ ​Amazon​ ដើម្បី​​ពង្រឹង​ការ​លក់​ដូរ​​ផលិតផល​ ​ដែល​ជា​​របស់ ​Amazon​​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ