អានតួអត្ថបទ
អឺរ៉ុប-អន្តោប្រវេសន៍

ប្រឈមនឹង​​បញ្ហា​ជនអន្តោប្រវេសន៍​ ប្រទេស​អឺរ៉ុប​ខាង​កើតខ្លះ នាំគ្នា​​សង់​ជញ្ជាំង របង​បន្លាលួស​តាម​ព្រំដែន

ប្រទេសសមាជិកសហភាពអឺរ៉ុប ស្ថិតនៅភាគខាងកើត ឆៀងខាងជើង ដូចជាប៉ូឡូញ និង​លីទុយអានី ជាដើម កំពុងប្រឈម​នូវការមកដល់ ​របស់ជនអន្តោប្រវេសន៍​​ជាច្រើនពាន់នាក់។ ប្រឈមនឹងបញ្ហានេះ ប្រទេសទាំងនេះ បាននាំគ្នា​សាងសង់ជញ្ជាំង របងបន្លាលួសនៅតាម​បណ្តោយ​ព្រំដែន ដើម្បីរារាំងជនភៀសខ្លួន។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបង្ហាញជំហរគាំទ្រចំពោះវិធានការរបៀបនេះ។ បញ្ហានេះ កំពុងតែបង្កឲ្យ​មាន​រកាំរកូសថ្មីមួយទៀត នៅក្នុង​សហភាពអឺរ៉ុប។

ក្រុមគ្រួសារជនភៀសខ្លួនអ៊ីរ៉ាក់ ត្រូវបាន​ឆ្មាំព្រំដែនប៉ូឡូញឃាត់ ខណៈពួកគេកំពុង​ធ្វើដំណើរឆ្លងព្រំដែន ពីបេឡារុស ចូលប៉ូឡូញ។ ថ្ងៃទី ១៤ តុលា ២០២១
ក្រុមគ្រួសារជនភៀសខ្លួនអ៊ីរ៉ាក់ ត្រូវបាន​ឆ្មាំព្រំដែនប៉ូឡូញឃាត់ ខណៈពួកគេកំពុង​ធ្វើដំណើរឆ្លងព្រំដែន ពីបេឡារុស ចូលប៉ូឡូញ។ ថ្ងៃទី ១៤ តុលា ២០២១ REUTERS - KACPER PEMPEL
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ខែសីហា គេសង្កេតឃើញ មានជន​អន្តោប្រវេសន៍​ជាច្រើនពាន់នាក់ ភាគច្រើនមកពីតំបន់មជ្ឈឹមបូព៌ា បាន​ព្យាយាមឆ្លងចូលទឹកដីអឺរ៉ុប ដោយឆ្លងកាត់​តាម​​ប្រទេសបេឡារុស។ ប្រទេសអឺរ៉ុបខ្លះ បាន​សង្ស័យថា គឺបេឡារុស ដែលជាអ្នក​បើកព្រំដែន បណ្តោយ​ឲ្យ​ជនអន្តោប្រវេសន៍ សម្រុកចូល​ឆ្លងចូលដីអឺរ៉ុប ជាការសងសិក​​ ចំពោះការដែល​អឺរ៉ុប បានដាក់ទណ្ឌកម្ម​លើ​ខ្លួន រឿងរំលោភសិទ្ធិមនុស្ស។

ប្រឈមនឹងបញ្ហា លំហូរជនអន្តោប្រវេសន៍ យ៉ាងគំហុកនេះ ប្រទេសប៉ូឡូញ បាន​ទាមទារទៅ​កាន់​សហភាពអឺរ៉ុប ឲ្យ​ផ្តល់ប្រាក់​ឲ្យ​ខ្លួន​ចំនួន​ ៣៥០លានអឺរ៉ូ ដើម្បីយកទៅសាងសង់​របងបន្លាលួស នៅតាមបណ្តោយ​ព្រំដែនជាមួយ​បេឡារុស។ ដោយឡែក អាជ្ញាធរ​លីទុយអានីវិញ បាន​ចាប់ផ្តើម​សាងសង់របងបន្លាលួស នៅតាម​បណ្តោយ​ព្រំដែន​ខ្លួន ជាមួយ​បេឡារុស ហើយ។

នៅថ្ងៃ​ទី២៤តុលា លោក Horst Seehofer រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បាន​លើកឡើងថា វាជារឿងស្របច្បាប់ និងសមហេតុផល ដែលអឺរ៉ុបត្រូវតែការពារព្រំដែនខាងក្រៅរបស់ខ្លួន មិន​ឲ្យ​មាន​ជនភៀសខ្លួន ឬជនអន្តោប្រវេសន៍ខុសច្បាប់ចូលមក។ លោក​បានអះអាងទៀតថា អាល្លឺម៉ង់ នឹងបង្កើនកម្លាំង យាមល្បាតតាមព្រំដែន ជាមួយ​ប៉ូឡូញដែរ ដើម្បីរារាំង​អ្នកឆ្លងចូលដោយ​ខុសច្បាប់។​ តែយ៉ាងណា លោកអះអាងថា អាល្លឺម៉ង់ នឹង​មិនបិទព្រំដែនជាមួយប៉ូឡូញទេ។

គួរបញ្ជាក់ថា យោងតាម​អាជ្ញាធរអាល្លឺម៉ង់ បើគិតពី​ដើម​ឆ្នាំនេះមក មានអន្តោប្រវេសន៍ចំនួន​ប្រមាណ​ ៥ពាន់នាក់ហើយ ​ដែល​បានមកដល់ដីអាល្លឺម៉ង់ ដោយ​ឆ្លងមកពី​​ប្រទេសបេឡារុស មុននឹងចូលដល់​ប៉ូឡូញ ហើយ​ឆ្លងមកអាល្លឺម៉ង់។​ កាលពីថ្ងៃទី ៧តុលា រដ្ឋមន្ត្រីមហាផ្ទៃនៃប្រទេសសមាជិកអឺរ៉ុប ចំនួន​១២ មាន​ អូទ្រីស ប៊ុលហ្ការី ឈីពរ៍ ដាណឺម៉ាក អេស្តូនី ក្រិក ហុងគ្រី លីទុយអានី ឡេតូនី ប៉ូឡូញ សាធារណរដ្ឋឆេក និង​ស្លូវ៉ាគី បាន​ស្នើទៅកាន់គណកម្មការអឺរ៉ុប ថាអឺរ៉ុប​ ត្រូវតែផ្តល់ថវិកា ដើម្បីសាងសង់របងព្រំដែន ដើម្បីទប់​ជនអន្តោប្រវេសន៍។

ក៏ប៉ុន្តែ លោកស្រី​ Ursula von der Leyen ប្រធានគណកម្មការអឺរ៉ុប បាន​ឆ្លើយ​ថា សហភាពអឺរ៉ុប នឹងមិន​ឧបត្ថម្ភថវិកា ក្នុងការសាងសង់របង បន្លាលួសតាមព្រំដែន​​ទេ។ បញ្ហាអន្តោប្រវេសន៍ នៅភាគខាងជើង ឈាងខាងកើតអឺរ៉ុបនេះ កំពុងតែបង្កឲ្យ​មាន​បញ្ហារកាំរកូស បែកបាក់​ផ្ទៃក្នុងអឺរ៉ុប ខណៈដែលសំណុំរឿងកំណែទម្រង់វិធានច្បាប់អឺរ៉ុប ទាក់ទិននឹង​ការ​ទទួលជនភៀសខ្លួន និងអន្តោប្រវេសន៍ កំពុងស្ថិតនៅគាំង គ្មាន​ដំណោះស្រាយ​ ជាច្រើនឆ្នាំមកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ