អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សោកនាដកម្ម​ស្លាប់ជនអន្តោប្រវេសន៍​នៅ​ច្រកសមុទ្រ​បារាំង​និងអង់គ្លេស៖ តើជាកំហុសអ្នកណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង​នឹង​មិនបណ្តោយ​ឲ្យ​ច្រកសមុទ្រ​La Manche ដែលស្ថិតនៅចន្លោះ​ព្រំដែន​បារាំង និងអង់គ្លេស​ក្លាយជា​វាលកប់ខ្មោច។ នេះជា​ប្រសាសន៍​របស់​ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង នៅប៉ុន្មាន​ម៉ោងក្រោយ កើតមាន​សោកនាដកម្ម លិចទូក​ដឹកជនអន្តោប្រវេសន៍ បាន​សម្លាប់​មនុស្ស​២៧នាក់។ ឧប្បត្តិហេតុ​នេះ​បាន​កើតមានឡើង ក្រោយ​ពី​ជនអន្តោប្រវេសន៍ ជាច្រើន​នាក់ ក្នុងនោះ មាន​ស្រ្តីនិង​កុមារ បាន​ជិះទូក​ពោង ផ្សងសំណាង ឆ្ពោះ​ទឹកដី​អង់គ្លេសកាលពី​ថ្ងៃ​ពុធទី ២៤​វិច្ឆិកា ២០២១។

អាងពោង​របស់​ជនអន្តោប្រវេសន៍​អណ្តែតនៅ​សមុទ្រ ចន្លោះ​ទឹកដីបារាំង​និង​អង់គ្លេស
អាងពោង​របស់​ជនអន្តោប្រវេសន៍​អណ្តែតនៅ​សមុទ្រ ចន្លោះ​ទឹកដីបារាំង​និង​អង់គ្លេស © REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

ច្រកសមុទ្រ​បារាំង ជាមួយ​ព្រំដែន​អង់គ្លេស ក្លាយ​ជា​កន្លែង​កប់ខ្មោច​ជនអន្តោប្រវេសន៍​បន្ទាប់ពី សមុទ្រ​មេឌីទែរ៉ាណេ?

បារាំង និងអង់គ្លេស​បាន​សំដែងការរន្ធត់ នៅក្រោយ កើតមាន​សោកនាដកម្ម ស្លាប់ជីវិត​ជនអន្តោប្រវេសន៍ ជាច្រើននាក់ នៅច្រកសមុទ្រ​រវាង​បារាំង និង​អង់គ្លេស​ កាលពី​ថ្ងៃ​ពុធម្សិលមិញ។ តាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង ជនអន្តោប្រវេសន៍ ២៧នាក់ ដែលនៅក្នុង​នោះមាន ៧នាក់ ជាស្រ្តី និង​៣នាក់​ជា​កុមារ បាន​លង់ទឹកស្លាប់ នៅក្នុងពេល​ធ្វើដំណើរតាមទូកពោង ផ្សងសំណាង​សំដៅ​ទឹកដី​អង់គ្លេស។ តាម​អាជ្ញាធរ​បារាំង ជនរងគ្រោះ​ភាគច្រើន​ជាជនជាតិ​គួដ មកពីអ៊ីរ៉ាក់ និង​អ៊ីរ៉ង់។ ចំណែក​ជនរងគ្រោះ​ពីរនាក់​ដែលនៅរស់ និង​កំពុង​ព្យាបាល​នៅមន្ទីរពេទ្យ នៅក្រោយ​ស្រង់ចេញពីក្នុងទឹក មានម្នាក់ជាជនជាតិ​អ៊ីរ៉ាក់ និង​ម្នាក់ជាជនជាតិ​ស៊ូដង់។

នៅក្នុង​ប្រវត្តិ​ឆ្លងដែន​ខុសច្បាប់​ពីបារាំង ទៅអង់គ្លេស នេះជាលើក​ទី១ ហើយ ដែល​ជនអន្តោប្រវេសន៍​ស្លាប់​ក្នុង​ចំនួនដ៏ច្រើន បែបនេះ។

ចាប់តាំងពី​ដើមឆ្នាំ ២០២១ រហូត​ដល់​មុន សោកនាដកម្ម កាលពីថ្ងៃ​ពុធ គេរាប់​ឃើញ មានជនអន្តោប្រវេសន៍ ៧នាក់ ប៉ុណ្ណោះ ដែល​ស្លាប់ និងបាត់ខ្លួន នៅក្នុងពេល​ជិះទូក​ពោង ផ្សងសំណាង សំដៅទឹកដីអង់គ្លេស។

នៅថ្ងៃ​ពុធ ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្រ្តី​អង់គ្លេស បាន​និយាយគ្នា​តាមទូរស័ព្ទ និង​សន្យា​ពង្រឹង​ការសហការ​ដើម្បីប្រយុទ្ធប្រឆាំងបណ្តាញ​ក្រុមឈ្មួញជួញដូរ​តាមផ្លូវសមុទ្រ​ពីបារាំង ទៅអង់គ្លេស។

តាមរដ្ឋមន្រ្តីអង់គ្លេស​ទទួលបន្ទុក អន្តោប្រវេសន៍ លោក​ Tom Pursglove ឆ្លៀតឱកាស​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតីបារាំង លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​ស្នើឡើង​ជាថ្មី ការចូលរួម​របស់​ប៉ូលិស​អង់គ្លេស ក្នុងការដើរល្បាត ជាមួយ​ប៉ូលិសបារាំង នៅតាម​ឆ្នេរសមុទ្រ​បារាំង ក្នុងគោលដៅ​ទប់ស្កាត់​ទាន់ពេលវេលា​កុំ​ឲ្យ​ទូកដឹកជនអន្តោប្រវេសន៍​អាច​ចុះទឹកសមុទ្រ សំដៅ​ប្រទេស​អង់គ្លេស។ បារាំង ធ្លាប់​បាន​បដិសេធ​សំណើ​របស់​ភាគីអង់គ្លេស​ក្នុងហេតុផល បូរណភាពដែនដី​របស់បារាំង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍អង់គ្លេស នាយករដ្ឋមន្រ្តី​អង់គ្លេស​បាន​សំដែង​ការសោកស្តាយ និង​ចង្អុរ​ដាក់រដ្ឋាភិបាល​បារាំង ថា ទោះទទួល​បាន​ប្រាក់ជំនួយ ពីអង់គ្លេស ប្រមាណ ៦០​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២ បារាំង នៅតែ​ធ្វើការ​មិនបានគ្រប់គ្រាន់​ដើម្បី​រារាំង ទប់ស្កាត់​ទូកដឹកជនអន្តោប្រវេសន៍​ខុសច្បាប់។

តាម​ភាគីបារាំង គិត​ចាប់តាំងពីដើម​ខែ​មករា​ឆ្នាំនេះ ជនអន្តោប្រវេសន៍ ៣១ ៥០០​នាក់ បានឡើងជិះទូក​ចេញពី​ឆ្នេរសមុទ្រ​បារាំង សំដៅ​ប្រទេស​អង់គ្លេស។ ក្នុងរយៈពេល​ដដែល គេ​ស្រង់ សង្គ្រោះជីវិតមនុស្ស​ជាង ៧៨០០នាក់។ អាជ្ញាធរ​អង់គ្លេស​វិញថា មានជនអន្តោប្រវេសន៍ ជាង ២២ ០០០នាក់ បាន​ឆ្លងសមុទ្រ ចូល​ទៅដល់​ទឹកដី​អង់គ្លេស។

ទូកពោង ដែល​រៀបចំ​ដោយ​ឈ្មួញ លួចដឹកមនុស្ស ខុសច្បាប់ ភាគច្រើន​ចាកចេញ ពី ក្រុង​Calais ភាគខាងជើង​បារាំង ដែលស្ថិតនៅ​ត្រើយម្ខាងសមុទ្រ ​ពី​ទឹកដី​អង់គ្លេស តែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ។

នៅក្រោយ​សោកនាដកម្ម ស្លាប់​ជីវិត​ជនអន្តោប្រវេសន៍ ដ៏ច្រើន មិនធ្លាប់​មាន កាលពី​ថ្ងៃពុធម្សិលមិញ ប្រធានាធិបតី​បារាំង បាន​អះអាងហើយ​ថា នឹង​មិនបណ្តោយ​ច្រកសមុទ្រ​La Manche ក្លាយ​ជា​កន្លែងកប់ខ្មោច​ជនអន្តោប្រវេសន៍ ដូច​សមុទ្រ​មេឌីទែរ៉ាណេ​នោះ​ទេ។

នៅ​ក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទ កាលពីយប់​ថ្ងៃ​ពុធ ​នាយករដ្ឋមន្រ្តី​អង់គ្លេស បូរីស ចនសុន និង​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុងព្រមព្រៀងគ្នាថា បារាំង​និង​អង់គ្លេស នឹង​បង្កើន​ការប្រឹងប្រែង ដើម្បី​ប្រយុទ្ធប្រឆាំង​បណ្តាញក្រុមឈ្មួញ​ទុច្ចរិត ដែលជាអ្នកកេងចំណេញលុយ ដោយ​មិន​ខ្វល់​ពីគ្រោះថ្នាក់ អាយុជីវិត​របស់​ជនអន្តោប្រវេសន៍។

តើគេ​ត្រូវ​បន្ទោសអ្នកណា?

នាយករដ្ឋមន្រ្តីអង់គ្លេស និង​ប្រធានាធិបតី​បារាំង​បាន​និយាយ​ទម្លាក់កំហុស​លើក្រុមជួញដូរ លួច​ដឹកមនុស្ស​ខុសច្បាប់ ថា ជាអ្នកទទួល​ខុសត្រូវ​លើ​សោកនាដកម្ម ស្លាប់ជីវិត​ជនអន្តោប្រវេសន៍ នៅ​ច្រកសមុទ្រ​La Manche។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងបានអះអាងថា គេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​៥នាក់ ដែលជាប់ពាក់ព័ន្ធ​នឹង​ការលួចដឹកមនុស្សតាមទូក រហូត​ធ្វើ​ឲ្យ​មានអ្នកស្លាប់ កាលពី ថ្ងៃ ពុធម្សិលមិញ។ តាម​រដ្ឋមន្រ្តីបារាំង ក្រុមជួញដូរ​មនុស្ស គិត​តែ​ពីគាបយកលុយ​ ដោយ​គ្មាន​គិត​ពី គ្រោះថ្នាក់ អាយុជីវិតរបស់​ជនអន្តោប្រវេសន៍។ គេ​វាយតម្លៃថា សម្រាប់​ការឆ្លងដែន​ខុសច្បាប់​តាទូក​ពីបារាំង ទៅ​អង់គ្លេស ឈ្មួញជួញដូរ​បានទារ​ពី​ជនអន្តោប្រវេសន៍ ពី ២ពាន់ ទៅ ៧ពាន់​អឺរ៉ូ។

ទាក់ទង​នឹង​ក្រុមជួញដូរ​មនុស្ស រដ្ឋមន្រ្តីមហាផ្ទៃបារាំង បាន​និយាយ​ថា បារាំង បាន​ប្រឹងប្រែង ប្រយុទ្ធប្រឆាំង​និង​ចាប់បាន​ឈ្មួញជួញដូរ​មនុស្ស​១៥០០នាក់។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការប្រឹងប្រែង​របស់​បារាំង​តែម្នាក់ មិនអាច​ទប់ទល់​ឈ្នះ បណ្តាញជួញដូរ​មនុស្ស ដែល​មួយចំនួន​មកពីប្រទេស​អឺរ៉ុបផ្សេងទៀត​នោះទេ។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីបារាំង បាន​អំពាវនាវឲ្យមានការសហការ​ពីប្រទេស​ជិតខាង ដូចជា​ប៊ែលហ្សិក ​ហូឡង់ និង​អាល្លឺម៉ង់​ដើម្បីចែករំលែក​ព័ត៌មាន ជាមួយ​បារាំង ដើម្បី បំផ្លាញ សំបុក បណ្តាញ ក្រុមទុច្ចរិត ដែល​រៀបចំ ដឹកជនអន្តោប្រវេសន៍​ខុសច្បាប់ ចេញពីទឹកដី បារាំង សំដៅ​អង់គ្លេស

តើនេះជា​កំហុស​របស់​ក្រុមឈ្មួញជួញដូរ​មនុស្ស?

ទាំង​បារាំង​និង​អង់គ្លេស ទម្លាក់កំហុស​លើ​ក្រុមឈ្មួញជួញដូរ​មនុស្ស ព្រោះ​ភាគី​នីមួយៗ​មិន​ចង់​ទទួលខុសត្រូវ ចូលរួម​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ស្លាប់​នោះទេ។

ប៉ុន្តែ បើគេ​មើល​ឲ្យ​ស៊ីជម្រៅ បើទោះបីជា​អាជ្ញាធរ​ជោគជ័យ បំផ្លាញ​បាន​សម្រេច បណ្តាញ​ឈ្មួញជួញដូរ​មនុស្ស ប៉ុន្តែ គេ​មិនអាច​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ នោះទេ។ បញ្ហាដើមចម របស់វាទាក់ទង​នឹង​បញ្ហា​នយោបាយអន្តោប្រវេសន៍​របស់​សហភាពអឺរ៉ុប ជាពិសេស បារាំង​និង​អង់គ្លេស ដែលជាអ្នកពាក់ព័ន្ធផ្ទាល់​ក្នុងរឿងនេះ។

តាម​សមាគម អង្គការ​ជួយសង្រ្គោះ ច្រកសមុទ្រ​La Manche តាំងពីដើមឆ្នាំ ចំនួន​ជនអន្តោប្រវេសន៍​ដែល​ប៉ុនប៉ង ឆ្លងដែន​ខុសច្បាប់​ចូលទៅ​អង់គ្លេស តាមមធ្យោបាយ ទូកពោង មាន​ចំនួន​កាន់តែ​ច្រើន។

ជនអន្តោប្រវេសន៍​បានយកជម្រើសធ្វើដំណើរ​តាម​ទូកពោង ជា​ជាជម្រើស​ចុងក្រោយ ដើម្បីលួច​ឆ្លងដែន​ខុសច្បាប់​ទៅអង់គ្លេស នៅ​បន្ទាប់ពី អង់គ្លេស និង​បារាំង បានរឹតបន្តឹងកាន់តែខ្លាំង​ការត្រួតពិនិត្យ លំហូរ​ជនអន្តោប្រវេសន៍ តាម​ព្រំដែនផ្លូវគោក។

គេ​វាយតម្លៃថា បើសិន​អាជ្ញាធរ​បារាំង យល់ព្រម​ផ្តល់​សិទ្ធិជ្រកកោន​ដល់​ជនអន្តោប្រវេសន៍ ហើយ​អង់គ្លេស យល់ព្រម បើកផ្លូវ ឲ្យ​ជនអន្តោប្រវេសន៍​ចូលទៅ​សុំ​សិទ្ធិ​ជ្រកកោន ដោយ​សន្តិវិធី នោះ ក៏គ្មានកើតមាន​សោកនាដកម្ម គ្មាន ជនអន្តោប្រវេសន៍ដែលផ្សងព្រេង ធ្វើដំណើរ​តាមទូក ពោង ដែល​គ្មាន​សុវត្ថិភាពដែរ។ តាម​ស្ថាប័ន​អន្តោប្រវេសន៍​អង់គ្លេស ជាង​៩០%​នៃ​ជនអន្តោប្រវេសន៍ ដែលបាន​លួចឆ្លងដែន​ខុសច្បាប់ ទៅដល់​ទឹកដី​អង់គ្លេស បាន​ដាក់ពាក្យ​សុំ​សិទ្ធិជ្រកកោន​នៅអង់គ្លេស។

បញ្ហា​មិនមែន​មកពី​ក្រុមឈ្មួញជួញដូរ​មនុស្ស​តែមួយមុខទេ។ គ្មានឈ្មួញសម្រាប់ជួយដឹកខុសច្បាប់ ទៅអង់គ្លេស ក៏ជនអន្តោប្រវេសន៍ ដែលមួយចំនួន ដែល​មានប្រភព​មក​ពី​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី និង​យេម៉ែន ប៉ង​ចង់ទៅ​រស់នៅ ​នៅអង់គ្លេស ក៏នៅតែ​ព្យាយាម រកគ្រប់មធ្យោបាយ ដើម្បីជិះទូក ឆ្លងសមុទ្រ​ខុសច្បាប់ ទៅ​អង់គ្លេស។

សម្រាប់​សកម្មជនការពារ​សិទ្ធិជនអន្តោប្រវេសន៍ ដំណោះស្រាយ​ដើម្បី​ជៀសផុត​សោកនាដកម្ម​ស្លាប់ជនអន្តោប្រវេសន៍ នៅ​ច្រកសមុទ្រ បារាំង​អង់គ្លេស មាន​តែមួយ គឺ រដ្ឋាភិបាលអង់គ្លេស ត្រូវ​សម្រួល បើក​ផ្លូវ ឲ្យ​ជនអន្តោប្រវេសន៍ ធ្វើដំណើរស្របច្បាប់ ចូល​ទៅ​សុំ​សិទ្ធិជ្រកកោន។ ការរឹតបន្តឹង​ព្រំដែន មិនមែនជាដំណោះស្រាយ​នោះទេ​ប៉ុន្តែ ផ្ទុយទៅវិញ វា​នឹង​ជំរុញ​ឲ្យ​ឈ្មួញជួញដូរ​មនុស្ស​អាច​កេងចំណេញលុយ ពី​ជនអន្តោប្រវេសន៍ ដែលបាន​ប្តេជ្ញា​ហើយ​ថា នឹងធ្វើដំណើរ​ទៅ​រស់នៅ​ប្រទេស​អង់គ្លេសឲ្យបាន បើទោះបីជា​ពួកគេ​ត្រូវ​ចំណាយលុយ និង​ប្រថុយគ្រោះថ្នាក់​ជីវិត​ប៉ុណ្ណាក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ