អានតួអត្ថបទ
បារាំង-អង់់គ្លេស

ហេតុអ្វីបានជាបារាំង និងអង់គ្លេស​ដំឡើង​សំឡេង​ដាក់គ្នានៅពេលនេះ?

បារាំង​និង​អង់គ្លេស​បាន​ដំឡើង​សំឡេង​ដាក់គ្នា​កាន់តែខ្លាំង​ដោយសារ​ជម្លោះ​ទាក់ទង​នឹង​ការនេសាទ នៅក្រោយ Brexit។ នៅក្រោយ អាជ្ញាធរ​បារាំង​ចាប់ឃាត់ ទូកនេសាទ​អង់គ្លេស កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​អង់គ្លេស​បាន​សម្រេច​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​នៅទីក្រុង​ឡុងដ៍​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅថ្ងៃ​សុក្រទី ២៩​តុលា​នេះ។

កប៉ាល់ល្បាតបារាំង Athos ចាប់ទូកនេសាទ​អង់គ្លេស Cornelis Gert Jan ឲ្យចូលចត​នៅកំពង់ផែ​នៅទីក្រុង​Havre នៅក្នុង​បរិបទជម្លោះ ផ្នែកនេសាទ​រវាង​បារាំង និងអង់គ្លេស នៅថ្ងៃទី ២៨​តុលា ២០២១
កប៉ាល់ល្បាតបារាំង Athos ចាប់ទូកនេសាទ​អង់គ្លេស Cornelis Gert Jan ឲ្យចូលចត​នៅកំពង់ផែ​នៅទីក្រុង​Havre នៅក្នុង​បរិបទជម្លោះ ផ្នែកនេសាទ​រវាង​បារាំង និងអង់គ្លេស នៅថ្ងៃទី ២៨​តុលា ២០២១ REUTERS - SARAH MEYSSONNIER
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស​អង់គ្លេស​បាន​សម្រេច​កោះហៅ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំទីក្រុង​ឡុងដ៍ ដើម្បី​ឲ្យ​ឆ្លើយបំភ្លឺ ជុំវិញ ការគំរាម​របស់​បារាំង ដែល​ប្រុងចាត់វិធានការ ប្រឆាំង អង់គ្លេស​ចាប់ពីថ្ងៃ​ទី​២​វិច្ឆិកា​សប្តាហ៍ក្រោយ។

ដោយ​ចោទអង់គ្លេស ថា បាន​ផ្តល់​បណ្ណអនុញ្ញាត ក្នុង​ចំនួន​តិចតួច ដល់​អ្នកនេសាទ​បារាំង រដ្ឋាភិបាល​បារាំង​បាន​ព្រមាន​នៅ សប្តាហ៍នេះថា នឹង​ចាត់វិធាន​សងសឹក បើសិន​អង់គ្លេស​នៅតែ​មិន​ព្រម​ផ្តល់​បណ្ណអនុញ្ញាត​គ្រប់ចំនួន ដល់​ទូកនេសាទបារាំង ទៅតាម​ការចែង​ក្នុងកិច្ចព្រមព្រៀង​Brexit។

ទៅតាម​វិធានការ​ដែល​រដ្ឋាភិបាល​បារាំង គំរាម​ អនុវត្ត ​ចាប់ពី​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយ បារាំង​នឹង​ហាម​មិន​ឲ្យ​ទូកនេសាទ​អង់គ្លេស​ចូលចត​នៅ​កំពង់ផែ​មួយចំនួន​របស់​បារាំង។ លើសពីនោះ អាជ្ញាធរ​បារាំង​នឹង​ពង្រឹង​ការត្រួតពិនិត្យ​ផ្នែកពន្ធគយ លើ​ទូកនេសាទ​ក៏ដូចជា រថយន្តដឹកទំនិញ អង់គ្លេស ដែល​ឆ្លងកាត់ទឹកដីបារាំង។

សម្រាប់​រដ្ឋមន្រ្តី​ជលផលបារាំង នេះមិនមែនជា​សង្រ្គាម ប៉ុន្តែ ជា​ការប្រយុទ្ធ ដើម្បីទាមទារ​សិទ្ធិ​ឲ្យ​អ្នកនេសាទបារាំង។ តាម​មន្រ្តីបារាំង អ្នកនេសាទបារាំង ជាង ២០០នាក់​នៅតែ​រង់ចាំ​ការផ្តល់​បណ្ណអនុញ្ញាត ពីភាគីអង់គ្លេស​ឲ្យ​ចូលទៅ​នេសាទ​ក្នុង​ដែនទឹក​របស់​អង់គ្លេស។

ភាគីអង់គ្លេស​វិញ អះអាងថា ខ្លួន​បាន​ផ្តល់​បណ្ណអនុញ្ញាត​នេសាទ ក្នុង​ដែនទឹក​អង់គ្លេស ក្នុង​ចំនួន គ្រប់គ្រាន់ ប្រមាណ ៩៨% ដល់​ទូកនេសាទ​អឺរ៉ុប ដែលនៅក្នុងនោះ មាន​ទូក​នេសាទបារាំង។ ប៉ុន្តែ ភាគីបារាំង​វិញ ថា អង់គ្លេសបានផ្តល់​តែ ៩០% ដោយ​កាត់បន្ថយ បណ្ណអនុញ្ញាត សម្រាប់​ទូក​នេសាទ​បារាំង។

ជាការសងសឹក​ទៅនឹង​អង់គ្លេស នៅ​យប់​ថ្ងៃ​ពុធ ឈាន​ចូល​ដល់​ថ្ងៃព្រហស្បតិ៍ កប៉ាល់ល្បាត​បារាំង បានចាប់​ទូកនេសាទ​អង់គ្លេស​ពីរគ្រឿង ឲ្យ​បង់ប្រាក់ ពិន័យ និង​បាន​ចាប់ឃាត់ទុក​ទូកនេសាទអង់គ្លេស​មួយគ្រឿង ដែល​អាជ្ញាធរ​បារាំង​ចោទប្រកាន់ថា បាន​ចូលនេសាទ​ខុសច្បាប់ ក្នុង​ដែនទឹក​បារាំង។

តាមប្រភពរដ្ឋអាជ្ញាបារាំង ក្រៅតែពីបង់ប្រាក់​ពិន័យជាង ៧ម៉ឺនអឺរ៉ូ ម្ចាស់ទូកនេសាទ​អង់គ្លេស ត្រូវ​បង្ហាញ​មុខ​នៅតុលាការ​បារាំង នៅ​ខែសីហា​ឆ្នាំក្រោយ។ ម្ចាស់ទូកនេសាទ​អង់គ្លេស​ដែលបានអះអាងប្រាប់អ្នកកាសែត​ថា ខ្លួនមាន​លិខិតស្នាមត្រឹមត្រូវតាមច្បាប់ បានចាត់ទុកករណី​ចាប់ឃាត់ទូក​របស់ខ្លួនថា ជារឿង​នយោបាយ វិវាទ រវាង​រដ្ឋាភិបាល​បារាំង និងអង់គ្លេស។

រដ្ឋមន្រ្តីបារាំង​ទទួល​បន្ទុកកិច្ចការអឺរ៉ុប បាន​ព្រមានដែរថា បើសិន​អង់គ្លេស​មិនព្រមដោះស្រាយវិវាទ​លើកនេះ បារាំង​នឹង​ចាត់វិធានការ​ធ្ងន់ជាងនេះ ដោយ​ត្រូវ​កាត់ផ្តាច់ភ្លើង​សម្រាប់​ Jersey កោះស្វ័យត​អង់គ្លេស ដែលស្ថិតនៅ​ចន្លោះទឹកដី​បារាំង និងអង់គ្លេស។ វិធានការ​របស់​បារាំង អាច​ប៉ះពាល់​ដល់​វិស័យដឹកជញ្ជូន និងការនេសាទ​របស់អង់គ្លេស ព្រោះថា អង់គ្លេស​ត្រូវការ​កំពង់ផែ ទឹកដីបារាំង សម្រាប់ជាច្រកចូល ដឹកទំនិញ គ្រឿងសមុទ្រ​ទៅកាន់ទីផ្សារ​អឺរ៉ុប។

មន្រ្តីអឺរ៉ុប និងក្រុមហ៊ុន​បារាំង អង់គ្លេស ដែល​ធ្វើការ​ក្នុង​វិស័យខាងលើ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដែល​ជាភាគី​ជម្លោះ ទាំងពីរ ស្វែងរក​ដំណោះស្រាយ​រួម ជាជាង ប្រកាន់មុខយក្ស ដែលធ្វើ​ឲ្យភាគីទាំងពីរ​ខាតប្រយោជន៍ដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ