អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិជនអន្តោប្រវេសន៍៖ ប៉ូឡូញ​ព្រមាន​ពី​ការផ្ទុះអាវុធ​នៅព្រំដែន​ជាប់បេឡារុស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ូឡូញ និង​បេឡារុស​បាន​ដំឡើងសំឡេង​ដាក់​គ្នាកាន់តែខ្លាំង ដោយសារ​វិបត្តិជនអន្តោប្រវេសន៍។ នៅ​ថ្ងៃ​ចន្ទ ទាហាន ឆ្មាំព្រំដែន​ប៉ូឡូញ​បាន​ទប់ស្កាត់ មិនឲ្យជនអន្តោប្រវេសន៍​រាប់រយនាក់ សម្រុក​ឆ្លងចូល​ទឹកដី​ប៉ូឡូញ តាមរយៈទឹកដីបេឡារុស។ នាយករដ្ឋមន្រ្តី​ប៉ូឡូញ នៅថ្ងៃ​អង្គារ​ទី ៩ វិច្ឆិកា បាន​ព្រមាន​ថា វិបត្តិជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ប៉ូឡូញជាមួយ​បេឡារុស​កំពុង​គំរាម​ដល់​សន្តិសុខ​របស់​សហភាពអឺរ៉ុប​ទាំងមូល។

ក្រុមជនអន្តោប្រវេសន៍​ព្យាយាម​ ឆ្លងចូល​ទៅ​ទឹកដីប៉ូឡូញ ប៉ុន្តែ ពួកគេ​ត្រូវ​រាំង​ដោយ​របងលួសបន្លា និង​ការយាមទប់ស្កាត់​របស់​ទាហាន និង​ឆ្មាំព្រំដែន​ប៉ូឡូញ នៅថ្ងៃចន្ទទី ៨​វិច្ឆិកា ២០២១
ក្រុមជនអន្តោប្រវេសន៍​ព្យាយាម​ ឆ្លងចូល​ទៅ​ទឹកដីប៉ូឡូញ ប៉ុន្តែ ពួកគេ​ត្រូវ​រាំង​ដោយ​របងលួសបន្លា និង​ការយាមទប់ស្កាត់​របស់​ទាហាន និង​ឆ្មាំព្រំដែន​ប៉ូឡូញ នៅថ្ងៃចន្ទទី ៨​វិច្ឆិកា ២០២១ via REUTERS - BelTA
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៅ​លើ​បណ្តាញ​សង្គម​បាន​បង្ហាញ ជនអន្តោប្រវេសន៍​រាប់រយនាក់ នៅ​ប្រមូលផ្តុំ ​កកកុញ នៅខាង​ទឹកដី​បេឡារុស នៅក្រោយ ពួកគេ​ត្រូវ​ទាហាន និង​ឆ្មាំព្រំដែន​ប៉ូឡូញ ​រុញច្រាន មិន​ឲ្យ​ឆ្លងចូល​ទឹកដី​ប៉ូឡូញ។

វិបត្តិ​ជនអន្តោប្រវេសន៍ នៅ​ព្រំដែន​បេឡារុស ជាមួយ​ប្រទេស​ជិតខាង ដូចជា​ប៉ូឡូញ កើត​មាន​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ ប៉ុន្តែ វា​ទើបតែ​ចាប់រីករាល​កាន់តែ​ធំ នៅ​ខែ​តុលាកន្លងទៅ បន្ទាប់ពី​ជនអន្តោប្រវេសន៍​កាន់តែ​ច្រើន បានសម្រុក​ធ្វើដំណើរ​ទៅ​ព្រំដែន បេឡារុស ដើម្បី​ឆ្លងចូល​ទឹកដី​ប៉ូឡូញ។ ប្រឈម​នឹង​លំហូរ​ដ៏គំហុក ជនអន្តោប្រវេសន៍ ដែល​ប៉ុនប៉ង​ឆ្លងចូល​ទឹកដី ប៉ូឡូញ តាមរយៈប្រទេស​បេឡារុស រដ្ឋាភិបាល​ប៉ូឡូញ កាលពី ប៉ុន្មាន​សប្តាហ៍មុន បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន និង​បាន​បញ្ជូន​កងទ័ព ប៉ូលិស​ជាង ១២០០០នាក់ ទៅ កាន់ព្រំដែន​ប៉ូឡូញ បេឡារុស។ ដូចជា ប្រទេស​លីទុយអានី ប៉ូឡូញ បានសាងសង់​របងលួសបន្លា នៅ​តាមព្រំដែន ជាប់​បេឡារុស ដើម្បី ទប់ស្កាត់ កុំ​ឲ្យ​ជនអន្តោប្រវេសន៍​ធ្វើដំណើរ​ឆ្លងចូល​ទឹកដីប៉ូឡូញ។ តាម​រដ្ឋាភិបាល​ប៉ូឡូញ ក្នុង​រយៈពេល​តែ​មួយខែ​តុលា ប៉ូឡូញ បាន​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍ ដែល​ឆ្លងដែន​ខុសច្បាប់ ជាង ១៦៨០០នាក់ ឲ្យ​ត្រលប់ចូល​ទឹកដី​បេឡារុស​វិញ។

នៅថ្ងៃចន្ទ  ប៉ូលិស​យាម​ព្រំដែន​ប៉ូឡូញ​បាន​បង្ហោះ​រូបភាពវីដេអូ​នៅ​លើ​បណ្តាញ ទ្វីតធ័រ ដែល​បង្ហាញ ជនអន្តោប្រវេសន៍​ដែល​ភាគច្រើន​មាន​ដើមកំណើត​មកពី ដើមបូព៌ា ប្រើ​កាំបិត និង​មែកឈើ ដើម្បី​វាយបំផ្លាញ កាត់បំផ្លាញ របង​លួសបន្លារ ដើម្បី​ឆ្លងចូល​ទឹកដី​ប៉ូឡូញ។ ប៉ុន្តែ ការប៉ុនប៉ង​របស់ពួកគេ​ត្រូវ​បរាជ័យទៅវិញ នៅក្រោយ​​ប៉ូលិស​ទាហាន​ប៉ូឡូញ ប្រើកម្លាំងរុញច្រាន​ឲ្យ​ត្រលប់ចូល​ទឹកដី​បេឡារុសវិញ។ តាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ប៉ូឡូញ នៅក្រោយ​រុញច្រាន ឲ្យត្រលប់​ចូល​ទៅ​ទឹកដី​បេឡារុស ជនអន្តោប្រវេសន៍​ពី ៣ពាន់ ទៅ ៤ពាន់នាក់ កំពុង ប្រមូលផ្តុំគ្នា នៅ​ព្រំដែន នៅឡើង គិត​រហូត​ដល់​យប់​ថ្ងៃ​ចន្ទម្សិលមិញនេះ។

ប៉ូឡូញ និង​សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់ ប្រធានាធិបតី​បេឡារុស ថា ប្រើ​ជនអន្តោប្រវេសន៍​ ជា​អាវុធ​សម្រាប់​សងសឹក​អឺរ៉ុប

បេឡារុស​មិនមែន​ជា​ផ្លូវ ឆ្លង​កាត់​ជាប្រចាំ របស់​ជនអន្តោប្រវេសន៍ ដែលធ្វើដំណើរចេញ​ពីតំបន់​ដើមបូព៌ា សំដៅ ទឹកដី​អឺរ៉ុប។ កន្លងមក ជនអន្តោប្រវេសន៍​មកពី​ស៊ីរី អ៊ីរ៉ាក់ និង​តំបន់​អាហ្វ្រិក ប្រើប្រាស់​ទឹកដី​តួកគី លីប៊ី សម្រាប់​ឆ្លងចូល​អឺរ៉ុប។ បើមើលផែនទីពិភពលោក បេឡារុស មិន​សមជា​ច្រកងាយស្រួល សម្រាប់ចូល​ទឹកដី អឺរ៉ុប​នោះទេ ព្រោះ​វាស្ថិត​នៅ​ឆ្ងាយពេក​ពី​ប្រទេសដើម​របស់​​ជនអន្តោប្រវេសន៍ ដូចជា​ស៊ីរី អ៊ីរ៉ាក់ ប៉ាគីស្ថាន ដែលស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍ ដែលកំពុង​កកកុញ នៅ​ព្រំដែន​ប៉ូឡូញ និង​បេឡារុស សព្វថ្ងៃ។

វិបត្តិជនអន្តោប្រវេសន៍ នៅ​ព្រំដែន​ប៉ូឡូញ និង​បេឡារុស នៅពេលនេះ កើតឡើង​ដោយ​បញ្ហា​នយោបាយ​សុទ្ធសាធ។ វាកើតឡើង​មក​ពី​ជម្លោះ​រវាង​បេឡារុស និង​សហភាពអឺរ៉ុប នៅក្រោយ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​មីងស្ក៍​ក្នុង​រឿងប្រើអំណាច​ផ្តាច់ការ បង្រ្កាបលើ​បក្សប្រឆាំង។

សហភាព​អឺរ៉ុប និង​ប៉ូឡូញ ក៏ដូចជា​លីទុយអានី​ជាដើម ដែលស្ថិតនៅ​ជាប់ព្រំដែន​បេឡារុស បាន​ចោទប្រកាន់ ប្រធានាធិបតី​បេឡារុស ថា បាន​យក​អាយុជីវិត​របស់​ជនអន្តោប្រវេសន៍ មកធ្វើ​ជា​ឈ្នាន់ ជា​អាវុធសម្រាប់​សងសឹក សហភាពអឺរ៉ុបដែល​បាន​ដាក់ទណ្ឌកម្ម​ លើ​រដ្ឋាភិបាល​បេឡារុស។

តាម​មន្រ្តី​សហភាព​អឺរ៉ុប គឺ​រដ្ឋាភិបាល​បេឡារុស ដែល​បាន​លើកទឹកចិត្ត ញុះញង់​ឲ្យ​ប្រជាជន​នៅតំបន់​ដើមបូព៌ា ធ្វើដំណើរសំដៅ​ទឹកដី​អឺរ៉ុប ដោយឆ្លងកាត់​ប្រទេស​បេឡារុស។ តាម​កាសែត​ប៉ូឡូញ រដ្ឋាភិបាល​បេឡារុស បាន​ផ្តល់​ទិដ្ឋាការ​ជា​ភ្ញៀវទេសចរ ដល់​​ប្រជាជន​ស៊ីរី និង​ប្រទេសចំនួន​៧៥​ផ្សេងទៀត ដើម្បី​អាច​ធ្វើដំណើរ​ចូល​ទឹកដី​បេឡារុស ជាមុន​សិន មុន​នឹង​ធ្វើដំណើរ​បន្ត​ទៅកាន់ ព្រំដែន​បេឡារុស ប៉ូឡូញ។ ពួកគេ​ភាគច្រើន​បាន​ជិះយន្តហោះ ពីស៊ីរី តួកគី ទៅដល់​ទីក្រុង​មីងស្ក៍ មុន​នឹង​ធ្វើដំណើរ​តាម​ឡាន​ទាហាន​ឬ​ឡានតាក់ស៊ី ទៅកាន់ព្រំដែន​ជាមួយ​ប៉ូឡូញ។

ជាក់ស្តែង ជនអន្តោប្រវេសន៍​អ៊ីរ៉ាក់ម្នាក់​បាន​និយាយ​ប្រាប់​អ្នកកាសែត​ប៉ូឡូញថា ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​ជាច្រើន ត្រូវ​ឡាន​ទាហាន​បេឡារុស ដឹក​ទៅ​ទម្លាក់ នៅព្រំដែន​ប៉ូឡូញ។ ទាហាន​បេឡារុស បាន​ចាប់បង្ខំ​ឲ្យពួកគេ​ត្រូវតែ​ឆ្លងកាត់​ព្រំដែន​ប៉ូឡូញ ដោយមិន​ឲ្យ​វិលត្រលប់​ក្រោយ​វិញនោះទេ។

សម្រាប់ភាគីអឺរ៉ុប ដោយដឹកជញ្ជូនជនអន្តោប្រវេសន៍ ឲ្យ​ទៅសម្រុក ចូលប្រទេស​លីទុយអានី និង​ប៉ូឡូញ ប្រធានាធិបតី​បេឡារុស កំពុង​ចង់សងសឹក លីទុយអានី​ដែល​ផ្តល់​កន្លែងជ្រកកោន ដល់​មេបក្សប្រឆាំង​បេឡារុស និង​ចង់​សងសឹក​សហភាព​អឺរ៉ុប ដែល​បាន​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​របស់​លោក ក្នុង​រឿង​បង្រ្កាបលើ​ក្រុមអ្នកប្រឆាំង នៅបេឡារុស។

អាមេរិក តាមរយៈអ្នកនាំពាក្យ​របស់​ក្រសួងការពារជាតិ និង​អង្គការ​អូតង់​បាន​អំពាវនាវ​ឲ្យរដ្ឋាភិបាល​បេឡារុស​ឈប់​ប្រើ​ជនអន្តោប្រវេសន៍​ជាអាវុធនយោបាយ។

រដ្ឋាភិបាល​បេឡារុស តាមរយៈ រដ្ឋមន្រ្តី​ការពារ​ជាតិ បាន​ទាត់ចោល​ការចោទប្រកាន់ ដែលថា បេឡារុស​ជា​អ្នករៀបចំ ឲ្យ​មានលំហូរជនអន្តោប្រវេសន៍ ទៅកាន់ទឹកដីអឺរ៉ុប។ បេឡារុស​បានចោទប្រកាន់​ផងដែរ​រដ្ឋាភិបាល​ប៉ូឡូញ ថា មាន​ចេតនា​ចង់​ឲ្យមាន​ភាពតានតឹង តាមរយៈ ការបញ្ជូនទ័ព ជាង ១ម៉ឺននាក់​ទៅកាន់​ព្រំដែន ដោយគ្មាន​ជូនដំណឹង​ដល់​បេឡារុស​ដែលជាប្រទេស​ជិតខាង។​ រដ្ឋាភិបាល​បេឡារុសបាន​វាយតម្លៃថា អាជ្ញាធរ​ប៉ូឡូញ អមនុស្សធម៌ ដោយ​បាន​រុញច្រាន មិនទទួលយក ​ជនអន្តោប្រវេសន៍ ដែល​តាមពិត គ្មានអាវុធ​ក្នុងដៃ និងគ្មាន​គ្រោះថ្នាក់ទាល់តែសោះ​សម្រាប់ប៉ូឡូញ។

ប្រធានគណៈកម្មការ​អឺរ៉ុប​ទាមទារ​ឲ្យ​បង្កើនការដាក់ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​របស់​លោក​លូកាឆិនកូ​

នៅ​យប់​ថ្ងៃ​ចន្ទ​ទី ៨​វិច្ឆិកា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីវ៉ុនឌែរ ឡេយែន បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប បង្កើនការដាក់ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​បេឡារុស​របស់​លោក​ប្រធានាធិបតី​លូកាឆិនកូ ដែល​បាន​ប្រើ​ជនអន្តោប្រវេសន៍ ជា​អាវុធ សម្រាប់​សងសឹក​សហភាពអឺរ៉ុប។

ជនអន្តោប្រវេសន៍​ភាគច្រើន ប្រើប្រាស់​ទឹកដី​ប៉ូឡូញ ដើម្បី​សំដៅ គោលដៅ ចុងក្រោយ​គឺ​អាល្លឺម៉ង់។  រដ្ឋមន្រ្តី មហាផ្ទៃ​អាល្លឺម៉ង់វិញ​បានអំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ត្រូវ​តែ​ជួយ​អាល្លឺម៉ង់ និង​ប៉ូឡូញ ព្រោះថា វិបត្តិជនអន្តោប្រវេសន៍ នៅព្រំដែន​បេឡារុស មិនមែនជា​បញ្ហា​តែ​សម្រាប់​ប៉ូឡូញ និង​អាល្លឺម៉ង់​តែប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់​សហភាពអឺរ៉ុបទាំងមូល។ អាល្លឺម៉ង់ ដែល​ចាប់ផ្តើម​ប្រឈម​នឹង​មតិប្រឆាំង​នយោបាយ​អន្តោប្រវេសន៍​ក្នុងប្រទេស ធ្លាប់​បាន​បង្ហាញ​ជំហរ គាំទ្រ នយោបាយ​សាងសង់ របងលួសបន្លា​របស់​ប៉ូឡូញ ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ពី​ប្រទេស​បេឡារុស។

នៅដើមសប្តាហ៍នេះ រដ្ឋមន្រ្តី​ការពារ​អាល្លឺម៉ង់​វិញ បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុកថា អាល្លឺម៉ង់​នឹង​អាច​បញ្ជូន​ទាហាន​ទៅ​កាន់ព្រំដែន​ប៉ូឡូញ បេឡារុស បើសិន​ប៉ូឡូញត្រូវការ។

នៅសហភាព​អឺរ៉ុប អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដើម​របស់​ជនអន្តោប្រវេសន៍ ដើម្បីនិយាយ​ប្រាប់​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនោះ ឲ្យ​ព្យាយាម​ពន្យល់​ប្រជាជន​របស់ពួកគេ​កុំឲ្យ​ចាញ់បោក ធ្លាក់ចូល​ក្នុងអន្ទាក់ឃោសនា​របស់រដ្ឋាភិបាល​បេឡារុស ដែល​ចង់ប្រើ​បញ្ហា​ជនអន្តោប្រវេសន៍ សម្រាប់​សងសឹក​អឺរ៉ុប។

រដ្ឋាភិបាល​អ៊ីរ៉ាក់​ជាដើម​បានសហការជាមួយ​អឺរ៉ុប ដោយ​បាន​សម្រេច​បិទជើងហោះហើរ​ជាមួយ​ប្រទេស​បេឡារុស។ ប្រធានគណៈកម្មការអឺរ៉ុប​បាន​អំពាវនាវ​ផងដែរ ឲ្យ​គេ​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ហោះហើរណា​ដែលចូលរួម​ដឹក​ជនអន្តោប្រវេសន៍ ទៅកាន់​ប្រទេស​បេឡារុស។

ដីព្រៃ​នៅព្រំដែនប៉ូឡូញ និង​បេឡារុស​អាច​ក្លាយជា​កន្លែងកប់ខ្មោច​ជនអន្តោប្រវេសន៍

ទុកមុខ ក៏មិនរួច ព្រោះត្រូវ​ទាហាន និង​ឆ្មាំប៉ូឡូញ នៅ​ឈរតម្រៀបគ្នា ទប់ស្កាត់​មិន​ឲ្យ​ធ្វើដំណើរ​ចូល​ក្នុងទឹកដីប៉ូឡូញ។ ទៅក្រោយ​ក៏មិនរួច ព្រោះ​ត្រូវ​ទាហាន​បេឡារុស ទប់មិន​ឲ្យធ្វើដំណើរ​ត្រលប់ក្រោយ ទៅកាន់ ទីក្រុង​មីងស្ក៍វិញ។ ជនអន្តោប្រវេសន៍ នៅព្រំដែន ប៉ូឡូញ និង​បេឡារុស គឺ​ដូចជា​គ្រាប់បាល់​ ដែល​បេឡារុស និង​ប៉ូឡូញបោះ​ឲ្យ​គ្នា​ទៅវិញ ទៅមក។ ដោយសារ​តែ​ជម្លោះសងសឹក គ្នា រវាង​បេឡារុស និង​សហភាពអឺរ៉ុប​សោះ ជនអន្តោប្រវេសន៍​រាប់រយនាក់ ត្រូវមក​ជាប់គាំង រស់នៅ​ក្នុង​ជំរំ​អត្តខាត់ នៅ​ក្នុង​ព្រៃ នៅ​ព្រំដែន ប៉ូឡូញ និង​បេឡារុស។

អង្គការ​សង្គមស៊ីវិល​នៅប្រទេស​ប៉ូឡូញ បាន​ព្រមាន​ពីគ្រោះមហន្តរាយ​បាត់បង់ជីវិត​មនុស្ស ព្រោះ​ថា គ្មាន​ចំណីអាហារ​គ្រប់គ្រាន់ ជនអន្តោប្រវេសន៍​ទាំងនោះ ក៏​ត្រូវ​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់ខ្លាំង។

សូមបញ្ជាក់ថា ដោយសារ​តែ​ច្បាប់ប្រកាសអាសន្ន​របស់​រដ្ឋាភិបាលប៉ូឡូញ ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស និង​អ្នកកាសែតត្រូវ​បាន​គេ​ហាមមិនឲ្យធ្វើដំណើរ​ទៅកាន់​ព្រំដែននោះទេ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​នៅ​ប៉ូឡូញ បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ប៉ូឡូញ ​ប្រញាប់អនុញ្ញាតឲ្យ​បើកផ្លូវ​ឲ្យគេ​នាំយក​ជំនួយ​មនុស្សធម៌​សម្រាប់​ជនអន្តោប្រវេសន៍ មុន​នឹង​កើតមាន​គ្រោះមហន្តរាយជីវិត​មនុស្ស។

ប៉ូឡូញ និង​សហភាព​អឺរ៉ុប កំពុង​ប្រឈម​នឹង​វិបត្តិជនអន្តោប្រវេសន៍ ដែល​បង្កឡើង ដោយសារ​គំនុំសងសឹក​របស់​ប្រទេស​បេឡារុស ប៉ុន្តែ នៅពេលអ្នកនយោបាយ កំពុង​ឈ្លោះ ទម្លាក់កំហុស​ដាក់គ្នា គេ​ក៏ត្រូវ​គិតគូរដល់​អាយុជីវិត របស់មនុស្សសិនដែរ ជាពិសេស ​ស្រ្តីនិង​កុមារ​ដែល​មិនអាចនៅតស៊ូ​បាន​យូរ នឹង​ភាពត្រជាក់ គ្មានចំណីអាហារនោះទេ។ តាម​កាសែត​ប៉ូឡូញ Gazeta Wyborcza យ៉ាងតិច ជនអន្តោប្រវេសន៍ ១០​នាក់​ស្លាប់​នៅក្នុង​តំបន់​ជាប់ព្រំដែន​ប៉ូឡូញ បេឡារុស ដែលក្នុងនោះ ៧នាក់ ស្លាប់​ក្នុង​ទឹកដីប៉ូឡូញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ