អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រួចជីវិតពីការប៉ុនប៉ងធ្វើឃាតដោយយន្តដ្រូនលើគេហដ្ឋានរបស់លោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

យន្តដ្រូន​ដែល​មាន​បំពាក់​គ្រឿងផ្ទុះ​មួយគ្រឿង​បាន​ហោះ​សំដៅ​វាយ​ប្រហារ​លើ​គេហដ្ឋានរបស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​ ម៉ូស្តាហ្វា​ អាល់ កាដហ៊ីមី​ (Mustafa al-Kadhimi) ក្នុង​ទីក្រុង​បាកដាដ​នៅព្រឹក​ថ្ងៃអាទិត្យ ទី​៧ វិច្ឆិកា​។ ទន្ទឹម​ពេល​ចាត់ទុក​ការ​វាយប្រហារ​នេះ​ជា​ការ​ប៉ុនប៉ង​ធ្វើឃាត​ យោធា​អ៊ីរ៉ាក់​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា​លោក​នាយករដ្ឋមន្ត្រី​កាដហ៊ីមី មាន​សុវត្ថិភាព​និង​គ្មាន​រង​របួស​ឡើយ​។ តើអ្នកណា​ជាអ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​គេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​? ក្រោយ​ហេតុការណ៍នេះ​ លោក​នាយករដ្ឋមន្ត្រី​កាដហ៊ីមីបាន​និយាយ​អ្វីខ្លះ​?

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ម៉ូស្តាហ្វា អាល់ កាដហ៊ីមី (Mustafa al-Kadhimi)។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ម៉ូស្តាហ្វា អាល់ កាដហ៊ីមី (Mustafa al-Kadhimi)។ AP - Khalid Mohammed
ផ្សាយពាណិជ្ជកម្ម

តើ​គេ​បាន​ដឹង​អ្វីខ្លះ​ពី​ការ​វាយ​ប្រហារ​នេះ?

ការ​វាយប្រហារ​ដោយយន្តដ្រូន​បំពាក់ដោយគ្រឿងផ្ទុះ​នៅថ្ងៃអាទិត្យ​ ទី៧ វិច្ឆិកានេះ​ គឺជា​ការ​វាយ​ប្រហារ​លើកទី១ហើយ​សំដៅ​ទៅ​លើ​គេហេដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូស្តាហ្វា អាល់ កាដហ៊ីមី ចាប់​តាំង​ពី​លោកឡើង​កាន់​អំណាច​ក្នុង​ខែ​ឧសភា​ ឆ្នាំ ២០២០មក​។ គេហដ្ឋានរបស់​លោក​មាន​ទីតាំងស្ថិត​នៅក្នុង​តំបន់​បៃតង (Green Zone) ដែល​ត្រូវ​បាន​ការពារ​យាមកាម​យ៉ាងតឹងរ៉ឺង​ក្នុងរដ្ឋ​ធានី​បាកដាដ​។

ហេតុការណ៍នេះ​បានកើត​ឡើងនៅ​ជួន​ចំពេល​ដែល​គណបក្ស​នយោបាយ​ជាច្រើន​របស់​ប្រទេស​អ៊ីរ៉ាក់​កំពុង​ខ្វែង​គំនិតគ្នា​សម្រេច​តើ​ថា​អ្នកណា​ដែល​នឹង​ត្រូវ​ឡើង​គ្រប់គ្រង​រដ្ឋាភិបាល​បន្ទាប់ពី​ការ​បោះឆ្នោតកាល​ពី​ខែមុន​។

បើតាម​អាជ្ញាធរ​អ៊ីរ៉ាក់​ មាន​ដ្រូន​គ្មាន​មនុស្ស​បើក​ចំនួន​៣គ្រឿង​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​ទៅលើ​គេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​អាទិត្យនេះ​។ ក៏ប៉ុន្តែ​មាន​ដ្រូន២គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយកងកម្លាំង​រក្សាសន្តិសុខ​អ៊ីរ៉ាក់​។

ចំណែក​ដ្រូន​មួយ​ចុងក្រោយគេ​បាន​វាយ​ប្រហារ​លើ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ធ្វើឲ្យ​ខូតខាត​ផ្នែក​ខ្លះ​នៃអគារ​។ មាន​ឆ្មាំការពារន្តិសុខ​នៅផ្ទះ​លោក​នាយករដ្ឋមន្ត្រីចំនួន​ ៧ នាក់បាន​រងរបួស​ក្នុង​ការ​វាយ​ប្រហារ​ខាងលើ​។

ប៉ុន្តែ​ជា​សំណាងល្អ​ លោក​កាដហ៊ីមី​ អាច​គេចផុតពី​ការវាយប្រហារ​ដោយ​សុវត្ថិភាពនិង​គ្មាន​រង​របួស​នោះទេ​។ ក្រោយរួចផុត​ពីការ​វាយប្រហារ​ លោក​នាយករដ្ឋមន្ត្រីបាន​ចេញ​មុខ​អំពាវនាវ​តាម​កញ្ចក់ទូរស្សន៍រដ្ឋ​ឲ្យមានការ​រក្សាភាព​ស្ងៀមស្ងាត់​ដើម្បី​កុំឲ្យ​ស្ថានការណ៍​នៅក្នុង​ប្រទេស​កាន់តែ​ធ្លាក់​ក្នុង​ភាព​ច្របូក​ច្របល់​ខ្លាំង​បន្ថែមទៀត​។

ចំ​ណែក​យោធាអ៊ីរ៉ាក់​ដែលហៅ​ការ​វាយប្រហារខាងលើថា​ជាការប៉ុនប៉ងធ្វើឃាតនោះ​ បាន​ប្រមូល​យកបំបែកដ្រូន​ដែលនៅ​សេសសល់​យកទៅធ្វើការ​ស៊ើប​អង្កេត​។ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ​ គេនៅមិនដឹងនោះទេ​ថាតើអ្នកណាឬក្រុមណាជាអ្នកនៅពីក្រោយ​ការវាយប្រហារខាងលើ​។

ការ​វាយប្រហារ​នេះ​កើតឡើង​នៅចំពេល​មាន​ចលាចល​ក្នុង​រដ្ឋធានីបាកដាដ​

ការ​វាយប្រហារ​ដោយដ្រូន​ទៅលើ​គេហដ្ឋាន​របស់​នាយករដ្ឋ​មន្ត្រីអ៊ីរ៉ាក់​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដែល​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​ពាក់ព័ន្ធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាលថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ ២០២១​។ ជាការ​បោះឆ្នោត​លើកទី៥​ បន្ទាប់ពី​ការ​ឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៣ បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​ សាដាម ហ្វូសេន​ ជាមួយ​នឹង​ការសន្យានាំ​មក​នូវសេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​អ៊ីរ៉ាក់​។

កាលពីថ្ងៃសុក្រ​ម្សិលម្ងៃ​មាន​បាតុករ​ចំនួន​រាប់រយនាក់​បាន​ប៉ះទង្គិចគ្នា​ជាមួយប៉ូលិស​ ខណៈ​ពេល​កំពុង​តវ៉ា​នៅជិត​តំបន់​បៃតងដើម្បី​បញ្ចេញ​កំហឹង​របស់​ពួកគេ​ចំពោះលទ្ធផល​បឋម​នៃការបោះឆ្នោត។

ភាពតានតឹង​បានកើន​ឡើងខ្លាំង​នៅពេលដែល​បាតុករម្នាក់បានស្លាប់​បន្ទាប់ពី​ព្យាយាម​ដើរ​ចូល​តំបន់បៃតង​ដែលជាតំបន់មានការយាមកាមតឹងតែងពី​អាជ្ញាធរ​។ នៅក្នុងការ​ប៉ះ​ទង្គិច​គ្នា​ខាងពីថ្ងៃសុក្រ​ កងកម្លាំងរក្សាសន្តិសុខអ៊ីរ៉ាក់ជាច្រើននាក់​ ក៏បាន​ទទួល​រងរបួសដែរ​។

កាលពីថ្ងៃសៅរ៍ម្សិលមិញ​ បាតុករជាច្រើនរយនាក់​ដែល​សុទ្ធជា​អ្នក​គាំទ្រ​អ្នក​នយោបាយ​អ៊ីរ៉ាក់​មាន​ទំនោរទៅរកអ៊ីរ៉ង់​ បាន​ត្រលប់​ទៅកាន់​តំបន់បៃតង​ជាថ្មី​ម្តងទៀត​ដើម្បី​ធ្វើ​បាតុកម្ម​។ ក្រុម​អ្នក​តវ៉ាខ្លះ​បាន​ដុតរូបភាព​លោកនាយករដ្ឋមន្ត្រី កាដហ៊ីមី ដែល​ពួកគេ​ចាត់​ទុក​ថា​ជា​ក្រិដ្ឋជនមួយរូប។

នៅត្រង់ចំណុចនេះ​ គួរបញ្ជាក់ជូនថា​ក្នុងការបោះឆ្នោត​កាលពីខែ​តុលាកន្លង​ទៅ​ គណបក្ស​ចលនា ម៉ុកតាដា សាដ (Moqtada Sadr) ដែល​មាន​ថ្នាក់ដឹកនាំ​កាន់​និកាយ​ស្ហ៊ីអ៊ីត ជា​អ្នកជាតិ​និយមនិងជាអ្នករិះគន់អ៊ីរ៉ង់​ ទទួល​បាន​អាសនៈ​យ៉ាង​ច្រើន​រហូតដល់ ៧០ អាសនៈ។ ចំណែក​គណបក្សនយោបាយ​អ៊ីរ៉ាក់ដែលមានទំនោរ​ទៅរក​អ៊ីរ៉ង់​វិញ​ទទួល​បរាជ័យ​ជាខ្លាំង​ក្នុង​ការបោះឆ្នោត​លើកនេះ​។

សហគមន៍អន្តរជាតិ​បានសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅអ៊ីរ៉ាក់​ ប៉ុន្តែ​ក្រុម​បាតុករ​អ៊ីរ៉ាក់​ដែល​គាំទ្រ​អ្នក​នយោ​បាយមាន​ទំនោរទៅខាង​អ៊ីរ៉ង់​ស្រែកតវ៉ាថាមាន​ការក្លែងបន្លំសន្លឹកឆ្នោត​។ ពួកគេ​បាន​ចេញធ្វើបាតុកម្ម​និងទាមទារឲ្យ​មានការរាប់សន្លឹកឆ្នោត​ឡើងវិញ​។

សហរដ្ឋអាមេរិក​ថ្កោសទោស​ការវាយប្រហារ

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​យន្តដ្រូនទៅលើ​គេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់នៅ​ថ្ងៃ​អាទិត្យនេះ​ ដោយ​ចាត់​ទុក​វា​ថា​ជា​អំពើ​ភេរវកម្ម​ជាក់ស្តែង​មួយ​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​​អាមេរិក​លោក Ned Price បាន​បង្ហាញពី​អារម្មណ៍​ធូរស្រាលក្រោយ​ទទួល​បាន​ដំណឹង​ថា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ កាដហ៊ីមី​ រួចផុតពីការវាយប្រហារ​និង​មានសុវត្ថិភាពនាខណៈពេលនេះ​។

លោក Ned Price​ បានបង្ហាញពី​ជំហរគាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​រដ្ឋាភិបាលអ៊ីរ៉ាក់​ ហើយ​បាន​ប្រាប់​ដែរ​ថា​អាមេរិក​បាន​បោះដៃ​ចូល​ជួយអាជ្ញាធរអ៊ីរ៉ាក់​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ទាក់ទង​ការវាយប្រហារនេះ​។

ចំណែកប្រទេសអ៊ីរ៉ង់​វិញ​ ក៏បាន​ថ្កោសទោសចំពោះការវាយប្រហារខាង​លើដែរ​។ ទន្ទឹមនេះ មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​ បាន​ចេញមុខ​ស្តីបន្ទោស​ចំពោះ​ការជ្រៀតជ្រែក​របស់បរទេសនៅក្នុង​កិច្ចការផ្ទៃក្នុងអ៊ីរ៉ាក់​រហូតធ្វើឲ្យមាន​អសន្តិសុខ ជម្លោះ និងអស្ថិរភាព​។ យ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់រូបនេះ​មិន​បាន​និយាយ​ឲ្យ​ចំ​ឈ្មោះ​ប្រទេស​ណាឲ្យ​ប្រាកដ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ