អានតួអត្ថបទ
សហរដ្ឋអាមេរិក-ចិន-អ៊ីរ៉ង់

សហរដ្ឋ​អាមេរិក​ស្នើ​សុំ​ចិន​ឱ្យ​កាត់​បន្ថយ​បរិមាណ​នាំប្រេង​ពី​អ៊ីរ៉ង់

 សហរដ្ឋ​អាមេរិក​បាន​ស្នើ​សុំ​​ទៅ​ចិន តាម​ផ្លូវការ​ទូត ឱ្យ​ប៉េកាំង​បន្ថយការ​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់។ សំណើនេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​រិះរក​គ្រប់មធ្យោបាយ​បញ្ចុះ​បញ្ចូល​អ៊ីរ៉ង់​ឱ្យចូលមក​ចរចា ស្តី​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ​២០១៥ឡើង​វិញ​។

អាមេរិក​ស្នើ​ឱ្យ​ចិន​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់
អាមេរិក​ស្នើ​ឱ្យ​ចិន​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់ Reuters
ផ្សាយពាណិជ្ជកម្ម

អាមេរិកបាន​ដាក់​ទណ្ឌកម្ម​​​លើ​អ៊ីរ៉ង់ យ៉ាង​ធ្ងន់ធ្ងរ​ដើម្បី​ឱ្យ​ប្រទេស​នេះ​បោះបង់​នុយក្លេអ៊ែរ តែ​សេដ្ឋកិច្ចអ៊ីរ៉ង់នៅ​តែ​អាច​​ត្រដរ​រស់​បាន​ ដោយសារ​​​មាន​ក្រុមហ៊ុន​ចិនទិញប្រេង​ពី​អ៊ីរ៉ង់។ ហេតុ​ដូច្នេះហើយ​បាន​ជា​​សហរដ្ឋ​អាមេរិកលើក​សំណើ​សុំ​ឱ្យ​​ចិន​ឱ្យ​កាត់​បន្ថយ​ការ​ទិញ​ប្រេង​ពីអ៊ីរ៉ង់ តាមផ្លូវការ​ទូត ក្នុង​ក្របខ័ណ្ឌ​ការ​ពិភាក្សា​នយោបាយ​ស្តី​ពី​បញ្ហា​អ៊ីរ៉ង់ និង​ជា​ទូទៅ ដំណោះស្រាយ​តាមមធ្យោបាយ​នេះ មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង។ នេះ​បើ​តាម​តំណាង​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​សុំមិន​បញ្ចេញ​ឈ្មោះ ដោយ​សង្កត់​ធ្ងន់​ថា សហរដ្ឋ​​អាមេរិក​មាន​វិធី​ច្រើន​សម្រាប់​​​តប​នឹងការពង្វាង​ទណ្ឌកម្មអាមេរិក​លើ​អ៊ីរ៉ង់ និង​បន្ត​ប្រើគ្រប់​មធ្យោបាយ​បើ​ចាំបាច់។ ប៉ុន្តែតំណាង​អាមេរិក​ដដែល​បាន​ព្រលយ​ថា ​ដោយ​ចិន​ការពារ​អ៊ីរ៉ង់ ទើ​បក្រុម​បស្ចិម​លោក​ ចង់​ត្រឹម​កំរិត​បរិមាណ​ប្រេង​ដែល​ចិន​នាំ​ចូល​ពីអ៊ីរ៉ង់។ បើ​តាម​ការ​ប៉ាន់​ស្មាន ចិន​ទិញ​ប្រេង​ឆៅពីអ៊ីរ៉ង់​ជាមធ្យម ៥៥៣០០០​ធុង​បារីល ក្នុង​មួយ​ថ្ងៃៗ គិត​ចាប់​តាំង​ពី​ខែមករា​ដល់​ខែសីហា ២០២១​នេះ។

តំណាង​អឺរ៉ុប​ម្នាក់​ ក៏​បាន​បញ្ជាក់​​ ដាច់​ដោយ​ឡែកដែរ​ថា សំណើ​សុំ​ឱ្យ​ចិន​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​អ៊ីរ៉ង់ ជា​ប្រធានបទ​សំខាន់​មួយ​ នៃ​​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រីការបរទេស​អាមេរិក លោកស្រី Wendy Sherman ​នៅ​ទីក្រុង​ប៉េកាំង កាលពីចុង​ខែ​កក្កដា២០២១។ តែក្រសួងការបរទេស​អាមេរិក មិនធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់។

មិន​ដឹង​ថា​តើ​ចិន​ទទួល​ស្តាប់​អាមេរិក​កំរិត​ណា​បើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ស្ទើរ​គ្រប់​វិស័យ​​ ធ្លាក់​ដុនដាប​ខ្លាំង​មិនធ្លាប់​មាន​ដូច្នេះ។ ប៉ុន្តែ​សំណើ​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​អាមេរិកំពុង​ល្បួង​អ៊ីរ៉ង់​ឱ្យ​ត្រលប់​មក​ចរចា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអន្តរជាតិ​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥។ កាលពី​ខែមេសា​ សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​បានជួប​ចរចា​គ្នា​ដោយ​មិន​ផ្ទាល់​ម្តង នៅទីក្រុង​វីយ៉ែន តែ​ត្រូវ​ជាប់​គាំងរហូត​​តាំង​ពី​ខែ​មិថុនាមក នៅ​ពេល​អ៊ីរ៉ង់​មាន​ប្រធានាធិបតី​ថ្មី។ លោកប្រធានាធិបតី​អ៊ីរ៉ង់​ថ្មី​ អេប្រាហ៊ីម រ៉ៃស៊ី បាន​ប្រកាស​ឆន្ទៈ​ចូល​ចរចា​ជាមួយ​ក្រុម​មហាអំណាច​និងសហរដ្ឋ​អាមេរិក​វិញដែរ ដើម្បី​ឈាន​ដល់​ការលើក​ទណ្ឌកម្មទាំងស្រុង​ចេញ​ពី​អ៊ីរ៉ង់ ប៉ុន្តែពុំ​បាន​​កំណត់​ថ្ងៃ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ