អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អន្តោប្រវេសន៍នៅច្រក​​សមុទ្ទ​បារាំង-អង់គ្លេស ៖ អឺរ៉ុប​ជួប​ប្រជុំ​គ្នា​ដោយ​គ្មានអង់គ្លេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

បួន​ថ្ងៃក្រោយ​សោកនាដកម្ម​ស្លាប់​ជន​អន្តោប្រវេសន៍​២៧​នាក់ នៅ​ច្រកសមុទ្ទ​Manche ដែល​ខណ្ឌ​ចែក​បារាំង​និង​អង់គ្លេស​មក នៅ​ថ្ងៃអាទិត្យ​នេះ អឺរ៉ុប​បាន​រៀប​ចំ​​បើក​ជំនួប​ប្រជុំ​មួយ​ ដែល​ដឹកនាំដោយ​បារាំង ដើម្បី​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ជួញដូរ​មនុស្ស។ ប៉ុន្តែ​អង់គ្លេស​ដែល​ជា​ទិសដៅ​របស់​ជន​អន្តោប្រវេសន៍​ មិន​ត្រូវ​បានបារាំង​​អញ្ជើញ​ឱ្យ​មក​ចូល​រួមប្រជុំ​ជាមួយ​ទេ។

អន្តោប្រវេសន៍នៅច្រក​​សមុទ្ទ​បារាំង-អង់គ្លេស ៖ អឺរ៉ុប​ជួប​ប្រជុំ​គ្នា​ដោយ​គ្មានអង់គ្លេស
អន្តោប្រវេសន៍នៅច្រក​​សមុទ្ទ​បារាំង-អង់គ្លេស ៖ អឺរ៉ុប​ជួប​ប្រជុំ​គ្នា​ដោយ​គ្មានអង់គ្លេស Valentin RAKOVSKY AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យទី ២៨​វិច្ឆិកា​នេះ បារាំងត្រូវ​ដឹកនាំ​បើក​កិច្ចប្រជុំ​មួយ​នៅទីក្រុង កាឡេ ដើម្បីរក​វិធី​​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍​ឆ្លង​សមុទ្ទ​Manche ដែល​ជាព្រំដែន​ខ័ណ្ឌ​ចែក​បារាំង​និង​អង់គ្លេស ដោយពុំ​មាន​ភាគី​អង់គ្លេស​ចូល​រួម​ទេ ទោះ​បី​ជា​អង់គ្លេស​ជា​ភាគី​ពាក់​ព័ន្ធ​ដ៏​ចំបង​បំផុត​ក៏​ដោយ។

បារាំង​ប្តូរ​ចិត្ត​​ នៅទីនាទី​ចុងក្រោយ លុប​ការ​អញ្ជើញ​ភាគី​អង់គ្លេស ដោយ​ហេតុ​តែ​មិន​ពេញ​ចិត្ត​នឹង​ពាក្យ​សំដី​និង​ទង្វើ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​។ ក្រោយសោកនាដកម្ម​ស្លាប់​ជន​អន្តោប្រវេសន៍២៧នាក់ កាលពី​ថ្ងៃពុធ​ទី ២៤វិច្ឆិកា​ភ្លាម​ នាយករដ្ឋមន្ត្រី​អង់គ្លេស​ បាន​បង្ហោះលិខិត​ជា​សាធារណៈ​ តាម​ប្រព័ន្ធសង្គម សុំ​ឱ្យ​បារាំង​ទទួល​យកវិញ​នូវ​​អន្តោប្រវេសន៍​ ​ដែល​ឆ្លង​ទៅដល់​​អង់គ្លេស​ដោយខុស​ច្បាប់។ ​ប្រធានាធិបតី​បារាំង​ក៏​បាន​ឆ្លើយ​តប​វិញ ថា​លោក​ចន​ស៊ុន​ ប្រើ​វិធី​មិន​ប្រាកដ​ប្រជា ព្រោះ​ ក្នុង​នាម​ជា​ប្រមុខ​ដឹក​នាំ​រដ្ឋ-រដ្ឋាភិបាល គេ​មិនសម្តែង​សារតវា​គ្នា​​អ្វី​តាម​ប្រព័ន្ធសង្គម​និង​ជា​សាធារណៈ​បែប​នេះទេ។

ចំណែក​​​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង ក៏​សម្រេច​មិន​ជួប​មុខ​សមភាគី​អង់គ្លេស​ និង​បាន​​បញ្ជាក់​ប្រាប់​​យ៉ាង​ច្បាស់ទៅ​វិញ ​លុប​ការ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អង់គ្លេសមក​ក្នុង​ជំនួប​ប្រជុំ ដោយ​ពន្យល់ថា​បារាំង​ខក​ចិត្ត​ខ្លាំង​ណាស់ នឹង​ពាក្យ​សំដី​​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ហើយ​របៀប​ទាមទារ​របស់​លោក​​​មាន​លក្ខណៈ​អាក្រក់​បំផុត​។

​អង់គ្លេសត្រូវគ្រប់គ្រ​ងព្រំដែន​ដោយ​ខ្លួនឯង

ជា​ជំនួប​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អឺរ៉ុប ចាប់​បើក​នៅ​វេលា​ម៉ោង​១៥​ បាន​​ការ​ចូល​រួម​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ ហូឡង់ បែលហ្សិក ព្រមទាំង​ស្នងការ​សហភាពអឺរ៉ុប​ទទួល​បន្ទុក​កិច្ចមហាផ្ទៃ​ និង​ភ្នាក់ងារ​នគរបាល​ប្រឆាំងឧក្រិដ្ឋកម្ម​អឺរ៉ុប​ Interpol ភ្នាក់ងារ​ការពារ​ព្រំដែន​អឺរ៉ុប Frontex។ កម្មវត្ថុ​ចំបង​នៃ​ជំនួប​ប្រជុំ​ គឺ​ស្វែង​រកវិធី​​ប្រយុទ្ធ​ប្រឆាំង​នឹងបណ្តាញ​រត់ពន្ធ​អន្តោប្រវេសន៍ និង​បណ្តាញ​ក្រុម​ឈ្មួញ​កណ្តាលដែល​រក​ស៊ី​​​ជួញដូរ​មនុស្ស​/​អន្តោប្រវេសន៍។ ពោល​គឺ​ បារាំង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ជួញដូរមនុស្ស​ ប្រទាក់ក្រឡា​គ្នា ព្រោះ​បណ្តាញ​ជួញ​ដូរ​អន្តោប្រវេសន៍​ជា​បណ្តាញ​អន្តរជាតិ ដែល​ធ្វើ​សកម្មភាព​នៅ​តាម​ប្រទេស​ផ្សេងៗ​គ្នារបស់​អឺរ៉ុប​។

អឺរ៉ុបនិង​បារាំង​​ចាប់​អារម្មណ៍​លើ​ដំណោះ​ស្រាយ​បី​ចំណុច ៖ ប្រទេស​បួន គឺ បារាំង​ ប៊ែលហ្សិក ហូឡង់ និងអាល្លឺម៉ង់នឹង​សេចក្តី​សម្រេច​ធ្វើ​ប្រតិបត្តិការ​រួមគ្នា។​ ចំណែក​សហភាពអឺរ៉ុប នឹង​ផ្តល់​ការ​គាំទ្រ​ក្នុងយុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ឈ្មួញ​កណ្តាលនៃ​ជំនួញ មនុស្ស​ ដោយ​បង្កើន​ប្រតិបត្តិការ និង​ការ​ផ្តោះប្តូរ​ព័ត៌មាន​គ្នា។ ហើយ​ជា​ចុងក្រោយ សហភាពអឺរ៉ុប​នឹង​ជួយការពារ និង​ឃ្លាំមើល​អន្តោប្រវេសន៍​ដែល​ចង់​ជ្រៀត​ចូល​ក្នុង​ទឹក​ដីអឺរ៉ុប តាម​បណ្តាប្រទេស​ជាព្រំដែនអឺរ៉ុបខាងក្រៅ។ ចឹង​ហើយ​បាន​ជា​ក្នុ​ងជំនួប​ប្រជុំ​នេះ គេឃើញ​មាន​វត្តមាន​នាយក​ទីភ្នាក់ងារ​ប៉ូលិសព្រំដែន​អឺរ៉ុប​Frontex ដែល​មាន​នាទី​ជា​ការពារ​ព្រំដែន​គោក និងទឹក ​ឆ្នេររបស់អឺរ៉ុប​។

ជាមួយ​អង់គ្លេស​វិញ ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍​ លោក Margaritis Schinas បាន​ថែម​ទាំង​អះអាង​ដោយ​ត្រង់ៗ​តែ​ម្តង​ថា ដល់​ពេល​ដែល​អង់គ្លេស​ត្រូវ​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​ព្រំដែន​ខ្លួន​ឯង​ហើយ​ ព្រោះ​ពេល​នេះ អង់គ្លេស​មិនមែន​ជា​សមាជិក​សហភាពអឺរ៉ុប​ទៀត​ទេ។ គេ​នៅ​ចង​ចាំ​បាន​ថា ពាក្យ​ស្លោក​​ដ៏​សំខាន់​មួយ​នៃ​ការ​ដើរ​ចេញ​ពី​អឺរ៉ុប​  គឺ អង់គ្លេស​ត្រលប់​មក​គ្រប់​គ្រង​ខ្លួន​ឯង​វិញ​។ ឥលូវ​អង់គ្លេសបាន​បែក​ចេញ​ពីអឺរ៉ុប​ហើយ ដូច្នេះ ត្រូវ​ចាប់​ផ្តើម​គ្រប់គ្រង​ខ្លួនឯង​ទៅ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ស្នងការ​រង​អឺរ៉ុប​ នៅ​ចំពោះ​អ្នក​កាសែត។

​ដោះស្រាយ​វិបត្តិ​គឺ​បង្កើន​ការ​បង្ក្រាប ?

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ក្រុមសមាគម​ជួយ​ជន​អន្តោប្រវេសន៍​ ដែល​បាន​ចេញ​សេចក្តីអំពាវនាវ​នៅ​ល្ងាច​មិញ ឱ្យ​អាជ្ញាធរមាន​ចំណាត់ការ​ច្បាស់​លាស់ ​ស្វែង​រក​ការ​ចរចាដើម្បី​បើក​​ផ្លូវស្របច្បាប់​និង​សុវត្ថិភាព​ដល់​ជនអន្តោប្រវេសន៍ គ្មាន​សុទិដ្ឋនិយម​ថា​ជំនួប​ប្រជុំ​អាច​សម្រេចដោះស្រាយ​បញ្ហា​អ្វី​ចេញ​បាន​ទេ ក្រៅ​អំពី​សម្រេច​ចាត់​វិធានការ​បង្កាប ក្រោម​ផ្លាក​ការពារ​សន្តិសុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ