អានតួអត្ថបទ

សមាជិកសហភាពអឺរ់ុប​ ជំរុញ​ឱ្យ​​អង្គការ​សហប្រជាជាតិបញ្ចេញ​សកម្មភាព​ទប់​ស្កាត់​លំហូរ​អន្តោប្រវេសន៍

សមាជិកសហភាពអឺរ៉ុបចំនួន​បួន​ប្រទេស​ បាន​ស្នើ​សុំ​​​ឱ្យ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ប្រឆាំង​នឹងប្រទេស​បេឡារុស ដែល​លើក​ចិត្ត​ឱ្យ​ជន​អន្តោប្រវេសន៍ឱ្យ​​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់​ចូល​ក្នុង​ដែន​ដីសហភាពអឺរ៉ុប។ សម្រាប់​ក្រុមប្រទេស​​ទាំង​បួន​នៅតំបន់​ប៉ែក​ខាង​កើតអឺរ៉ុប​ ទង្វើ​របស់​បេឡារុសនេះ មាន​​ “ទម្រង់ជា​ការ​សង​សឹក​” អឺរ៉ុប។

ជំរំជន​ភៀសខ្លួន​ទើប​សង់​ថ្មី នៅ​ជិត​ក្រុង​ Vilnius ប្រទេស​លីទុយអានី ថ្ងៃទី ៤​សីហា ២០២១
ជំរំជន​ភៀសខ្លួន​ទើប​សង់​ថ្មី នៅ​ជិត​ក្រុង​ Vilnius ប្រទេស​លីទុយអានី ថ្ងៃទី ៤​សីហា ២០២១ AP - Mindaugas Kulbis
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី ប៉ូឡូញ ឡេតូនី លីទុយអានី និង​អេស្តូនី បាន​ចេញសេចក្តីថ្លែងការណ៍​រួម​ថា “រដ្ឋាភិបាល​របស់​លោក​អាឡិចសង់ លូកាឆេនកូ បាន​រៀប​គម្រោង និង​រៀបចំ​ឱ្យ​មានចរន្ត​​អន្តោប្រវេសន៍​ហូរ​ចូល​អឺរ៉ុបជា​ស្វ័យ​ប្រវត្តិ។ យក​អន្តោប្រវេសន៍ និង​ជន​ភៀស​ខ្លួន មក​គំរាម​សន្តិសុខ​សហភាព​អឺរ៉ុប​ គឺ​ជា​ការ​រំលោភ​សិទ្ធមនុស្ស។”

នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ មាន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់ ភាគ​ច្រើនជា​ពលរដ្ឋ​មាន​ដើម​កំណើត​នៅ​​តំបន់​ដើម​បូព៌ា បាន​រត់​ឆ្លងចូល​មកក្នុង​ទឹក​ដី​សហភាព​​អឺរ៉ុបតាម​ព្រំដែន​បេឡារុស​។ សម្រាប់​សហភាព​អឺរ៉ុប​នេះ ជា​ទម្រង់​មួយ​នៃ​ការវាយប្រហារ​​សង​សឹក​​ ពី​សំណាក់​​បេឡារុស​ចំពោះសហភាព​​អឺរ៉ុប ដែល​ទើប​បាន​ដាក់ទណ្ឌកម្ម​​របប​ដឹកនាំ​បេឡារុស​យ៉ាង​ចាស់​ដៃ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​ប្រទេស​ទាំង​បួន​យល់​ថា ទង្វើ​មិន​ល្អ​របស់​បេឡារុសលើ​ជនអន្តោប្រវេសន៍​ គួរ​តែ​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អង្គការ​សហប្រជាជាតិ​ ជាពិសេស​ក្រុមប្រឹក្សា​សន្តិសុខ​​ចាត់​ចែង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល ដោយ​គូសបញ្ជាក់​ និង​ស្នើ​សុំ​ឱ្យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ ចាត់​វិធានការ​សកម្មដើម្បី​សម្រួល​ស្ថានការណ៍ និង​ជំរុញ​ឱ្យ​បេឡារុស គោរព​ច្បាប់​អន្តោប្រវេសន៍​អន្តរជាតិ។

ជាមួយ​នឹង​ពាក្យ​ប្តេជ្ញា​​ការពារ​ជន​អន្តោប្រវេសន៍​ទាំង​នោះ​ ស្រប​តាម​​​ច្បាប់អន្តរជាតិ បើ​ពួកគេ​បាន​ឆ្លង​មកដល់​ក្នុង​ទឹក​ដី​ខ្លួន ប្រទេសទាំងបួនក៏​បាន​ជំរុញ​ឱ្យ​​​សហភាព​អឺរ៉ុប​ ​រឹត​បន្តឹង​វិធានការ​ដែរ ដើម្បី​កុំ​ឱ្យ​មាន​ករណី​លំហូរអន្តោប្រវេសន៍​រៀប​ចំ​ដោយ​បេឡារុស​ទៀត។

រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ប៉ូឡូញ បាន​ថែម​ទាំង​ប្រកាស​តាមប្រព័ន្ធ​សង្គម​​ទៀត​ថា ប៉ូឡូញ​នឹង​សាង​សង់​ជញ្ជាំង​កម្ពស់​២ម៉ែត្រ​កន្លះ នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​បេឡារុស ប្រវែង​៤០៧​គីឡូម៉ែត្រ ដើម្បី​កុំឱ្យ​ជន​អន្តោប្រវេសន៍​អាច​ឆ្លង​ចូល​ទឹក​ដី​ប៉ូឡូញ​បាន​។

ប៉ូឡូញ ឡេតូនី និង​លីទុយអានី ជា​សមាជិក​សហភាព​អឺរ៉ុប​បី​ប្រទេស​ដែល​មាន​ព្រំ​ដែន​ជាប់​ជាមួយ​បេឡារុស។ អាជ្ញាធរ​បេឡារុស តែង​តែ​រុញ​អន្តោប្រវេសន៍​ចេញ​ពី​ប្រទេស​ឆ្ពោះ​ទៅ​ព្រំដែន​អឺរ៉ុប​ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​ក្នុង​ស្ថានភាព​ទ័លច្រក។ ក្រុម​ជន​ភៀសខ្លួន​អាហ្វហ្កានីស្ថាន​មួយ​ក្រុម កំពុង​ជាប់​កុន​តាំង​ពី​ពីរ​សប្តាហ៍​មក​ហើយ​នៅ​ចំណុច​ព្រំដែន​រវាង​ប៉ូឡូញ​និង​ប៉េឡារុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ