អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរអ៊ីរ៉ង់៖ អាមេរិក​នឹង​ប្រើជម្រើសផ្សេង រួមទាំងការប្រើកម្លាំងទ័ព បើ​ការចរចា​ផ្លូវទូត​បរាជ័យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៤​តុលា ប្រេសិត​របស់​សហភាព​អឺរ៉ុប ដែល​ដើរតួ​ជា​អាជ្ញាកណ្តាល រវាង​អាមេរិក និង​អ៊ីរ៉ង់ បាន​ធ្វើដំណើរ​ទៅ ​ទីក្រុង​តេហេរ៉ង់ ដើម្បី​ចង់ដឹងថា តើ​ពេលណា​ទើបអ៊ីរ៉ង់​សម្រេចចិត្ត​ត្រលប់​ចូល​តុចរចា​ឡើងវិញ។ ប៉ុន្តែ នៅថ្ងៃ​ដដែល ភាគីអ៊ីរ៉ង់ តាមរយៈ អនុរដ្ឋមន្រ្តីការបរទេស​បាន​ប្រកាសថា អ៊ីរ៉ង់​និង​ភាគីអឺរ៉ុប​នឹង​បន្ត​ជជែកគ្នា នៅ​ទីក្រុង​ព្រុចសែល ដើម្បី​រកចំណុចព្រមព្រៀងគ្នាមួយ ដែល​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់ សម្រេចចិត្ត​ត្រលប់​ចូល​តុចរចា។ តើ​អ៊ីរ៉ង់​កំពុង​អូសបន្លាយ​ពេលវេលា​ដូចការលើកឡើង​របស់អាមេរិក?

ទង់ជាតិអ៊ីរ៉ង់ នៅ​ទីស្នាក់ការ​របស់​ទីភ្នាក់ងារថាមពល​បរិមាណូអន្តរជាតិ​ក្នុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស
ទង់ជាតិអ៊ីរ៉ង់ នៅ​ទីស្នាក់ការ​របស់​ទីភ្នាក់ងារថាមពល​បរិមាណូអន្តរជាតិ​ក្នុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស REUTERS - Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

លោក Enrique Mora មន្រ្តីសហភាព​អឺរ៉ុប ទទួលបន្ទុកការចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានទៅជួបពិភាក្សា ជាមួយ ភាគីអ៊ីរ៉ង់ នៅ​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ជំនួប​ចរចា​អ៊ីរ៉ង់ និង​ភាគីអឺរ៉ុប​ធ្វើឡើង នៅក្នុង​បរិយាកាស​ដ៏​តានតឹង បន្ទាប់​ពី​អាមេរិក ព្រមាន​រួចហើយថា ត្រៀម​ប្រើ​ជម្រើសផ្សេង ដែលមាន​ទាំង​ការប្រើ​កម្លាំងទ័ព ​បើសិន ការចរចា​ការទូត​បរាជ័យ។

ពាក្យគំរាម​ប្រើ​ជម្រើសផ្សេង ដែល​អាច​ជា​ការប្រើកម្លាំងយោធា ក្នុង​ករណី​ការចរចា​ការទូត​បរាជ័យ កើតចេញ​មុនដំបូង​គេ ពីមាត់​របស់​ប្រធានាធិបតី​អាមេរិក​អាមេរិក លោក​ចូ បៃដិន កាលពី​ខែ​សីហា​កន្លងទៅ។ នៅ​សប្តាហ៍នេះ ប្រេសិត អាមេរិក​ទទួលបន្ទុកការចរចា នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយនិងប្រមុខការបរទេស​លោក​អង់តូនី ប្លីងកិន​ក៏​បាន​ពន្លយ​ប្រើ​ពាក្យ​គំរាម​នេះដែរ ក្នុង​ហេតុផលថា ​អាមេរិក​មិន​បាន​សង្កេត​ឃើញ មាន​សញ្ញា​គួរ​ឲ្យ​លើកទឹកចិត្ត ពីខាង​ភាគី​អ៊ីរ៉ង់​សោះ។

នៅពេល​អាមេរិក​បង្ហាញ​ចេតនា​ចង់​ត្រលប់​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ឡើង​វិញ ការចរចា ដើម្បី​ស្តារកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់​ក៏ត្រូវ​ជាប់គាំង ចាប់តាំង​ពី​ខែ មិថុនាមក​ នៅពេល​អ៊ីរ៉ង់ ត្រូវ​ផ្លាស់ប្តូរ​ប្រធានាធិបតី​ថ្មី។ ក្រោមការដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី ដែលមកពី​ក្រុមអភិរក្សនិយមជ្រុល អ៊ីរ៉ង់​ក៏​មិន​បាន​បង្ហាញ​ចេតនា​ ចង់​ត្រលប់ចូល​តុ​ចរចា ឲ្យ​បាន​ឆាប់​ដែរ។ អ៊ីរ៉ង់នៅតែ​មិនព្រម​កំណត់ថ្ងៃ ដើម្បី បើក​ឲ្យ​មានការជួបចរចា គ្រប់ភាគី​ឡើងវិញ នៅក្រោយ​ជាប់គាំង​អស់​ជាច្រើនខែ។

ជាក់ស្តែង នៅក្រោយ ជំនួប​ជាមួយ​អ្នកចរចា​អឺរ៉ុប​ដែល​ដើរតួ​ជាអ្នកសម្របសម្រួល ឲ្យអ៊ីរ៉ង់ និង​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ លោក Ali Bagheri  ដែល​ទទួលបន្ទុក​ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ត្រឹមតែ ប្រកាស​ថា គេ​នឹង​បន្ត​ចរចា តទៅ​ទៀត នៅទីក្រុង​ព្រុចស៊ែល នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ។

ពាក្យនេះ អាច​ឲ្យ​គេ​ជឿថា អ៊ីរ៉ង់​កំពុង​ធ្វើ​ដូច​ការវាយតម្លៃ​កន្លងមក​របស់​អាមេរិក​ដែល​ថា អ៊ីរ៉ង់​គ្មាន​ចេតនា​ចង់​ចរចាពិតប្រាកដ និង​កំពុង​ចង់​អូសបន្លាយ​ពេលវេលា ដើម្បីបាន​ឱកាស​ធ្វើ​សកម្មភាព ដែលផ្ទុយពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ឧទាហរណ៍ នៅ​សប្តាហ៍មុននេះ អ៊ីរ៉ង់​បាន​ប្រកាស​ចម្រើនសារធាតុ​អ៊ុយរ៉ាញ៉ូម ក្នុងកម្រិត​មួយខ្ពស់ ដែលតាមពិត ត្រូវ​ហាម​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥។

តើ​អាមេរិក​កំពុង​ប្តូរ​យុទ្ធសាស្រ្ត ដាក់សម្ពាធ​លើ​អ៊ីរ៉ង់?

រដ្ឋបាល​លោក​ចូ បៃដិន​ធ្លាប់​បាន​សន្យា​ថា ប្រើផ្លូវចរចា​ការទូត​ដើម្បី រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​មាន​អាវុធនុយក្លេអ៊ែរ​ប្រល័យលោក។ ទាំង រដ្ឋមន្រ្តី​ការបរទេស និង​ប្រេសិត​អាមេរិក​ទទួល​បន្ទុកការចរចា នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក៏បញ្ជាក់​ដូចគ្នានេះ​ដែរ​ថា ដំណោះស្រាយ​ការទូត​ជាមធ្យោបាយ​ដ៏ល្អ ដើម្បី​ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​សន្និសីទកាសែត​ជាមួយ រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល ប្រមុខការបរទេស​អាមេរិក​ដដែល​បាន​និយាយ​ថា អាមេរិក​ត្រៀមប្រើជម្រើសថ្មី បើសិន​អ៊ីរ៉ង់ មិនផ្លាស់ប្តូរ​ទិសដៅ​របស់ខ្លួន។

ប៉ុន្តែ ដោយប្រើ​ប្រើពាក្យ ថា អាមេរិក​ត្រៀម​នឹង​ប្រើ​ជម្រើសថ្មី ផែនការ​B ដែល​អាច​ជា​ការប្រើ​កម្លាំងទ័ព​ បើសិន​​ការចរចា​ការទូត ត្រូវ​បរាជ័យ អាមេរិក​បាន​ផ្លាស់ប្តូរជំហរ​នយោបាយ​របស់ខ្លួន ដោយ​បាននិយាយ​ជាលើកទី១ ពី បរាជ័យ​ក្នុង​ការចរចា​ជាមួយអ៊ីរ៉ង់។

សួរថា តើ​អាមេរិក​នឹង​អាច​ប្រើកម្លាំង​ទ័ព វាយប្រហារ​ទៅលើ​អ៊ីរ៉ង់ ក្នុងករណីដែល​ការចរចា​ផ្លូវទូត​បរាជ័យ​ដែរឬទេ? គេ​មិន​ច្បាស់​នោះ​ទេ ព្រោះថា បើសិនជា​កើត​មាន​រឿង​យ៉ាងដូច្នេះមែន សង្រ្គាម​ដ៏ធំមួយ​នឹង​អាច​ផ្ទុះឡើង​មិន​ខាន។ គេជឿថា អាមេរិក​នឹងចាត់វិធានការ​ប្រឆាំង​អ៊ីរ៉ង់​តាម​ផ្លូវមធ្យោបាយ​ផ្សេង ដោយ​មិនចាំបាច់​ប្រឈមមុខ​ផ្ទាល់ជាមួយ​អ៊ីរ៉ង់។ ជាក់ស្តែង ប្រេសិត​ទទួលបន្ទុក​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បានធ្វើដំណើរ​ទៅ​បណ្តាប្រទេស​អារ៉ាប់ ដូចជា កាតារ អេមីរ៉ាត់ អារ៉ាប់រួម និង​អារ៉ាប៊ីសាអូឌីត​ដើម្បី​ពិភាក្សា​ពីជម្រើសថ្មី ដែល​អនុញ្ញាត​ឲ្យ​គេ​អាច​គ្រប់គ្រង កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ក្នុងករណី​ការចរចា​ការទូត​បរាជ័យ។

ជាមួយ​សម្ព័ន្ធមិត្ត​របស់​អាមេរិក មន្រ្តីអាមេរិក​មិន​បាន​លម្អិត ថា តើ​គេ​អាច​ចូល​គ្រប់គ្រង​កម្មវិធីនុយក្លេអ៊ែរ​យ៉ាងម៉េច​នោះទេ។ ប៉ុន្តែ នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​អ៊ីរ៉ង់ ចុះផ្សាយ​នៅថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​រាល់​ការប៉ុនប៉ង​របស់​យោធា​អ៊ីស្រាអែល ដើម្បីប្រឆាំង កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

អ៊ីស្រាអែលដែល​ជា​សត្រូវសួរពូជ​របស់​អ៊ីរ៉ង់ ធ្លាប់​លួច​វាយប្រហារ​ផលប្រយោជន៍​របស់​អ៊ីរ៉ង់ ដូចជា វាយប្រហារ​ទៅលើ​ទីតាំង​យោធា​របស់​អ៊ីរ៉ង់ នៅទឹកដី​ស៊ីរី និងវាយប្រហារ​អ៊ីនធ័រនែត ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ នៅក្នុង​សន្និសីទ​កាសែត ជាមួយ ប្រមុខការបរទេស​អាមេរិក​ ​រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល​បាន​អះអាងថា អ៊ីស្រាអែល​រក្សា​សិទ្ធិ​ដើម្បី ការពារខ្លួន ដែលនៅក្នុង​មានផងដែរ ការប្រើកម្លាំងយោធា។

ទះដៃ​តែម្ខាងមិនលឺនោះទេ

រដ្ឋមន្រ្តីការបរទេស​អាមេរិក ផ្ទាល់​បាន​និយាយ​ថា ការចរចា​ត្រូវការ ភាគី ២។ ដូច្នេះ បើសិន ការចរចាស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ត្រូវ​បរាជ័យ​ធ្លាក់ទឹក នោះមិនមែន​ជា​កំហុស​របស់​អ៊ីរ៉ង់​តែ​ម្នាក់ឯងទេ។

រហូតមក ការជជែក​តឹង​សរសៃ ក កើតមានតែរវាង​អាមេរិក និង​អ៊ីរ៉ង់។ ភាគី​ទាំងពីរ បាន​ដាក់​លក្ខខណ្ឌ ទាមទារ​គ្នា ទៅវិញ ទៅមក ដោយ​ភាគី ម្ខាងៗ រឹងទទឹង​មិនព្រម​ចាញ់គ្នានោះទេ។ ឧទាហរណ៍ អ៊ីរ៉ង់ បាន​ទាមទារ​ឲ្យ​អាមេរិក បន្ធូរទណ្ឌកម្ម​សេដ្ឋកិច្ច ជាមុនសិន ដូចជា អនុញ្ញាត​ឲ្យ​ធនាគារ​កូរ៉េខាងត្បូង ផ្ទេរលុយសងប្រេង​ឲ្យអ៊ីរ៉ង់ តម្លៃ ៨ពាន់លាន​ដុល្លារ​ជាមុនសិន ទើបអ៊ីរ៉ង់ អាចយល់ព្រម​បើក​ការចរចា ស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ អាមេរិក។ អាមេរិកវិញ មិន​ព្រម​នោះទេ ដោយ​អះអាងថា អ៊ីរ៉ង់ ត្រូវត្រលប់មក​គោរពកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមុន​សិន បើសិន​ចង់​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​សេដ្ឋកិច្ច។

ដរាបណា​ភាគី​ទាំងពីរ និយាយ​មិន​ចុះ​សម្រុងគ្នា គ្មាន​ធ្វើ​សម្បទាន​ឲ្យគ្នាសោះនោះ ការចរចា ដើម្បីស្រោចស្រង់ កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​អាមេរិក​ដកខ្លួន​កាលពី​ឆ្នាំ ២០១៨ រហូត​ធ្វើ​ឲ្យ​អ៊ីរ៉ង់ លែង​គោរពធ្វើតាម តទៅទៀត នឹង​ត្រូវ​ដួលរលំ គ្មានថ្ងៃ​វិលត្រលប់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ