អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

AIEA ថា​អ៊ីរ៉ង់​មិន​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ តែ​អ៊ីរ៉ង់​ថា​មិន​ពិត

អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA កាលពី​ពីរ​សប្តាហ៍​មុន បាន​​តែ​មួយ​ភាគ​ប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍​របស់​ភ្នាក់ងារថាមពល​បរមាណូអន្តរជាតិ ដោយ​បញ្ជាក់​ថា​ អ៊ីរ៉ង់​បាន​បដិសេធ​មិន​ឱ្យ​ក្រុមអធិការកិច្ច​​​អង្គការ​ប្រជាជាតិ ចូល​ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅក្បែរ​ក្រុង​តេហេរ៉ង់​ទេ។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​បដិសេធ​​នៅ​ថ្ងៃ​ចន្ទទី ២៧​កញ្ញា​២០២១ ថា​ជា​របាយការណ៍​មិនពិត។

លោក Rafael Mariano Grossiនាយក​ទីភ្នាក់ងារ​បរមាណូអន្តរជាតិ
លោក Rafael Mariano Grossiនាយក​ទីភ្នាក់ងារ​បរមាណូអន្តរជាតិ AP - Ronald Zak
ផ្សាយពាណិជ្ជកម្ម

ក្រុម​អធិការកិច្ច​របស់​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ បានចូល​ទៅ​ប្តូរ​ផ្លាស់​ ​គ្រឿង​បរិក្ខា​រ​ជា​ច្រើនក្នុងមជ្ឈមណ្ឌល​នុយក្លេអ៊ែរអ៊ីរ៉ង់ ​ ដូច​មានចែង​ក្នុង​កិច្ច​​ព្រមព្រៀង​ថ្ងៃទី ១២​កញ្ញា២០២១ ប៉ុន្តែ​អ៊ីរ៉ង់​បាន​ហាមឃាត់​មិន​ឱ្យក្រុម​ភ្នាក់ងារចូល​ទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌ​ល ការាច ដែល​ជា​កន្លែងផលិត​គ្រឿង​បន្លាស់ម៉ាស៊ីន​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញូម​ទេ។ យោលទៅ​លើ​កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់​និង​ភ្នាក់ងារ​ថាមពលបរមាណូ មជ្ឈមណ្ឌល​ការាច ជា​កន្លែង​តែមួយ​គត់​ដែល​អ្នក​ជំនាញ​អន្តរជាតិមិន​ទៅ​ដល់​។ នេះបើ​តាមបញ្ជាក់​របស់​លោក​នាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​ ទៅ​កាន់​រដ្ឋ​ជា​សមាជិក។

គ្រាន់​តែ​បាន​ឃើញ​​របាយការណ៍​របស់​AIEAនេះ​ភ្លាម​ សហភាព​អឺរ៉ុប​បាន​សម្តែង​ការខ្វល់​ខ្វាយ យ៉ាង​ខ្លាំង​និង​បាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់​បើក​ទ្វារ​ឱ្យ​ក្រុម​អធិការកិច្ចចូលទៅ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល ការាច ឱ្យ​បាន​ឆាប់ៗ​បំផុត។

ប៉ុន្តែរបាយការណ៍​របស់​ភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ AIEA ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២៦​កញ្ញា មិនត្រឹមត្រូវ​ទេ និង​ហួស​ដែន​នៃ​កិច្ចព្រមព្រៀង​។​បើ​តាម​សាធារណរដ្ឋ​អ៊ីស្លាមអ៊ីរ៉ង់ មណ្ឌល​​ Karaj គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ឃ្លាំមើល​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ចុះ​ហត្ថលេខា​កាលពីថ្ងៃទី ១២​ កញ្ញា​នៅ​ទីក្រុង​វីយ៉ែន​ទេ។ នេះ​បើ​តាម​សារ​របស់​លោក​ Kazem Gharibabadi ឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់ប្រចាំភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ដោយ​ឆ្លៀត​បញ្ជាក់​ថា មណ្ឌល​Karaj ពេលនេះ​កំពុង​ស្ថិត​ក្រោម​ការ​អង្កេត​ និង​ការ​ពារ​សុវត្ថិភាព ព្រោះ​មណ្ឌលបាន​រងការ​ប៉ុនប៉ង​ធ្វើ​វិច្ឆេទកម្ម​មិនបាន​សម្រេច​ កាលពី​ថ្ងៃទី ២៣​មិថុនា។

កិច្ចព្រមព្រៀង​ថ្ងៃ​ទី ១២​កញ្ញា​២០២១ ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​តាំង​ពី​ខែ​មេសា​មក នៅ​ទីក្រុង​វីយែន​ រវាង​អ៊ីរ៉ង់ជាមួយ​​ប្រទេស​មហាអំណាច​៥ គឺ បារាំង អង់គ្លេស ចិន​រុស្ស៊ី និងអាល្លឺម៉ង់ ​ដែល​​ផ្តួច​ផ្តើម​របស់​​សហភាពអឺរ៉ុប។​​ តែ​​ការ​ចរចា​ជាមួយ​​ក្រុមមហាអំណាច​៥+១ ដោយ​មាន​សហរដ្ឋអាមេរិកផង​ ​ដើម្បី​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអន្តរជាតិ​ឆ្នាំ​២០១៥​ ត្រូវ​ជាប់​គាំង​ទាំង​ស្រុង​តាំង​ពី​ខែមិថុនា​២០២១មក បើ​ទោះ​បី​ជា​លោកប្រធានាធិបតី​អាមេរិក​ ចូបៃដិន បាន​សន្យា​វិលមក​ប្រកាន់​យក​កិច្ចព្រមព្រៀង​នុយក្លែអ៊ែរអ៊ីរ៉ង់​​ និង​លើកទណ្ឌកម្មមួយភាគ​ចេញ​ពី​អ៊ីរ៉ង់​​វិញក៏ដោយ។​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រុស្ស៊ី ដែលគាំទ្រ​អ៊ីរ៉ង់ ​បានអំពាវនាវ​ឱ្យ​សហរដ្ឋ​​អាមេរិក​ស្វាហាប់ និង​​សកម្មឡើង​​ ក្នុង​ការ​​ផ្តល់​សន្ទុះ​ដល់​កិច្ចចរចាជាមួយ​អ៊ីរ៉ង់​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ