អានតួអត្ថបទ
បារាំង-អន្តោប្រវេសន៍-អង់គ្លេស

បារាំង​និង​អង់គ្លេស ចុះ​កិច្ចព្រមព្រៀង​បន្ថែម​មធ្យោបាយ​ ទប់​អន្តោប្រវេសន៍​ខុសច្បាប់​ឆ្លង​សមុទ្រ

រដ្ឋាភិបាលបារាំង និងអង់គ្លេស បានចុះកិច្ចព្រមព្រៀងមួួយ កាលពីថ្ងៃសៅរ៍ទី២៨វិច្ឆិកា​ ដើម្បីសហការ​គ្នា ទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ ដែលប្រថុយជីវិតឆ្លងសមុទ្រ ពី​បារាំង ទៅអង់គ្លេស។ សូមបញ្ជាក់ថា ឆ្នេរសមុទ្រដែលស្ថិតនៅភាគខាងជើងបង្អស់ នៃប្រទេសបារាំង មានចំងាយ​តែជាង​៣០គីឡូម៉ែត្រតែប៉ុណ្ណោះ។ តំបន់នេះ​បាន​ក្លាយ​ជាគោលដៅ នៃ​ក្រុម​អន្តោប្រវេសន៍ខុសច្បាប់ រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ដែល​មាន​បំណង​ឆ្លងទៅប្រទេសអង់គ្លេស។

អន្តោប្រវេសន៍ ជិះទូកពោង ឆ្លងសមុទ្រ ពីបារាំង ទៅអង់គ្លេស នៅតំបន់​កាឡេ។ ថ្ងៃទី​២៧ សីហា ២០២០
អន្តោប្រវេសន៍ ជិះទូកពោង ឆ្លងសមុទ្រ ពីបារាំង ទៅអង់គ្លេស នៅតំបន់​កាឡេ។ ថ្ងៃទី​២៧ សីហា ២០២០ AFP - SAMEER AL-DOUMY
ផ្សាយពាណិជ្ជកម្ម

លោកស្រី Priti Patel រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃអង់គ្លេស បាន​បញ្ជាក់នៅតាមកញ្ចក់ទូរទស្សន៍ BBC ថា អង់គ្លេសនិងបារាំង បានចុះកិច្ចព្រមព្រៀងមួយ​ទៀត កាលពីថ្ងៃសៅរ៍ទី ២៨វិច្ឆិកា។ កិច្ចព្រមព្រៀងនេះ នឹងបន្ថែមមធ្យោបាយ​សំខាន់ៗ ដើម្បីឲ្យ​អាជ្ញាធរទាំងសងខាង ​អាចឈានទៅទប់ស្កាត់ ការឆ្លងដោយ​ខុសច្បាប់ របស់ជនអន្តោប្រវេសន៍។

លោកស្រី​រដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា ចាប់ពីថ្ងៃទី​១ធ្នូទៅ ក្រៅពី​​បន្ថែម​កម្លាំងឆ្មាំត្រួតពិនិត្យ យាម​ល្បាត​នៅតាម​​ចំណុច​គោលដៅសំខាន់ នៅតាមឆ្នេរសមុទ្របារាំង គឺ​អាជ្ញាធរ និងបន្ថែមមធ្យោបាយ​បច្ចេកវិទ្យាតាមដាន ដូចជាការប្រើយានដ្រូន និង​រ៉ាដា ដើម្បី​តាមចាប់រូបភាព ងាយស្រួលធ្វើអន្តរាគមន៍​ ស្ទាក់ ទប់ស្កាត់ឲ្យទាន់ពេលវេលា។

សូមរំលឹកថា សំណុំរឿងគ្រប់គ្រង​ ជនអន្តោប្រវេសន៍ខុសច្បាស់នេះ គឺជាប្រភពនៃការមិនចុះ​សម្រុង​​គ្នាមួយ រវាង​អាជ្ញាធរបារាំង និងអាជ្ញាធរអង់គ្លេស។​ អង់គ្លេសចោទបារាំង ថាធ្វេស​ប្រហែស ​មិន​រៀបចំទប់ស្កាត់ឲ្យ​បាន​ម៉ដ្ឋចត់ បណ្តោយ​ឲ្យ​ជនអន្តោប្រវេសន៍ឆ្លងចូលមកទឹកដីអង់គ្លេស។ ចំណែក បារាំងវិញ បានលើកឡើងថា វាជាភារកិច្ច របស់​អាជ្ញាធរអង់គ្លេស ដែលត្រូវ​យាមល្បាត ត្រួតពិនិត្យព្រំដែនរបស់ខ្លួន ព្រោះថាអាជ្ញាធរបារាំង មិនអាច​ទៅហាមឃាត់បំណងធ្វើដំណើរទៅអង់គ្លេស របស់ក្រុមជនអន្តោប្រវេសន៍ឡើយ។ ភាគីបារាំង បានទាមទារ ថាប្រសិនបើអង់គ្លេស ចង់ធ្វើការនេះឲ្យ​មានប្រសិទ្ធិភាព គឺត្រូវតែចូលរួមផ្តល់ជាមធ្យោបាយ សម្ភារៈនិងថវិកា ឲ្យ​អាជ្ញាធរបារាំង។

សូមបញ្ជាក់ថា ឆ្នេរសមុទ្រតំបន់កាឡេ (Calais) ភាគខាងជើងប្រទេសបារាំង មានចំងាយតែជាង​៣០គីឡូម៉ែត្រប៉ុណ្ណោះ ពី​ឆ្នេរសមុទ្រអង់គ្លេស។ ពេលមេឃស្រឡះ គេអាចមើលឃើញត្រើយ​ម្ខាងទៀត បាន​យ៉ាងច្បាស់​ ដែលនេះ​បានញ៉ាំងឲ្យ​ក្រុមឈ្មួចទុច្ចរិត រកស៊ីដឹកបញ្ជូន​ជនអន្តោប្រវេសន៍ តាមទូកពោងតូចៗ ឆ្លងពីបារាំង ទៅអង់គ្លេស។ ជនអន្តោប្រវេសន៍ខ្លះ បាន​ទាំងប្រថុយជីវិត ហែលទឹកសមុទ្រទៅផង។ កាលពីចុងខែ​តុលា ទូកជនអន្តោប្រវេសន៍មួយ​បានលិច បណ្តាលឲ្យ​ស្លាប់មនុស្ស​៤នាក់ និង​បាត់ខ្លួន​៣នាក់។

គិតពី​ខែមករា ដល់ចុងខែ​សីហា ឆ្នាំ២០២០ អាជ្ញាធរបារាំង បានស្ទាក់ឃាត់បាន​ជនអន្តោប្រវេសន៍​នៅក្នុងសមុទ្រតំបន់នេះ បាន​ចំនួន​៦២០០នាក់។ ចំណែកនៅក្នុងមួយខែកញ្ញាកន្លងទៅនេះវិញ គេបានឃាត់ជនអន្តោប្រវេសន៍ ចំនួន​១៣០០នាក់ ដែលមានបំណងឆ្លងទៅអង់គ្លេស។ ភាគច្រើន​នៃជនអន្តោប្រវេសន៍ដែលមានបំណងឆ្លងទៅអង់គ្លេស គឺមកពីអ៊ីរ៉ង់ អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន និងមកពីដែនដី​គួកឌីស្ថាន។ នៅព្រឹកថ្ងៃអាទិត្យទី​២៩វិច្ឆិកានេះ ក្រុមសង្គ្រោះសមុទ្របារាំង បាន​ស្រង់មនុស្ស​ចំនួន​៤៥នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ និងមានកុមារផង ដែលទូករបស់​ពួកគេកំពុងតែហៀបលិចក្នុងសមុទ្រ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ